របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
សកម្មជនដីធ្លីម្នាក់មកពីភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំមិនរំពឹងទទួលបានយុត្តិធម៌ឡើយ បើទោះជាលោកបានដាក់ពាក្យបណ្តឹងប៉ុស្តិ៍ នគរបាល ដើម្បីស្វែងរកជនដៃដល់៣នាក់ ដែលព្រួយវាយលោកពេលមកចូលរួមសិក្ខាសាលាមួយនៅក្នុងទីក្រុងភ្នំពេញកាលពីសប្តាហ៍មុនក្តី។
សកម្មជនដីធ្លី និង ជាជនរងគ្រោះ លោក ហឿន ស៊ីនាថ បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ កាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ ប៉ុន្តែលោកហាក់គ្មានសង្ឃឹមថា អាជ្ញាធរនឹងមានចំណាត់ការលើជនដៃដល់ឡើយ ព្រោះរឿងនេះហាក់ស្ងាត់ឈឹង។ លោកមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារលោកជាសកម្មជនដីធ្លី និងធ្វើសកម្មភាពច្រើន។
លោកថា៖ «ខ្ញុំមានការព្រួយបារម្មណ៍ដែរ ព្រោះដើរច្រើនដែរ ក្រែងមានអ្នកមកវៃដូចថ្ងៃមុនទៀត។ ស្នើសុំអាជ្ញាធរ និងនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារដើម ជួយជម្រុញកំណត់មុខសញ្ញាជនបង្ករ ខ្លាចមានបញ្ហាថ្ងៃក្រោយទៀត»។
សកម្មជនដីធ្លីម្នាក់ មកពីភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក ហឿង ស៊ីនាថ ត្រូវជនមិនស្គាល់មុខវាយបណ្តាលឱ្យរងរបួសបែកមុខ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា។
លោក ហឿង ស៊ីនាថ បានរៀបរាប់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកត្រូវបានជនមិនស្គាល់មុខ៣នាក់ ជិះម៉ូតូ២គ្រឿងព្រួតវាយយ៉ាងកំរោលនិងគ្មានមូលហេតុនៅម្តុំបឹងត្របែក ខណៈលោក និងមិត្តភ័ក្ដិ ២នាក់ទៀត បានដើរទៅរកទិញអាហារបរិភោគពេលល្ងាច។
លោក ហឿង ស៊ីនាថ ជាសកម្មជនដីធ្លីមកពីភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានមកចូលរួមវេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) ឆ្នាំ២០២២ ដែលរៀបចំដោយក្រុមអង្គការសង្គមស៊ីវិលប្រមាណជាង ២០ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្ដីពី «ការពារលំហពលរដ្ឋប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីសមធម៌ និងយុត្តិធម៌នៅកម្ពុជា»។ លោកធ្លាប់ជាប់ពន្ធនាគារកាលពីខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធនិងការធ្វើឱ្យខូចខាតដោយចេតនាជាមួយក្រុមហ៊ុនឯកជនមួយនៅក្នុងខេត្តត្បូងឃ្មុំ។
លោកបានរៀបរាប់ថា ពេលលោកចេញពីសិក្ខាសាលាដែលធ្វើឡើងនៅឯភោជនីយដ្ឋានទន្លេបាសាក់ ស្ថិតនៅក្នុងខណ្ឌចំកាមនទៅផ្ទះសំណាក់ បាននាំគ្នាទៅរកកន្លែងហូបបាយ។ បន្ទាប់ពីហូបបាយរួច លោកនិងមិត្តភក្តិ ក៏ត្រឡប់មកផ្ទះសំណាក់វិញ ដោយមានគ្នារួមដំណើរចំនួន៣នាក់ជាសកម្មជនដីធ្លីដូចគ្នា។
លោកបានបន្ថែមទៀតថា៖ «ក្រោយពីមកផ្ទះសំណាក់ ចុះពីលើ Passap ក្នុងចំណោមគ្នាបីនាក់ មានម្នាក់គាត់ចង់ហូបគុយទាវ រីឯលោកបានដើរទៅរកទិញដូង ដើម្បីផឹក ប៉ុន្តែក្រឡែកឃើញមនុស្សបីនាក់ ជិះម៉ូតូពីរគ្រឿង ដោយស្រែកថា អានេះឌឺ អានេះឌឺ ហើយចុះពីលើម៉ូតូហើយវាយមកលើខ្ញុំតែម្តង ដោយមិនដឹង និងមិនស្គាល់ ហើយមិនមានគំនុំគុំគួនដែរ សង្ស័យថា ច្រឡំ ឬយ៉ាងណាក៏មិនដឹង ព្រោះខ្ញុំជាសកម្មជនដីធ្លី»។
នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ លោក សូ សំបាន មានប្រសាសន៍ថា លោកមិនទាន់បានទទួលបានបណ្ដឹងពីជនរងគ្រោះនៅឡើយទេ ដោយសារលោករវល់មកធ្វើការងារខាងក្រៅ។ ប៉ុន្តែលោកថា ប្រសិនជាមានពាក្យបណ្ដឹង សមត្ថកិច្ចរបស់លោកមិនព្រងើយកន្តើយ ឡើយក្នុងការធ្វើកិច្ចការងារនេះ។
លោកបន្ថែមថា៖ «តែមានពាក្យបណ្តឹង យើងនឹងមានវិធានការហើយ។ប៉ុន្តែឥលូវ ខ្ញុំកំពុងរវល់ប្រមូលផ្ដុំក្មេងអនាថានៅបឹងត្របែក»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC លោក ថេង សាវឿន បានឱ្យដឹងថា ជនមិនស្គាល់មុខ៣នាក់ ជិះម៉ូតូ២គ្រឿងមកព្រួតវាយទៅលើលោក ហឿន ស៊ីនាថ សកម្មជនដីធ្លី ខេត្តត្បូងឃ្មុំ។ លោកថា ការប្រើប្រាស់ហឹង្សារនេះធ្វើឡើងនៅម្ដុំផ្ទះសំណាក់បឹងត្របែក សង្កាត់ផ្សារដើមថ្កូវ។
លោកក៏បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM បន្ថែមដោយចាត់ទុកថា ការអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាពក្នុងមូលដ្ឋាន ហាក់មានការធូរលុង និងមិនមានចំណាត់ការចំពោះបុគ្គលជាអ្នកប្រព្រឹត្ត និងហាក់ពុំបានយកចិត្តទុកដាក់អន្តរាគមន៍វែកមុខជនល្មើសឱ្យបានរហ័សនោះឡើយ។
លោកបានអំពាវនាវថា៖ «ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរធ្វើការស្រាវជ្រាវចាប់ជនបង្ករហេតុឱ្យមកទទួលខុសត្រូវតាមច្បាប់»។
យោងតាមវីដេអូឃ្លីបដែលបង្ហោះដោយលោក ថេង សាវឿន បានបង្ហាញពីភិនភាគរបស់ជនដីដល់មានគ្នា៣នាក់ ជិះម៉ូតូពីរគ្រឿង បានចុះមកព្រួតវាយលើលោក ហឿន ស៊ីនាថ រួចក៏ឡើងជិះម៉ូតូចេញទៅវិញ ហើយជនសង្ស័យម្នាក់បានចង្អុលមុខអ្នកដែលបានឃើញហេតុការណ៍ខាងលើនេះកុំឱ្យជួយថែមទៀតផង៕
…………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ហ៊ួត គឹមហ៊ាត