របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ពលរដ្ឋសហគមន៍ឧត្ដមស្រែពស់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននាំគ្នាស្នើសុំដល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឲ្យលុប ស.ជ.ណ ដើម្បីរក្សាព្រៃមេត្ដាធម្មជាតិដូចភ្នំតាម៉ៅដែរដោយសារតែព្រៃទាំងអស់ក្នុងសហគមន៍របស់ពួកគាត់កំពុងរងការកាប់បំផ្លាញរាល់ថ្ងៃពីសំណាក់ក្រុមទាហាន(ង៧០) ខណៈអភិបាលខេត្តកំពង់ស្ពឺអះអាងថា នឹងចុះទៅពិនិត្យមើលដោយផ្ទាល់នៅថ្ងៃទី៩ សីហា។
តំណាងសហគមន៍ម្នាក់ លោក សយ សាត អាយុ៦៥ឆ្នាំ បានឲ្យដឹងថា មានការត្រេអរចំពោះដីភ្នំតាម៉ៅដែលរដ្ឋាភិបាលបានសម្រេចលុបនិងទុកថែរក្សានិងអភិរក្ស។ ប៉ុន្ដែលោកថា ប្រជាសហគមន៍ឧត្តមស្រែពស់ ក៏សុំស្នើឲ្យរដ្ឋាភិបាលលុបចោលនូវដីសម្បទានក្នុងសហគមន៍ឧត្តមស្រែពស់ដូចភ្នំតាម៉ៅដែរ។ លោកថា តំបន់សហគមន៍ឧត្ដមស្រែពស់ គឺមានធនធានធម្មជាតិដូចព្រៃភ្នំតាម៉ៅ ហើយជាពិសេសដើមឈើដែលបានបាត់បង់ទៅហើយក៏មិនអីដែរ ពីព្រោះអាចដាំឡើងវិញឲ្យតែមានដី។
លោកបន្ដថា៖«ខ្ញុំចង់ឲ្យលុបចឹងដែរ ចង់រដ្ឋាភិបាលធ្វើសេចក្ដីលុបចោលទៅ ពីព្រោះសក្ដានុពលព្រៃឈើល្អដូចគ្នាដែរ»។
ប្រជាសហគមន៍ម្នាក់ទៀត អ្នកស្រី ឃន ខន អាយុ៦៥ឆ្នាំ រស់ឃុំត្រពាំងជោរ ស្រុកឪរ៉ាល់ បាននិយាយទាំងសប្បាយចិត្តថា អ្នកស្រីមានការសប្បាយចិត្តណាស់ពេលលឺថា រដ្ឋាភិបាលលុបចោលគម្រោងអភិវឌ្ឍនិងទុកព្រៃឈើនៅភ្នំតាម៉ៅ។ អ្នកស្រីថា អ្នកស្រីតស៊ូសព្វថ្ងៃគឺចង់ឃើញរដ្ឋាភិបាលសម្រេចដូចភ្នំតាម៉ៅចឹង ទុកព្រៃឲ្យពួកអ្នកស្រីថែរក្សាវិញនិងអាស្រ័យផលវិញ។
អ្នកស្រីបន្ដថា៖ «លោកក្មួយអើយ ខ្ញុំគ្រាន់តែលឺចឹងខ្ញុំអរណាស់ ខ្ញុំរាល់ថ្ងៃប្រាថ្នារករឿងចឹង ប្រាថ្នាថាឲ្យលុបចោលឲ្យអស់ទៅ ទុកឲ្យខ្ញុំថែរក្សា ឲ្យអភិរក្សវិញដូចដើមខ្ញុំវិញមក ខ្ញុំចង់បានចឹងយូរហើយណា។ ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលហ្នឹងលុបចោលស្ថាប័នដែ់ឈូសឆាយហ្នឹងឲ្យអស់ ហើយទុកឲ្យប្រជាពលរដ្ឋខ្ញុំដែលរស់នៅអាស្រ័យផលក្នុងហ្នឹងដដែលដូចមុនចឹង»។
ចំណែកឯប្រជាសហគមន៍លោក ឃន សារិទ្ធិ អាយុ៤២ឆ្នាំ បាននិយាយយ៉ាងដូច្នេះថា បើរដ្ឋាភិបាលលុបចោលដូចភ្នំតាម៉ៅ ពួកលោកមិនដឹងសប្បាយចិត្តយ៉ាងណាទេ និងកាត់ដីទាំងអស់ហ្នឹងមកឲ្យសហគមន៍ការពារថែរក្សា ហើយពួកលោកនឹងព្យាយាមដើមដាំដុះវិញបន្ថែម។
លោកបន្ដថា៖«សម្រាប់ខ្ញុំគឺខ្ញុំចង់សុំឲ្យសម្ដេចគាត់លុបអនុក្រឹត្យ លុប ស.ជ.ណ ហ្នឹង ហើយនឹងប្រគល់ដីហ្នឹងឲ្យសហគមន៍ពួកយើងខ្ញុំវិញមក ដើម្បីថែរក្សានិងដាំដុះបន្ថែមវិញ»។
ជាមួយគ្នានេះដែរ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា យោងតាមករណីសិក្សាដូចភ្នំតាម៉ៅ ព្រៃមេត្តាធម្មជាតិ រដ្ឋាភិបាលគួរតែពិចារណាដែរ ដោយសារតែព្រៃមេត្ដាធម្មជាតិនេះមានព្រះសង្ឃថែរក្សានិងអភិរក្សជិត២០ឆ្នាំមកហើយ។ លោកថា ព្រះសង្ឃលោកបានខិតខំចំណាយពេលវេលាពេញមួយជីវិតរបស់លោក ក្នុងកិច្ចការពារព្រៃឈើទាំងអស់នៅស្រុកឱរ៉ាល់រួមទាំងសត្វជាច្រើនប្រភេទផងដែរ។
លោកបន្ថែមថា៖ «ដើម្បីជាការលើកកម្ពស់កិច្ចការពារធនធានធម្មជាតិនិងជៀសវាងការប្រតិកម្មពីសាធារណៈជន ខ្ញុំចង់ឲ្យរដ្ឋាភិបាលមេត្តាយកគម្រូមេត្តាធម្មជាតិដូចគ្នានិងករណីភ្នំតាម៉ៅ បាទ»។
បើតាមមន្រ្ដីសម្របសម្រួលសិទ្ធិមនុស្ស ទទួលបន្ទុកផ្នែកអប់រំ និងការពារធនធានធម្មជាតិនៃ អង្គការអាដហុក លោក រ័ត្ន ថាវី បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងថា ប្រសិនបើរដ្ឋាភិបាលលុបចោលអនុក្រឹត្យ និង ស.ជ.ណ ដូចភ្នំតាម៉ៅ ពួកគាត់ពិតជាសប្បាយចិត្តណាស់ ពីព្រោះកន្លងមកពួកគាត់ចង់ឲ្យមានដំណោះស្រាយជូនពួកគាត់។
លោកបន្ដថា៖«ការនិយារបស់ខ្ញុំកន្លងមកខ្ញុំថា រឿងសហគមន៍ឧត្តមស្រែពស់មានតែរដ្ឋាភិបាលលុបអនុក្រឹត្យឬក៏ ស.ជ.ណ ទេ ទើបអាចបញ្ចប់បាន បើមិនអ៊ីចឹងទេ នៅតែបន្ដហើយប្រជាពលរដ្ឋនៅតែរងគ្រោះដដែល អ៊ីចឹងរដ្ឋាភិបាលគួរតែពិចារណាលុបចោលនូវអនុក្រឹត្យផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋថែរក្សានិងការពារដូចភ្នំតាម៉ៅ»។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា តំបន់វាផ្សេងគ្នា តំបន់មួយគេអភិរក្ស តំបន់មួយទៀតគេអភិវឌ្ឍន៍វាមិនអាចចេះតែចង់បានតាមការទាមទាររបស់ពួកគាត់ទេ ប៉ុន្តែលោកថា ស្អែកនេះលោកនឹងចុះទៅមើលដោយផ្ទាល់ថា ត្រូវដោះស្រាយវាយ៉ាងមិច។
លោកអភិបាលខេត្តបន្ដថា៖«ស្អែកខ្ញុំចុះទៅមើលដោយផ្ទាល់នៅសហគមន៍ឧត្តមស្រែពស់ហ្នឹង ប៉ុន្ដែខ្ញុំត្រូវពិនិត្យមើលសិន មែនគាត់ចេះតែថាៗចឹងទេ ពីព្រោះតំបន់ផ្សេងគ្នា»។
យោងតាមប្រភពពីប្រជាសហគមន៍ឧត្តមស្រែពស់ថា បច្ចុប្បន្ននេះដីព្រៃនៅសហគមន៍ឧត្តមស្រែពស់នៅសល់ត្រឹមតែ៣០ហិកតាប៉ុណ្ណោះ ក្រោយពីមានក្រុមទាហានចូលទៅកាន់កាប់និងទន្រ្ទានរាល់ថ្ងៃ ហើយប្រជាសហគមន៍មួយចំនួនក៏បានរងរបួសពីការទប់ស្កាត់ព្រៃសហគមន៍ផងដែរ។ ជាពិសេសអាស្រមរបស់ព្រះសង្ឃក៏ត្រូវបានបំផ្លាញពីសំណាក់ក្រុមទាហាន(ង៧០)ទៀតផង និងអ្នកខ្លះទៀតក៍រងការគំរាមកំហែងដល់អាយុជីវិតថែមទៀត។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅដ្ឋាន និងបង្កបង្កើនផល។
ចាប់តាំងពីចុងឆ្នាំ២០២១ អ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរនោះ បាននាំគ្នាតវ៉ាប្រឆាំងក្រុមទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក ឱ្យកាប់បំផ្លាញព្រៃសហគមន៍ «ឧត្ដមស្រែពស់» ឬហៅ «ព្រៃមេត្តាធម្មជាតិ» ដែលពួកគេអះអាងថា បានការពារជាង២០ឆ្នាំមកហើយ។ អ្នកភូមិអះអាងថា សហគមន៍ «ឧត្ដមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ពីដើមឡើយមានផ្ទៃដីទំហំជាង២ ០០០ ហិចតា ជាតំបន់ព្រៃស្រោង និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ ប៉ុន្តែក្រោយមកក៏មានក្រុមទាហានបានចូលទៅរំលោភយកជាបន្តបន្ទាប់ ហើយបច្ចុប្បន្នសហគមន៍នេះ នៅសល់ដីព្រៃតិចតួចប៉ុណ្ណោះ។
ព្រៃឈើក៏បាត់បង់ អាស្រមលោកធ្លាប់គង់នៅក៏ត្រូវវាយកម្ទេច រូបបដិមា ព្រះពុទ្ធសាសនា ព្រះ ដែលពុទ្ធបរិស័ទធ្លាប់ធ្វើជាទីសក្ការៈបូជា ក៏ត្រូវបានបំផ្លាញ ខណៈសត្វព្រៃក៏រត់ខ្ចាត់ខ្ចាយដោយសារមិនមានព្រៃសម្រាប់រស់នៅបន្តទៀត៕
………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាលលោក ឃាង សុខមាន