កម្មករ–កម្មការិនីជាង៧០០នាក់បម្រើការងារ យីដា មេនូហ្វេកធឺរើ ខូអិលធីឌី ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល បានទាមទាទៅថៅកែឱ្យកំណត់ថ្ងៃព្យួរកិច្ចសន្យាការងារឱ្យបានច្បាស់លាស់ និងបង្ហាញពីអត្ថប្រយោជន៍ផ្សេងៗដែលពួកគេត្រូវទទួលបានក្នុងអំឡុងពេលព្យួរការងារ ក្រោយរោងចក្រនេះ ត្រូវបានភ្លើងឆាប់ឆេះកាលពីខែមុន។
រោងចក្រ យីដា ត្រូវអគ្គីភ័យឆាបឆេះកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ហើយសង្វាក់ផលិតកម្មត្រូវបានបិទ និងកម្មករត្រូវបានព្យួរការងារបណ្តោះអាសន្ន ដោយកម្មករ អះអាងថា ការព្យួរការងារ ឬការឈប់ការសម្រាករបស់ក្រុមកម្មករនោះ គឺថៅកែមិនបានជូនដំណឹងច្បាស់លាស់ពីការចូលធ្វើការងារវិញ និងអត្ថប្រយោជន៍ផ្សេងៗ ដែលពួកគេត្រូវទទួលបាននោះទេ។
លោក ព្រុំ សារ៉ាត់ ជាតំណាងកម្មករនៅក្នុងរោងចក្រ យីដា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមកម្មករនៅថ្ងៃទី១ ខែកុម្ភៈនេះ បានចូលទៅក្នុងក្រុមហ៊ុន ដើម្បីទាមទារទៅថៅកែឱ្យកំណត់ឱ្យបានច្បាស់លាស់ពីការឈប់សម្រាក និងអត្ថប្រយោជន៍ដែលពួកគេត្រូវទទួលបាន។
តំណាងកម្មកររូបនេះបន្តថា មូលហេតុដែលកម្មករទាមទាបែបនេះ គឺដោយសារពួកគេមិនចង់រងចាំយូរ និងម្យាងទៀតដើម្បីងាយស្រួលពួកគេទៅរកការងារថ្មីធ្វើបន្តទៀត ខណៈជីវភាពរបស់ពួកគេកំពុងជួបការលំបាក។
លោកលើកឡើងថា៖ «ក្រុមហ៊ុនអត់មានការងារឱ្យគាត់ធ្វើចាប់តាំងពីថ្ងៃមានបញ្ហា [ភ្លើងឆេះរោងចក្រ ] ចាប់តាំងពីថ្ងៃទី១៨ [ខែមករាឆ្នាំ២០២៤] ដល់ថ្ងៃ៣១ [ខែមករាឆ្នាំ២០២៤] ក្រុមហ៊ុនគិតឱ្យគាត់៥០ភាគរយ។ ចឹងចាប់ពីថ្ងៃទី១ខែ២ទៅគាត់អត់ដឹងថា គាត់ត្រូវឈប់ប៉ុន្មានថ្ងៃទៀតទេ? ហើយអត្ថប្រយោជន៍គិតឱ្យគាត់មិច [….] ព្រោះក្រុមហ៊ុនអត់មានបញ្ជាក់កន្លែងហ្នឹងឱ្យច្បាស់លាស់ទេ។ ហើយអ្វីដែលសរសេរដោយក្រុមហ៊ុន គឺអត់មានលីខិតពីក្រសួងទេ » ។
តំណាងកម្មករម្នាក់ទៀតលោក វង្ស វុត្ថា ឱ្យដឹងថា ការប្រមូលផ្តុំទាមទារចម្លើយរបស់ក្រុមកម្មករនេះ គឺភាគីរោងចក្រមិនបានផ្តល់ឆ្លើយតបនោះទេ ដែលធ្វើឱ្យក្រុមកម្មករមានការខកចិត្តជាខ្លាំង។
លោកលើកឡើងថា៖ « គាត់ [ក្រុមហ៊ុន] អត់បានឆ្លើយតបផង។ គាត់ប្រាប់ថាព្យួរ២ខែ។ ហើយចាំមើលលិខិតពីក្រសួងមកព្រោះអត់មានតែលិខិតណាមួយផង។ គាត់សរសេរដោយដៃទទេ។ អត់មានលីខិតចេញពីក្រសួងណាមក »។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីតំណាងរោងចក្រ យីដា មេនូហ្វេកធឺរើ ខូអិលធីឌី បាននៅថ្ងៃនេះ ។
ប្រធានមន្ទីរការងារខេត្តកណ្ដាលលោក ធុល នាង មានប្រសាសន៍ថា ក្រុមការងាររបស់មន្ទីរបានប្រជុំរកដំណោះស្រាយ និងបានធ្វើកំណត់ហេតុរួចរាល់អស់ហើយជាមួយសហជីព និងភាគីក្រុមហ៊ុន។ លោកថា កម្មករដែលព្យួរការងារក្នុងម្នាក់ទទួលបានប្រាក់ឈ្នួល៥០ដុល្លានៅក្នុងមួយខែ។
លោកលើកឡើងថា៖ « បានប្រជុំអស់ហើយតើ បានចូលរួមអស់ហើយតើសហជីពស៊ីខៅឌូគាត់បានចូលរួមប្រជុំគាត់ដឹងតើគាត់មិនមែនមិនដឹងណា។ប្រជុំមានតំណាងកម្មករនិយោជិតប្រចាំរោងចក្រយីដាទាំងអស់មកចូលរួម ប្រតិភូបុគ្គលឹក។អាប់ឡូតឯកសារចូលទៅក្នុងប្រពន្ធអស់ហើយតើ។ នៅតែក្រសួងគេចេញសេចក្ដីសម្រេចមកតើ»។
ប្រធានសម្ព័ន្ធសហជីពប្រជាធិតេយ្យកម្មករកាត់ដេរកម្ពុជា(ស៊ីខៅឌូ)លោក គង់ អាទិត្យ មានប្រសាសន៍ថា សហជីពដែលតំណាងឱ្យកម្មករបានចចារគ្នាជាមួយខាងក្រសួង និងក្រុមហ៊ុនរួចហើយ និងបានព្រៀមព្រៀងគ្នា ដោយភាគីក្រុមហ៊ុនយល់ព្រមផ្ដល់ប្រាក់៥០ភាគរយទៅឱ្យកម្មករអំឡុងពេលព្យួរការងារ ។
ប៉ុន្តែលោក គង់ អាទិត្យ អះអាងថា ឥឡូវនេះភាគីខាងក្រុហ៊ុនមិនព្រមបង់លុយ៥០ភាគរយឱ្យទៅកម្មករតាមកិច្ចសន្យានោះទេ ដោយលើកហេតុផលថា ក្រុមមហ៊ុនរងគ្រោះដោយសារភ្លើងឆេះរោងចក្រ។
មេសហជីពរូបនេះយល់ថា ការឆេះរោងចក្រនេះ គឺជាការធ្វេសប្រហែសរបស់ក្រុមហ៊ុន ហើយថា ការដែលក្រុមហ៊ុនមិនគោរពទៅតាមកិច្ចសន្យានោះ បានធ្វើឱ្យប៉ះពាល់ដល់ជីភាពកម្មករជាខ្លាំង ដូចជាខ្វះលុយសម្រាប់ចំណាយទៅលើម្ហូបអាហារប្រចាំថ្ងៃ បង់ថ្លៃផ្ទះជួល ទឹកភ្លើង និងដោះស្រាយបំណុលធនាគារជាដើម។
លោក គង់ អាទិត្យ បន្តថា ករណីនេះវាអយុត្តិធម៌ចំពោះកម្មករណាស់ ដោយសារបញ្ហាកើតឡើងនេះ ជាកំហុសរបស់ថៅកែ ប៉ុន្តែកម្មករជាអ្នករងទុក្ខលំបាកទៅវិញ។
លោកលើកឡើងថា៖ « ខ្ញុំយល់ឃើញថាក្រុមហ៊ុនគួតែពិចារណាឡើងវិញ សហជីពស៊ីខៅឌូគឺយើងបានយោគយល់ហើយដឹងថាក្រុមហ៊ុនមានបញ្ហាហើយបានយើងទទួលយក៥០ភាគរយហ្នឹង ហើយក្រុមហ៊ុននៅតែចង់ទាមទាទម្លាក់អត់ចង់ឱ្យ៥០ភាគរយហ្នឹងទៀត។[ក្រុមហ៊ុន ]គាត់ចង់ចំណាយតិច គាត់ថាពេលហ្នឹងគាត់រងគ្រោះថាយើងទាច្រើនគាត់រង់គ្រោះហើយ» ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកទុកសារធាតុគីមីសម្រប់បោកគក់របស់រោងចក្រ យីដា មេនូហ្វេកធឺរើ ខូអិលធីឌី។ នៅក្នុងហេតុការអគ្គីភ័យនោះ បានបណ្តាលឱ្យកម្មការីនី១នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ និងកម្មករ១៥នាក់ផ្សេងទៀតបានរងរបួសស្រាល។
បើតាមកម្មករ រោងចក្រ យីដា ជារោងចក្រផលិតខោ ខៅប៊យ និងមានថៅកែជាជនជាតិចិន ហើយដើមឡើយរោងចក្រនេះមានកម្មករបម្រើការងារជិត១០០០នាក់៕
……………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វត្ថា