នៅទីបំផុត តុលាការខេត្តកណ្ដាលបានសម្រេចទម្លាក់ចោលការចោទប្រកាន់លើពលរដ្ឋមានជម្លោះដីធ្លីនៅសេសសល់៩នាក់ឱ្យមានសេរីភាពវិញ ពាក់ព័ន្ធនឹងការតវ៉ាមួយក្នុងបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុនព្រលានយន្ដហោះថ្មី (OCIC) ដែលធ្វើឱ្យមានការប៉ះទង្គិចគ្នារវាងពលរដ្ឋមានជម្លោះដីធ្លី និងកងកម្លាំងខេត្តកណ្ដាល។
មេធាវីការពារក្ដីឱ្យពលរដ្ឋមានជម្លោះដីធ្លី អ្នកស្រី សាម សុគន្ធា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការសម្រេចទម្លាក់បទចោទរបស់តុលាការមកលើកូនក្ដីទាំងអស់នេះ គឺធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
មេធាវីការពារក្ដីរូបនេះចាត់ទុកថា ការសម្រេចទម្លាក់ចោលបទចោទប្រកាន់នេះ គឺជាការផ្ដល់យុត្ដិធម៌មួយដល់ពលរដ្ឋ ដែលកំពុងប្រើប្រាស់សិទ្ធិទាមទារសិទ្ធិស្របច្បាប់លើបញ្ហាដីធ្លីរបស់ពួកគេ។
មេធាវីរូបនេះបន្ដថា៖ «តុលាការបានសម្រេចទម្លាក់បទចោទនេះ គឺបានផ្ដល់យុត្ដិធម៌លើសំណុំរឿងនេះ ហើយកូនក្ដីខ្ញុំមិនបានប្រព្រឹត្ដខុសអ្វីឡើយ»។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ដែលរួចផុតការចោទប្រកាន់នេះ លោក សយ រ៉ា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកសប្បាយចិត្ដចំពោះការសម្រេចរបស់តុលាការខេត្ដកណ្ដាល ដែលផ្ដល់សិទ្ធិសេរីភាពដល់រូបលោកវិញ។ យ៉ាងណាមិញ លោកនៅតែមានការព្រួយបារម្ភពីបញ្ហាជីវភាព ពីព្រោះដីស្រែចម្ការរបស់គាត់មិនទាន់ទទួលបានដំណោះស្រាយសមរម្យ និងអាចទទួលយកបាននៅឡើយ។
លោក សយ រ៉ា បន្ដថា៖«ការសម្រេចថ្ងៃនេះ ពួកខ្ញុំសប្បាយចិត្ដណាស់។ តែខ្ញុំចង់ឱ្យមានការតម្លើងថ្លៃដីពួកខ្ញុំឱ្យបានថ្លៃជាងនេះ ដើម្បីពួកខ្ញុំអាចទៅទិញនៅកន្លែងផ្សេងបាន»។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ មានការប៉ះទង្គិចគ្នាមួយរវាងកងកម្លាំងខេត្តកណ្ដាល និងប្រជាពលរដ្ឋមានជម្លោះដីធ្លី ដោយមានការបាញ់ទឹក និងគ្រាប់បែកផ្សែងនៅចំណុចភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ពាក់ព័ន្ធនឹងការតវ៉ាបញ្ហាដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី។
ក្នុងការប៉ះទង្គិចគ្នានាពេលនោះ កម្លាំងសមត្ថកិច្ចប្រមាណ ៣០០នាក់ ដែលប្រដាប់ដោយខែល និងដំបង បានប្រើហិង្សាទៅលើពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១០០នាក់ ដែលបណ្ដាលឱ្យមានអ្នករងរបួស និងការចាប់ខ្លួនពលរដ្ឋជិត៣០នាក់ និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំទាំងអស់។ ក្នុងនោះ ពលរដ្ឋ៩នាក់ត្រូវបានតុលាការខេត្តកណ្ដាលចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ច ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យរារាំងមន្ត្រីសាធារណៈ។
ពលរដ្ឋម្នាក់ទៀតដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ជម្លោះដីធ្លីនេះ កញ្ញា ឌុក ស៊ីណាត រីករាយចំពោះការសម្រេចរបស់តុលាការនេះ ប៉ុន្ដែកញ្ញាបានបាត់ឱកាសមិនអាចចេញទៅធ្វើការងារនៅក្រៅប្រទេសបាន ដោយសារបណ្ដឹងរបស់តុលាការនេះ។
កញ្ញា ឌុក ស៊ីណាត បន្ដថា៖«ខ្ញុំមានការសប្បាយចិត្ដចំពោះការសម្រេចនេះ ខ្ញុំមានសេរីភាពវិញហើយ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សាទរចំពោះការសម្រេចនេះ។ លោកថា យ៉ាងហោចណាវាបានផ្ដល់គម្រូ និងភាពយុត្ដិធម៌ជូនពលរដ្ឋ ដែលរងគ្រោះដោយបញ្ហាដីធ្លី។ ប៉ុន្ដែលោកថា អាជ្ញាធរមិនគួរប្រើប្រព័ន្ធតុលាការ ដើម្បីចាប់ចង ឬដាក់ទោសពលរដ្ឋដែលកំពុងប្រើសិទ្ធិស្របច្បាប់របស់ពួកគេនោះទេ។
លោក អំ សំអាត មានប្រសាសន៍ថា៖«យើងមានការសប្បាយចិត្ដក្នុងនាមជាសង្គមស៊ីវិល។ យើងសុំឱ្យអាជ្ញាធរបន្ដដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានបញ្ចប់ក្នុងពេលឆាប់ៗ ជៀសវាងទុកបញ្ហាដ៏រ៉ាំរ៉ៃនេះបន្ដទៀត»។
ក្នុងសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន១៨ បានស្នើឱ្យរាជរដ្ឋាភិបាលពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ពលរដ្ឋក្នុងខេត្ដកណ្ដាល និងខេត្ដតាកែវដែលមានជម្លោះ និងក្រុមហ៊ុនព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី ដើម្បីបង្ហាញពីសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋក្នុងនាមជាម្ចាស់កម្មសិទ្ធិស្របច្បាប់៕
—————————
ពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្ដាល លោក ឃាង សុខមាន