របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ពលរដ្ឋ៥ភូមិក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានផ្ទុះការតវ៉ាកាលពីថ្ងៃទី២២ ខែតុលា ដើម្បីទាមទារយកផ្ទៃបឹងទ្រា ពីអាជ្ញាធរមកគ្រប់គ្រងទុកជាសម្បត្ដិរួមវិញ ក្រោយពីពួកគេដឹងថា អាជ្ញាធរ បានប្រគល់បឹងនេះបន្តឱ្យក្រុមហ៊ុនទឹកស្អាត ដើម្បីអភិវឌ្ឍន៍ខុសពីការសន្យា។
អ្នកស្រី សួន ចន្ថា អាយុ ៦២ឆ្នាំ រស់នៅភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM កាលពីថ្ងៃទី២២ តុលាថា មូលដែលពួកគាត់នាំគ្នាតវ៉ានេះ គឺដោយសារតែក្រុមហ៊ុននិងអាជ្ញាធរមិនគោរពតាមកិច្ចសន្យាដែលធ្លាប់ឱ្យពលរដ្ឋផ្ដិតមេដៃថា នឹងស្ដារបឹងទ្រានេះ ឱ្យមានជម្រៅជ្រៅត្រឹមតែ១៥ម៉ែត្រ ដើម្បីយកអាចម៍ដីទៅស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣។ ក៏ប៉ុន្តែជាក់ស្ដែង បែរជាក្រុមហ៊ុនបានកាយដីជម្រៅជ្រៅលើសពី១៥ម៉ែត្រ ដោយបន្តយកអាចម៍ដីបាតបឹងលក់ ហើយប្រាប់ថា នឹងយកបឹងទ្រានេះ ទៅធ្វើជាកន្លែងទឹកស្អាតទៅវិញ។
អ្នកស្រីចន្ថាបន្ដថ្លែងថា៖«ប្រជាពលរដ្ឋខំឡាក់ឡាំងមានក្រដាសមានស្នាមមេដៃទៅដល់ស្រុក ដល់ហើយថា យល់ព្រម ទាល់តែជីក អូនឯងមិនដឹងជីកសល់បាតប្រេតណា។ ដល់ឥឡូវថា ផ្ទេរមកឱ្យទឹកស្អាត ហើយប្រជាជនគេមិនតវ៉ា ផ្ទេរឱ្យទឺកស្អាត ដីដឹងតែដីរួមភូមិ រួមឃុំទ្រាយើង ហើយធ្វើអីមិនឱ្យប្រជាជនដឹង អ៊ីចឹងកុំថា ប្រជាជនខូច មកពីយើង [អាជ្ញាធរនិងក្រុមហ៊ុន] មិនគោរពតាមសន្យាជាមួយពលរដ្ឋ បានជាពួកខ្ញុំនាំគ្នាតវ៉ាហ្នឹង»។
អ្នកស្រីបន្ថែមថា ដីបឹងទ្រាដែលកំពុងផ្ទុះការតវ៉ានេះ មានទំហំ៤៦ហិកតា ដោយមានប្រជាជន៥ភូមិកំពុងអាស្រ័យផល រួមមាន ភូមិមាត់បឹង ភូមិទ្រា ភូមិត្រស់ ភូមិរោងគោ និងភូមិកាប់លាវ។ ប្រជាពលរដ្ឋទាំង៥ភូមិ បានអាស្រ័យផលពីបឹងទ្រានេះ ដូចជា ការប្រកបរបរដាក់មង បង់សំណាញ់ រកខ្យង រកក្ដាម និងជាកន្លែងឃ្វាលគោ នៅពេលខែប្រាំង ជាដើម។ ប៉ុន្ដែចាប់តាំងពីឆ្នាំ២០២០មក មានក្រុមហ៊ុនចំនួន ៣ រួមមាន ក្រុមហ៊ុន លឹម ប៊ុនណា ហៅ ឧកញ្ញ៉ាខ្នា ក្រុមហ៊ុនទ្រី ស៊ីវម៉ី និងក្រុមហ៊ុនម្នាក់ទៀតឈ្មោះម៉ាប់ ដែលបានស្នើសុំអាជ្ញាធរថា សុំស្ដារ និងកាយយកអាចម៍ដីយកទៅចាក់ដីក្រវ៉ាត់ក្រុងទី៣។ ប៉ុន្ដែក្រោយពីកាយយកអាចម៍ដីអស់ហើយបែរជាថា នឹងយកបឹងទ្រានេះ ធ្វើជាកន្លែងអភិវឌ្ឍន៍ទឹកស្អាតទៅវិញ។
អ្នកស្រីចង់ស្នើសុំទុកបឹងដែលក្រុមហ៊ុនកាយយកអាចម៍អស់ហ្នឹងទុកជាសម្បត្ដិរួមនិងទុកជាកន្លែងអភិរក្សពូជត្រីដើម្បីឱ្យពលរដ្ឋក្នុងឃុំបានអាស្រ័យផល។
អ្នកស្រីបានសង្កត់ធ្ងន់ថា៖«ប្រជាជនអត់ចង់បានអីទៀតទេអូន ចង់បានថាឱ្យទុកជាបឹងហ្នឹងលមានកើតត្រីកើតសាច់អីទៅកូនចៅឡើងទៅបឹងទៅស្រែចឹងយើងបានរកត្រីហូបទាំងអស់គ្នា ខ្ញុំចង់បានធ្វើចឹងវិញខ្ញុំ ពីព្រោះចិត្ដខ្ញុំអត់ចង់ឱ្យអភិវឌ្ឍន៍អីទេ ទុកជាកេរ្ដិ៍ដូនតាទៀតទៅ ខ្ញុំក៏វាចាស់ហើយដែរ បើទុកទៅបានសម្រាប់បងប្អូនណាដែលគ្នាវាអត់អាចដាក់មោងដាក់សន្ទូចគ្រាន់ចឹញ្ចឹមជីវិតបាន»។
ចំណែកពលរដ្ឋម្នាក់ទៀត អាយុ៦៣ឆ្នាំ រស់នៅភូមិទ្រា ឃុំទ្រា បានថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា កន្លងមកក៏មានការសម្របសម្រួលរវាងពលរដ្ឋ និងក្រុមហ៊ុនរួមទាំងអាជ្ញាធរផងដែរថា ប្រសិនបើចង់ធ្វើជាកន្លែងផ្គត់ផ្គង់ទឹកស្អាតក៏ពលរដ្ឋមិនថាអ្វីនោះទេ ឱ្យតែខាងក្រុមហ៊ុន ផ្តល់ជាសំណងក្នុងមួយគ្រួសារ ១០០០ ដុល្លារ ឬក៏ ២០០០ ដុល្លារ គឺអាចធ្វើបានហើយ។
លោកបន្តថា ពេលដែលក្រុមហ៊ុនទឹកស្អាតផលិតបាន យកទៅចែកចាយនៅក្នុងភូមិ ឬ ក៏ក្នុងស្រុក ដូច្នេះអាចគិតលុយពេញពីប្រជាពលរដ្ឋ។ ប៉ុន្ដែបើមិនផ្តល់ឱ្យទេ ពលរដ្ឋនៅតែបន្ដធ្វើការតវ៉ា និងទាមទារយកបឹងនេះទុកជាសម្បតិ្ដរួមដដែល។
ពលរដ្ឋរូបនេះបន្ដថា៖«ពលរដ្ឋទារមួយគ្រួសារ១០០០ដុល្លារ ឬ ២០០០ដុល្លារហ្នឹង អ្នកឯងចង់ធ្វើអីធ្វើទៅ ពីព្រោះអ្នកឯងធ្វើទឹកស្អាត ហើយយកលុយតាមផ្ទះទាំងអស់ មួយគីបប៉ុន្មានៗ ចឹងហើយបានប្រជាជនសុំឱ្យដាច់ៗទៅ ចង់ចឹង តែបើសិនមិនព្រមទុកឱ្យប្រជាជនវិញ គ្រាន់រកត្រីរកអី»។
លោកថា កន្លងមកក្រុមហ៊ុនបានយកកងកម្លាំងប្រដាប់អាវុធ ដូចជា នគរបាល យោធា និងកងកម្លាំងសន្តិសុខ មកគំរាមកំហែងប្រជាជន ដោយគំរាមថា នឹងចាប់ដាក់ពន្ធនាគារ។ ប៉ុន្ដែការព្រមាននេះ មិនអាចធ្វើឱ្យប្រជាជនបញ្ឈប់ការតវ៉ាបានទេ និងរឹតតែមានការប្រមូលផ្ដុំគ្នាតវ៉ាថែមទៀត។
មិនខុសពីពលរដ្ឋខាងលើ អ្នកស្រី ម៉ែន សុខុម អាយុ៥៣ឆ្នាំរស់ភូមិត្រស់ ឃុំទ្រា បានថ្លែងឱ្យដឹងដែរថា មូលហេតុដែលប្រជាពលរដ្ឋតវ៉ានេះ គឺដោយសារតែមានថៅកែថ្មីចូលមក ហើយមិនបានប្រាប់ប្រជាពលរដ្ឋឱ្យដឹងជាមុននោះទេ ស្រាប់តែនៅសុខៗមកធ្វើផ្ទះថ្មធំៗនៅកន្លែងបឹងទ្រាតែម្ដង។
អ្នកស្រីបន្ដថា៖ «ប្រជាជនអត់ដឹងហ្មង គាត់ចូលមកធ្វើហ្នឹងអត់មានប្រជាជនណាដឹងទេ ហើយថាក្រោយពីស្ដារប្រគល់បឹងឱ្យប្រជាជនអាស្រ័យផលវិញ ដល់ហើយប្រជាជនមានការបាតុកម្មចឹងទៅ»។
អ្នកស្រីបន្ដថា សម្រាប់កិច្ចការទាំងអស់ អាជ្ញាធរមិនដែលបានប្រាប់ពលរដ្ឋឱ្យបានដឹងនោះទេ ហើយរាល់សកម្មភាពទាំងអស់សុទ្ធតែពលរដ្ឋងើបតវ៉ានិងធ្វើអ្វីដោយខ្លួនឯង ជាពិសេសស្រែដែលនៅក្បែររណ្ដៅដីដែលក្រុមហ៊ុនកាយគឺមិនអាចធ្វើស្រែអីបានទេ ម្នាក់ទុកចោលនិងទៅប្រកបមុខររអ្វីផ្សេងជំនួសវិញ។
អ្នកស្រីនិយាយថា៖ «គេ [អាជ្ញាធរនិងក្រុមហ៊ុន] ដឹងតែគ្នាទេ គេមិនដែលហៅប្រជាជនអីប្រជុំទេ។ បើសិនជាគេមិនឱ្យទឹកបឹងទ្រាអាស្រ័យផល វាប៉ះពាល់អត់ទឹក អត់អីប្រើចឹងទៅ គោក៏អត់មានកន្លែងផឹកទឹក កន្លែងអីចឹងទៅ យើងធ្លាប់រកត្រីរកសាច់បានអត់ទឹក អត់ចឹងអាអូន»។
ពេលដែលពលរដ្ឋអ្នកសារព័ត៌មានCCIMចុះទៅដល់ទីតាំងបឹងទ្រា ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សង្កេតឃើញមានគ្រឿងចក្រជាច្រើនគ្រឿង ទុកប្រើសម្រាប់កាយរណ្ដៅយកអាចម៍ដី និងទុកសម្រាប់ធ្វើសកម្មភាពផ្សេងៗ។ ក្រៅពីនោះ នៅមានផ្ទះថ្មចំនួន២ ដែលមានដំបូលប្រកស័ង្កសីពណ៌ស នៅមាត់រណ្ដៅដី ដែលបានកាយរួចហើយ។
ជុំវិញរឿងនេះ លោក ណាត់ អាន មេការក្រុមហ៊ុន សៀមរាប ហ្រី្គន វ៉ធើរ សឹបផ្លាយ របស់ លោក ម៉ៅ សុផល បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងឱ្យដឹងថា មុននឹងក្រុមហ៊ុនរបស់ពួកលោកទទួលបានអាជ្ញាបត្រពីរដ្ឋ មានក្រុមហ៊ុនចំនួន៣ដែលបានកាន់កាប់ និងជីករណ្ដៅដីធំៗ។ លោកបន្តថា បន្ទាប់ពីបានកាយអាចម៍ដីអស់ហើយ បានរដ្ឋាភិបាលចេញសេចក្តីជូនដំណឹង ឬ (សជណ) ឱ្យមកខាងក្រុមហ៊ុនលោកបន្ដ ក្នុងគោលបំណង សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ក្នុងឃុំ និងស្រុក។ ប៉ុន្ដែក្រោយពីទទួលបានអាជ្ញាបត្រពីរដ្ឋាភិបាល នៅខែមីនា ឆ្នាំ២០២២ មក ពួកលោកបានយកគ្រឿងចក្រ បន្ដធ្វើសកម្មភាពស្ដារបឹង ដើម្បីរៀបចំឱ្យបានស្អាត។ ប៉ុន្តែលោកថា ស្រាប់តែពលរដ្ឋចេញមកទប់ស្កាត់ និងមិនឱ្យខាងក្រុមហ៊ុនលោក ធ្វើសកម្មភាពអ្វីឡើយ។ លោកបន្តថា រហូតមកទល់ពេលនេះ មានរយៈពេល៧ខែមកហើយដែលខាងក្រុមហ៊ុនលោកមិនបានធ្វើសកម្មភាពអ្វីឡើយ។
លោកបន្ដថា៖«ពួកខ្ញុំតាំងពីបាន សជណ ពីរដ្ឋមក មិនដែលបានធ្វើអ្វីនោះទេ ៧ខែហើយ ដែលពួកគាត់ មិនឱ្យពួកខ្ញុំធ្វើអី ហើយថែមទាំងយកពីពួកខ្ញុំសុទ្ធតែ២០០០ដុល្លារ មិនមែនតិចណាបង ៥ភូមិលុយ មិនតិចទេបង ដូច្នេះពួកខ្ញុំទុកឱ្យខាងរដ្ឋដោះស្រាយឱ្យពួកខ្ញុំវិញ»។
លោកបន្ដថា កន្លងមកខាងក្រុមហ៊ុនរបស់លោក ធ្លាប់បានព្យាយាមសម្របសម្រួល ជាមួយប្រជាពលរដ្ឋដែរ ប៉ុន្ដែពួកគាត់ទាមទារច្រើនពេក ដូច្នេះភាគីលោក មិនមានលទ្ធភាពនោះទេ។ លោកថា ក្រោយពីមានជម្លោះកើតឡើង ប្រជាពលរដ្ឋបាននាំគ្នាកាប់ផ្ដាច់ផ្លូវ មិនឱ្យគ្រួសារលោកមានផ្លូវចេញនោះទេ។
លោកបន្ដអះអាងថា៖«ពួកគាត់បានផ្ដាច់ផ្លូវមុខក្រោយអស់ហើយ បើបងមិនជឿបងអាចដើរមើលបាន ខ្ញុំស៊ីប្រាក់ខែគេដែរទេ ហីកូនខ្ញុំត្រូវទៅរៀនរាល់ថ្ងៃ បើពួកគាត់ផ្ដាច់ចឹង តើឱ្យខ្ញុំចេញផ្លូវណា ហើយខ្ញុំនិយាយនេះ មិនមែនកាន់ជើងខាងណាទេបង បើគាត់ចង់ឈ្លោះ គាត់ទៅឈ្លោះ និងអាជ្ញាធរទៅ ពីព្រោះពួកខ្ញុំ បានអាជ្ញាបត្រពីរដ្ឋហើយ»។
បើតាមមេឃុំទ្រា អ្នកស្រី តន់ ស៊ុនណារី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMដឹងថា បញ្ហាប្រជាពលរដ្ឋទាមទារនិងតវ៉ានេះ វាគឺជាសិទ្ធិរបស់ពួកគាត់ ខណៈអ្នកស្រីថា កន្លងមក អ្នកស្រីធ្លាប់បានដោះស្រាយបញ្ហាទាំងអស់នេះម្ដងរួចមកហើយ។ អ្នកស្រីថា កាលពីឆ្នាំ២០២០កន្លងទៅ ខាងរដ្ឋបាលខេត្ដ មានគម្រោងស្ដារបឹងទ្រានេះ ដើម្បីយកអាចម៍ដីទៅចាក់នៅផ្លូវក្រវ៉ាត់ក្រុងទី៣ និងរៀបចំបឹងទ្រាជាកន្លែងកម្សាន្ដសម្រាប់អ្នកឃុំទ្រា។ នេះបើតាមគម្រោងរដ្ឋកន្លងមក ទើបពលរដ្ឋព្រមផ្ដិតមេដៃទៅឱ្យក្រុមហ៊ុនចំនួន៣ស្ដារដីបឹង។
អ្នកស្រីបន្ដថា៖«ខ្ញុំជាអាជ្ញាធរមូលដ្ឋានបានដោះស្រាយជាមួយពលរដ្ឋកាលពីវគ្គមុនរួចហើយ ដោយសម្របសម្រួលនិងពលរដ្ឋដោយឱ្យក្នុង១នាក់៥០ដុល្លារ កាលពីក្រុមហ៊ុនចាស់នៅ ប៉ុន្ដែពេលប្ដូរក្រុមហ៊ុនថ្មីចូលមកទៀត ខ្ញុំអត់ដឹងទេ វាជាការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ដនិងរដ្ឋាភិបាល រឿងនេះវាហួសការដោះស្រាយថ្នាក់មូលដ្ឋានខ្ញុំហើយ»។
បន្ថែមលើនេះ អ្នកស្រីក៏បានបដិសេធចំពោះការលើកឡើងរបស់ពលរដ្ឋដែរថា អាជ្ញាធរបានប្រើប្រាស់កងកម្លាំងក្នុងការគំរាមកំហែងពួកគាត់ គឺមិនត្រឹមត្រូវទេ។
មេឃុំរូបនេះបន្ដថា៖«ខ្ញុំមានតែសម្របសម្រួលឱ្យពួកគាត់និងក្រុមហ៊ុនដោះស្រាយគ្នាដោយសន្ដិវិធី រឿងឱ្យខ្ញុំប្រើកម្លាំងរបស់ខ្ញុំទៅធ្វើបាបពួកគាត់មិនដែលទេលោកអើយ។បើពួកគាត់អាចទាមទារក្នុងមួយគ្រួសារ២០០០ដុល្លារ អាហ្នឹងខ្ញុំជួយអរ ពីព្រោះពលរដ្ឋខ្ញុំគាត់ក្រ បើក្រុមហ៊ុនអាចឱ្យពួកគាត់បានជារឿងល្អហើយ»។
លោកវរសេនីយ៍ត្រី លោក ឃឹម សុខម៉ូវ មេប៉ុស្ដិ៍ឃុំទ្រា បានឱ្យCCIMដឹងថា លោកមិនដែលប្រើកូនចៅលោក ឱ្យទៅប្រើអំពើហិង្សាណាមួយលើប្រជាពលរដ្ឋទេ គ្រាន់តែទៅអន្ដរាគមន៍ក្រែងមានការប៉ះទង្គិចគ្នារវាងក្រុមហ៊ុននិងពលរដ្ឋ។ លោកបដិសេធថា ក្រៅពីហ្នឹង គឺមិនមានឡើយ។
លោកបន្ដថា៖«ពួកខ្ញុំមានតែទៅការពារខ្លាចប៉ះពារគ្នាអីទេ រឿងគំរាមកំហែងអីគឺអត់មានទេបង»។
មន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃបណ្តាញយុវជនកម្ពុជាលោក សាន់ ម៉ាឡា (CYN) បានលើកឡើងថា ការដែលរដ្ឋនិងក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យារបស់ខ្លួន វាជាការបង្ហាញឱ្យឃើញថា ពលរដ្ឋអស់ជំនឿ, ទំនុកចិត្ដ លើអាជ្ញាធររដ្ឋ។
លោក ម៉ាឡាថ្លែងថា៖«ក្នុងនាមជាអាជ្ញាធររដ្ឋដែលប្រព្រឹត្ដអំពើមិនគប្បីបែបនេះ ហើយខ្ញុំលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋគាត់ប្រមូលគ្នា ដើម្បីធ្វើការតវ៉ាទាមទារឱ្យអាជ្ញាធរមូលដ្ឋានគោរពពាក្យសម្ដីរបស់ខ្លួនឡើងវិញ និងដកសិទ្ធិអភិវឌ្ឍន៍ចេញពីក្រុមហ៊ុនទឹកស្អាត»។
ម្យ៉ាងទៀតលោកក៏បានបន្ថែមថា អាជ្ញាធររដ្ឋតែងតែប្រគល់ទីកន្លែងសាធារណៈដែលបម្រើដល់ផលប្រយោជន៍រួមហ្នឹងជាទូទៅ ទៅឱ្យក្រុមហ៊ុនឯកជនក្នុងការអភិវឌ្ឍ។ លោកថា នេះមិនបានឆ្លុះបញ្ចាំងអំពីអាជ្ញាធរដែលទទួលបានការបោះឆ្នោត ការជឿទុកចិត្តពីប្រជាពលរដ្ឋ បម្រើដល់ផលប្រយោជន៍របស់របស់ប្រជាពលរដ្ឋនោះទេ។
យោងតាមការលើកឡើងរបស់អ្នកស្រីតន់ ស៊ុនណារី មេឃុំទ្រាបានអះអាងថា នៅឆ្នាំ២០២០មានក្រុមហ៊ុនចំនួន៣ដែលអនុញ្ញាត្ដពីរដ្ឋបាលខេត្ដកណ្ដាលដោយមានចុះហត្ថលេខាពីអតីតអភិបាលខេត្ដកណ្ដាល គឺលោក ម៉ៅ ភារុណ ក្នុងការឱ្យក្រុមហ៊ុនស្ដារយកអាចម៍ដីដើម្បីទៅចាក់នៅក្រវ៉ាត់ក្រុងទី៣ ដែលមានទំហំ៤៦ ក្នុងនោះដែរខាងរដ្ឋបាលខេត្ដ បានឱ្យប្រជាពលរដ្ឋចំនួន៥ភូមិ និងមានជាង៧០០គ្រួសារ ចូលរួមដឹងឭថា គម្រោងរដ្ឋនេះគ្រាន់តែស្ដារឱ្យជ្រៅនិងរៀបចំឱ្យស្អាតដោយមានក្រវ៉ាត់ត្រឹមត្រូវនៅជុំវិញមាត់រណ្ដៅ និងមានដាំដើមឈើព័ទ្ធជុំវិញផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានផ្តល់សំណងឱ្យពលរដ្ឋទាំង៥ភូមិ ក្នុង១នាក់ ២០ម៉ឺនរៀលដើម្បីកុំឱ្យពលដ្ឋចោទប្រកាន់។ លោកថា ពួកគាត់មិនបានធ្វើអ្វីសោះ ពីការស្ដារបឹងនេះក្រោយពីកាយយកអាចម៍ដីអស់។ ស្រាប់តែនៅដើមឆ្នាំ២០២២នេះ ក៏រដ្ឋាភិបាលបានប្រគល់រណ្ដៅដីដែលកំពុងមានជម្លោះនេះ ទៅឱ្យក្រុមហ៊ុនសៀមរាប ហ្រី្គន វ៉ធើរ សឹបផ្លាយ របស់លោក ម៉ៅ សុផល ក្នុងការអភិវឌ្ឍលើការផលិតទឹកស្អាតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕
……………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន