របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន៖
ពលរដ្ឋ២៥០គ្រួសារស្មើនិង១០៨ខ្នងផ្ទះ ស្ថិតនៅលើដីបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ បានអះអាងថា ពួកគេបានរស់នៅលើដីរដ្ឋក្នុងតំបន់បឹងតាមោក ចាប់តាំងពីឆ្នាំ១៩៩០ ខណៈរបាយការណ៍ថា ខ្នងផ្ទះពលរដ្ឋបឹងតាមោកទាំង ២៥០ គ្រួសារ មិនស្ថិតនៅក្នុងព្រំប្រទល់បឹងនោះទេ។
ប្រធានសហគមន៍បឹងតាមោក អ្នកស្រី ផន សុខុម អាយុ៥១ឆ្នាំ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ដីដែលពួកអ្នកស្រីកំពុងមានជម្លោះជាដីរដ្ឋពិតមែន ប៉ុន្ដែអ្នកស្រីអះអាងថា ពួកអ្នកស្រីបានរស់នៅ និងកាន់កាប់ដីនៅតំបន់បឹងតាមោកនេះ ចាប់តាំងពីឆ្នាំ១៩៩០មកម៉្លេះ គឺតកូនតចៅមក បើទោះបីជាអាជ្ញាធរ មិនបានចេញប្លង់កម្មសិទ្ធិ ឬធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់ក៏ដោយ ក៏វាបានបញ្ជាក់ថា ពួកអ្នកស្រីបានមករស់នៅយូរហើយ ជាពិសេសប្រជាពលរដ្ឋដែលតាំងទីលំនៅមានច្រើនគ្រួសារណាស់។
អ្នកស្រីនិយាយថា៖ «ពួកខ្ញុំរស់នៅលើដីនេះសរុបដីជាង៥ហិចតាទេ ដូច្នេះរដ្ឋគួរតែកាត់ដីនិងចេញប្លង់រឹងឲ្យពួកខ្ញុំមក បើលុបក៏លុបទៅចុះ តែកុំបណ្ដេញពួកខ្ញុំឲ្យទៅទីតាំងផ្សេង សុទ្ធតែព្រៃអី ពួកខ្ញុំបានរស់នៅទីនេះយូរហើយ»។
ទោះយ៉ាងណាក្តី អ្នកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា បើទោះបីមានការគំរាមកំហែង ឬក៏ធ្វើទុក្ខបុកម្នេញពីអាជ្ញាធរយ៉ាងណាក៏ដោយ ក៏ពួកអ្នកស្រីនៅតែបន្ដការតវ៉ានិងទាមទារដដែល ពីព្រោះវាជាអាយុជីវិតរបស់ពួកអ្នកស្រី។
មិនខុសពីអ្នកស្រី សុខុមនោះទេ ប្រជាសហគមន៍ម្នាក់ទៀត គឺអ្នកស្រី ប្រាក់ សុភា អាយុ៤២ឆ្នាំ រស់នៅសង្កាត់សំរោង បានឲ្យដឹងថា ពួកអ្នកស្រីបានរស់នៅលើដីចំណីបឹងតាមោកនេះ តាំងពីយូមកហើយ។
អ្នកស្រីបន្ថែមថា៖ «គ្មានបឹងរកស៊ីក៏មិនអីដែរ ឲ្យតែឲ្យពួកខ្ញុំរស់នៅកន្លែងដដែល គឺអាចរកស៊ីមុខរបរផ្សេងបាន ពួកខ្ញុំមិនទទួលយកការដោះដូរឲ្យពួកខ្ញុំទៅកន្លែងផ្សេងទេ សុំសម្ដេចជួយចេញប្លង់កម្មសិទ្ធិនិងសៀវភៅគ្រួសារស្របច្បាប់ឲ្យពួកខ្ញុំផង»។
រីឯសកម្មជនដីធ្លីម្នាក់ទៀត អ្នកស្រី សឿន ស្រីសុទ្ធ អាយុ៣២ឆ្នាំរស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានអះអាងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ពួកអ្នកស្រីនៅតែតវ៉ាដល់អាជ្ញាធរក្រុងភ្នំពេញ ដើម្បីទាមទារភាពស្របច្បាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែផ្តល់ប័ណ្ណកម្មសិទ្ធិលើដីទំហំជាង៥ហិតា។
សកម្មជនដីធ្លីរូបនេះបាននិយាយថា៖ «ការអភិវឌ្ឍនេះវាបានប៉ះពាល់ដល់ជីវភាពខ្ញុំហើយ ឥឡូវប៉ះដល់ផ្ទះពួកខ្ញុំទៀត អ៊ីចឹងពួកខ្ញុំអត់មានជម្រកអីរស់នៅសម្រាប់ជ្រកឲ្យកូនៗខ្ញុំរស់នៅទៀតទេ ពេលលឺដំណឹងខ្ញុំរន្ធត់ចិត្តមែនទែន»។
បានព្យាយាមទាក់ទងទៅអភិបាលខណ្ឌព្រែកព្នៅលោក សុខ សម្បត្តិ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធនិងរឿងបញ្ហាដីធ្លីនៅបឹងតាមោក ប៉ុន្ដែតេចូលគ្មានអ្នកលើក។
រីឯអភិបាលរងខណ្ឌព្រែកព្នៅ លោក ជា ខេមា បានមានប្រសាសន៍ថា លោកកំពុងសម្របសម្រួលរឿងហ្នឹង ហើយរឿងចេញប្លង់កម្មសិទ្ធិដីធ្លីនោះ គឺលោកមិនទាន់អាចនិយាយបានទេ។
ចំណែកអ្នកនាំពាក្យសាលាក្រុងភ្នំពេញលោក ម៉េត មាសភក្ដី បានឲ្យCCIMដឹងថា មូលហេតុដែលអាជ្ញាធរមិនព្រមចេញប័ណ្ណកម្មសិទ្ធិឲ្យដោយសារតែប្រជាពលរដ្ឋទាំងនោះ រស់នៅលើដីចំណីផ្លូវរដ្ឋសាធារណៈ។ លោកបានពន្យល់ថា បើទោះបីពួកគាត់រស់នៅយូរប៉ុណ្ណាក៏ដោយ ក៏អាជ្ញាធរមិនអាចចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនឲ្យពួកគាត់ដែរ។ ចំណែករឿងសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅវិញ លោកថាអាជ្ញាធរកំពុងគិតគួរធ្វើឲ្យពួកគាត់ហើយ។
យ៉ាងណាក្តីលោកថា អាជ្ញាធរបានផ្តល់ទីតាំងថ្មី ដើម្បីឱ្យពួកគាត់មានប្លង់កម្មសិទ្ធិដីធ្លីត្រឹមត្រូវ ប៉ុន្ដែពួកគាត់នៅតែមិនព្រមទទួលយកការដោះដូរនេះ។ លោកថា លោកមិនយល់ចំពោះការតវ៉ារបស់ប្រជាពលរដ្ឋនោះទេ។
លោកបញ្ជាក់ច្បាស់ថា៖ «យើង [ប្រជាពលរដ្ឋដីបឹងតាមោក] កាន់កាប់ទីតាំងខុសច្បាប់ទៅហើយ មិនស្របច្បាប់ទៅហើយ មែនទែនទៅគ្រាន់តែថា ធ្វើមិចចាកចេញពីការតាំងទីលំនៅលើទីសាធារណៈហ្នឹងទេ ប៉ុន្ដែអាជ្ញាធរថែមទាំងបានជួយគិតគូរប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានី និងរកទីតាំងសមស្រប ហើយមិនឆ្ងាយពីទីតាំងចាស់ទេ ខុសគ្នាតែ២គីឡូម៉ែត្រតែប៉ុណ្ណោះសម្រាប់ពួកគាត់ហើយ បែរជាមិនទទួលយក ខ្ញុំក៏មិនដឹងថា យ៉ាងមិចដែរ»។
រីឯមន្ដ្រីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃបណ្ដាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា បានលើកឡើងកាលពីព្រឹកថ្ងៃពុធថា ជារឿយៗប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់មានទីតាំងមានសក្ដានុពលសម្រាប់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍ តែងតែរងគ្រោះ និងរងការបណ្ដេញចេញដោយគ្មានសំណង ឬទទួលបានសំណងតិចតួចបំផុត។ លោកថា នេះជារឿងអយុត្ដិធម៌មួយនៅក្នុងសង្គម ជាពិសេសប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលពួកគាត់មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ហើយពួកគាត់ក៏រួមចំណែកក្នុងការបង់ពន្ធជូនរដ្ឋដែរ។ លោកថា រដ្ឋគួរតែគោរពនិងការពារឲ្យតម្លៃដល់ប្រជាពលរដ្ឋផង។
លោកពន្យល់បន្ថែមថា៖ «បឹងតាមោក គឺមានប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងរស់នៅ ប៉ុន្ដែប្រែរដីទាំងនោះ រដ្ឋាភិបាលបានកាត់ទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគ ហើយរដ្ឋក៏ពុំគួរដាច់ធម៌មេត្តាក្នុងការបណ្ដេញពលរដ្ឋជាង២០០គ្រួសារហ្នឹងចេញពីតំបន់ទេ បើសិនជាបណ្ដេញពួកគាត់នឹងជួបការលំបាកសម្រាប់ផ្លាស់ទីលំនៅទៅជម្រកថ្មីជាពិសេសបញ្ហាជីវភាពតែម្ដង»។
លោកបន្តថា រដ្ឋាភិបាលមិនគួរបន្ដឲ្យប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ រងគ្រោះដោយសារតែជម្លោះដីធ្លីនៅក្នុងឆ្នាំ២០២២នេះទៀតទេ ហើយប្រជាពលរដ្ឋដែលរងគ្រោះចាស់គួរតែដោះស្រាយបណ្ដើរៗ ដោយមិនត្រូវបង្កើតភាពឈឺចាប់ទៅដល់ប្រជាពលរដ្ឋថ្មីដែលកំពុងតែរស់នៅតំបន់ដែលរដ្ឋាភិបាលកំពុងផ្ដល់ដីសម្បទានទៅឲ្យវិស័យឯកជននេះទេ។
បើយោងតាមរបាយការណ៍និងបង្ហាញដោយប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការធាងត្នោត លោក ស៊ាង មួយឡៃ បានអះអាងថា បើផ្អែកតាមផែនទីនិងយោងតាមអនុក្រឹត្យដែលបានចេញកន្លង គឺប្រជាពលរដ្ឋ២៥០គ្រួសារ មិនបានរស់នៅ លើចំណីបឹងតាមោកនោះទេ។ លោកថា ក្នុងចំណោមផ្ទៃបឹងតាមោក ជាង ៣ ២៣៩.៧ ហិកតា និងខ្នងផ្ទះប្រជាពលរដ្ឋ គឺមិនស្ថិតនៅក្នុងព្រំប្រទល់បឹងនោះទេ។ បន្ថែមពីនោះ បើទោះបីជារដ្ឋពង្រីកផ្លូវ ៥០ម៉ែត្រទៀតឬក៏២៥ម៉ែត្រសងខាង ក៏នៅមិនទាន់អស់ដីរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅនេះដែរ។
លោក ស៊ាង មួយឡៃ ក៏បានយកផែនទីនេះ ទៅបង្ហាញភូមិបាលនៅមូលដ្ឋាន ក៏បានទទួលស្គាល់និងថា យករឿងនេះដែលខាងលោកបង្ហាញទៅប្រាប់ថ្នាក់លើផងដែរ ប៉ុន្ដែលោកថា មិនដឹងយ៉ាងម៉េច បានទៅជាអាជ្ញាធរចោទប្រជាពលរដ្ឋថា រស់នៅលើដីចំណីបឹងតាមោកទៅវិញ។
លោកថា៖ «អាជ្ញាធរថ្នាក់លើគួរតែសិក្សាត្រង់ចំណុចនេះឲ្យបានច្បាស់លាស់ ហើយធ្វើការវាយតម្លៃដោយមិនបានសិក្សាជាក់លាក់ វាធ្វើឲ្យប្រជាពលរដ្ឋដែលពួកគាត់រស់តំបន់ហ្នឹង រងគ្រោះយ៉ាងខ្លាំង ហើយការបណ្ដេញចេញក៏វាបានផ្ដល់ផលលំបាកជាច្រើនដល់ពួកគាត់ផងដែរ»។
ប្រធានគម្រោងរូបនេះ បន្ដអះអាងថា មូលហេតុដែលលោកហ៊ានអះអាង និងចេញរបាយការណ៍នេះ គឺដោយយោងទៅលើផែនទី និងអនុក្រឹត្យរបស់រដ្ឋាភិបាល។ លោកថា រដ្ឋាភិបាល គួរតែកាត់ដីជាង៥ហិតាទៅឱ្យប្រជាពលរដ្ឋកាន់កាប់ជាកម្មសិទ្ធិ ខណៈដែលរដ្ឋាភិបាលបានកាត់ដីបឹងតាមោកទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគរាប់រយហិចតា។ លោកថា វាហាក់អយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋពេកហើយ។
លោកថ្លែងថា៖ «ខ្ញុំគិតថា វាជារឿងមួយដែលអត់ល្អ ហើយវាបង្ហាញពីអយុត្តិធម៌នៅក្នុងសង្គមនិងការអត់ស្មើភាពគ្នារវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន ដូចខ្ញុំបានលើកឡើងខាងលើមកហើយមានន័យថា ប្រជាពលរដ្ឋនៅទីតាំងកន្លែងហ្នឹង ជាប្រជាពលរដ្ឋដែលរស់នៅយូរឆ្នាំហើយ បែរជារដ្ឋាភិបាលឲ្យគាត់ចាកចេញទៅតាំងទីលំនៅថ្មី ប៉ុន្ដែខាងក្រុមហ៊ុនឯកជនផ្សេងៗវិញដែលគាត់អត់មានកាន់កាប់ដីជាក់ស្ដែងផង បែរជារដ្ឋរបស់យើងប្រគល់ទៅឲ្យហើយការប្រគល់ឲ្យនោះ មិនមែនជាការប្រគល់ក្នុងចំនួនតិចតួចទេ មានទំហំច្រើនរហូតដល់ខ្លះរាប់រយហិកតា»។
លោកបន្ថែមថា ក្នុងចំណោមផ្ទៃបឹងតាមោកជាង ៣ ២៣៩.៧ ហិកតា ខ្នងផ្ទះប្រជាពលរដ្ឋមិនស្ថិតនៅក្នុងព្រំប្រទល់បឹងនោះទេ បន្ថែមពីនោះលោកថា បើទោះបីជារដ្ឋពង្រីកផ្លូវ ៥០ម៉ែត្រទៀត (២៥ម៉ែត្រសងខាង) ក៏នៅមិនទាន់អស់ដីរបស់ប្រជាពលរដ្ឋដែរ។
យោងតាមរបាយការណ៍របស់សមាគមធាងត្នោតបានបង្ហាញថា ដីបឹងតាមោកឬបឹងទំនប់កប់ស្រូវប្រមាណជាង៦០% ត្រូវបានរដ្ឋាភិបាលកាត់ទៅឲ្យវិស័យឯកជន និងស្ថាប័នរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដែលធ្វើឲ្យទំហំផ្ទៃបឹងនៅសល់តែជាង១០០០ហិកតាប៉ុណ្ណោះ ខណៈទំហំផ្ទៃបឹងទាំងមូលមានជាង៣២០០ហិកតា។ មានន័យថា រដ្ឋាភិបាលបានកាត់ដីបឹងតាមោកជាង ២០០០ហិកតា ស្របពេលដែលប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ស្មើនិង១០៨ខ្នងផ្ទះ ត្រូវបានបណ្ដេញចេញទៅកាន់ទីតាំងថ្មី។ តាមរបាយការណ៍ដដែលបានអះអាងថា ដីបឹងតាមោកឬបឹងទំនប់កប់ស្រូវនេះ រដ្ឋាភិបាលធ្លាប់បានកាត់ទៅឲ្យវិស័យឯកជនចំនួន៤៣ដងរួចមកហើយ។
បើតាមការអះអាងពីប្រធានសហគមន៍ដីធ្លីបឹងតាមោកអ្នកស្រី ផន សុខុម បានឱ្យដឹងថា កាលពីឆ្នាំ២០១៩កន្លងទៅ សហគមន៍បឹងតាមោកទាំង២៥០គ្រួសារ បាននាំគ្នាយកញត្តិទៅដាក់នៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដងរួចមកហើយ ដើម្បីសុំជួយអន្តរាគមន៍ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនដល់ពួកគាត់។ ប៉ុន្ដែត្រូវបានលោកអភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ ហាមឃាត់ និងសន្យាថា នឹងដោះស្រាយជូនប្រជាពលរដ្ឋ។ ប៉ុន្ដែមកដល់ពេលនេះ គឺមិនមានដំណោះស្រាយនោះទេ ទើបនៅព្រឹកថ្ងៃទី២៩ ខែមិថុនាកន្លងទៅ ពួកគេបាននាំគ្នាទៅដាក់ញត្តិនៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ម្ដងទៀត ដើម្បីឲ្យជួយដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះ។
តាមគម្រោងអាជ្ញាធរ គ្រោងនឹងបណ្តេញប្រជាសហគមន៍បឹងតាមោកទៅកាន់ទីតាំងថ្មី គឺស្ថិតនៅក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមួយគ្រួសារទទួលបានដីទំហំទទឹង ៤.២ម៉ែត្រ និងបណ្ដោយ១៨ម៉ែត្រ។ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនយល់ព្រម ដោយសារដីនៅទីតាំងចាស់មានទំហំធំ បើធៀបនឹងទីតាំងថ្មី។ នៅថ្ងៃសុក្រនេះដែរ ក្រុមប្រជាពលរដ្ឋសហគមន៍បឹងតាមោកបានបន្តនាំគ្នាដាក់ញត្តិនៅទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋសភាជាតិ ដើម្បីសុំអន្តរាគមន៍ឱ្យស្ថាប័នជាតិធំៗទាំងពីរជួយដោះស្រាយឱ្យ៕
……………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល