ប្រពៃណីទំនៀមទម្លាប់ គឺជាអត្តសញ្ញាណមួយដែលអាចធ្វើការកំណត់សម្គាល់ពីប្រភេទក្រុមជាតិសាសន៍ណាមួយតាមរយៈការមើលឃើញនឹងភ្នែកដោយផ្ទាល់។ មិនថាជាប្រទេស ក្រុម ឬកុលសម្ព័ន្ធ ពួកគេតែងតែប្រកាន់ភ្ជាប់នូវអ្វីដែលបុព្វបុរសគេបានបន្សល់ទុកឲ្យ ហើយការចូលរួមរក្សានូវប្រពៃណី ទំនៀមទម្លាប់ដែលមានតាំងពីបុរាណ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាតិសាសន៍នីមួយៗ ព្រោះវាជាដួងព្រលឹងជាតិ ឬក្រុមជាតិពិន្ធុនោះ។
លោក សៅ ជឿន និងអ្នកស្រី ងួន ហៀង ជាប្តីប្រពន្ធជនជាតិដើមភាគតិចកួយរស់នៅភូមិតាឡែកថ្មី ឃុំសាសាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ បច្ចុប្បន្នប្តីប្រពន្ធមួយគូនេះ បានខិតខំស្វះស្វែង ប្រមែប្រមូលវត្ថុបុរាណៗដែលមានបន្សល់ទុកពីដូនតា និងព្យាយាមបង្កើតរបស់របរប្រើប្រាស់មួយចំនួនដោយផ្ទាល់ដៃ តាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិចកួយ។
លោក សៅ ជឿន បច្ចុប្បន្នចេះជំនាញផលិតឧបករណ៍ប្រើប្រាស់មួយចំនួនដូចជាការយកគ្រាប់ការឡេ ឬស្គួយមកធ្វើជាខ្សែក ការធ្វើអង្រុត ឈ្នាង តាំងពីវ័យក្មេងៗមកម្ល៉េះ ចេះធ្វើកាផា ព្រមទាំងចេះភ្លុំស្នែងជាដើម។ លោកចេះធ្វើឧបករណ៍ប្រើប្រាស់ទាំងនោះ ដោយសារការស្រឡាញ់តាំងពីតូច ហើយតែងតែសុំឪពុក និងចាស់ៗក្នុងភូមិជួយបង្រៀន។ ជាពិសេសនោះការធ្វើស្នែងឬសាំ ដែលមិនសូវមានអ្នកណាអាចធ្វើវាបាន។

- រូបភាពសម្ភារៈប្រើប្រាស់បុរាណរបស់ជនជាតិដើមភាគតិចកួយ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥។ (សេង ឡង់ឌី)
ការចេះធ្វើឧបករណ៍ប្រើប្រាស់ដែលជាអត្តសញ្ញាណរបស់ក្រុមជនជាតិមួយ ទាមទារនូវការយល់ដឹងពីគន្លឹះរបស់វា ភាពផ្ជិតផ្ចង់ ត្រូវការភាពអត់ធ្មត់ និងការចងចាំពីលក្ខណៈពិសេសនៃស្នាដៃដើមទាំងនោះ ព្រោះថាបើយើងចេះតែធ្វើៗគ្មានក្បួនគ្មានខ្នាតតាមលំនាំដើមទេ យូរៗទៅវានឹងបាត់បង់ភាពដើមបន្តិចម្តងៗ។
……………………….វីដេអូ លោក សៅ ជឿន………………….
លោក សៅ ជឿន សម្រាប់ឧបករណ៍បុរាណរបស់ជនជាតិភាពតិច បានធ្វើឡើងដោយការយកចិត្តទុកដាក់ និងសម្រិតសម្រាំងខ្លាំងណាស់ ទើបអាចផលិតបាននីមួយៗ។ តួយ៉ាង ស្នែងគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងអត្តសញ្ញាណរបស់ជនជាតិភាគតិចកួយ ហើយការប្រើប្រាស់វាមានគោលបំណងរក្សាទំនាក់ទំនងជាមួយប្រវត្តិសាស្ត្រ និងវប្បធម៌របស់ពួកគេ។ ចំពោះការផលិតឧបករណ៍នេះមិនសូវមានអ្នកចេះច្រើនប៉ុន្នាននោះទេ ពោលក្នុងសហគមន៍របស់លោក បានតែ៤ឬ៥នាក់តែប៉ុណ្ណោះដែលចេះធ្វើវា។ ស្នែង ឬសាំនេះ គឺជាឧបករណ៍បំពងសំឡេងដែលត្រូវបានប្រើប្រាស់ជាទូទៅក្នុងគោលបំណងផ្សេងៗ ជាពិសេសក្នុងវប្បធម៌ និងសង្គមរបស់ជនជាតិភាគតិច រួមមានជនជាតិកួយដែលភាគច្រើនជានិយមប្រើនៅពេលមានពិធីបុណ្យ និងពិធីសាសនា ប្រើជាឧបករណ៍តន្ត្រីប្រពៃណី ការកម្សាន្ត ជាពិសេសគឺសម្រាប់បន្លឺសំឡេង ជូនដំណឹងដល់បុគ្គល ឬក្រុមផ្សេងទៀត ឱ្យបានដឹងពីហេតុការណ៍ ព្រឹត្តិការណ៍ផ្សេងៗ តាមបែបបុរាណ។
…………………….លោកនិយាយថា៖…………………………….

- រូបភាពសម្ភារៈប្រើប្រាស់បុរាណ និងស្នែងរបស់ជនជាតិដើមភាគតិចកួយ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥។ (សេង ឡង់ឌី)
អត្តសញ្ញាណរបស់ក្រុមជនជាតិដើមភាគតិចនៅកម្ពុជាបច្ចុប្បុន្នរួមមាន ជំនឿ ប្រពៃណី វប្បធម៌ ភាសា របស់របរប្រើប្រាស់ ដីសមូហភាព ព្រៃអារក្ស ឬព្រៃកប់សព សម្លៀកបំពាក់ ព្រមទាំងការធ្វើពិធីផ្សេងៗ។ ប៉ុន្តែអត្តសញ្ញាណខ្លះក៏ចេះតែបាត់បង់បន្តិចៗម្តង ដោយសារការវិវត្តន៍នៃសង្គម កង្វះការយកចិត្តទុកដាក់ពីមនុស្សជំនាន់ក្រោយចំពោះអត្តសញ្ញាណដើមទាំងនោះ ព្រមទាំងកត្តាមួយចំនួនទៀត។
ឆ្លើយតបទៅនឹងការបាត់បង់ទាំងនោះ ទើបគ្រួសារ លោក សៅ ជឿន ការខិតខំប្រឹងប្រែងរបស់គ្រួសារគាត់នេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគាត់ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ពួកគាត់។ បន្ថែមពីនេះ ជាការបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងរហ័សក៏ដោយ ក៏ជនជាតិភាគតិចកួយនៅតែខិតខំថែរក្សានូវអត្តសញ្ញាណរបស់ពួកគាត់ឱ្យបានគង់វង្ស។ ការរក្សាកេរ្តិ៍ដំណែលទាំងនេះ ប្រៀបដូចជាការប្រយុទ្ធដើម្បីការពារអនាគតរបស់ពួកគាត់ និងអ្នកជំនាន់ក្រោយឱ្យបានយល់ដឹងពីតម្លៃអត្តសញ្ញាណរបស់ពួកគាត់។
ភរិយាលោក សៅ ជឿន គឺ អ្នកស្រី ងួន ហៀង បច្ចុប្បន្នប្រកបរបរជាកសិករដូចស្វាមីដែរ។ អ្នកស្រីតែងតែមានចិត្តស្រលាញ់ និងតែងចូលរួមថែរក្សាវប្បធម៌ ប្រពៃណី ដែលអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ។ ដោយសារក្តីស្រលាញ់ ពួកគេចេះតែប្រមែប្រមូលវត្ថុប្រើប្រាស់ ឧបករណ៍បុរាណ និងព្យាយាមផលិតនូវស្នាដៃមួយចំនួននេះបន្តទៅទៀត ដើម្បីទុកសម្រាប់លក់ តាំងលម្អផ្ទះ ជាពិសេសចង់បន្សល់ទុកនូវស្នាដៃនេះដល់កូនចៅជំនាន់ក្រោយ។
ជាផែនការដើម្បីរក្សាកេរ្តិ៍ដំណែលរបស់ជនជាដើមភាគតិចកួយ គ្រួសារជនជាតិដើមភាគតិចកួយមួយនេះមានគោលបំណងចង់បង្កើតទីកន្លែងមួយប្រៀបដូចសារមន្ទីរសហគមន៍ ដើម្បីប្រមែប្រមូលរបស់បុរាណៗឱ្យបានកាន់តែច្រើន យកមកតាំង បង្ហាញ និងផ្សព្វផ្សាយ សម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានដឹង បានស្គាល់ នឹងចូលរួមថែរក្សាបន្តកុំឲ្យបាត់បង់។ ប្រសិនបើជនជាតិមួយ ឬក្រុមជាតិសាសន៍មួយបាត់បង់អត្តសញ្ញាណរបស់ជនជាតិខ្លួន ជនជាតិនោះ ប្រៀបប្រដូចទៅនឹងសេចក្តីស្លាប់ទាំងរស់៕
………………………..អ្នកស្រី ងួន ហៀង និយាយថា៖…………………….
…………………………………………………..
ផលិតដោយសិក្ខាកាមវគ្គបណ្តុះបណ្តាលការនិទានរឿងបែបទំនើប សេង ឡង់ឌី