របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីមួយចំនួននៅជាយរាជធានីភ្នំពេញ នៅតែត្អូញត្អែពីបញ្ហាខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងខាងមុខនេះ ខណៈអាជ្ញាធរបានបន្ទោសលើម្ចាស់បុរីមួយចំនួនថា ខ្វះកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន។
លោក ជា សំណាង ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងបុរីពិភពថ្មី ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានថ្លែងថា លោកបានមករស់នៅក្នុងបុរីពិភពថ្មី២ ស្ថិតនៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ តាមបណ្តោយផ្លូវជាតិលេខ៣ ជិត២ឆ្នាំមកហើយ។ លោកថា ផ្ទះរបស់លោកតែងតែខ្វះទឹកប្រើប្រាស់រាល់ថ្ងៃ ដោយមិនមានទឹកស្អាតប្រើដូចបុរីផ្សេងទៀតនោះទេ។
លោកបន្ដថា៖«បញ្ហាធំ គឺរឿង [ខ្វះទឹក] ហ្នឹងហ្មងបង ពេលគេបើកឱ្យ១ម៉ោងចឹងទៅ ហើយយើងត្រូវមានអីដាក់ទឹក បើមិនមានទេ គឺមិនមានអីប្រើទេ ក្នុង១ថ្ងៃគេបើក២ដង ព្រឹកនិងល្ងាច។ និយាយរួម គឺពិបាកហ្មងបង ដូចខ្ញុំកំពុងប្រើនេះ ចឹងបន្ដិចទៀត គេបិទវិញហើយបង ពិបាកណាស់បងអើយរឿងទឹកនេះ»។
ចំណែកឯម្ចាស់ផ្ទះមួយកន្លែងទៀតអ្នកស្រី មឿន សុភា អាយុ៣៧ឆ្នាំ បានរៀបរាប់ថា ពេលដែលអ្នកស្រីមករស់នៅក្នុងបុរីនេះដំបូង អ្នកស្រីពិបាក ក្នុងការស្វែងរកទឹក ដោយមិនដឹងថា នៅកន្លែងណា ហើយត្រូវរៀបចំយ៉ាងដូចម៉េចទេ?
អ្នកស្រីបន្តថា អ្នកស្រីត្រូវទិញស៊ីទែនទឹក និងម៉ូទ័របូមទឹកមួយដើម្បីទាញទឹកយកមកប្រើប្រាស់។ ក្រៅពីនេះអ្នកស្រីថា កន្លងពលរដ្ឋដែលបានទិញបុរីនេះ បានប្រាប់ទៅខាងម្ចាស់បុរី ពីបញ្ហាលំបាកនេះដែរ ប៉ុន្ដែគ្មានការឆ្លើយតបណាមួយនោះទេ។
អ្នកស្រីនិយាយថា៖«ខ្ញុំទិញបុរីហ្នឹង២ឆ្នាំហើយ ក្នុងតម្លៃ៨ម៉ឺនដុល្លារ ដែលមានទទឹង ៤.២ បណ្ដោយ១២ម៉ែត្រ ពេលដែលខ្ញុំមកនៅដំបូងរៀងពិបាកដែរបង គឺរឿងទឹកហ្នឹងហ្មង ហើយមិនមែនពួកខ្ញុំ មិនដែលប្រាប់ទៅថា ពួកខ្ញុំប្រាប់រហូតថា អត់ទឹកប្រើៗតែខាងគេ ដូចជា មិនអើពើអីទេបង»។
មិនខុសពីអ្នកស្រីសុភានោះទេ អ្នកស្រី មិច ស្រីម៉ាច អាយុ៥៤ឆ្នាំ បានលើកឡើងថា អ្នកស្រីបានរស់នៅក្នុងបុរីនេះ អស់រយៈពេលជាង១ឆ្នាំហើយ ពេលខ្លះក៏មានទឹកប្រើ ហើយពេលខ្លះក៏អត់មានទឹកប្រើនោះទេ។ អ្នកស្រីថា អ្នកស្រីមិនដឹងថា ខាងម្ចាស់បុរីគិតយ៉ាងណានោះទេ។ អ្នកស្រីបានអំពាវនាវបន្ថែមឱ្យម្ចាស់បុរីខាងលើដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នេះផង។
អ្នកស្រី ម៉ាចបន្ដថា៖«អាហ្នឹងមានតែម្ចាស់ផ្ទះហ្នឹងម្ចាស់ក្រុមហ៊ុនហ្នឹងគាត់ជួយដោះស្រាយឱ្យ សុំតែឱ្យដោះស្រាយឱ្យបានស្រួលមក អាហ្នឹងវាចឹងអូន វាពិបាកកន្លែងហ្នឹងណាស់»។
ដោយឡែកបើតាមការអះអាងរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅបាននិយាយថា ដោយសារបញ្ហាទឹក ទើបអ្នកខ្លះក៏ដាក់លក់វិញ ខណៈអ្នកខ្លះទៀតក៏ដាក់ជួលផងដែរ។ បុរីពិភពថ្មី២ ស្ថិតនៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅតាមបណ្ដោយផ្លូវជាតិលេខ៣។
បើតាមចៅសង្កាត់ពងទឹក លោក ម៉ម សារិន បានថ្លែង ម្ចាស់បុរីមិនដែលសហការជាមួយអាជ្ញាធរនោះទេ។ លោកថា ម្ចាស់បុរីធ្វើអ្វីតែឯង ជាពិសេសរឿងទិញលក់បុរីហ្នឹងទៀតសោត ក៏អាជ្ញាធរមូលដ្ឋានមិនដឹងដែរ។
ចៅសង្កាត់រូបនេះបន្ដថា៖«សូម្បីតែកិច្ចសន្យាលក់ទិញហ្នឹងក៏អត់ឱ្យអាជ្ញាធរដឹងដែរ គាត់ធ្វើតែខ្លួនគាត់រវាងភាគីអ្នកលក់អ្នកទិញខ្លួនគាត់ អត់មានសហការនិងអាជ្ញាធរទេ អ៊ីចឹងបានថា ខ្ញុំអារឿងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ រហូតដល់ប្រជុំសឹងតែរាល់ ថ្ងៃមេភូមិហ្នឹងចេះតែចូលទៅសួរគាត់ទៅ ថាឥឡូវគាត់មកទិញផ្ទះនៅហ្នឹង មកនៅអចិន្ដ្រៃយ៍ឬក៏មកនៅបណ្ដោះអាសន្ន ត្រូវឱ្យពួកគាត់ប្ដូរទីលំនៅ មានតែខាងអាជ្ញាធរទៅសួរនាំមុនប្អូន»។
លោកសារិនបន្ថែមថា លោកស្នើសុំឱ្យគ្រប់ម្ចាស់បុរីទាំងអស់ ដែលមកអភិវឌ្ឍនៅក្នុងដែនដីរបស់លោក ឱ្យជួយសហការនិងអាជ្ញាធរមូលដ្ឋានដើម្បីឱ្យអាជ្ញាធរស្រួលគ្រប់គ្រង បើមិនដួច្នេះទេ លោកពិបាកក្នុងការគ្រប់គ្រង និងអន្តរាគមន៍នៅពេលមានបញ្ហាផ្សេងៗ ពិសេសទាក់ទងនឹងការសំណូមពររបស់ប្រជាពលរដ្ឋឱ្យជួយដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នេះ។
កន្លងមក បុរីពិភពថ្មីឈូកវ៉ា២ និងបុរីពិភពថ្មីកំបូលដែលមានម្ចាស់គម្រោង គឺលោកឧកញ៉ា ហុង ពីវ ក៏ជួបបញ្ហាខ្វះទឹកប្រើប្រាស់ផងដែរ ហើយពលរដ្ឋទាំងនោះបានស្នើទៅម្ចាស់បុរីផងដែរ ប៉ុន្ដែមិនសូវមានការជួយដោះស្រាយណាមួយនោះទេ។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានព្យាយាមសុំការឆ្លើយតបពីលោកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ជាច្រើនលើក ប៉ុន្ដែគ្មានការឆ្លើយតបណាមួយនោះទេ។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានមានប្រសាសន៍ឱ្យពលរដ្ឋអ្នកសារព័ត៌មាន CCIM ដឹងថា ជាកាតព្វកិច្ចរបស់អ្នកអភិវឌ្ឍផ្ទះល្វែង ឬអគារសំណង់ផ្សេងៗ គឺម្ចាស់បុរីជាអ្នកទទួលខុសត្រូវផ្នែកច្បាប់នៅក្នុងការរៀបចំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានទិញលំនៅឋានខាងលើនេះ។ ក្នុងករណីនេះ លោកថា ពលរដ្ឋដែលរស់នៅក្នុងបុរីភាគច្រើន មានបញ្ហាកង្វះទឹកប្រើប្រាស់នេះយូរហើយ ដូច្នេះម្ចាស់បុរីដែលមានឈ្មោះល្បី និងមានធនធានច្រើន គួរតែទទួលខុសត្រូវក្នុងការរៀបចំឱ្យមានប្រព័ន្ធទឹកត្រឹមត្រូវសម្រាប់ពលរដ្ឋដែលទិញបុរី និងដើម្បីថែរក្សាសុខុមាលភាពពួកគាត់ផងដែរ។
