របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMកាលពីពេលថ្មីៗនេះថា អាជ្ញាធរមិនបានហាមឃាត់ប្រជាពលរដ្ឋដែលមានបំណងឡើងទៅដាក់ញត្ដិនៅទីក្រុងភ្នំពេញកាលពីពេលថ្មីៗនេះឡើយ។ លោកថា ការហាមឃាត់នេះគ្រាន់តែមិនឱ្យមានបញ្ហាអសន្ដិសុខនិងសណ្ដាប់ធ្នាប់សាធារណៈប៉ុណ្ណោះ។
លោក វ៉ី សំណាងបានសង្កត់ធ្ងន់ថា៖ «អាអូនគិតមើល គ្រាន់តែឡើងដាក់ញត្ដិឱ្យបីបួននាក់ទៅដាក់ទៅ ចាំបាច់អីត្រូវទៅរាប់រយនាក់ចឹង វាអត់ត្រូវ ហើយវាខូចសណ្ដាប់ធ្នាប់សាធារណៈទៀត»។
គួរំលឹកជូនថា កាលពីព្រឹកថ្ងៃទី០៦ កញ្ញាកន្លងទៅនេះ ប្រជាសហគមន៍ដែលរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនអ្នកមានអំណាចនៅក្នុងជួររដ្ឋាភិបាលចំនួន៣សហគមនៅខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធររារាំងដំណើរមិនឱ្យធ្វើដំណើរមកភ្នំពេញ ដើម្បីដាក់ញតិ្តសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងខុន្ទការល័យនាយករដ្ឋមន្រ្តីឡើយ។
ប្រជាសហគមន៍មកពីខេត្តកំពង់ស្ពឺ អ្នកស្រី មុំ សូភី តំណាងសហគមន៍រស្មីសាមគ្គី ខេត្តកំពង់ស្ពឺ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបានមករាំងផ្លូវមិនឱ្យអ្នកស្រីធ្វើដំណើរមកដាក់ញត្តិនៅភ្នំពេញឡើយ។
អ្នកស្រីបន្តថា គោលបំណងដែលសហគមន៍របស់អ្នកស្រីធ្វើដំណើរមកភ្នំពេញ គឺដើម្បីជុំគ្នាស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជួយដោះស្រាយវិវាទដីធ្លីដ៏រាំរ៉ៃនេះជូនពួកគេ។
យ៉ាងណាមិញ អ្នកស្រីចាត់ទុកថា ការរារាំងពលរដ្ឋធ្វើដំណើរមកដាក់ញត្តិនេះ គឺជាការបំបិទសិទ្ធិមូលដ្ឋាន និងសិទ្ធិបញ្ចេញមតិ ដែលអ្នកស្រីមិនអាចទទួលយកបានទេ។
អ្នកស្រីថា៖ «គាត់ [អាជ្ញាធរ] ស្លៀកពាក់ជាស៊ីវិលក៏មាន ឯកសណ្ឋានក៏មាន រារាំងនៅមុខវត្តធម៌ត្រៃតាមផ្លូវ»។
អ្នកស្រីបន្តថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាជាការរឹតត្បិតសេរីភាពពលរដ្ឋ ក្នុងការបញ្ចេញមតិ តស៊ូមតិរឿងដីធ្លី»។
អ្នកស្រីសូភី បានសម្ដែងការខកចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ច ខណៈអាជ្ញាធរមានតួនាទីបម្រើប្រជាជន ប៉ុន្តែករណីនេះ អ្នកស្រីឃើញអាជ្ញាធររារាំងប្រជាជនដែលរងគ្រោះដីធ្លីមិនឱ្យទាមទាររកយុត្តិធម៌ទៅវិញ។
អ្នកស្រីអះអាងថា៖ «ពួកខ្ញុំបាត់បង់ដីធ្លីជាមួយឧកញ៉ា ចឹងអាជ្ញាធរហ្នឹងកាងឧកញ៉ា គាត់បម្រើឧកញ៉ា គាត់គួរតែការពារប្រជាជន»។
ពលរដ្ឋរូបនេះបញ្ជាក់ថា ការដាក់ញត្តិសុំកិច្ចអន្តរាគមន៍ជុំវិញវិវាទដីធ្លីជាមួយឧកញ៉ា លី យ៉ុងផាត់ គឺច្រើនរាប់មិនអស់ តែមិនដែលឃើញក្រសួងពាក់ព័ន្ធជួយដោះស្រាយឡើយ។
តំណាងសហគមន៍ត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក សឹង សុខុម បានប្រាប់ CCIM ដែរថា ការធ្វើដំណើរឡើងទៅទីក្រុងភ្នំពេញកន្លងមក គឺប្រើប្រាស់រថយន្ដចំនួន២១គ្រឿង ដោយក្នុង១គ្រឿងមានគ្នាចាប់១៨នាក់ដល់២០នាក់។ ក៏ប៉ុន្តែលោកថា ប្រជាសហគមន៍ខេត្តកំពង់ស្ពឺដែលបាននាំគ្នាឡើងមកដាក់ញត្ដិនៅក្រសួងនានា កាលពីថ្ងៃទី៦ ខែកញ្ញាកន្លងទៅនេះ ត្រូវបានអាជ្ញាធររារាំងនិងទប់ស្កាត់នៅមូលដ្ឋានខ្លះ និងនៅម្ដុំស្រុកឧត្តុងខ្លះ។
តំណាងរូបនេះបន្ដថា៖ «ម្សិលមិញត្រូវឡើងដាក់ញត្ដិច្រើននាក់ណាស់ ប៉ុន្ដែអាជ្ញាធរគេឃាត់មិនឱ្យឡើងមក។ ឡានដែលត្រូវឡើងមកមាន២៣គ្រឿង ប៉ុន្ដែមករួចបានតែ២គ្រឿងទេ សល់ប៉ុន្មានគេកាក់ជាប់ខ្លះនៅមូលដ្ឋាន ខ្លះទៀតនៅជិតឧត្ដុង គេកាក់សឹងតែគ្រប់កន្លែង ខ្ញុំមិនដឹងគេគិតម៉េចទេ»។
បើតាមអ្នកសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរធ្វើការរារាំងពលរដ្ឋក្នុងការបញ្ចេញមតិ នោះស្ដែងឱ្យឃើញថា នីតិរដ្ឋរបស់កម្ពុជាដើរថយក្រោយ។
លោកថា៖ «ការធ្វើបែបនេះ វាធ្វើឱ្យនីតិរដ្ឋយើងដើរថយក្រោយ វាប៉ះពាល់ទៅដល់សិទ្ធិរបស់គាត់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ វាខុសជាមួយសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ»។
អ្នកសម្របសម្រួលរូបនេះបន្ដអះអាងថា សកម្មភាពប្រមូលផ្តុំតវ៉ា និងដាក់ញត្តិរបស់ពលរដ្ឋធ្វើឡើងស្របតាមច្បាប់ធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដូច្នេះ អាជ្ញាធរគួរតែរកមធ្យោបាយសម្របសម្រួល ដើម្បីរកដំណោះស្រាយដើម្បីបញ្ចប់វិវាទដីធ្លីឱ្យបានឆាប់ ប្រសើរជាការរារាំង ពលរដ្ឋដែលរងគ្រោះទាំងនោះ។
ជុំវិញបញ្ហានេះ លោក នី សុខា ប្រធានសមាគមអាដហុក បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «គ្រប់សកម្មភាពរារាំងប្រជាពលរដ្ឋឡើងមកដាក់ញតិស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលដើម្បីជួយដោះស្រាយបញ្ហា គឺជាការរំលោភបំពានគោលការណ៍សិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ»។
ហើយលោកក៏បានបន្ថែមទៀតថា អាជ្ញាធរថ្នាក់ជាតិគួរតែពិនិត្យនិងពន្យល់ទៅកាន់អាជ្ញាធរមូលដ្ឋានដើម្បីឱ្យពួកគាត់មានការយល់ដឹងអំពីសិទ្ធិពលរដ្ឋដែលមានចែងអំពីសិទ្ធិសេរីភាពនិងរដ្ឋធម្មនុញ្ញ កុំឱ្យអាជ្ញាធរនៅមូលដ្ឋានចេះតែបំពានលើសិទ្ធិពលរដ្ឋដូច្នេះក្នុងការបញ្ចេញមតិដែលវាផ្ទុយពីច្បាប់ ។
លោកពន្យល់បន្ដថា៖ «យោងតាមមាត្រា៣៥នៃរដ្ឋធម្មនុញ្ញថា សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលពិនិត្យនិងដោះស្រាយយ៉ាងយកចិត្តទុកដាក់អំពីអង្គការរដ្ឋ»។
ជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនេះ មិនមែនកើតមានតែនៅក្នុងខេត្តកំពង់ស្ពឺនោះទេ វាថែមទាំងបានកើតមាននៅខេត្តមួយចំនួនទៀត រួមមាន ខេត្តកោះកុង និងខេត្តព្រះវិហារផងដែរ។ ជម្លោះជាច្រើនផ្សេងទៀត នៅបន្តជាប់គាំង និងជាញឹកញយបានកើតជាការតវ៉ា ដូចករណីជម្លោះដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺនេះ ដោយសារកង្វះយន្តការដោះស្រាយជម្លោះជាលក្ខណៈប្រព័ន្ធ។ នេះបើយោងតាមក្រុមសង្គមស៊ីវិល ដែលតាមដានអង្កេតជម្លោះដីធ្លីក្នុងឧស្សាហកម្មស្ករអំពៅ។
ដោយឡែកមិនត្រឹមតែខេត្តកំពង់ស្ពឺមួយនោះទេ ចំណែកឯពលរដ្ឋប្រមាណមួយរយនាក់ ដែលតំណាងឲ្យពលរដ្ឋ ៨៤៣គ្រួសារ អះអាងថា ដីស្រែ ដីចម្ការរបស់ពួកគាត់ ត្រូវបានក្រុមហ៊ុន កោះកុងស៊ូហ្គើរ (Koh Kong Sugar) និង ក្រុមហ៊ុន កោះកុងផ្លេនថេសិន (Koh Kong Plantation) របស់លោក លី យ៉ុងផាត់ បានយកគ្រឿងចក្រមកឈូសឆាយរឹបអូសយកដីពលរដ្ឋតាំងពីឆ្នាំ២០០៦ សរុប ១.៧២៧,៦ ហិកតារ តែមកទល់ពេលនេះពលរដ្ឋមិនទាន់បានទទួលសំណងសមរម្យពីក្រុមហ៊ុនទាំងពីរនោះទេ។ កន្លងមកពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានដាក់បណ្ដឹងទៅសាលាខេត្តកោះកុង ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ឲ្យពួកគាត់ ប៉ុន្តែបែរជាត្រូវមន្ត្រីអាជ្ញាធរខេត្តប្ដឹងបកមកប្រជាពលរដ្ឋវិញ ក្នុងនោះមានពលរដ្ឋទាំងអស់ ១៦នាក់ ដែលត្រូវជាប់បណ្ដឹងក្នុងតុលាការ ក្រោមបទចោទ «បង្កចលាចល និងធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ» ការចោទប្រកាន់នេះ ធ្វើឲ្យពលរដ្ឋយល់ថា ពួកគាត់បានរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល៕
………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល លោក ឃាង សុខមាន