CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

លោកគ្រូអ្នកគ្រូ​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ​ស្នើសុំ​ផ្លាស់ប្តូរ​នាយកសាលា ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី

Admin ដោយ Admin
October 6, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), អភិបាលកិច្ច
0
លោកគ្រូអ្នកគ្រូ​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ​ស្នើសុំ​ផ្លាស់ប្តូរ​នាយកសាលា ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី

ក្លោងទ្វារចូលសាលាវិទ្យាល័យទួលប្រាសាទសែនសុខ។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
4.1k
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

គ្រូបង្រៀន​និង​សិស្សានុសិស្ស​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ រាជធានី​ភ្នំពេញ បាន​នាំ​គ្នាដាក់​ញត្ដិ​ប្តឹង​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ស្នើ​សុំ​ឱ្យ​ផ្លាស់​ប្តូរ​នាយកសាលា​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ លោក អ៊ុំ សុកំ ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុងការ​ចាត់ចែង ដឹកនាំ​បុគ្គលិក​សិក្សា និង​ការ​ចាយ​វាយ​ថវិកា​ដោយ​គ្មាន​តម្លាភាព។

យោងតាមលិខិតមួយច្បាប់ចុះកាលបរិច្ឆេទថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដែលពលរដ្ឋអ្នកសារព័ត៌មានបានទទួលបានឱ្យដឹងថា លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខ បានដាក់លិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីស្នើសុំឱ្យក្រសួងផ្លាស់ប្ដូរនាយកសាលារូបនេះចេញ។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចទាក់ទងសុំការឆ្លើយតបបានភ្លាមៗពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាននៅឡើយទេ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឆ្លើយតបតាមសារតេឡេក្រាមកាលពីថ្ងៃទី៥ ខែតុលាទាក់ទងនឹងករណីវិវាទនៅក្នុងបុគ្គលិកអប់រំនេះថា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវដោះស្រាយនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។

លោកថា បើចាំបាច់គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ខេត្តរាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។

យ៉ាងណាលោកថា ជម្លោះបុគ្គលិកសិក្សានេះ អាចជះឥទ្ធិពលជាវិជ្ជមានលើគុណភាពអប់រំនៅទូទាំងប្រទេសកម្ពុជា ជាពិសេសការដំឡើងឋានៈវិជ្ជាជីវៈដល់បុគ្គលិកអប់រំជា «នាយកល្អ» និងជា «គ្រូល្អ» ដែលជាកិច្ចការមួយក្នុងចំណោមកិច្ចការផ្សេងទៀត របស់ក្រសួងអប់រំ យុវជន និងកីឡា។

យ៉ាងណា យោងតាមលិខិតដែលមានកម្រាស់៣ទំព័រ ដែលលោកគ្រូអ្នកគ្រូនៅសាលាវិទ្យាល័យទួលប្រាសាទសែនសុខបានប្តឹងទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១១ ខែកញ្ញា បានលើកឡើងពីភាពមិនប្រក្រតីជាច្រើនចំណុចដែលក្នុងនោះរួមមាន ការមិនបង្ហាញតម្លាភាពក្នុងការចាយវាយថវិកាដំណើរការសាលារៀន (SOB) និងថវិកាគម្រោង (SIEP ឬ GIEP) ដែលប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ការបង្រៀន និងរៀន។ ការមិនប្រកាសពីតម្លាភាពថវិកាចំណូលដែលសាលាទទួលបានពីការដេញថ្លៃ ភាស៊ីកង់ និងតូបផ្សារ នៅក្នុងសាលារៀន, ការឃុបឃិតលាក់បុគ្គលិកអសកម្ម ដែលមិនបានមកបំពេញការងារដោយប្រើពាក្យសម្ដីថា ខ្លួនជាអ្នកមានឆន្ទានុសិទ្ធិ, ការអនុញ្ញាតឱ្យកូនប្រុសរបស់ខ្លួនដែលគ្មានវិជ្ជាជីវៈជាគ្រូបង្រៀន មកបង្រៀនជំនួសបុគ្គលិកអសកម្ម ជាថ្នូរការបើកយកប្រាក់បៀវត្សពីបុគ្គលិកដែលអសកម្មទាំងនោះ, ការតម្រូវឱ្យលោកគ្រូអ្នកគ្រូបង់ប្រាក់លើការបង់ថ្លៃជួលអ្នកយាមសាលា ១០០០០ រៀលក្នុងមួយខែ និងការចំណាយលើការធ្វើឯកសារផ្សេងៗ ដូចជា ការទិញសម្ភារៈសិក្សាដូចជា ហ្វឺត និងទឹកហ្វឺតជាដើម។