លោកបន្ដថា៖«ខ្ញុំឃើញថា បញ្ហានៃការខ្វះ ការទទួលខុសត្រូវហ្នឹង គឺមានករណីច្រើន ជាពិសេសពាក់ព័ន្ធនិងការអភិវឌ្ឍទៅលើផ្ទះល្វែងតែម្ដង ហើយបញ្ហានេះ គឺគាត់ត្រូវដោះស្រាយហើយអាជ្ញាធរដែលមានសមត្ថកិច្ច គួរតែជម្រុញយន្ដការ ឱ្យមានការទទួលខុសត្រូវ រវាងម្ចាស់បុរី និងបងប្អូនដែលបានទិញផ្ទះអស់ហ្នឹង»។
លោកពិសីបានបន្ថែមឱ្យដឹងទៀតថា ដោយសារមានបញ្ហាខ្វះទឹកប្រើប្រាស់ច្រើន កម្ពុជាគួរតែរៀបចំច្បាប់ ស្ដីពី ការការពារអ្នកប្រើប្រាស់ដើម្បីធានាអំពីការការពារទាំងអ្នកប្រើទាំងអ្នកផ្ដល់សេវាឱ្យទទួលការការពារដោយស្មើភាពគ្នា។ ក្នុងករណីនេះ លោកមើលឃើញថា ម្ចាស់បុរីខ្លះធ្វើនិងលក់អស់ហើយ គឺមិនមានការទទួលខុសត្រូវបន្ដទេ ច្រើនតែយកលេសថា គាត់បានលក់អស់ហើយ ពេលដែលអ្នករស់នៅមានបញ្ហាអ្វី គឺគាត់មិនសូវជាឆ្លើយតបទៅនិងសំណូមពរ និងការដោះស្រាយ ដូចជា បញ្ហាស្ទះលូក្ដី បញ្ហាខ្វះទឹកប្រើប្រាស់ក្ដី បញ្ហាសេវាអ៊ីនធឺណិតក្តី។ លោកថា គួរតែមានច្បាប់ការពារអ្នកប្រើប្រាស់នេះ។
អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ លោក ឡុង ណារ៉ូ បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដោយទទួលស្គាល់ថា បញ្ហាកង្វះទឹកប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញមួយចំនួន រដ្ឋនៅមិនទាន់អាចផ្តល់ការផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយទេ ពិសេសនៅតំបន់ផ្លូវជាតិលេខ៣។ យ៉ាងណាមិញលោកថា នៅត្រឹមចុងឆ្នាំ២០២៣ខាងមុខនេះ គឺរដ្ឋាករទឹកសន្យាថា នឹងតភ្ជាប់បណ្ដាញទឹកស្អាតទៅដល់តំបន់ទាំងនោះហើយ។ នៅតំបន់មួយចំនួននៅក្រុងភ្នំពេញ ក៏មិនមានការផ្គត់ផ្គង់ទឹកស្អាត បានប្រើប្រាស់គ្រប់គ្រាន់នៅឡើយដែរ។
លោក ណារ៉ូបន្ដថា៖ «តំបន់ទាំងនោះយើងមិនទាន់មានលទ្ធភាពក្នុងការផ្គត់ផ្គង់ទៅតំបន់នោះទេ។ បរិមាណទឹកដែលយើងផ្គត់ផ្គង់នៅក្នុងទីក្រុងភ្នំពេញវាមានការខ្វះនូវការផលិត មានន័យថា តម្រូវការធំជាងការផលិត»។
លោក ឡុង ណារ៉ូ បានអះអាងថា ការផលិតទឹកស្អាតសម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ ក្នុងមួយថ្ងៃអាចផលិតទឹកស្អាតបានប្រមាណតែ ៦៣០ ០០០ ម៉ែត្រគូបតែប៉ុណ្ណោះ ខណៈតម្រូវការដែលត្រូវប្រើប្រាស់មានចំនួន៨០ម៉ឺនម៉ែត្រគូប ដូច្នេះការផ្គត់ផ្គង់ទឹកនៅតែជួបបញ្ហា៕
…………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន