ព្រះសង្ឃមួយអង្គដែលគង់នៅវត្តមួយនៅខេត្តស្វាយរៀងដែលមានចម្ងាយពីព្រំដែនកម្ពុជា-វៀតណាម ប្រហែល៣គីឡូម៉ែត្រ បានបើកបណ្ណាល័យបង្រៀនថ្នាក់កុំព្យូទ័រដល់់សិស្សានុសិស្ស និងពលរដ្ឋនៅក្នុងសហគមន៍។
ព្រះអង្គ សៅ ភួន បច្ចុប្បន្ន មានព្រះជន្ម៣៥វង្សា គឺជាព្រះគ្រូចៅអធិការវត្តព្រៃតាអី ក្នុងឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង បានបើកបណ្ណាល័យបង្រៀនកុំព្យូទ័រដល់សិស្សានុសិស្ស កម្មករកម្មការិនីរោងចក្រ និងបុគ្គលិកកាស៊ីណូ ដោយមិនយកប្រាក់កម្រៃឡើយ។
ប្រសូត្រនៅក្នុងគ្រួសារក្រីក្រ និងជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី ៦នាក់ ព្រះអង្គ សៅ ភួន ពុំមានលទ្ធភាពទិញកុំព្យូរទ័រយកមកប្រើប្រាស់ នៅពេលដែលព្រះអង្គរៀនបន្ដនៅសាកលវិទ្យាល័យឡើយ។
មូលហេតុដែលព្រះសង្ឃអង្គនេះសម្រេចចិត្តបើកបង្រៀនថ្នាក់កុំព្យូទ័រ ព្រោះចង់ជួយសិស្សានុសិស្សដែលបន្តការសិក្សានៅសាកលវិទ្យាល័យ និងកម្មកររោងចក្រដែលត្រូការជំនាញនេះ ។
ព្រះអង្គ សៅ ភួន បន្ដថា៖ «យើងនៅតំបន់ជនបទនេះគឺពិបាកជាពិសេសក្នុងនាមអាត្មាភាពផ្ទាល់ដែលធ្លាប់ទៅសិក្សារៀនសូត្រនៅភ្នំពេញទៅរៀនដល់សាកលភាគច្រើនសិស្សដែលទៅពីជនបទនេះអត់ចេះកុំព្យូទ័តអីទេ។ ចឹងការដែលឯកសារឬអាសាយមិននៅសាកលវិទ្យាល័យគេតែងតែឱ្យប្អូនៗចេះកុំព្យូទ័រ។ ចឹងប្អូនៗមានគ្រឹះពីក្រោមទៅហើយគឺអាចសម្រួលកិច្ចការមួយចំនួនបាន»។
បណ្ណាល័យកុំព្យូទ័រនៅវត្តព្រៃតាអី បានជួយដល់សិស្សជាង៣០០នាក់ មកពីឃុំចំនួន៤ ក្នុងស្រុកស្វាយទាប រួមមានឃុំព្រៃតាអី ឃុំគគីរសោម ឃុំពពែត ឃុំមនោរម្យ ដោយអ្នកខ្លះបានទៅធ្វើការផ្នែករដ្ឋបាលនៅតាមរោងចក្រ និងកាស៊ីណូ និងខ្លះទៀត បានក្លាយជាមន្ដ្រីរាជការ។
ការបើកបង្រៀនថ្នាក់កុំព្យូរទ័រនេះគឺចាប់ផ្ដើមតាំងខែកក្កដា ឆ្នាំ២០២២ ដោយបង្រៀនពេញមួយសប្ដាហ៍ ពីថ្ងៃចន្ទ ដល់សុក្រ និងថ្ងៃសៅរិ៍ អាទិត្យ ពោលគឺតម្រូវទៅតាមពេលវេលារបស់សិស្សានុសិស្ស។
បច្ចុប្បន្ន បណ្ណាល័យកុំព្យូទ័រវត្តព្រៃតាអី កំពុងជួបបញ្ហាមួយចំនួន ដូចជា ខ្វះសម្ភារៈសិក្សា ថវិការបង់ថ្លៃភ្លើង ថ្លៃចំណាយជួសជុលកុំព្យូទ័រ និងប្រាក់ឧបត្ថម្ភដល់គ្រូបង្រៀនស្ម័គ្រចិត្តជាដើម។ ព្រះអង្គថា បណ្ដាល័យនេះដំណើរការទៅបាន ដោយមានការឧបត្ថម្ភពីពុទ្ធបរិស័ទប៉ុណ្ណោះ និងពុំទាន់មានសប្បុរសជនណាមកជួយឡើយ។
ព្រះអង្គ សៅ ភួន បន្ដថា៖ «ក្នុងមួយខែៗចំណាយច្រើនចូលជាង២លាន។ យើងអត់មានចំណូលពីខាងក្រៅអីទេ។ និយាយរួមទៅ ថវិកាដែលអាត្មាភាពបានពីពុទ្ធបរិស័ទ ដែលគាត់ប្រគេនជាបច្ច័យបួនគឺសម្រាប់ផ្គត់ផ្គង់សម្រាប់ទុកទ្រទ្រង់ក្នុងមជ្ឈមណ្ឌលនេះ មានថវិកាវត្តតិចតួចចូលរួមចែករំលែកគ្នាដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា» ។
សម្រាប់គ្រូដែលមកស្ម័គ្រចិត្តបង្រៀននៅទីនេះ គឺមានបំណងចង់ជួយដល់សិស្សានុសិស្ស និងចង់ឱ្យបណ្ដាល័យបន្ដដំណើរទៅមុខ ដើម្បីជួយដល់សហគមន៍កាន់តែរឹងមាំ។
លោក ម៉ៃ រស្មី បន្ដថា៖ «យើងដឹងស្រាប់ហើយថាកុំព្យូទ័រទិញក៏ថ្លៃហើយនៅពេលដែលយើងយកទៅជួសជុលក៏ថ្លៃដែរ ហើយការបង្រៀនគឺមកពីជិតឆ្ងាយទាំងអស់គឺអត់មានយកកម្រៃទេ។ ចឹងខ្ញុំមានការបារម្ភដែរថាថ្ងៃអនាគត បើសិនជាមិនមានការឧបត្ថម្ភពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទេបាត់បង់នៅមជ្ឈមណ្ឌលមួយនេះ»។
សម្រាប់ព្រះគ្រូចៅអធិការវត្តព្រៃតាអី ព្រះអង្គ សៅ ភួន ទីវត្តអារាមមិនមែនត្រឹមជាទីកន្លែងធ្វើពិធីបែបសាសនានោះទេប៉ុន្តែក៏ជាកន្លែងផ្ដល់ចំណេះដឹង និងជួយអ្នកនៅសហគមន៍ឱ្យមានចំណេះដឹងដូចអ្នកនៅទីក្រុងផងដែរ ។
ព្រះអង្គ សៅ ភួន បន្ដថា៖ «ប្អូនយុវជនយុវនារីជាពិសេសសិស្សានុសិស្សទាំងអស់កម្មករកម្មការិនីមិនប្រកាន់វណ្ណៈមិនរើសអើងអីទេដែលមានបំណងសិក្សាកុំព្យូទ័រនៅវត្តព្រៃតាអីមកសិក្សារៀនសូត្របាន។ សូមអំពាវនាវដល់បងប្អូនដែលជាសប្បុរសជនទាំងអស់ដើម្បីឱ្យមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកុំព្យូទ័រដំណើរការទៅបានសូមមានការចូលរួមជាពិសេសការជួយឧបត្ថម្ភជ្រោមជ្រែងទាំងកម្លាំងកាយចិត្តជាពិសេសថវិការជួយទ្រទ្រងវិការដើម្បីឱ្យដំណើរការទៅជារាងរហូត »៕
…………………………………………………..
អត្ថបទរៀបរៀងដោយសិក្ខាកាមក្នុងគម្រោងការទិទានរឿងបែបទំនើប លោក សួន វត្ថា