របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
អ្នកប្រកបរបររកស៊ីឡានដឹកដី ថ្ម និងខ្សាច់ មួយចំនួននៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានត្អូញត្អែរថា ពួកគេកំពុងតែប្រឈមបោះបង់មុខរបរនេះចោល ដោយសារតែគ្មានទីផ្សារ ខណៈប្រេងឥន្ធនៈនៅតែថ្លៃ ជាហេតុធ្វើឱ្យពួកគេខ្លះបានបញ្ឈរឡានចោល និងដាក់លក់ ដោយទៅប្រកបមុខរបរផ្សេងវិញ។
លោក នៅ ណូត អាយុ៣៥ឆ្នាំ ជាអាជីវកររកស៊ីឡានដឹកដីនៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងថា លោកបានចាប់យកមុខរបរនេះ អស់រយៈពេល៤ឆ្នាំមកហើយ។ លោកថា ពីមុនលោករកស៊ីដឹកដី ថ្ម និងខ្សាច់នេះ ចំណេញបានគួរសម ដោយក្នុងមួយថ្ងៃសល់ប្រាក់ចន្លោះពី៣០ដុល្លារ ទៅ៥០ដុល្លារ។ លោកថា កាលណោះប្រេងមានតម្លៃសមរម្យ ដែលអំណោយផលឱ្យលោកអាចប្រកបមុខនេះបាន។ លោកថា ដោយមើលឃើញថា លោករកស៊ីមុខរបរនេះ កាក់កប ក៏មានពលរដ្ឋជាច្រើនទៀត បាននាំគ្នាទិញឡានមករកស៊ីមុខរបរនេះ ដូចរូបលោកដែរ ទើបធ្វើឱ្យមុខរបរនេះ កាន់តែមានអ្នករកស៊ីច្រើនដូចលោក។
លោកបន្ដថា បន្ទាប់ពីមានជម្ងឺកូវីដ១៩ បានផ្ទុះឡើង អ្វីៗត្រូវបានប្រែប្រួល អ្នកចាក់ដីក៏មិនសូវមាន ប្រេងក៏ឡើងថ្លៃ ទើបលោកសម្រេចចិត្តដាក់ឡានលក់វិញ ដើម្បីយកប្រាក់ទៅសងកម្ចីធនាគារ។
លោកបានអះអាងបន្ដថា៖ «បើខ្ញុំមិនដាក់លក់មិចបង បើប្រេងឡើងថ្លៃ អ្នកចាក់ [ដី] មិនសូវមាន ហើយអ្នករកស៊ីកាន់តែច្រើន ទើបខ្ញុំសម្រេចចិត្តលក់យកលុយទៅបង់ធនាគារវិញ ទោះបីខ្ញុំខាតក៏ត្រូវលក់ ពីព្រោះគ្រាន់បើជាងខ្ញុំចោលដែរ»។
ចំណែកអ្នករកស៊ីបើកឡានដឹកដីម្នាក់ទៀត គឺលោក ឌឿន បណ្ឌិត អាយុ២៧ឆ្នាំ រស់នៅឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា លោកបានទុកឡានរបស់លោកចោល ជាង១ខែមកហើយ ដោយលោកទៅធ្វើការផ្សេងជំនួសវិញ។ លោកបន្ដថា បើប្រេងមិនចុះថ្លៃទេ គឺអ្នករកស៊ីមុខរបរមួយនេះ អាចនឹងឈប់រកដូចលោកផងដែរ ខណៈអ្នកខ្លះក៏ដាក់លក់ឡានបណ្ដើរៗហើយ ដោយសារមិនចំណេញ។
លោកបណ្ឌិតបន្ដថា៖ «ពីមុនខ្ញុំរកស៊ីមុខរបរដឹកដីហ្នឹងគ្រាន់បើតើបង បើអត់កូវីដនិងប្រេងឡើងថ្លៃទេ ខ្ញុំមិនទុកឡានចោលទេ តែឥឡូវខ្ញុំទុកឡានចោលជាង១ខែហើយ ខ្ញុំខ្ជិលបង បើរត់អត់ចំណេញផង»។
