ប្រជាពលរដ្ឋរងគ្រោះដោយសារបាត់បង់ដីធ្លីនៅក្នុងស្រុកចំនួនពីរនៃខេត្តកំពង់ស្ពឺ គឺស្រុកថ្ពង និងស្រុកឱរ៉ាល់ បានរៀបរាប់ពីទុក្ខលំបាក និងបញ្ហាប្រឈមនានា នៅក្នុងពេលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានពលរដ្ឋចូលរួមចំនួន ជាង៨០០នាក់។
ពិធីនេះ មានតំណាងអង្គការសង្គមស៊ីវិលជាដៃគូចូលរួមផងដែរ ក្នុងនោះរួមមាន លោក អំ សំអាត តំណាងអង្គការសិទ្ធិមនុស្សលីកាដូប្រចាំរាជធានីភ្នំពេញ លោក ញ៉ិល ភាព ជាមន្ត្រី ប្រចាំសមាគមកសិករកម្ពុជា ហៅកាត់ថា (CCFC) និងក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើជាវាគ្មិនផងដែរ។
អ្នកស្រី ឃុន ខន តំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លី និងព្រៃឈើនៅសហគមន៍ព្រៃមេត្តាធម្មជាតិ រស់នៅក្នុងភូមិឈើទាលជ្រុំ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ដោយចាប់ផ្តើមសួរសំណួររំលឹកទៅកាន់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់អ្នកស្រីថា តើបងប្អូនប្រជាពលរដ្ឋនៅចាំទេថា ពួកគេបាត់បង់ដីធ្លីអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ? ប្រជាពលរដ្ឋដែលចូលរួមនៅក្នុងវេទិកានេះ បានឆ្លើយតបព្រមៗគ្នាថា ពួកគេបានបាត់បង់ដីធ្លីអស់រយៈពេល ១២ ឆ្នាំមកហើយ។
អ្នកស្រី ឃុន ខន បានចាប់ផ្តើមសួរបន្តទៅទៀតថា តើយូរបែបនេះ បងប្អូនមានស្មារតីតស៊ូទៅមុខទៀតឬអត់? ពលរដ្ឋក៏បានឆ្លើយព្រមៗគ្នាទៀតថា ពួកគេនឹងបន្តការតស៊ូទៅមុខទៀត។ ពួកយើងត្រូវដឹងថា ពួកយើងតស៊ូមតិទាមទារដីធ្លីយើងមកវិញ មិនបានខុសច្បាប់ទេ។
ក្រោយពីបានសំណួររំលឹកបែបនេះ អ្នកស្រី ឃុន ខន ក៏បានថ្លែងដាស់ស្មារតីរបស់ពលរដ្ឋខាងលើនេះថា ប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីតស៊ូ ដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយដីធ្លីរបស់ពួកគេមកវិញ ដើម្បីបង្កបង្កើនផល និងដើម្បីជីវភាពគ្រួសារ ព្រោះពួកគាត់រស់នៅសព្វថ្ងៃជំពាក់បំណុលធនាគារ និងរស់នៅកាន់តែវេទនាខ្លាំងណាស់។
បន្ថែមពីនេះ អ្នកស្រីក៏បានអំពាវនាវឱ្យរដ្ឋាភិបាលផ្ដល់កិច្ចគាំពារសង្គមដល់ពួកគាត់ដែលជាជនក្រីក្រ ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា ដោយគ្មានការរើសអើងនិន្នាការនយោបាយនោះឡើយ។
លោកស្រីថា៖ «ពួកយើងត្រូវដឹងថា ពួកយើងតស៊ូមតិទាមទារដីធ្លីយើងមកវិញ មិនបានខុសច្បាប់ទេ។ បងប្អូនទាំងអស់គ្នាត្រូវមានស្មារតីតស៊ូ ដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយដីធ្លីយើងមកវិញ ដើម្បីបង្កបង្កើនផល ដើម្បីជីវភាពគ្រួសារ ព្រោះអីពួកគាត់រស់នៅសព្វថ្ងៃជំពាក់បំណុលធនាគារ និងវេទនាខ្លាំងណាស់។ ថ្ងៃមុខមិនដឹងជារស់ឬក៏អត់ទេ?»។
ចំណែកពលរដ្ឋម្នាក់ទៀត លោក សឹង សុខុម បានមានប្រសាសន៍ដោយកើតសរសើរភាពក្លាហានរបស់អ្នកស្រី ឃុន ខន ថា ជាអ្នកហ៊ានលះបង់ខ្ពស់ណាស់។
លោកថា អ្នកស្រី ឃុន ខន បានបាក់ដៃម្ខាង ដោយសារទាហាន (ង70) វាយ នៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាកន្លងមក។ លោក សឹង សុខុម បន្តថា មិនមែនតែលោកស្រី ឃុន ខន ម្នាក់ទេ គឺនៅមានជនរងគ្រោះចំនួន ៦ នាក់ទៀត ដែលរងរបួស និងព្រមទាំងទូរសព្ទ ៧គ្រឿងថែមទៀត ដែលត្រូវបានទាហាន (ង70) ឆក់យកទៅផង។
លោក សឹង សុខុន បានបន្ថែមទៀតថា៖ «យើងជាម្ចាស់អំណាច រដ្ឋាភិបាលត្រូវតែគោរពច្បាប់ និងពន្លឿនការដោះស្រាយដីធ្លីឲ្យពលរដ្ឋឲ្យបានឆាប់។ ត្រូវផ្ដល់ភាពយុត្តិធម៌ឲ្យពលរដ្ឋ។ រដ្ឋាភិបាលត្រូវមានចំណាត់ការចំពោះទាហានង70 ឲ្យបានដាច់ខាត។ បើមិនបែបនោះទេ ពួកយើងនៅតែទាមទារឲ្យបានមកវិញជាដាច់ខាត»។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នេះ គឺប្រារព្ធឡើងដើម្បីរំលឹកពីទិវាសិទ្ធិមនុស្ស ១០ ធ្នូ ដំបូង ចាប់ពីឆ្នាំ១៩៤៨មក។ លោកថា ទិវានេះត្រូវបានគេប្រារព្ធឡើងនៅទូទាំងពិភពលោក ក្នុងគោលបំណងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលើកឡើងនូវបញ្ហា ជាទុក្ខកង្វល់ និងបញ្ហាដែលប្រជាពលរដ្ឋទាំងអស់គ្នាបានជួបប្រទះទាក់ទងនឹងបញ្ហាដីធ្លី បញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្លូវចិត្តរបស់ប្រជាពលរដ្ឋដែលមិនមានសន្តិភាពក្នុងខ្លួននោះ។
លោក អំ សំអាត បានបញ្ជាក់បន្ថែមទៀតថា៖ «មានបញ្ហាជាច្រើន បើសិនជាយើងរស់នៅ គ្មានការសាមគ្គីគ្នាហើយ គឺបញ្ហារឿងដីធ្លី បញ្ហាផ្ទះសំបែង មិនមានសុខដុមរមនានោះទេ»។
លោក អំ សំអាត បន្ថែមថា បញ្ហាយុត្តិធម៌ គឺរឹតតែសំខាន់ណាស់ សម្រាប់ពលរដ្ឋគ្រប់រូប គឺ ការដោះស្រាយបញ្ហាដីធ្លីនៅក្រៅប្រព័ន្ធតុលាការ។
លោកថា៖ «ភាគីទាំងពីរព្រមព្រៀងដោះស្រាយ គឺមានភាពយុត្តិធម៌សម្រាប់ពលរដ្ឋ បើមានការបង្ខិតបង្ខំ គឺមិនសមស្រប និងសមរម្យនោះទេ គឺដោយសារកិច្ចគាំពារ និងលើកកម្ពស់សិទ្ធិមនុស្សមានការថយចុះ។ សេរីភាពរបស់ពលរដ្ឋ មិនបានពេញលេញ ទទួលរងនូវភាពអយុត្តិធម៌ មិនបានបញ្ចេញ និងអនុវត្តសិទ្ធិរបស់ពួកគាត់ ឲ្យបានពេញលេញនោះទេ។ ដូចជា សេរីភាពក្នុងការជួបជុំ សេរីភាពអ្នកសារព័ត៌មាន សិទ្ធិក្នុងការរស់នៅដោយមានជីវភាពសមរម្យ ត្រូវមានកិច្ចគាំពារសង្គមដល់ពលរដ្ឋ រដ្ឋាភិបាលត្រូវផ្ដល់កិច្ចគាំពារសង្គមដល់ពលរដ្ឋក្រីក្រ»។
ពាក់ព័ន្ធនឹងការលើកឡើងពីបញ្ហាការទទួលបានប័ណ្ណក្រីក្រវិញ លោក សុន សឹម ក្រុមប្រឹក្សាឃុំត្រពាំងជោមកពីគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា បញ្ហាប័ណ្ណក្រីក្រនេះ គឺមានពីរប្រភេទ គឺក្រមួយ និងក្រពីរ ហើយបើក្រពិតប្រាកដ គឺនឹងទទួលបានការគាំពារសង្គម។
លោកបានពន្យល់ថា៖ «សូមជម្រាបបងបន្តិចទាក់ទងនឹងប័ណ្ណក្រីក្រហ្នឹង គឺមានគណៈកម្មការនៅឃុំសង្កាត់ហ្នឹង ដូចជា មេភូមិ អនុភូមិ ចុះមកដល់ផ្ទះពួកបងប្រុសបងស្រី ធ្វើការសម្ភាសន៍សាកសួរ តើគាត់មានអ្វីខ្លះ? បើគាត់មានទូរសព្ទស៊េរីទំនើបមួយគ្រឿង គោពីរក្បាល និងម៉ូតូ និងផ្ទះប្រក់ក្បឿង ផ្ទះស័ង្កសី។ល។ នោះការសម្ភាសន៍ហ្នឹងនឹងមិនជាប់ ជាអ្នកក្រទេ ហើយនិងមិនបានប័ណ្ណក្រីក្រនោះទេ»។
តំណាងក្រុមប្រឹក្សាឃុំរូបនេះ បាននិយាយថា លោកមិនហ៊ាននិយាយច្រើនជាងនេះនោះទេ ព្រោះវាខ្ពស់ហួសឆ្ងាយពីដែនសមត្ថកិច្ចរបស់លោក។
ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅឆ្នាំ២០២២នេះ គឺជាខួបលើកទី៧៤ឆ្នាំហើយ។ នៅថ្ងៃទី១០ ខែធ្នូនេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៧ ស្ថាប័ន ក៏បាននាំគ្នាប្រារព្ធធ្វើនៅទីលានប្រជាធិបតេយ្យនៅរាជធានីភ្នំពេញផងដែរ។ ពិធីនេះ មានអ្នកចូលរួមជាង ១៥០០ នាក់ និងធ្វើឡើងក្រោមការចូលរួមផ្ទាល់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ផាទ្រីក ម៉ូហ្វី និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាផងដែរ៕
………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌ប្រចាំខេត្តកំពង់ស្ពឺ អ្នកស្រី មុំ សុភី