របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ
ប្រជាពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសំដែងការព្រួយបារម្ភនិងត្អូញត្អែថា ពួកគេអាចនឹងរងគ្រោះថ្នាក់នៅថ្ងៃណាមួយមិនខាន ដោយសារតែរថយន្តដឹកថ្មលើសទម្ងន់នៅតាមដងផ្លូវសាធារណៈ។
អ្នកស្រី ហ៊ន ផារី អាយុ ៣៦ឆ្នាំជាកម្មការិនីកាត់ដេរសម្លៀកបំពាក់នៅរោងចក្រវត្តថ្មី ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMថា អ្នកស្រីមានការព្រួយបារម្ភជាខ្លាំងចំពោះរថយន្តដឹកថ្មរាប់សិបគ្រឿង មានទាំងតូច ទាំងធំ វែងខ្លីគ្រប់ប្រភេទ បានដឹកថ្មច្រើនខ្ពស់ហួសពេកដែលធ្វើឱ្យវាអាចជ្រុះធ្លាក់មក ហើយដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ទៅដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ ដូចជា ពលរដ្ឋទៅផ្សារ សិស្សសាលទៅសាលារៀន ឬកម្មករទៅធ្វើការជាដើម។ កម្មការិនីរូបនេះបានកត់សម្គាល់ថា កន្លងមកក៏ធ្លាប់មានករណីធ្លាក់ថ្មតាមផ្លូវជាហូរហែរហូត។
អ្នកស្រីបន្តថា៖ «ដូចខ្ញុំអញ្ចឹងជិះម៉ូតូទៅធ្វើការរោងចក្រហើយឃើញឡានដឹកថ្មនៅពីមុខដាក់ថ្មច្រើនមិនថា គេមិនថាខ្ញុំទេ មានការភ័យព្រួយបារម្ភចំពោះបញ្ហាឡានដឹកថ្មទាំងអស់នេះនៅចំពោះមុខ ហើយអ្នកធ្វើដំណើរតាមម៉ូតូច្រើនជាងអ្នកធ្វើដំណើរតាមឡាន តែក៏មានឡានខ្លះគេដាក់ថ្មល្មមសមរម្យដែរ មានតង់សម្រាប់គ្របខ្លះដែរ តែឡានខ្លះ ដាក់ច្រើនហើយមិនបានគ្របទៀត ដែលវាធ្វើឱ្យបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរទូទៅទាំងអស់»។
កម្មការិនីរូបនេះបានអំពាវនាវដូច្នេះថា៖ «បញ្ហាឡានដឹកថ្ម ខ្ញុំសូមអង្វរកដល់អ្នកមានឡានដឹកថ្មទាំងអស់មេត្តាដាក់ថ្មកុំច្រើនហួសពេក ព្រោះអីការធ្វើដំណើរនេះ មិនមែនតែឡានដឹកថ្មនោះទេ គឺបងប្អូនប្រជាពលរដ្ឋ គាត់ធ្វើដំណើរគ្រប់គ្នា ទាំងសិស្សសាលាបឋម រហូតដល់វិទ្យាល័យ អនុវិទ្យាល័យនិងអ្នករកស៊ីប្រកបមុខរបរផ្សេងៗជាច្រើនទៀតដែលធ្វើដំណើរ»។
ចំណែកប្រជាពលរដ្ឋរស់នៅភូមិសំរោងថ្មសរ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺលោក ណុប សុជាតិ អាយុ៤០ បានកត់សម្គាល់ឃើញថា បញ្ហារថយន្តដឹកថ្មនេះ មានច្រើនណាស់ មានទាំងរថយន្តតូច រថយន្តធំ ហើយរថយន្តខ្លះថ្មតូច ខ្លះដឹកថ្មធំៗ ខណៈរថយន្តខ្លះឃើញមានគ្របតង់ត្រឹមត្រូវ រីឯរថយន្តខ្លះទៀត មិនគ្របតង់ត្រឹមត្រូវនោះទេ។
លោកថា៖ «ខ្ញុំយល់ឃើញថា វាមានភាពរញ៉េរញ៉ៃច្រើនណាស់ រញ៉េរញ៉ៃហើយប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ឡានដឹកថ្មធ្លាក់តាមផ្លូវទាំងអស់នេះហើយ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភខ្លាចថ្មហ្នឹង វាធ្លាក់ត្រូវ និងធ្លាក់មកតាមទ្រូងផ្លូវធ្វើអោយម៉ូតូកិនដួលមានគ្រោះថ្នាក់អញ្ចឹងទៅ ហើយមានឡានខ្លះ តូចតែកែទៅទ្រុងធំក៏មានដែរ ដើម្បីអោយដឹកបានចំណុះច្រើនខុសស្តង់ដាដាក់ថ្មលើសអំពីការកំណត់ វាហួសទៅលើទ្រុងខាងលើនោះទៀត ហើយឡានដឹកទាំងអស់នេះបង្កជាបញ្ហានោះ មិនថាថ្មតូចថ្មធំឡើយ គឺមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើររួមលើដងផ្លូវទាំងអស់»។
លោកបានបន្តថា៖ «ហើយម្យ៉ាងទៀតតៃកុងឡានបើកលឿននៅតាមដងផ្លូវសាធារណៈដូចជាផ្លូវឆ្លងកាត់តាមភូមិបើកលឿនហួសពេក បណ្ដាលឱ្យមានគ្រោះថ្នាក់ហុយខ្លាំង ធ្វើអោយអ្នកដំណើររួមផ្លូវជាមួយ ដួលតាមផ្លូវ និងពិបាកដកដង្ហើម ឡានច្រើនហើយ ឡានដែលដឹកថ្មនឹងធ្លាក់មកលើទ្រូងផ្លូវធ្វើឲ្យពួកគាត់ដួលគ្រោះថ្នាក់ជាដើមនេះជាបញ្ហាមួយ»។
លោក កឹម សុខគ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកកំពុងជាប់រវល់នៅក្នុងសិក្ខាសិលា មិនអាចធ្វើអត្ថាធិប្បាយបានឡើយ។
ចំណែកឯកញ្ញា ទៀង ផល្លី ជាមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM តាមរយៈទូរស័ព្ទដៃថា បញ្ហាឡានដឹកថ្មលើសទម្ងន់ ដែលក្រសួងបានកំណត់ គេមានអ្នកជំនាញខាងជញ្ជីងជាអ្នកត្រួតពិនិត្យ។ កញ្ញាថា បើក្នុងករណីដឹកលើសទម្ងន់ អ្នកជំនាញនឹងអនុវត្តតាមនីតិវិធី។
កញ្ញាបានបន្តថា៖ «រឿងនេះខាងជញ្ជីងថ្លឹងឡាន និងខាងនគរបាលចរាចរណ៍ គេជាអ្នកឃាត់ឡាន ត្រួតពិនិត្យឡាន ចំណែកនាងខ្ញុំគ្រាន់តែជាអ្នកចុះបញ្ជីតែប៉ុណ្ណោះ»។
យ៉ាងណាក្តី ប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភចំពោះបញ្ហាឡានដឹកថ្មនៅតាមផ្លូវសាធារណៈនេះថា កន្លងមកមានឡានដឹកថ្មមិនបានគ្របតង់ បានដឹកថ្មលើសទម្ងន់ច្រើនពេក បានធ្វើឱ្យថ្មធ្លាក់តាមផ្លូវសាធារណៈជាហូរហែរ និងមានប្រជាពលរដ្ឋធ្លាប់រងគ្រោះ កិនថ្មរអិលដួល ហើយករណីខ្លះថ្មបានធ្លាក់ត្រូវចំក្បាលម៉ូតូ ចំឆ្អឹងជំនីអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋជាច្រើនទៀតដែលរួមដំណើរផ្លូវរួមជាមួយគ្នា៕
…………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