ក្រៅពីនេះ ក្នុងពាក្យបណ្តឹងនេះ ក៏បានលើកឡើងដែរថា សាលាបានទារប្រាក់ពីអាណាព្យាបាលសិស្សដែលសុំផ្ទេរការសិក្សា ការទារប្រាក់ពីការស្នើសុំដកសញ្ញាប័ត្រប្រឡង និងការកាត់យកប្រាក់ពីគណៈកម្មាការមេប្រយោគពេលចេញបេសកម្មប្រឡង រួមទាំងការប្រើប្រាស់អំណាចគាប់សង្កត់ គំរាមកំហែង អសីលធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញការងារបង្រៀនដល់សិស្សានុសិស្សជាដើម។

យ៉ាងណាក្ដីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខ បានថ្លែងឱ្យដឹងតាមរយៈលិខិតនេះទៀតថា​៖ «យើងខ្ញុំទាំងអស់គ្នា មានការមិនពេញចិត្តជាខ្លាំងចំពោះលោក អ៊ុំ សុកំ ដែលជាមនុស្សអសីលធម៌ដោយគាត់តែងដើរញុះញង់ លាបពណ៌ ឆ្កិះឆ្កៀល បំបែកបំបាក់សាមគ្គីផ្ទៃក្នុងនៅក្នុងអង្គភាព ខ្វះគុណធម៌ អាត្មានិយម ប្រកាន់បក្ខពួក នៅតែផ្ទះ មកធ្វើការមិនដែលទៀងទាត់ឡើយ»។

គោលបំណងក្នុងលិខិតនេះ បានស្នើទៅក្រសួងអប់រំ យុវជន និងកីឡា ដោយទទូចសុំឱ្យរដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ជួយត្រួតពិនិត្យ និងធ្វើការសម្រេចករណីខាងលើនេះ ជូនដល់លោកគ្រូអ្នកគ្រូ ដោយសារ លោកគ្រូអ្នកគ្រូនៅក្នុងគ្រឹះស្ថានអប់រំមួយនេះ មិនអាចធ្វើការងារក្រោមការគាប់សង្កត់ផ្លូវចិត្តរបស់លោក អ៊ុំ សុកំ បន្ដទៀតបានឡើយ។

ពាក់ព័ន្ធនិងរឿងនេះ គ្រូបង្រៀននៅក្នុងវិទ្យាល័យទួលប្រាសាទសែនសុខ បានថ្លែងបន្ថែមដោយសុំមិនបញ្ចេញឈ្មោះថា ករណីនេះមានភាពអយុត្តិធម៌ខ្លាំងណាស់ចំពោះពួកលោក។ លោកបន្តថា កន្លងមកនាយកសាលារូបនេះ តែងតែកោះហៅគ្រូបង្រៀនណា ដែលមិនព្រមបង់លុយយាម និងបង្ខំសិស្សសាលាមួយចំនួន ឱ្យផ្ដិតមេដៃ ដើម្បីប្ដឹងគ្រូបង្រៀនវិញទៀតផង។

លោកថា លោកគ្រូអ្នកគ្រូដែលបង្រៀននៅក្នុងសាលារៀនមួយនេះ បានរងនូវការគំរាមកំហែងពីនាយកសាលា និងបានប្រើពាក្យអសុរសជាច្រើនទៀតមកលើលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សថែមទៀតផង។

មិនខុសគ្នានោះទេ លោកគ្រូបង្រៀនម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះបានចាត់ទុកថា វាជាអំពើពុករលួយ បក្ខពួកនិយម ដែលមិនគួរកើតមានឡើយនៅក្នុងគ្រឹះស្ថានអប់រំរបស់រដ្ឋនោះទេ។ លោកបានស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ចុះមកស៊ើបអង្កេត ឬធ្វើអធិការកិច្ចនៅក្នុងគ្រឹះស្ថានអប់រំមួយនេះជាបន្ទាន់ដើម្បីដឹងការពិត។

លោកថ្លែងយ៉ាងខ្លីថា៖«សុំក្រសួងមេត្ដាជួយដោះស្រាយបញ្ហាហ្នឹងផង ពួកខ្ញុំមិនពេញចិត្តនាយកសាលាចឹងទេ​»។

គួរំលឹកជូនដែរថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅ លោក អ៊ុំ សុកំ ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កោះហៅដើម្បីដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួន ដែលលោកបានប្រព្រឹត្ដទៅតាមបណ្ដឹងរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខផងដែរ។ ប៉ុន្ដែអង្គភាពប្រឆាំងអំពើពុករលួយ នៅមិនទាន់សម្រេចជាផ្លូវការយ៉ាងណាមួយនៅឡើយ ទើបលោកគ្រូអ្នកគ្រូសម្រេចប្ដឹងទៅរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាព្យាបាលរបស់លោកគ្រូអ្នកគ្រូបន្ថែមទៀត។

ជុំវិញរឿងនេះ នាយកសាលាវិទ្យាល័យទួលប្រាសាទសែនសុខ លោក អ៊ុំ សុកំ បានឆ្លើយដោយបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់លើរូបលោកនេះ។ លោក អ៊ុំ សុកំ បានឆ្លើយបំភ្លឺយ៉ាងខ្លីថា រឿងរបស់លោក កំពុងស្ថិតនៅដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅឡើយ ដែលក្នុងសេចក្ដីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបិទផ្សព្វផ្សាយនៅក្នុងសាលារៀនរួចហើយដែរ។

លោកនាយកបន្ដថា៖«ខ្ញុំបានឆ្លើយបំភ្លឺនៅACUហើយ ហើយបិទសេចក្ដីប្រកាសពេញសាលាតែពួកគាត់មិនមើល ហើយចេះតែដើរប្ដឹងខ្ញុំ វាអាចខូចកិត្ដិយសខ្ញុំដែរ»។

យ៉ាងណា នៅក្នុងលិខិតរបស់លោកគ្រូអ្នកគ្រូសាលាវិទ្យាល័យទួលប្រាសាទសែនសុខបានគូសបញ្ជាក់បន្ថែមថា ពួកគាត់ក៏ធ្លាប់បានស្នើសុំឱ្យមានការបើកកិច្ចប្រជុំមួយ ដើម្បីសុំការបកស្រាយពីលោកនាយក អ៊ុំ សុកំ ទាក់ទងបញ្ហាមិនប្រក្រតីខាងលើនេះដែរ ក៏ប៉ុន្តែលោកបានបដិសេធ៕

………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

ពលរដ្ឋ​ជាង​​១០០​​គ្រួសារ​​នៅ​​ស្រុក​មេមត់​​ខេត្ដត្បូងឃ្មុំ​​ច្រាន​ចោល​​ចំពោះ​ការ​​ចោទ​​របស់​​អាជ្ញាធរ​​ថា មាន​​អ្នក​​នៅ​​ពី​​ក្រោយ​​ខ្នង

អត្ថបទបន្ទាប់

សកម្មជន​បឹងតាមោក​តស៊ូ​ទាមទារ​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី​ទោះ​ប្រឈម​សុវត្ថិភាព​រាងកាយ

អត្ថបទបន្ទាប់
សកម្មជន​បឹងតាមោក​តស៊ូ​ទាមទារ​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី​ទោះ​ប្រឈម​សុវត្ថិភាព​រាងកាយ

សកម្មជន​បឹងតាមោក​តស៊ូ​ទាមទារ​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី​ទោះ​ប្រឈម​សុវត្ថិភាព​រាងកាយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង