CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី រឿងនិទាន - Oxfam Project

អត្ថបទ​​និទាន​​៖ ស្រ្តី​អ្នក​រើស​អេត​ចាយ​តស៊ូ​រស់​ដើម្បី​ចិញ្ចឹម​សមាជិក​៦​នាក់​ ក្រោយ​បាត់បង់​បង្គោល​គ្រួសារ

CJs khmer ដោយ CJs khmer
February 4, 2025
ក្នុង រឿងនិទាន - Oxfam Project
0
អ្នកស្រី វ៉ន ស្រីល័ក្ខ ជាកំពុងយួរនិងលីសំបកកំប៉ុងអេតចាយ នៅសង្កាត់អូរឬស្សី ២ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ( រូបភាពដោយ៖ អ៊ួក ចាន់ធីដា )

អ្នកស្រី វ៉ន ស្រីល័ក្ខ ជាកំពុងយួរនិងលីសំបកកំប៉ុងអេតចាយ នៅសង្កាត់អូរឬស្សី ២ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ( រូបភាពដោយ៖ អ៊ួក ចាន់ធីដា )

0
ចែករំលែក
48
ចំនួនមើល

​«និយាយរួមទៅបើមានម៉ែ យើងអត់ស៊ី អត់ឃ្លានប៉ុន្តែយើងមានភាពកក់ក្តៅ យើងមានភាពកក់ក្តៅមួយគាត់ច្រើន ដល់ពេលមានម៉ែ អីពេលអត់គាត់ដូចថាក្នុងខ្លួនយើងនៅគ្មានសល់អីម៉ងពេលខ្លះយើងចង់គិតខ្លី បើយើងអត់ពីគាត់ទៅមិនដឹងរស់នៅមានន័យម៉េច តែយើងនឹកឃើញអាណិតក្មួយ អាណិតកូនអីមួយ យើងចេះទប់ទប់អារម្មណ៍យ៉ាងណាអត់មានលុយទិញអីពួកវាស៊ីចឹងធ្លាប់មានម៉ែគាត់ជាមនុស្សចាស់ គាត់ធ្លាប់ដើរជំពាក់ដើរអីគេឱ្យយើងដល់ពេលអត់ពីគាត់ទៅ យើងពិបាកនិយាយ វាពិបាកមែនទែនម៉ង»។

នេះជាការរៀបរាប់របស់ស្ត្រីអ្នករើសអេតចាយម្នាក់ ជាកូនប្រសារ​អ្នកស្រី គង់ វន្ថា ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍​ប្រជ្រៀតគ្នាដើម្បីយកអំណោយ ឬអាំងប៉ាវ នៅផ្ទះអ្នកឧកញ៉ា សុខ គង់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ជាកូនប្រសារ​អ្នកស្រី គង់ វន្ថា គឺអ្នកស្រី វ៉ន ស្រីល័ក្ខ មានវ័យ ២៧ឆ្នាំ មានប្រកបរបរជាអ្នករើសអេតចាយ។ អ្នកស្រីមានដើមកំណើតមកពីខេត្ត​​សៀមរាប ហើយគាត់បានរៀបការមករស់នៅទីក្រុងភ្នំពេញជាមួយគ្រួសារ។ ក្រោយពីស្វាមីជាប់ពន្ធ​នាគារដោយសារទិញប៉ះរបស់ចោរកម្ម អ្នកស្រី ស្រីល័ក្ខ បានរស់នៅជាមួយម្ដាយក្មេក ប្អូនៗ និង​កូនក្មួយសរុប ៦នាក់ ដោយរកបានចំណូលជាង១ម៉ឺនរៀលក្នុងមួយថ្ងៃ។

​ស្ត្រីជាអ្នករើសអេតចាយរូបនេះ ខ្វះភាពកក់ក្តៅតាំងពីក្មេងដោយសារឪពុកម្តាយ​យកអ្នកស្រីដាក់ក្នុងមណ្ឌលកុមារកំព្រាតាំងពីកុមារភាព។ កាន់តែអស់សង្ឃឹមនៅពេលម្តាយក្មេករបស់ខ្លួនឈ្មោះ គង់ វន្ថា បានទទួលមរណភាព ក្នុងព្រឹត្តិការណ៍​ជាន់គ្នានាគ្រាទៅទទួលអំណោយ ឬអាំងប៉ាវ ជាថវិកា ៤ម៉ឺនរៀល និងអង្ករចំនួនពីរគីឡូក្រាម ពីផ្ទះ​មហាសេដ្ឋីស្រុកខ្មែរមួយរូប គឺអ្នកឧកញ៉ា សុខ គង់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ​ថ្មីៗនេះ។

រំលឹកព្រឹត្តិការណ៍ប្រជ្រៀតគ្នាស្លាប់ដោយសារអាំងប៉ាវ

ក្នុងនាមនាង  និងគ្រួសារជាអ្នករើសអេតចាយក្រីក្រ រកចំណូលបានព្រឹកខ្វះល្ងាច ដូច្នេះអំណោយជាទឹកប្រាក់ក្នុងអាំងប៉ាវ​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម ហាក់ដូចជារង្វាន់ធំសម្រាប់​គ្រួសារពួកគាត់។

ស្រីល័ក្ខ និងម្ដាយក្មេក ដែលពិការជើងម្ខាង និងមានមុខរបរជាអ្នករើសអេតចាយផងនោះ បានមកចាំនៅមុខផ្ទះលោក សុខ គង់ លើផ្លូវព្រះនរោត្តម​ តាំងពីព្រលឹម ដោយសង្ឃឹមថា នឹងទទួលបានអង្ករពីរគីឡូក្រាម និងថវិកាពី ៤០ ០០០ ទៅ ៥០ ០០០ រៀលសម្រាប់មនុស្សម្នាក់។ ​​

អ្នកស្រី ស្រីល័ក្ខ ៖​«និយាយរួមយើងទៅយកអាំងប៉ាវហ្នឹងយើងវាអត់នឹកស្មានថាមានរឿងចឹងកើតឡើងដែរ ដែលថាបាត់បង់គាត់ហ្នឹងពីព្រោះយើងឃើញមានប៉ូលិសមានពួកសណ្តាប់ធ្នាប់ច្រើន ដល់ចឹងយើងគិតថាមិនអីចឹងហាសអូន។ ដល់ពេលយើងទៅយកទៅលឺតែគេនិយាយថាបានលុយម្នាក់៤០០០០រៀល អង្ករពីរគីឡូ អាហ្នឹងយើងលឺតាមគេនិយាយ ប៉ុន្តែយើងក៏មិនទាន់បានដែរហើយម៉ែក៏ជួបគ្រោះថ្នាក់ចឹងទៅ គាត់ស្លាប់នៅកន្លែងហ្នឹងបណ្តោយទៅ»។

នាងសន្និដ្ឋានថា ម្តាយក្មេកនាងមិនមែនស្លាប់ដោយខ្យល់គរទេ គឺស្លាប់ព្រោះគេជាន់ តែយ៉ាងណានាងមិនបានបន្ទោស ឬដាក់បន្ទុកទៅលើនរណាម្នាកឡើយ ដោយនាងទាញយកហេតុផល កម្មផលមកគិតដើម្បីកាត់ចិត្ត។

ក្រោយម្តាយក្មេកស្លាប់

ហេតុការណ៍ចែកអំណោយ ឬអាំងប៉ាវនេះ បានបណ្តាលឱ្យមនុស្ស​ចំនួន ៤​នាក់​​ស្លាប់ និង​៥​នាក់​ទៀ​​ត​​ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេលនាក្រុងភ្នំពេញ​​។

ក្រោយមានរឿងនេះឡើង អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានឧបត្ថម្ភគ្រួសារសពម្នាក់៥លានរៀល និងអ្នករងរបួស២លានរៀល។ ដោយឡែកគ្រួសារអ្នកឧកញ៉ា សុខ គង់ ​បានឧបត្ថម្ភគ្រួសារសពម្នាក់៦ពាន់ដុល្លារ និងអ្ន​ករងរបួស ៤លានរៀល។ ដោយឡែក សម្រាប់ការដឹកជញ្ជូនសពទៅស្រុកកំណើត និងក្ដារមឈូស​ គឺអភិបាលខណ្ឌដូនពេញលោក ជា ខេមា ជាអ្នក​រ៉ាប់រង។ ប៉ុន្តែសម្រាប់វិធានការផ្លូវច្បាប់ ឬអ្នកទទួលខុសត្រូវផ្លូវច្បាប់លើរឿងនេះ គ្មានឡើយ។

សព អ្នកស្រី វន្ថា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតនាខេត្តព្រៃវែង។ ចំណែកថវិកាបានពីលោក សុខ គង់ និងអាជ្ញាធររាជធានីភ្នំពេញ គ្រួសារអ្នកស្រី វត្ថា បានយកទៅប្រើប្រាស់និងចាត់ចែងក្នុងពិធីបុណ្យ ហើយមួយចំណែកនឹងត្រូវយកទៅសងបំណុលគេខ្លះ។

ស្រីល័ក្ខ នៅតែសោកស្តាយសម្រាប់ការបាត់បង់ម្តាយក្មេកជាទីស្រលាញ់ និងជាបង្គោលសំខាន់ក្នុងគ្រួសារ ខណៈបំណងប្រាថ្នារបស់គាត់ដែលចង់ឃើញគ្រួសារមានជីវភាពធូរធារ កូនចៅបានរៀនសូត្រចេះដឹង និងដើរលើគន្លងត្រឹមត្រូវនៅមិនទាន់បានសម្រេចនៅឡើយ។

ស្រីល័ក្ខបង្ហាញអារម្មណ៍ស្តាយស្រណោះថា ​៖‍«និយាយរួមទៅ ម៉ែខ្ញុំគាត់ពិបាកតាំងពីនៅរស់គាត់ពិបាក គាត់មានកូនច្រើនប៉ុន្តែកូនសុទ្ធតែធ្វើបាបគាត់ កូនសុទ្ធតែប្រព្រឹត្តគ្រឿងញៀនធ្វើបាបគាត់និយាយរួមទៅកូនដែលអត់ដើរតាមកន្លងធម៌ ធ្វើបាបគាត់ណាស់ និយាយរួមទៅគាត់ដើរអូសចិញ្ចឹមកូនរហូត រហូតដល់ចិញ្ចឹមចៅ[…]​ គាត់ពិបាកច្រើនអូនគាត់ពិបាកគ្រប់បែបយ៉ាង និយាយរួមទៅយើងអត់អាចផ្ទឹមបាន និយាយរួមមនុស្សស្រីគាត់ គាត់តស៊ូរហូតជាមួយកូន ជាមួយអីប៉ុន្តែអត់មានកូនណារវីរវល់រហូតដល់គាត់បានចាកលោកទៅក៏គាត់ស្លាប់ទាំងអណោចអធ័មដែរ»។

  • អ្នកស្រី វ៉ន ស្រីល័ក្ខ ជាអ្នករើសអេតចាយ និងជាកូនប្រសាររបស់លោកស្រី គង់ វន្ថា កំពុងជូតទឹកភ្នែកនឹកស្រណោះម្តាយក្មេកដែលស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី ២៣ ខែមករា ពេលទៅទទួលអាំងប៉ាវនៅផ្ទះឧញ៉ា សុខ ។ ​(រូបភាពដោយ៖ អ៊ួក ចាន់ធីដា)

កាលពីអ្នកស្រី វន្ថា នៅមានជីវិតភាពក្រលំបាកជាច្រើនបានកើតឡើង ហើយសូម្បីតែប្រាក់សម្រាប់ទិញរទះរើសអេតចាយនោះក៏គ្មានដែរ ប៉ុន្តែក្រោយមកបានខាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ហៅកាត់ថា អាយដេ(IDEA) បានជួយជារទះមួយគ្រឿងដល់គាត់។  ​​

ជីវិតកុមារភាពរបស់អ្នកស្រី វ៉ន ស្រីល័ក្ខ

ត្រឡប់មករឿងរ៉ាវដ៏កម្សត់របស់ ស្រីល័ក្ខវិញ។ នាងជាកុមារីកម្សត់ដែលឪពុកមានគ្រួសារថ្មី យកនាង និងបងស្រីមកដាក់មណ្ឌលកុមារកំព្រាតាំងពីនាងមានអាយុប្រហែល៦ ឬ៧ឆ្នាំ។ តាំងពីពេលនោះមក នាងមិនដែលបានជួបមុខឪពុកម្តាយទៀតឡើយ។ នាងមិនបានរៀនសូត្រជ្រៅជ្រះឡើង និងបានរៀបការជាមួយកូនប្រុសទី៥ របស់អ្នកស្រី គង់ វន្ថា ឈ្មោះគង់ ណារ៉ុង។ ​

តាំងពីមករស់នៅ​ជាមួយម្តាយក្មេកជាស្ត្រីមេម៉ាយ និងបានប្រកបរបរជាអ្នករើសអេតចាយ ​ដ្បិតតែជីវភាពរស់នៅពេលនោះ មិនទាន់ធ្វើឱ្យគ្រួសារគាត់មានជីវភាពប្រសើរក្តី  ​តែនាងទទួលបានភាពកក់ក្តៅពីម្តាយក្មេក និងគ្រួសារ។

ក្រោយប្តីស្រីល័ក្ខត្រូវជាប់ពន្ធនាគារដោយសារទិញអេតចាយប៉ះរបស់ចោរ និងបន្ទាប់ពីម្តាយក្មេកស្លាប់ ភាពលំបាក និងកង្វះភាពកក់ក្តៅពីគ្រួសារក៏ចាប់ផ្តើមកើតឡើងម្តងទៀត ដូចកាលពីនាងត្រូវបានឪពុក​បង្កើតយកទៅផ្ញើនៅមណ្ឌលកុមារកំព្រាលយ៉ាងដូច្នោះ។

អ្នកស្រីប្រាប់ថា ​៖«និយាយយើងអត់ដែលទទួលបានភាពកក់ក្តៅម៉ង។ ពីមុន យើងធ្លាប់រស់នៅជាមួយតា ជាមួយយាយ មានភាពកក់ក្តៅ ដល់ពេលគាត់ មានគ្រួសារមួយទៀត លែងមានភាកក់ក្តៅ គាត់មានកូនមួយទៀត គាត់ក៏យកយើង ដាក់អង្គការ ហើយខ្ញុំតាំងពីនៅអង្គការមក អត់ដែលបាន មានភាពកក់ក្តៅម្តាយ កូន ឪពុកកូន អត់ដែលមាន រហូតដល់ ខ្ញុំបានគ្នាជាមួយកូនម៉ែ យើងអត់មានអីទេ តែយើងមកនៅជាមួយគាត់គាត់ផ្តល់ភាពកក់ក្តៅឱ្យយើងច្រើន ដូចម៉ែបង្កើតយើងអញ្ជឹង»។

ស្រ្តីរូបនេះនៅចាំបាន កាលពីរស់នៅជុំគ្នានៅខណ្ឌ៧មករា រាជធានីភ្នំពេញ គ្រួសារគាត់ត្រូវបានអាជ្ញាធរចាប់ទាំងអស់ទៅរក្សាទុកនៅមណ្ឌលរបស់រដ្ឋ​ ដោយសារ​រស់នៅតំបន់សំណងអាណាធិបតេយ្យ។  ការរស់នៅកន្លែងអាជ្ញាធរបញ្ជូនទៅពេលនោះ ជីវិតកាន់តែលំបាក និងមានជំងឺផ្សេងៗទៀតផង ប៉ុន្តែបានម្តាយក្មេកមើលថែទាំគ្រប់បែបយ៉ាងដូចម្តាយបង្កើត។

  • អ្នកស្រី វ៉ន ស្រីល័ក្ខ ជាអ្នករើសនិងទិញអេតចាយ នៅសង្កាត់អូរឬស្សី ២ រៀបរាប់ប្រាប់ពីដំណើរជីវិតរបស់ខ្លួននិងគ្រួសារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ ( រូបភាពដោយ៖ អ៊ួក ចាន់ធីដា )

​​អម្រែកក្នុងគ្រួសារជាក្តីសង្ឃឹមសម្រាប់រស់ទៅមុខ ​

ម្តាយក្មេកក៏ស្លាប់ រីឯប្តីក៏កំពុងជាប់គុកដោយមិនទាន់មានសេរីភាព​។ ក្រៅពីប្តីដែលកំពុងជាប់គុក ក៏មានប្អូនថ្លៃ និងបងថ្លៃពីរនាក់ទៀត ក៏កំពុងជាប់ពន្ធនាគារដែរ ដោយគេចោទប្រកាន់រឿងអំពើចោរកម្មដូចប្តីស្រីល័ក្ខដែរ។

ជីវិតរបស់នាងពោរពេញដោយអម្រែកដ៏ធ្ងន់ ដោយរួមទាំងការមើលថែទាំកូនប្រុសអាយុប្រាំពីរឆ្នាំ និងក្មួយប្រុសបីនាក់ មានអាយុប្រាំបីខែ អាយុបីឆ្នាំ និងអាយុប្រាំខែ។ ការមើលថែក្មួយៗបន្តនេះ ដោយសារម្តាយរបស់ពួកគេមានបញ្ហាសុខភាពផ្លូវចិត្ត និងមិនអាចរកប្រាក់ចំណូលអ្វីបានឡើយ។

​គិតឃើញរឿងលំបាកទាំងឡាយក្នុងជីវិតនេះម្តងៗ ភាពសៅហ្មង់ ក្តីអស់សង្ឃឹមទាំងឡាយស្ទើរតែបណ្តាលចិត្តរបស់ស្រីល័ក្ខឱ្យគិតខ្លីម្តងៗ ដើម្បីឱ្យផុតពីជីវិតដ៏អភ័ព្វនេះ។ ប៉ុន្តែស្រីល័ក្ខចេះតែនឹកគិតដល់អនាគតកូនៗ ប្អូនថ្លៃដែលមានវិប្បល្លាសស្មារតី ក្មួយៗនៅតូច ព្រមទាំងប្តី បងថ្លៃ និងប្អូនថ្លៃ ដែលកំពុងជាប់ពន្ធនាគារ។

​អ្នកស្រី វ៉ន ស្រីល័ក្ខ៖ «សព្វថ្ងៃហ្នឹងខ្ញុំដើររើសអេតចាយរកស៊ីចិញ្ចឹមកូនផង ចិញ្ចឹមក្មួយៗផង ចិញ្ចឹមប្អូនប្រសៃប្រសាទហើយគ្រួសារខ្ញុំគាត់ជាប់ពន្ធនាគារ ដែលអញ្ចឹងវាធ្លាក់មកលើយើងទាំងអស់តាំងពីអត់ពីម៉ែទៅ[…]​ «និយាយរួមទៅជួបទុក្ខលំបាកច្រើនណាមួយ ពួកកូននៅណោះអត់ដឹងថាបានម្តាយស្លាប់ទេ»។

  • អ្នកស្រី វ៉ន ស្រីល័ក្ខ ជាអ្នករើសអេតចាយ និងទិញអេតចាយ កំពុងលីសែង និងយួរថងកំប៉ុងអេតចាយ នៅសង្កាត់អូរឬ​ស្សី ២ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ​(រូបភាពដោយ៖ អ៊ួក ចាន់ធីដា)

បើទោះបីជាស្តាប់រឿងគ្រួសារស្រីល័ក្ខទៅមានការលំបាកយ៉ាងនេះក្តី ប៉ុន្តែគ្រួសារមួយនេះមិនទាន់មានប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រនោះឡើយ ខណៈពួកគេក៏ធ្លាប់បានស្នើសុំទៅអាជ្ញាធរដែរ។ ស្រ្តីដែលមានមុខរបរជាអ្នករើសអេតចាយដដែល ស្រមៃថា ប្រសិនបើគ្រួសារគាត់ទទួលបានប័ណ្ណក្រីក្រ នោះ​នឹងជួយសម្រួលបន្ទុកមួយផ្នែកដូចជាការអប់រំដល់កូនៗ រ៉ាប់រងលើថ្លៃព្យាបាលនៅពេលពួកគេឈឺ ថ្លៃផ្ទះថ្លៃទឹកភ្លើងនិងចំណីហូបចុកប្រចាំថ្ងៃបានមួយកម្រិតមិនខាន។

​អ្នកស្រីថា៖ «ខ្ញុំមានតែសូមសំណូមពរឱ្យរាជរដ្ឋាភិបាលបានធ្វើប័ណ្ណក្រីក្រ ឱ្យក្រុមគ្រួសារខ្ញុំផង ព្រោះពួកខ្ញុំរាល់ថ្ងៃខ្ញុំចង់បានប័ណ្ណក្រីក្រដើម្បីកូនចូលរៀន និងពេលឈឺថ្កាត់ម្ដងម្ដង។ យើងគ្មានលុយកាក់មើលដូចគេទេ៕

………………………………………..

អត្ថបទនិទានរឿងបែបទំនើបរៀបរៀងដោយសិក្ខាកាមជំនាន់ទី៣ កញ្ញា អ៊ួក ចាន់ធីតា

អត្ថបទមុន

កម្លាំង​CMAC​ប្រតិបត្តិការ​នៅ​ខេត្ត​ជិត​១០​ត្រូវ​ផ្អាក​សកម្មភាព​ជិត​១០០​ថ្ងៃ​ដោយ​ការ​បង្កក​ជំនួយ​របស់​USAID​

អត្ថបទបន្ទាប់

អត្ថបទ​និទាន​៖​ ពិការ​ភាព​ភ្នែក​ម្ខាង​ពី​កំណើត​​តស៊ូ​រៀន​សូត្រ​រហូត​ក្លាយ​ជា​គ្រូ​បង្រៀន​ក្នុង​សហគមន៍​

អត្ថបទបន្ទាប់
លោក ហ៊ាត សាត កំពុងបង្រៀន ជំនាញផ្នែកព័ត៌មានវិទ្យា ឬកុំព្យូទ័រដល់កូនសិស្សនៅវត្តបាគង នាឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅខែមករា ឆ្នាំ២០២៥។ (សេង ឡង់ឌី)

អត្ថបទ​និទាន​៖​ ពិការ​ភាព​ភ្នែក​ម្ខាង​ពី​កំណើត​​តស៊ូ​រៀន​សូត្រ​រហូត​ក្លាយ​ជា​គ្រូ​បង្រៀន​ក្នុង​សហគមន៍​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង