«ខ្ញុំបើទោះជាមានបញ្ហាក៏ដោយ បើសិនជាប់ពន្ធនាគារក៏ដោយ ក៏ខ្ញុំមិនកែប្រែនៅឆន្ទៈរបស់ខ្ញុំដែរ ហើយចេញមកវិញខ្ញុំនឹងបន្តការពារធនធានធម្មជាតិ ការពារព្រៃដដែល ខ្ញុំអត់រៀនថយទេ ព្រោះខ្ញុំជឿជាក់ថាស្រុកខ្មែរមិនមែនជាកន្លែងដែលអត់មានច្បាប់មានទំលាប់ទេ ខ្ញុំគិតថាអ្នកខុសគេ មិនឲ្យរួចខ្លួនទេ យើងអ្នកត្រូវ យើងមិនបានធ្វើអ្វីខុសច្បាប់ផង ទោះមានបញ្ហាក៏ខ្ញុំគិតថា វាមិនមែនជារយៈពេលយូរដែរ»។
នេះគឺសម្តីរបស់អ្នកការពារធនធានធម្មជាតិម្នាក់ ដែលបានលះបង់ទាំងពេលវេលា ទាំងកម្លាំងកាយចិត្តការពារព្រៃសហគមន៍។ បច្ចុប្បន្នបុរសរូបនេះ ត្រូវរងអំពើហិង្សា និងពាក្យបណ្តឹងទៅតុលាការ ដោយសារការងារការពារព្រៃឈើនៅក្នុងសហគមន៍របស់ខ្លួន។
លោក ឃន សារឹត មានវ័យ៤៣ឆ្នាំ រស់នៅភូមិ ពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចាប់តាំងពីលោកបានមករស់នៅតំបន់នេះ លោកបានចូលរួម យ៉ាងសកម្មក្នុងកិច្ចការពារធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ ជាមួយសហគមន៍ ឧត្តមស្រែពស់ ក្នុងមូលដ្ឋានដែលលោកបានរស់នៅ។
មូលហេតុ ដែលជំរុញឱ្យលោកចូលរួមសកម្មភាពការពារព្រៃសហគមន៍ឧត្តមស្រែពស់ ដោយសារការពេញចិត្ត និងចង់ថែរក្សាធនធានធម្មជាតិ សត្វព្រៃ ឱ្យនៅគង់រង្ស ដល់អ្នកជំនាន់ក្រោយ។ មួយវិញទៀត ពលរដ្ឋដែលរស់នៅជុំវិញព្រៃនេះ ក៏កំពុងអាស្រ័យផលពីដីព្រៃសហគមន៍ដូចជា ការដកផ្សិត បោចវល្លិ៍ ជីកទំពាំង បេះបន្លែ និងឃ្វាលគោជាដើម។
« សហគមន៍នេះវានៅជាប់ភូមិហើយវាមានព្រៃឈើស្រាប់ជាពិសេសមានសត្វកម្រៗ ជាច្រើនប្រភេទរស់នៅ អញ្ចឹងហើយវាជំរុញឲ្យខ្ញុំមានចិត្តចង់ការពារដើម្បីឲ្យក្មេងជំនាន់ក្រោយបានឃើញ។ ខ្ញុំមានគំនិតថាបើសិនជាសហគមន៍នេះវានៅគង់វង្សអញ្ចឹងយើងអាចបានផលអនុផលព្រៃឈើដូចជា រកផ្សិតបោចវល្លិ៍ ជីកទំពាំងបេះបន្លែ ហើយមួយទៀត វាបានដីឃ្វាលគោឃ្វាលអីអញ្ចឹងដែរ ព្រោះសហគមន៍នេះវានៅជិតភូមិ»។
កាលពីមុន ពលរដ្ឋសហគមន៍ មានភាពរីករាយក្នុងកិច្ចការពារដីព្រៃសហគមន៍ ព្រោះជាទីកន្លែងដែលពួកគេគោរពបូជា តាមជំនឿបែបប្រពៃណីដូនតា និងការអាស្រ័យផល ពីអនុផលព្រៃសហគមន៍ ដែលអាចផ្តល់ប្រាក់ចំណូល រាល់រដូវកាល។ ទន្ទឹមនេះ ព្រៃសហគមន៍ឧត្តមស្រែពស់អាចជា ទីអាស្រ័យសម្រាប់ពពួកសត្វព្រៃកម្រដូចជា ទន្សាយ ឈ្លូស ប្រើស ស្វា ទោច មានព្រៃ ក្ងោកជាដើម។
ប្រជាសហគមន៍នៅតែសង្ឃឹមថា ធនធានទាំងនេះនឹងអាចគង់វង្សឱ្យដល់ក្មេងជំនាន់ក្រោយបានឃើញបានស្គាល់។ ប៉ុន្តែចាប់តាំងពី២០២១មក ភាពសុខសាន្ត និងក្តីរំពឹងទុករបស់ពលរដ្ឋ ហាក់រលាយអស់ស្ទើរគ្មានសល់ ដោយសារតែ រដ្ឋាភិបាលបានចេញអនុក្រឹតកាត់ឆ្វៀលផ្ទៃដីជាង២៦២ហិកតា ពីសហគមន៍ ឱ្យទៅក្រុមទាហាននៃបញ្ជាការដ្ឋានកងរថក្រោះ(ង៧០) និងការឈូសទន្ទ្រានលើដីព្រៃ និងវត្តអារាម ពីសំណាក់ក្រុមទាហាន។ ចាប់ពីពេលនោះមក ពលរដ្ឋងើប តវ៉ាប្រឆាំងក្រុមទាហានមិនឱ្យឈូសបំផ្លាញព្រៃ និងបន្តជាជម្លោះរហូតមកដល់សព្វថ្ងៃ។
«គេកាត់ទៅឲ្យក្រុមទាហាន ដីដែលគេឈូសឆាយទាំងប៉ុន្មានកន្លងមកនេះ វាប៉ះពាល់ច្រើនទីមួយគឺវាបាត់បង់នៅជម្រកសត្វដូចជាក្ងោកអីវាជិតផុតពូជហើយ។ ហើយទីពីរវាប៉ះពាល់ទៅដល់កន្លែងជំនឿព្រះពុទ្ធសាសនាដែលពលរដ្ឋនៅតំបន់ហ្នឹងគាត់តែងគោរពបូជាធ្វើពិធីជារៀងរាល់ឆ្នាំ។ ទីបីវាប៉ះពាល់ដល់ជីវភាពអ្នកស្រុក»។
ដោយឈ្វេងយល់ពីផលប៉ះពាល់ដល់បរិស្ថាន សត្វព្រៃ កន្លែងជំនឿសាសនា និងប៉ះពាល់ដល់ជីវភាពរបស់នៅរបស់អ្នកស្រុក ដោយសារសកម្មភាពឈូសឆាយដីពីសំណាក់ក្រុមទាហានដែលទទួលបានដីតំបន់នេះពីរដ្ឋាភិបាលនោះ ទើបលោក សារិត និងប្រជាសហគមន៍ផ្សេងទៀតតែងចូលរួមយ៉ាងសកម្មក្នុងការតវ៉ាទាមទារមិនឱ្យឈូសបំផ្លាញព្រៃ និងសុំកិច្ចអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ទាមទារដីព្រៃសហគមន៍មកវិញ។
ព្រៃសហគមន៍ចេះតែហិនហោចបន្តិចម្តងៗ ចំណែកលោក សារឹត ត្រូវបានក្រុមទាហានប្តឹងទៅតុលាកាជាច្រើនបណ្តឹង និងរងការគំរាមកំហែងដល់អាយុជីវិតជាច្រើនលើកថែមទៀតផង។ មិនតែប៉ុណ្ណោះលោកធ្លាប់ត្រូវគេវាយដំឱ្យរងរបួស និងដកហូតយកសម្ភារៈរបស់លោកផងដែរ។
អ្នកស្រី វណ្ណ ស្រីល័ក្ខ ត្រូវជាភរិយាលោក សារិត ក៏ជាអ្នកស្រឡាញ់ និងការគាំទ្រពេញទំហឹងចំពោះសកម្មភាពរបស់ស្វាមីខ្លួនក្នុងកិច្ចការពារព្រៃសហគមន៍។ ទន្ទឹមនោះ ការបារម្ភពីសុវត្ថិភាពស្វាមី និងគ្រួសារ តែងកើតជាហូរហែ។
«ខ្ញុំនៅតែគាំទ្រគាត់ ណាមួយគាត់ស្រឡាញ់ ហើយខ្ញុំក៏ស្រឡាញ់ដែរ។ខ្ញុំ ចង់ឱ្យកូនខ្ញុំបានឃើញណាមួយព្រៃហ្នឹងវានៅជិតផ្ទះខ្ញុំអញ្ចឹងហើយបើយើងមិនការពារតែឲ្យអ្នកណាមកការពារ។ពេលខ្លះទៅឈ្លោះហ្នឹងខ្ញុំទៅដែរតើ ទៅហាមឃាត់គេកុំឱ្យឈូសព្រៃឈូកអីអញ្ចឹង យើងចូលរួមទាំងពីរនាក់ដែរទេ តែខ្ញុំគ្រាន់តែបារម្ភខ្លាចគេលបលួចធ្វើបាបធ្វើអីអញ្ចឹង ហើយប្ដឹងផ្ដល់ហ្នឹងក៏ខ្ញុំបារម្ភដែរព្រោះអីយើងការពារធនធានធម្មជាតិបែរជាមានខុសមានទោសអញ្ចឹង»។
បណ្តឹងដែលកំពុងជាប់នៅតុលាការ ប្រជាសហគមន៍រូបនេះ គ្មានសង្ឃឹមថានឹងអាចឈ្នះទៅលើក្រុមអ្នករំលោភបំពានយកដីសហគមន៍ឡើយ ហើយបើសិនចាញ់ក្តី ឬជាប់ពន្ធនាគារនោះ គ្រួសារលោកនឹងមិនមានអ្វីជាទីពឹងឡើយ។
សម្រាប់ខ្ញុំបើសិនជាខ្ញុំចាញ់ត្រូវជាប់ពន្ធនាគាជាប់អីខ្ញុំ បារម្ភថា ទីមួយវាប៉ះពាល់ដល់ទឹកចិត្តអ្នកខំការពារព្រៃ មិនថានៅតំបន់ខ្ញុំនៅតំបន់ផ្សេងក៏ប៉ះពាល់អញ្ចឹងដែរ ដោយសារគាត់អ្នកការពារដីរដ្ឋ ហើយអ្នកការពារដីរដ្ឋ ត្រូវបានគេចាប់ដាក់គុក អញ្ចឹងវាធ្វើឱ្យទឹកចិត្តរបស់គាត់ហ្នឹងមិនហ៊ានទាមទារ លែងហ៊ានការពារធនធានធម្មជាតិអីទៀតហើយ។
បើទោះបីជាមិនមានសង្ឃឹមថា រឿងក្តីអាចឈ្នះលើក្រុមអ្នកមានអំណាចក៏ដោយ ប៉ុន្តែក្តីសង្ឃឹមសម្រាប់លោក សារឹត នៅមានខ្លះ គឺសង្ឃឹមថាការលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការពារធនធានធម្មជាតិកន្លងមក នឹងក្លាយជាវីរៈភាពមួយសម្រាប់ក្មេងជំនាន់ក្រោយ។ ជាងនេះទៀត ការលះបង់របស់សហគមន៍ព្រៃឈើឧត្តមស្រែពស់ ថ្ងៃណាមួយ នឹងត្រូវបានមនុស្សជាច្រើន ពិសេសរដ្ឋាភិបាល យល់ពីតម្លៃនៃបេសសកកម្មថែរក្សាធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយរបស់ពួកគាត់។
សុំឱ្យរដ្ឋាភិបាល តុលាការហ្នឹងជួយពិនិត្យ ពិនិត្យហើយ ពិនិត្យទៀត មុននឹងសម្រេចកាត់ទោសពួកគាត់ព្រោះពួកគាត់ជាអ្នកការពារធនធានធម្មជាតិហ្នឹងគឺមិនមែនការពារសម្រាប់ជាសម្បត្តិបុគ្គលឬឯកជនទេគាត់ការពារតែសម្បត្តិរួមរបស់រដ្ឋសម្រាប់ឲ្យក្មេងជំនាន់ក្រោយ។
សហគមន៍ព្រៃឈើឧត្តមស្រែពស់ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៣ និងមានផ្ទៃដី ២ ៤៣៣ហិកតា ហើយមានពលរដ្ឋ ២៥៣ គ្រួសារ ដែលថែរក្សា និងអាស្រ័យផល អនុផលលើដីព្រៃសហគមន៍នេះ៕
……………………………………………………….
ផលិតដោយសិក្ខកាមវគ្គបណ្តុះបណ្តាលស្តីពីការនិទានរឿងបែបទំនើប៖ អ៊ុក ដែន