មិនខុសពីលោកបណ្ឌិតនោះទេ អាជីវករម្នាក់ទៀត លោក ផាន់ សុផាត់ អាយុ៣៣ឆ្នាំ រស់ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹងដែរបានរៀបរាប់ថា លោកកំពុងដាក់ឡានលក់ផងដែរ។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំទុកចោលបង មិនដឹងរត់មិនកើត បើរត់អត់រួចថ្លៃប្រេងផង។ ខ្ញុំកំពុងដាក់លក់តែគេឱ្យថោកពេក វាខាតច្រើនពេកខ្ញុំទុកចោលសិន ក្រែងលបានថ្លៃគួរសមខ្ញុំលក់ហើយបង»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានពន្យល់ប្រាប់CCIMថា មូលហេតុដែលប្រេងនៅតែបន្ដឡើងថ្លៃនេះ ដោយសារតែបញ្ហាសេដ្ឋកិច្ចពិភពលោក ជាពិសេសបញ្ហាជម្ងឺកូវីដ១៩ផ្ទាល់តែម្ដង ដែលជាហេតុធ្វើមានបញ្ហាទាំងអស់នេះកើតឡើង។ យ៉ាងណាក្តីលោកថា ក្រសួងពាណិជ្ជកម្មក៏បានខិតខំប្រឹងប្រែងទប់ស្កាត់ដែរ ប៉ុន្ដែវាទៅតាមលទ្ធភាពរបស់ក្រសួង ពីព្រោះប្រេងឥន្ធនៈដែលផ្គត់ផ្គង់នៅកម្ពុជាសព្វថ្ងៃនេះ គឺនាំចូលមកពីក្រៅប្រទេស។
លោកបន្ដថា៖ «បើផលិតខ្លួនឯងបាន យើងអាចកំណត់តម្លៃឡើងចុះបាន ប៉ុន្ដែនេះយើងទិញមកពីស្រុកគេ ដើម្បីយកមកផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋដែលបានប្រើប្រាស់»។
បើតាមប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានចាត់ទុកថា បញ្ហាប្រឈមរបស់បងប្អូនអ្នករកស៊ីដឹកដី ដឹកថ្ម ដឹកខ្សាច់ ដែលបានលើកឡើងមកនេះ គឺជារឿងត្រឹមត្រូវ។ លោកបានផ្តល់អនុសាសន៍ថា អ្នកប្រកបរបររកស៊ីដឹកដី ថ្ម ខ្សាច់ ទាំងអស់ គួរតែប្រមូលផ្ដុំគ្នាចងក្រងជាសហជីពឬក៏សមាគមមួយឡើង ដើម្បីចចារជាមួយក្រុមដឹកឬក៏ជាមួយអាជ្ញាធរ។
លោកបានសង្កត់ធ្ងន់ថា៖ «ជាយោបល់ខ្ញុំបងប្អូនគួរតែប្រមូលផ្ដុំគ្នាចងក្រងជាសហជីពឬក៏សមាគមអីមួយ ដើម្បីឱ្យមានលទ្ធភាពក្នុងការចចារជាមួយក្រុមហ៊ុនឬអាជ្ញាធរ ដើម្បីជាដំណោះស្រាយល្អមួយ។ ហើយរឿងប្រេងឥន្ធនៈ អាជ្ញាធរក៏គិតគូរផងដែរ ដើម្បីកុំឱ្យពួកគាត់ជួបបញ្ហាប្រឈមដូច្នេះបន្ដទៀតអី គួរតែរកវិធីដោះស្រាយសមស្របណាមួយសម្រាប់បងប្អូនអ្នករកស៊ីដឹកដីថ្មខ្សាច់»។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១១ ខែសីហា បានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ គឺសាំងធម្មតាតម្លៃ ៤ ៦៥០ក្នុង១លីត្រ ប្រេងម៉ាស៊ូតតម្លៃ ៥ ០០០ រៀលក្នុង១លីត្រ។
កាលពីថ្ងៃទី១ ខែកក្កដាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំការយោគយល់ពីសំណាក់ប្រជាជនដែលកំពុងរងផលប៉ះពាល់ដោយសារតែប្រេងឥន្ធនៈបន្តឡើងថ្លៃនេះ។ លោកនាយយរដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា បញ្ហាប្រេង និងឧស្ម័នឡើងថ្លៃ គឺជះផលប៉ះពាល់ដល់ពិភពលោកទាំងមូលមិនមែនតែពលរដ្ឋកម្ពុជានោះទេ ដោយសារតែបញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន៕
————————–
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន