របាយការណ៍របស់ពលរដ្ឋអ្នកសារព័ត៌មាន
ប្រជាពលរដ្ឋជាកសិករនៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុងបាននាំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកខួបលើកទី៣៧ ដើម្បីរំលឹកដល់ការបាត់បង់ដីធ្លី និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចេះតស៊ូទាមទារសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគេ។
សហគមន៍ដីធ្លីត្រពាំងជោរ បានប្រារព្ធទិវាលំនៅឋានពិភពលោកខួបលើកទី៣៧ កាលពីថ្ងៃទី៦ ខែតុលា នៅក្នុងសហគមន៍ដែលស្ថិតនៅក្នុងភូមិល្ងឹម ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមជាង១០០នាក់ ខណៈប្រជាពលរដ្ឋនៅខេត្តកោះកុងជាង៤០០នាក់ ក៏បាននាំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានខួបលើកទី៣៧ (១៩៨៥-២០២២) នេះ នៅ ភូមិបាទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងនៅព្រឹកថ្ងៃទី១០ ខែតុលានេះ។
កម្មវិធីនេះចាប់ផ្តើមដោយមានការជួបជុំនៅផ្ទះសមាជិកសហមន៍ ការថ្លែងពីប្រវត្តិទិវាលំនៅឋានពិភពលោក ការថ្លែងសារ និងបញ្ហាក្នុងសហគមន៍ពីតំណាងសហគមន៍ និងសមាជិក ដូចជា បញ្ហាដីធ្លី បញ្ហាប្រឈមផ្សេងៗក្នុងសហគមន៍ និងស្នើដល់អាជ្ញាធរ បញ្ឈប់ការរឹតត្បឹតសហគមន៍ដែលឡើងទៅដាក់ញត្តិជាដើម។ អំឡុងពេលនៃការជួបជុំនេះ សមាជិកសហគមន៍ ក៏ធ្វើការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកសហគមន៍ អំពីការជួបជុំនេះ និងសំណូមពររបស់សហគមន៍ផងដែរ។
ប្រជាពលរដ្ឋនៅក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកស្រី ស៊ុន ស្រីកុល អាយុ ៣៨ឆ្នាំ មានប្រសាសន៍ថា ការប្រារព្ធទិវានេះ គឺដើម្បីរំលឹកដល់ការបាត់បង់ផ្ទះសំបែងរបស់ពួកគាត់តាំងពីឆ្នាំ២០១១ រហូតមកដល់ឆ្នាំ២០២២។ អ្នកស្រីថា ជម្លោះដីធ្លីរបស់អ្នកស្រីមិនទាន់មានការដោះស្រាយនៅឡើយទេ ហើយការប្រារព្ធពិធីនេះ គឺដើម្បីរំលឹកនូវសិទ្ធិមនុស្សក្នុងការទាមទារតស៊ូមតិដោយសន្តិវិធីគ្មានអំពើហិង្សា។ អ្នកស្រីថា ពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការទាមទាររបស់គាត់ដែលបាត់បង់មកវិញ។
អ្នកស្រីថា៖ «កម្មវិធីសិទ្ធិលំនៅឋាននេះ ប្រារព្ធឡើងដើម្បីឲ្យពលរដ្ឋរងគ្រោះដីធ្លីក្នុងសហគមន៍ យល់ដឹងអំពីសិទ្ធិរបស់ពួកគាត់ ដើម្បីពង្រឹងនៅក្នុងសហគមន៍ ឲ្យមានភាពរឹងមាំ ក្នុងការតស៊ូមតិ ទាមទារសិទ្ធិសេរីភាព ឲ្យបានស្មើភាពគ្នានៅចំពោះមុខច្បាប់»។
អ្នកស្រីថា កន្លងមក ពលរដ្ឋរងគ្រោះដីធ្លីទូទាំងប្រទេសកម្ពុជាតែងតែមានការភ័យខ្លាច ក្នុងការនិយាយស្ដី ក្នុងការទាមទារសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគេ ដែលបាត់បង់ដោយសារក្រុមហ៊ុន និងដើម្បីតស៊ូមតិទាមទារសិទ្ធិសេរីភាពក្នុងនាមជាម្ចាស់ទ្រព្យរបស់ខ្លួន។
អ្នកស្រីថា៖ «ការប្រារព្ធកម្មវិធីនេះឡើងសំខាន់បំផុត គឺពង្រឹងអំណាចសហគមន៍ឲ្យបានរឹងមាំ ក្នុងនាមខ្ញុំជាជនរងគ្រោះម្នាក់ ខ្ញុំចង់សំណូមពរឲ្យរដ្ឋាភិបាល ដូចជា សម្ដេចតេជោ ហ៊ុនសែន ជួយដោះស្រាយដីឲ្យពួកខ្ញុំ។ ព្រោះអីពួកខ្ញុំរាល់ថ្ងៃគ្មានដីស្រែបង្ករបង្កើនផលទេ តាំងពីឆ្នាំ ២០១១ រហូតដល់សព្វថ្ងៃ»។
ចំណែកអ្នកស្រី យឿន សាំ មានអាយុ ៧៦ឆ្នាំ ក៏ជាជនរងគ្រោះដីធ្លីម្នាក់ដែរ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា តាំងពីឆ្នាំ១៩៩៧មក អ្នកស្រីបានអាស្រ័យផល និង ចែកដីឱ្យកូនចៅរបស់គាត់បន្តបន្ទាប់ រហូតដល់ឆ្នាំ២០១១ ទើបក្រុមហ៊ុន [លីយ៉ុផាត់] បានរំលោភយកដីរបស់ពួកគាត់ ដោយមិនបានផ្តល់សំណងនោះឡើយ។ អ្នកស្រីបន្តថា រាល់ថ្ងៃនេះ អ្នកស្រីនិងក្រុមគ្រួសាររស់នៅដូចអ្នកមានជម្ងឺផ្លូវចិត្តទៅហើយ ដោយសារតែគ្រួសារអ្នកស្រី មិនមានដីដើម្បីបង្កបង្កើនផល។
លោកស្រីបានបន្ថែមទៀតថា៖ «រស់នៅជាខ្មែរ គ្មានដីគ្មានស្រែបង្ករបង្កើនផល។ ខ្ញុំរាល់ថ្ងៃនេះ រស់នៅបីដូចជាស្លាប់ ឈឺចាប់ខ្លួនស្គមស្កាំងរីងរៃ ដណ្ដប់ឆ្អឹង»។
អ្នកស្រីបន្តថា ការប្រារព្ធពិធីសិទ្ធិលំនៅឋាននេះឡើង គឺក្នុងគោលដៅឱ្យតំណាងសហគមន៍ចេះពង្រឹងនូវសិទ្ធិមនុស្ស សិទ្ធិប្រជាធិបតេយ្យរបស់រដ្ឋ ដែលមានក្នុងច្បាប់រដ្ឋធម្មនុញ្ញ តំណាងសហគមន៍ ចូលរួមជាមួយនឹងអង្គការលីកាដូប្រចាំខេត្តកំពង់ស្ពឺដែលបានប្រារព្ធពិធីនេះឡើង។
លោក អ៊ុង សមិត មន្ត្រីសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកំពង់ស្ពឺ ដែលបានចូលរួមនៅក្នុងកម្មវិធីសិទ្ធិលំនៅដ្ឋាននេះដែរ បានមានប្រសាសន៍ថា មនុស្សគ្រប់រូបមានសិទ្ធិមានលំនៅឋានសមរម្យ មានលំនៅដ្ឋានស្អាត ទើបមានសុខភាពល្អ។ លោកថា ការរស់នៅស្អាតនាំមកនូវសុភមង្គល និងសេចក្ដីថ្លៃថ្នូរសម្រាប់ប្រជាជនគ្រប់រូប មានដីទើបមានជីវិត មនុស្សគ្រប់រូប មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ គ្មានជនណាម្នាក់អាចរំលោភសិទ្ធិ ឬរឹតត្បិតក្នុងការតស៊ូមតិនោះឡើយ ព្រោះប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យ។
លោកថា៖ «ទិវានេះពួកខ្ញុំរៀបចំជាមួយនឹងសហគមន៍។ គោលដៅចម្បងបំផុត គឺចង់បំផុសឲ្យពលរដ្ឋទាំងអស់ យល់ដឹងអំពីសិទ្ធិ និងអំណាចរបស់ពួកគាត់ កុំឱ្យមានការគំរាមកំហែង យកដីធ្លីពួកគាត់បន្តទៀត»។
អង្គការសិទ្ធិមនុស្សលីកាដូ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១០ ខែតុលានេះថា សមាជិកសហគមន៍ដែលរងគ្រោះដោយបញ្ហាដីធ្លី បានជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា នៅដើមខែតុលានេះ ដើម្បីប្រារព្ធទិវាលំនៅឋានពិភពលោក និងស្នើសុំឱ្យអាជ្ញាធរធានាឱ្យមានសិទ្ធិទទួលបានលំនៅឋានសមរម្យ ក៏ដូចជាការដោះស្រាយទៅលើបញ្ហាដីធ្លីរបស់ពួកគាត់ដែលបានអូសបន្លាយពេលជាច្រើនឆ្នាំជាដើម៕
……………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ អ្នកស្រី មុំ សុភី