ដោយ ឃាង សុខមាន
ប្រជាពលរដ្ឋ១៧៩គ្រួសារស្ថិតនៅក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះនៅឯសាលាសង្កាត់ព្រែកថ្មី ដោយស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញចុះមកវាស់វែងលើគម្រោងពង្រីកផ្លូវកោះក្របីឡើងវិញដោយសារតែគម្រោងនេះបានធ្វើឱ្យប៉ះពាល់ដល់ដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។
លោក ពេជ្រ បូរិន ប្រជាពលរដ្ឋម្នាក់ដែលរងផលប៉ះពាល់ពីគម្រោងពង្រីកផ្លូវនេះ បានមានប្រសាសន៍ថា លោកប្រឈមនឹងគ្មានផ្ទះរស់នៅឡើយ បើសាលារាជធានីភ្នំពេញពង្រីកផ្លូវ៦០ម៉ែត្រនេះមែន។
លោកថា៖ «មិនមែនពង្រីកបន្ដិចបន្ដួចឯណា ម្ខាង១៥ម៉ែត្រ បើនិយាយពីផ្ទះខ្ញុំ គឺសល់ដីតែ៥ម៉ែត្រ តើឱ្យខ្ញុំរស់នៅយ៉ាងម៉េច?»។
យ៉ាងណាលោកថា ពលរដ្ឋដែលផ្ទុះការតវ៉ានេះ គឺគ្រាន់តែចង់ស្នើសុំឱ្យអាជ្ញាធរគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងស្នើសុំឱ្យបន្ថយការពង្រីកផ្លូវនេះ ដើម្បីឱ្យពលរដ្ឋមានកន្លែងរស់នៅផង។
លោក បូរិនបន្ដថា៖«ខ្ញុំមិនបដិសេធទេបង ពង្រីកក៏ពង្រីកចុះ ប៉ុន្ដែតិចតួចបានហើយ លេងម្ខាង១៥ម៉ែត្រ ចឹងពួកខ្ញុំបានកន្លែងណានៅបង ហើយម្នាក់ៗសុទ្ធតែរស់នៅយូរឆ្នាំហើយ»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី យ៉ុម សាត អាយុ៦០ឆ្នាំ រស់នៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលបានចូលរួមតវ៉ានៅសាលាសង្កាត់ព្រែកថ្មីកាលពីថ្ងៃទី២២ ខែធ្នូ ម្សិលមិញ មានប្រសាសន៍ថា អ្នកស្រីហួសចិត្ដ និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ អ្នកស្រីថា បើអាជ្ញាធរសម្រេចកាត់យកដីផ្ទះរបស់អ្នកស្រីដើម្បីពង្រីកផ្លូវទំហំ៦០ម៉ែត្រនេះនឹងធ្វើឱ្យអ្នកស្រីបាត់បង់ដីផ្ទះមិនខាន។
ស្ដី្រវ័យ៦០រូបនេះនិយាយទាំងដកដង្ហើមធំនិងក្ដីអស់សង្ឃឹមថា៖«ខ្ញុំនិយាយអត់ចេញហ្មង ខ្ញុំអត់កន្លែងនៅតែម្ដង បើអស់អាលីងហើយ មានតែប៉ុណ្ណឹង។ គេ [អាជ្ញាធរ] អត់ទាន់និយាយរឿងសំណងអីទេ»។
អ្នកស្រីសាតបន្ដថា អ្នកស្រីមានស្រុកកំណើតខេត្ដកំពង់ឆ្នាំង និងបានមករស់នៅក្នុងសង្កាត់ព្រែកថ្មីតាំងពី២០០១មកម្ល៉េះ ដោយប្រកបមុខរបរជាជាងដែកធ្វើកាំបិត ធ្វើចបជាដើម។
យ៉ាងណាអ្នកស្រីថា ចង់ឱ្យអាជ្ញាធរគិតពិចារណាឡើងវិញ ចំពោះការពង្រីកផ្លូវមួយខ្សែតាមជួរមាត់ទន្លេស្ថិតនៅសង្កាត់ព្រែកថ្មី ដើម្បីពួកអ្នកស្រីមានកន្លែងនៅ ដោយអ្នកស្រីបានបញ្ជាក់ថា ពួកអ្នកស្រីមិនចង់ចាកចេញទៅណានោះទេ។
អ្នកស្រីថ្លែងថា៖«បើកាត់២ម៉ែត្រទៅ៣ម៉ែត្រខ្ញុំមិនថាទេ តែនេះប៉ះផ្ទះខ្ញុំទាំងអស់។សុំអាជ្ញាធរមេត្ដាជួយគិតគូរឡើងវិញផង ពួកខ្ញុំគ្មានកន្លែងនៅទេ»។
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ចៅសង្កាត់ព្រែកថ្មីស្តីទី ក៏បានផ្ញើលិខិតមួយច្បាប់ទៅអភិបាលខណ្ឌច្បារអំពៅ ដោយស្នើសុំឱ្យឱ្យជួយពិនិត្យនិងសិក្សាឡើងវិញលើគម្រោងពង្រីកផ្លូវ និងចំណីទន្លេមួយចំនួនដែលប៉ះពាល់ដល់លំនៅដ្ឋាន និងក្បាលដី របស់ប្រជាពលរដ្ឋនៅក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី។ សំណើនេះ បានធ្វើឡើង តាមពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ។ បើយោងតាមលិខិតនេះ ប្រជាពលរដ្ឋ៣២ខ្នងផ្ទះក្នុងចំណោម១៥៣ក្បាលដីបានស្នើសុំឱ្យសិក្សាឡើងវិញ ឬលប់ចោលគម្រោងផ្លូវនេះ។
ចៅសង្កាត់ព្រែកថ្មីស្តីទី អ្នកស្រី វ៉ា សុរិន បានមានប្រសាសន៍យ៉ាងខ្លីថា ក្រោយពីទទួលបានបណ្ដឹងពីពលរដ្ឋជាច្រើនមក រដ្ឋបាលសង្កាត់ព្រែកថ្មីបានចេញលិខិតមួយផ្ញើទៅឱ្យលោកអភិបាលខណ្ឌច្បារអំពៅរួចហើយ។
អ្នកស្រីចៅសង្កាត់ស្តីទីបន្ដថា៖«មីងសុំមិននិយាយអ្វីច្រើនទេ គ្រាន់តែមីងចង់ប្រាប់ក្មួយថា មីងបានផ្ញើលិខិតទៅថ្នាក់លើរួចហើយ ហើយចំណាត់ការយ៉ាងណានោះ ចាំមើលការសម្រេចថ្នាក់លើចុះក្មួយ»។
អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMនៅល្ងាចថ្ងៃព្រហស្បតិ៍ថា លោកបានទទួលសំណូមពររបស់ប្រជាពលរដ្ឋពីគម្រោង៦០ម៉ែត្រនេះរួចហើយ ហើយលោកនឹងសរសេរបាយការណ៍បន្ដទៅលោកអភិបាលក្រុងលើករណីនេះ។
អភិបាលខណ្ឌបន្ដថា៖«ខ្ញុំបានទទួលហើយបង ហើយខ្ញុំនឹងសរសេររបាយការណ៍បន្ដទៅលោកអភិបាលក្រុងបន្ដទៀតបង»។
ប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការធាងត្នោត លោក ស៊ាង មួយឡៃ បានលើកឡើងថា រាល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា មិនថានៅតាមខេត្ដឬក៏ទីក្រុងទេ គឺមិនសូវជាមានគោលការណ៍ណាល្អនោះទេ។ លោកថា ពាក់ព័ន្ធនឹងប្លង់មេមិនសូវជាបានផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងមិនបានជជែកគ្នាឱ្យបានច្បាស់លាស់ ដើម្បីឱ្យពួកគាត់ត្រៀមខ្លួននឹងការអភិវឌ្ឍដែលបានចេញគម្រោងទេ ច្រើនតែចេញហើយចុះអនុវត្ដភ្លាម។ លោកបន្តថា នេះគឺជាមូលហេតុដែលធ្វើឱ្យមានបញ្ហា នៅបន្ដកើតមានជាហូរហែ ជាពិសេសធ្វើខុសប្លង់គោលទៀតក៏មាន។ លោកបន្តថា គ្រប់ការអភិវឌ្ឍទាំងអស់ រដ្ឋត្រូវជាអ្នកទទួលខុសត្រូវសងសំណងគ្រប់យ៉ាង បើសិនជាប៉ះលើដីរបស់ប្រជាពលរដ្ឋ។
លោកបន្ដថា៖ «បើសិនជារដ្ឋបានពន្យល់ប្រាប់ពលរដ្ឋថា កន្លែងនេះទុកប៉ុណ្ណេះ កន្លែងនោះទុកប៉ុណ្ណោះ ចឹងពួកគាត់ដឹងហើយថា រដ្ឋគេទុកប៉ុណ្ណេះ ដើម្បីអភិវឌ្ឍន៍ចឹង ពួកគាត់ដឹង ដូច្នេះពួកគាត់មិនសង់អ្វីឱ្យប៉ះពាល់ទេ ជាក់ស្ដែង គឺអត់ នេះជាបញ្ហា។ ការផ្សព្វផ្សាយរបស់អាជ្ញាធរដល់ប្រជាពលរដ្ឋនៅមូលដ្ឋានមុននឹងអភិវឌ្ឍន៍អ្វីមួយ វាជារឿងល្អប្រសើរ ដែលអាជ្ញាធរគួរធ្វើ ដើម្បីទប់ស្កាត់កុំឱ្យមានបញ្ហាចឹងកើតឡើងបន្ដទៀត»។
ក្រៅពីការតវ៉ាលើគម្រោងពង្រីកផ្លូវ ៦០ ម៉ែត្រ នៅភូមិកោះក្របី១ ហើយ ប្រជាពលរដ្ឋក៏តវ៉ាលើគម្រោងពង្រីកផ្លូវមួយចំនួនទៀត ដូចជា គម្រោងផ្លូវដើមពោធិ៍ ផ្លូវតាដំបងដែក ផ្លូវថៅកែតូច ដោយស្នើសុំឱ្យនៅតែទទឹងពី១២ម៉ែត្រ នៅមកត្រឹម៦ម៉ែត្រ និងគម្រោងកាត់ចំណីអន្លេមាន ១៤៣ ក្បាលដី ដោយស្នើសុំពិនិត្យកាត់ពីច្រាំងទន្លេមកត្រឹមតែ២០ម៉ែត្រវិញ៕
…………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន