CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ពលរដ្ឋ​ជាង​​១០០​​គ្រួសារ​​នៅ​​ស្រុក​មេមត់​​ខេត្ដត្បូងឃ្មុំ​​ច្រាន​ចោល​​ចំពោះ​ការ​​ចោទ​​របស់​​អាជ្ញាធរ​​ថា មាន​​អ្នក​​នៅ​​ពី​​ក្រោយ​​ខ្នង

Admin ដោយ Admin
September 30, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
ពលរដ្ឋ​ជាង​​១០០​​គ្រួសារ​​នៅ​​ស្រុក​មេមត់​​ខេត្ដត្បូងឃ្មុំ​​ច្រាន​ចោល​​ចំពោះ​ការ​​ចោទ​​របស់​​អាជ្ញាធរ​​ថា មាន​​អ្នក​​នៅ​​ពី​​ក្រោយ​​ខ្នង

ប្រជាពលរដ្ឋនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឡើងមកដាក់ញត្តិសុំការដោះស្រាយរបស់អាជ្ញាធរស្រុកកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ តំណាងពលរដ្ឋផ្តល់ឱ្យ

0
ចែករំលែក
75
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

តំណាង​សហគមន៍​ជាំក្រវៀន​លោក ផុន សុផល អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​ជាំក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ បាន​ថ្លែង​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អភិបាល​ស្រុក​មេមត់​ដែល​ថា ការ​ដាក់​ញត្ដិ​របស់​ពលរដ្ឋ គឺ​មាន​អង្គការ​ចាត់​តាំង និង​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង។

លោកបន្ដឱ្យដឹងទៀតថា ការដាក់ញត្ដិគ្រាន់តែចង់ឱ្យអាជ្ញាធរចេញប្លង់រឹងស្របច្បាប់ត្រឹមត្រូវមួយ ក្រោយពីមានអនុក្រឹត្យពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាត់ឆ្វៀលដីអាស្រ័យផលឱ្យពលរដ្ឋកាន់កាប់ស្របច្បាប់។ ប៉ុន្ដែបែរជាមន្ត្រីមន្ទីររៀបចំដែនដីខេត្ត មិនបានចេញប្លង់រឹងឱ្យប្រជាពលរដ្ឋទៅវិញ។

តំណាងសហគមន៍រូបនេះបន្ដថា៖ «អ្វីដែលចៅហ្វាយស្រុកនិយាយចឹង គឺខ្ញុំមិនអាចទទួលយកបានទេ ព្រោះការដែលគាត់និយាយនេះ គឺគាត់ចង់ចោទឬក៏ដាក់បន្ទុកទៅលើអ្នកណាម្នាក់តែម្ដង  របៀបនេះគឺពហិកាមិនចង់ដោះស្រាយជូនប្រជាពលរដ្ឋ ខ្ញុំគិតថាគាត់និយាយចឹងអត់សមជាអ្នកដឹងនាំហ្អេ»។

កាលពីថ្ងៃទី២៩ ខែកញ្ញាម្សិលមិញនេះ ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បាននាំគ្នាដាក់ញត្តិសុំឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិដីធ្លី ប៉ុន្តែអាជ្ញាធរបានចោទប្រកាន់ពលរដ្ឋវិញថា មានអ្នកញុះញង់នៅពីក្រោយខ្នង។

លោក ផុន សុផល បានប្រាប់ពលរដ្ឋថា កាលពីថ្ងៃ២៨ ខែសីហា ឆ្នាំ២០២២ មេឃុំទន្លូង បានហៅពួកគាត់ទៅប្រជុំនៅសាលាឃុំ និងបានប្រាប់ថា ដីរបស់ពួកគាត់ មិនអាចចេញប្លង់កម្មសិទ្ធិជូនបានទេ ដោយសារដីជាប់បណ្ដឹង។ ពលរដ្ឋបានអះអាងថា បើសិនជាចង់បានប្លង់រឹង ទាល់តែកាត់ដីខ្លះ ឬក៏ឱ្យបង់ប្រាក់១ហិកតា ១០០ ០០០ រៀលទៅឱ្យភាគីដើមបណ្ដឹង ទើបអាចចេញជាប្លង់រឹងបាន។ ប៉ុន្ដែពួកគាត់បានបដិសេធនិងបន្ដដាក់ញត្ដិនៅសាលាស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីសុំឱ្យអាជ្ញាធរជួយដោះស្រាយនិងចេញប្លង់រឹងឱ្យពួកគាត់។

បើតាមលោក ផុន សុផល បានឱ្យដឹងថា បើការប្រាប់របស់មេឃុំទន្លូង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ថាមានដើមបណ្ដឹងឈ្មោះ តោង សំអាត (យាយ ហ៊ុម) បានដាក់ពាក្យបណ្ដឹងនិងមិនឱ្យមានការចេញប្លង់រឹងជូនដល់ប្រជាពលរដ្ឋនោះទេ ពោលគឺទាល់តែពលរដ្ឋព្រមកាត់ដី ឬក៏បង់ប្រាក់ ១០០ ០០០ រៀល ក្នុង១ហិកតា ទើបអាចចេញប្លង់បាន។ ប៉ុន្ដែលោកថា តាំងពីដើមមកពួកលោកមិនដែលបានឃើញក៏ដូចជាស្គាល់បុគ្គលឈ្មោះ តោង សំអាត នោះទេ។

លោកបន្ដថា៖ «ពួកខ្ញុំមិនដែលបានជួបឈ្មោះ តោង សំអាត ហ្នឹងទេតាំងពីមុនមក ទើបតែថ្មីៗនេះ បែរជាមេឃុំទន្លូងបា្រប់ថា ឈ្មោះ តោង សំអាត បានដាក់ពាក្យបណ្ដឹងនិងមិនឱ្យចេញប្លង់រឹងឱ្យពួកខ្ញុំទៅវិញ»។

ចំណែកឯពលរដ្ឋរងគ្រោះម្នាក់ទៀតលោក ឈឺន ងឿន អាយុ៥១ឆ្នាំ រស់នៅឃុំជាំក្រវៀន ស្រុកមេមត់ បានឱ្យដឹងថា ដើមឡើយដីដែលពួកលោកបានទៅដាក់ញត្ដិម្សិលមិញជាដីរបស់ក្រុមហ៊ុន ម៉ែន សារុន បន្ទាប់មកពួកលោកបាននាំគ្នាទៅកាប់ឆ្ការ រហូតមានជម្លោះនិងក្រុមហ៊ុនប្ដឹងផ្ដល់គ្នា តែក្រោយមកនៅឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុវត្តន៍នូវយុទ្ធសាស្រ្ដស្បែកខ្លា ដោយបានកាត់ឆ្វៀលដីជាង១ ០០០ហិកតា មកឱ្យប្រជាពលរដ្ឋចំនួន៦ឃុំ អាស្រ័យផល និងបានឱ្យនិស្សិតចុះវាសវែង និងចេញប្លង់រឹងជូនពលរដ្ឋ ប៉ុន្ដែមកដល់ពេលនេះ បែរជាមិនទាន់បានប្លង់រឹងហើយថែមទាំងថា មានជនទី៣បានប្ដឹងរក្សាទុកទៅវិញ។

លោកបន្ដថា៖ «ពេលសម្ដេចកាត់ដីហ្នឹងឱ្យពួកខ្ញុំ ពួកខ្ញុំសប្បាយចិត្តណាស់ ពីព្រោះបានដីអាស្រ័យផលនិងអាចខ្ចីលុយអង្គការខ្លះគ្រាន់ធ្វើដើមទន់រកស៊ី តែមកដល់ឥឡូវនៅតែមិនទាន់បានប្លង់រឹង ហើយថែមទាំងចោទពួកខ្ញុំថា មានអ្នកនៅពីក្រោយខ្នងទៀត ការលើកឡើងរបស់គាត់ [អភិបាលស្រុកមេមត់] មិនត្រឹមត្រូវទេខ្ញុំសុំបដិសេធ»។

លោកបានបន្ថែមទៀតថា ការដាក់ញត្ដិគ្រាន់តែចង់ស្នើសុំឱ្យខាងអាជ្ញាធរជួយចេញប្លង់រឹងទៅលើដីដែលលោកនាយករដ្ឋមន្ដ្រីបានកាត់ឆ្វៀលឱ្យពួកលោកប៉ុណ្ណោះ ហើយទៅក្នុងនាមពួកលោក ជាម្ចាស់ដី ប៉ុន្ដែបែរជាអភិបាលស្រុកមិនព្រមទទួលយកញត្ដិទៅវិញ។

លោកថា៖ «មិនមានអ្នកណាចាត់តាំងឱ្យខ្ញុំទៅទេ ពីព្រោះពួកខ្ញុំជាម្ចាស់ដី ពួកខ្ញុំវាអត់ឃ្លាន ចង់បានប្លង់រឹងឬចង់បានដីធ្វើស្រែស៊ី កាលណាបានប្លង់រឹងវាងាយស្រួលពួកខ្ញុំប្រកបមុខរបរអីទៅ អាចខ្ចីលុយគេបានខ្លះគ្រាន់ចិញ្ចឹមជីវិត ចុះបើពួកខ្ញុំអត់បាន តើឱ្យពួកខ្ញុំពឹងអី បានអីចិញ្ចឹមគ្រួសារ។ ខ្ញុំស្នើដល់សម្ដេចមេត្ដាជួយកូនចៅផង ឱ្យចេញប្លង់រឹងឆាប់ៗមក ដើម្បីបានដីចិញ្ចឹមជីវិតបន្ដទៀត»។

មេឃុំទន្លូងលោក ប៊ឹង ថន បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា លោកកំពុងតែសម្របសម្រួលដើម្បីបញ្ចប់បញ្ហាទាំងអស់នៅក្នុងអាណត្ដិរបស់លោក ដោយថា ការដែលបញ្ហាទាំងអស់នេះ មិនទាន់ចប់ដោយសារមានមេខ្យល់ ៣ ទៅ ៤នាក់ ជានៅអ្នកនៅក្រោយខ្នង ទើបបញ្ហាចេះតែមិនចប់ លោកថា លោកខំដោះស្រាយតែពួកមេខ្យល់ខំបង្ករឿង។

លោកបន្ដថា៖ «ខ្ញុំនិយាយឱ្យចំតែម្ដង អាពួកមេខ្យល់ គឺពួកអាប្រឆាំងហ្មង ពិបាកនិយាយគ្នាណាស់ ខ្ញុំខំសម្របសម្រួល ពួកវាដើរប្រមូលប្រជាពលរដ្ឋឡើងតវ៉ាដល់ណាដល់ណីវិញ និយាយរួមពិបាកនិយាយគ្នាណាស់»។

មេឃុំបន្ដពន្យល់ទៀតថា មូលហេតុដែលប្លង់មិនទាន់ចេញបាន ដោយសារតែឈ្មោះ តោង សំអាត បានប្ដឹងជំទាស់ និងអនុក្រឹត្យរបស់រដ្ឋាភិបាល ទើបមិនអាចចេញបានពីព្រោះថា ដីនៅក្នុងអនុក្រឹត្យទំហំជិត ២០០០ហិកតានេះ មានដីរបស់ តោង សំអាត ជិត៤០០ហិកតា ប៉ុន្ដែលោកថា ដើម្បីឱ្យបញ្ចប់បញ្ហាអស់ហ្នឹង គឺខាងដើមបណ្ដឹងសូមកាត់ ៣% ឬ ២% នៃទំហំដីជិត៤០០ហិកតា ប៉ុន្ដែពលរដ្ឋមិនព្រម រហូតដល់មានការឡើងដាក់ញត្ដិទៅសាលាស្រុកកាលពីម្សិលមិញនេះ។

យ៉ាងណាក្តី លោកមេឃុំមិនបានបញ្ជាក់ប្រាប់ថា តើបុគ្គលឈ្មោះ តោង សំអាត នេះជានណានោះទេ បើទោះបីជាមានការសួរនាំក៏ដោយ។

ម្យ៉ាងវិញទៀតលោកថា លោកបាននិយាយជាមួយអភិបាលរងស្រុកមេមត់ថា បើសិនជាពលរដ្ឋព្រមឱ្យប្រាក់ក្នុង១ហិកតា ១០០ ០០០ រៀល លោកអាចនិងនិយាយជាមួយដើមបណ្ដឹង ដើម្បីដកពាក្យបណ្ដឹង រួចធ្វើប្លង់រឹង បានទាំងអស់គ្នា។ ប៉ុន្ដែពេលលោកហៅប្រជាពលរដ្ឋមកនិយាយពីរឿងហ្នឹង ពលរដ្ឋខ្លះក៏យល់ព្រម ពលរដ្ឋខ្លះក៏មិនព្រមទើបបញ្ហាមិនអាចបញ្ចប់បាន។

មេឃុំរូបនេះបន្ដថា៖ «ពលរដ្ឋខ្លះគាត់ព្រមឱ្យ១០ម៉ឺនរៀលក្នុង១ហិកតាទៅឱ្យ តោង ​សំអាត អ្នកខ្លះគាត់មិនព្រម ខ្ញុំថាបើពលរដ្ឋទាំងអស់គាត់ព្រមឱ្យ១០ម៉ឺនរៀលក្នុង១ហិកតា ខ្ញុំអាចនិយាយ តោង  សំអាត ប្រហែលគាត់ដកពាក្យបណ្ដឹង ចឹងអាចចេញប្លង់រឹងបានគ្រប់គ្នាហើយ យ៉ាងណាខ្ញុំនឹងដោះស្រាយបញ្ហាអស់ហ្នឹងឱ្យចប់ក្នុងអាណាត្ដិរបស់ខ្ញុំ»។

យ៉ាងណាក៏ដោយលោកក៏បានជម្រុញឱ្យភាគីទាំង២សម្របសម្រួលគ្នា ដើម្បីបញ្ចប់បញ្ហាទាំងអស់ កុំនៅតែបន្ដ វាមិនបានផ្ដល់ផលចំណេញអ្វីនោះទេ ហើយលោកសង្ឃឹមថា ពលរដ្ឋនឹងព្រមទទួលសំណើររបស់លោកក្នុងការបញ្ចប់រឿងជម្លោះដីធ្លីនេះ។

ជាមួយគ្នានេះដែរ អភិបាលស្រុកមេមត់ លោក ស្រេង លី បានឆ្លើយតបដោយបដិសេធនៅព្រឹកថ្ងៃព្រហស្បតិ៍ថា លោកមិនបានហាមឃាត់ពលរដ្ឋមិនឱ្យដាក់ញត្ដិទាមទារអ្វីផ្សេងនោះទេ ប៉ុន្ដែការដែលពលរដ្ឋមកនេះ គ្រាន់តែលោកចង់ឱ្យមានតំណាងច្បាស់លាស់ប៉ុណ្ណោះ ទើបលោកទទួលញត្ដិ ហើយមកដល់ពេលនេះ លោកថា លោកមិនបានដឹងពីការចង់បានរបស់ពលរដ្ឋដែលមកសាលាស្រុកទេ។

លោកថា៖ «ខ្ញុំអត់មានឆ្លើយតបអីផង ហើយបំណងដែលមកក៏ខ្ញុំអត់ដឹងមកធ្វើអីឬមានបំណងអីដែរ ពេលឃើញគេមកទាំងហ្វូងចឹង ខ្ញុំក៏ចេញមកសួរថា មកមានការអី?​ ហើយអ្នកណាជាតំណាង ពួកគាត់ឆ្លើយថា អត់មានតំណាង ឬក៏អ្នកណានាំមកទេ ខ្ញុំក៏ថាចុះបើអត់មានអ្នករៀបចំ មិចបានមកគ្នាច្រើនជាង១០០នាក់ ហើយវាមិនដែលនឹកឃើញសុខៗនាំគ្នាមកទេ ហើយខ្ញុំសួរនាំ មិនមែនដើម្បីទៅរករឿងអ្នកដែលនាំមកដែរ គ្រាន់តែចង់ដឹងថា ពួកគាត់មានតំណាងអត់ ដើម្បីធ្វើការជជែកនិងដោះស្រាយគ្នា បើអត់ទេសុំអញ្ជើញទៅវិញចុះ»។

លោកអភិបាលស្រុកបានបញ្ជាក់ថា ការដែលលោកមិនទទួលញត្ដិ ព្រោះចង់ឱ្យពលរដ្ឋមានតំណាងដើម្បីដោះស្រាយគ្នា លោកមិនមានចេតនាណាមួយក្នុងការគេចវេសពីប្រជាពលរដ្ឋឡើយ។

លោកបន្ដថា៖ «ឱ្យតែពួកគាត់មានតំណាងត្រឹមត្រូវឬក៏ចាត់គ្នា៥នាក់ដែលមានសិទ្ធិក្នុងការសម្រេចណាមួយ គឺខ្ញុំចាំទទួលនិងដោះស្រាយជូនពួកគាត់»។

យ៉ាងណាក៏ដោយមុននឹងចេញផ្សាយនេះCCIMមិនអាចសុំការបំភ្លឺពីឈ្មោះ តោង សំអាត ដែលជាដើមបណ្ដឹងបាននោះទេ ពាក់ព័ន្ធនិងបញ្ហាខាងលើ។

បើតាមមន្ដ្រីសម្របសម្រួលសហគមន៍នៃសមាគមសម្ព័ន្ធកសិករកម្ពុជាប្រចាំខេត្តត្បូងឃ្មុំ លោក គឹម  ពិសិដ្ឋ បានចាត់ទុកថា អភិបាលស្រុកហាក់មានចេតនាក្នុងការបង្ហាញពលរដ្ឋនៅក្រោមការគ្រប់គ្រង់របស់លោក គឺមិនមានចំណេះដឹងណាមួយឡើយ បានជាលោកនិយាយដូច្នេះ។

លោកបន្ដថា៖ «ការនិយាយរបស់អភិបាលស្រុក គឺចង់បង្ហាញថា ប្រជាពលរដ្ឋគ្មានចំណេះដឹងអីទេ ទើបបានជាគាត់ចោទថា មានអ្នកនៅពីក្រោយខ្នងពលរដ្ឋដូច្នេះ»។

មន្ដ្រីសម្របសម្រួលរូបនេះបន្ដថា ដើម្បីបញ្ចប់បញ្ហានេះ អាជ្ញាធរគួរតែបើកវេទិកាសាធារណៈមួយ សម្រាប់ឱ្យពលរដ្ឋសួរដេញដោលទើបជាវិធីសាស្ដ្រល្អៗ។

ចំណែកមន្ដ្រីសម្របសម្រួលនៃអង្គការអាដហុកប្រចាំខេត្តត្បូងឃ្មុំអ្នកស្រី ធីម  ណារិន បានមើលឃើញថា អ្វីដែលប្រជាពលរដ្ឋតវ៉ាវាជាផលប្រយោជន៍ និងជាការចង់បានដែលវាកើតចេញពីផលលំបាកនៃកត្ដាជីវភាព និងជាភាពចាំបាច់ក្នុងការទាមទារប្លង់រឹង ដើម្បីបានជាម្ចាស់កម្មសិទ្ធិ ជាពិសេសក្នុងនាមជាអាជ្ញាធរ គួរតែគិតគូរពីបញ្ហាលំបាក និងកត្ដាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋាន ជាជាងការគេចវេស និងមិនហ៊ានប្រឈមនិងប្រជាពរដ្ឋរបស់ខ្លួន។

អ្នកស្រីបន្ដថា៖ «ខ្ញុំនិយាយថា អាជ្ញាធរពាក់ព័ន្ធគួរចុះត្រួតពិនិត្យឱ្យដល់ទីកន្លែងនិងពិនិត្យទៅលើឯកសារកាន់កាប់របស់គាត់់ឱ្យបានត្រឹមត្រូវ ពីព្រោះឯកសារយើងដឹងហើយថា ដើម្បីឱ្យបានជាក់លាក់ថា ពួកគាត់កាន់កាប់ស្របច្បាប់ ឬមិនស្របច្បាប់ ទាល់តែយើងទៅដល់ទីកន្លែង ហើយយើងមានសាក្សីជាភស្ដុតាង ក្នុងការកំណត់ច្បាស់លាស់។ ម្យ៉ាងវិញទៀត ការដែលអាជ្ញាធរមិនព្រមទទួលយកញត្ដិរបស់ពលរដ្ឋដែលបានដាក់ទៅវាបង្ហាញផងដែរថា អាជ្ញាធរគ្មានការទទួលខុសត្រូវចំពោះការដោះស្រាយបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួន»។

មន្ដ្រីរូបនេះបន្ដថា អ្នកស្រីសុំបដិសេធចំពោះការចោទប្រកាន់របស់អាជ្ញាធរថា មានអង្គការចាត់តាំងនៅពីក្រោយខ្នង នៃការដាក់ញត្ដិរបស់ពលរដ្ឋដោយគ្មានមូលដ្ឋានច្បាស់លាស់ ពីព្រោះពលរដ្ឋទាំងអស់ហ្នឹងជាពលរដ្ឋរបស់អាជ្ញាធរ មិនមែនជាពលរដ្ឋរបស់អង្គការសង្គមស៊ីវិលនោះទេ។ ក្រៅពីនេះអ្នកស្រីបន្ថែមថា អាជ្ញាធរគួរតែពន្លឿនការចេញប្លង់រឹងឱ្យពលរដ្ឋឱ្យបានឆាប់ ដើម្បីឱ្យពលរដ្ឋអាចយកទៅប្រើប្រាស់សម្រាប់ប្រកបមុខរបរប្រចាំថ្ងៃពួកគាត់បាន បើមិនអ៊ីចឹងទេពលរដ្ឋនឹងជួបបញ្ហាប្រឈមច្រើនថែមទៀត៕

…………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

កម្មការិនី​​ជិត​​សំរាល​​កូន​​ម្នាក់​​នៅ​​រោងចក្រ​ឃែនធើរ៉ែន គ្មាន​​ប្រាក់​​សម្រាល​​កូន​​ក្រោយ​​រោង​ចក្រ​​បិទ​​ទ្វារ

អត្ថបទបន្ទាប់

លោកគ្រូអ្នកគ្រូ​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ​ស្នើសុំ​ផ្លាស់ប្តូរ​នាយកសាលា ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី

អត្ថបទបន្ទាប់
លោកគ្រូអ្នកគ្រូ​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ​ស្នើសុំ​ផ្លាស់ប្តូរ​នាយកសាលា ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី

លោកគ្រូអ្នកគ្រូ​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ​ស្នើសុំ​ផ្លាស់ប្តូរ​នាយកសាលា ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង