អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានអះអាងថា ការប្រើប្រាស់ប្រព័ន្ធតុលាការមិនអាចរារាំងពួកគេក្នុងការតវ៉ាទាមទាររកដំណោះស្រាយជាមួយក្រុមហ៊ុនបានឡើយ ដោយពួកគេបានចាត់ចំណាត់ការរបស់តុលាការនេះថាទុកជាគំរាមកំហែង។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ឈឹម សុខន អាយុ៣៣ឆ្នាំ ជាអតីតបុគ្គលិកក្រុមហ៊ុនល្បែងមួយនេះអស់រយៈពេលជិត២០ឆ្នាំដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ប៉ុន្តែទោសទាំងនោះត្រូវព្យួរឱ្យស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ។
អ្នកស្រីឱ្យដឹងថា កាលពីថ្ងៃអង្គារ៍ម្សិលមិញថា បើទោះបីជាតុលាការក្រុងភ្នំពេញកាត់ទោសអ្នកស្រី កញ្ញា ឈឹម ស៊ីថរ និងអ្នកពាក់ព័ន្ធផ្សេងទៀតក្តី ប៉ុន្តែក៏សកម្មភាពតវ៉ាទាមទារស្វែងរកដំណោះស្រាយពីក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្ដឥតឈប់ឈរ។
អ្នកស្រីបានចាត់ទុកការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការកន្លងមកថា អាជ្ញាធរ និងក្រុមហ៊ុនមិនបានព្យាយាមដោះស្រាយដោយត្រឹមត្រូវ និងស្របច្បាប់នោះទេ ដោយអ្នកពាក់ព័ន្ធទាំងនោះបែរជាព្យាយាមគេចវេស និងបិទសិទ្ធិសេរីភាពរបស់កូដករដែលមានចែងក្នុងច្បាប់ស្ដីច្បាប់កូដកម្ម និងបំបិទសិទ្ធិមនុស្សដែលទទួលស្គាល់ដោយច្បាប់ជាតិ និងអន្ដរជាតិ។
យ៉ាងណាក្ដី អ្នកស្រីបន្ដថា ការប្រមូលផ្ដុំគ្នាតវ៉ានេះគឺចង់ឱ្យខាងក្រុមហ៊ុន និងក្រសួងពាក់ព័ន្ធព្រមទទួលយកសំណើររបស់ពួកអ្នកស្រីទី១គឺព្រមទទួលយកបុគ្គលិកដែលសេសសល់ចូលធ្វើការវិញ និងទី២សម្រាប់អ្នកព្រមទទួលយកសំណងគឺត្រូវគិតគូរឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ។
អ្នកស្រីថា៖«ព្រួយរហូតមក ព្រោះយើងមើលស្ថានភាពវាមិនល្អសម្រាប់យើង ប៉ុន្ដែធ្វើមិចអូន យើងអត់មានជម្រើសអីផ្សេងក្រៅពីហ្នឹងទេ។ បើយើងអត់ទទួលបានដំណោះស្រាយផង។បុគ្គលិកបូកសរុបជិត៤០០នាក់ ប៉ុន្ដែអ្នកខ្លះគ្នាអត់មានប្រាក់ចំណូលចឹងគាត់រកការងារធ្វើសិន ប៉ុន្ដែគាត់អត់ចូលធ្វើការនៅណាហ្គាទេ។ យើងចង់ចូលធ្វើការវិញ អ្នកព្រមទទួលលុយគឺត្រូវគុណឱ្យបានត្រឹមត្រូវ។ យើងបន្ដការតវ៉ារហូតមានដំណោះស្រាយ។ ខ្ញុំចង់ឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញ រួមទាំងពួកខ្ញុំ៥នាក់ផង ពួកខ្ញុំគេ[សាលាដំបូង]ឱ្យនៅក្រៅឃុំ។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ បានផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) និង សមាជិក ៨នាក់ទៀត ឱ្យជាប់ពន្ធនាគារចន្លោះពី១ឆ្នាំទៅ២ ឆ្នាំពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា៤៩៤ នីង៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។
ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ដែលតុលាការកាត់ទោសទាំងនោះ រួមមានកញ្ញា ឈឹម ស៊ីថរ ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងសមាជិក ៥នាក់ទៀត គឺកញ្ញា ឈឹម សុខន កញ្ញា ទូច សិរីមាស លោកស្រី ឃ្លាំង សុបិន្ត លោកស្រី ស៊ុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព ឱ្យជាប់ពន្ធនាគារជាង ១ឆ្នាំកន្លះ ដោយដាក់ឱ្យស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ ចំណែកឯលោកស្រី រី សុវណ្ណឌី លោក សុខ ណារិទ្ធិ និងលោក សុខ គង្គា ក៏ត្រូវជាប់ពន្ធនាគារចំនួន១ឆ្នាំដែរ ដោយតុលាការសម្រេចព្យួរទោស។
ស្រដៀងគ្នាដែរ អ្នកស្រី ម៉ែន សិរីវឌ្ឍនៈ អាយុ៣១ឆ្នាំ និងធ្លាប់បានបម្រើការងារក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេល១០ឆ្នាំ បានបញ្ជាក់ថា ការកាត់ទោសពួកគាត់នេះមិនមែនជារឿងដែលពួកអ្នកស្រីត្រូវបញ្ឈប់សកម្មភាពតវ៉ាដោយស្រប់ច្បាប់និងសន្តិវិធីនោះទេ ប្រសិនបើដោះស្រាយវិវាទការងារមិនមាន។
អ្នកស្រីបានឱ្យដឹងទៀតថា កន្លងមកអាជ្ញាធរមិនបានព្យាយាមឈរខាងពលរដ្ឋទេ គឺតែងតែឈរខាងអ្នកមានលុយ និងមានអំណាច ទោះបីជាសកម្មភាពក្រុមហ៊ុនផ្ទុយពីច្បាប់ការងារក៏ដោយ។
អ្នកស្រីថា៖«ទោះគំរាមកំហែងតាមប្រព័ន្ធតុលាការក៏ដោយ ពួកខ្ញុំនៅតែបន្ដសកម្មភាព ព្រោះយើងទាមទារតាមច្បាប់។ ដរាបណាគ្មានដំណោះស្រាយសមរម្យឱ្យពួកខ្ញុំ ពួកខ្ញុំនៅតែបន្ដកូដកម្ម។ ពួកខ្ញុំគ្មានជម្រើសទេ ក្រៅពីហ្នឹងទេ»។
មាត្រា៣២៤ នៃច្បាប់ការងាររបស់កម្ពុជាចែងថា ការធ្វើកូដកម្មត្រូវជូន «ដំណឹង ជាមុនយ៉ាងហោចណាស់៧ថ្ងៃនៃថ្ងៃធ្វើការ» ដល់និយោជកនិងក្រសួងការងារ និង «បញ្ជាក់ឲ្យបានច្បាស់ពីការទាមទារ ដែលជាហេតុផលនៃការធ្វើកូដកម្ម នេះ»។ មាត្រា៧នៃច្បាប់បាតុកម្មកម្ពុជាក៏តម្រូវឲ្យមានការជូនដំណឹងពីមុនចំនួន ៥ថ្ងៃផងដែរ។ ប៉ុន្ដែគ្មានច្បាប់ណាមួយតម្រូវឱ្យសុំការអនុញ្ញាតពីអាជ្ញាធរនោះទេ។
ជុំវិញរឿងនេះដែរត្រូវបានអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានបញ្ជាក់យ៉ាងខ្លីនឹងCCIMថា«ខាងក្រសួងកំពុងតែគិតគូរដោះស្រាយបញ្ហាវិវាទការងាររវាងក្រុមហ៊ុន និងបុគ្គលិកណាហ្គាវ៉ើលហើយ ព្រោះតួនាទីក្រសួងគឺអ្នកសម្របសម្រួលបញ្ហានេះ »។
មាត្រា ៣២ ចែងថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត។ មាត្រានេះបញ្ជាក់ឡើងវិញថា សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិដែលបានធានា និងទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ។ ស្របនឹងគោលការណ៍នៃរដ្ឋធម្មនុញ្ញនេះ បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ក៏មានគោលដៅធានានូវសិទ្ធិរស់រានមានជីវិតរបស់កម្មករនិយោជិត។
ចំណែកឯលោក គង់ អាទិត្យ ប្រធានសហជីពស៊ីខៅឌូ បានថ្លែងថា សម្រាប់បញ្ហារបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍នេះ គឺជាបញ្ហារ៉ាំរ៉ៃមួយដែលអាជ្ញាធរគួរតែដោះស្រាយ។ លោកថា បើអាជ្ញាធរចាប់ខ្លួនតំណាងពួកគាត់ហើយ ចង់មិនចង់ពួកគាត់ត្រូវតែតវ៉ា។
លោកបានបង្ហាញដំណោះស្រាយថា ផ្លូវមានតែមួយដែលអាចបញ្ចប់បញ្ហាវិវាទនេះបាន គឺការចចារគ្នាដោយគោលនយោបាយឈ្នះៗ ទើបអាចបញ្ចប់បាន ប៉ុន្ដែវាអាស្រ័យលើអាជ្ញាធរ និងក្រុមហ៊ុនថា ព្រមប្រើវិធីហ្នឹងឬក៏អត់។
លោកថា៖«សម្រាប់ខ្ញុំគឺមានតែផ្លូវចចារទេ គ្មានផ្លូវណាអាចចេញរួចទេ។យើងត្រូវយល់ដែរថាមូលហេតុដែលនាំឱ្យវិវាទនេះអូសបន្លាយបែបនេះគឺកើតចេញពីការរើសអើងសហជីព។ការប្រើប្រាស់ប្រព័ន្ធតុលាការក៏មិនមែនមធ្យោបាយល្អទេ មានតែធ្វើឱ្យពួកគាត់កាន់តែក្ដៅ»។
អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា បើនិយាយពីច្បាប់ការងារគឺនិយោជិតមានសិទ្ធិគ្រាប់គ្រាន់ក្នុងការទាមទារនៅពេលដែលនិយោជកមិនបានបំពេញតាមកិច្ចសន្យាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងលិខិតតុបករណ៍អន្ដរជាតិមួយចំនួនទៀតនិងបានទទួលស្គាល់រួចមកហើយ។
យ៉ាងណា អ្នកស្រីបានឱ្យដឹងទៀតថា ទោះជាមានច្បាប់ស្ដីអំពីកូដកម្មក៏ដោយ ប៉ុន្ដែជាក់ស្ដែងគឺកូដករណាហ្គាវើលដ៍តែងតែរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ និងថៅកែក្រុមហ៊ុនរហូតមានការចោទប្រកាន់នឹងចាប់ខ្លួនទៀត។ អ្នកស្រីថា រូបភាពទាំងអស់នេះហើយដែលបង្ហាញថា ច្បាប់ស្ដីពីការងារគឺមិនបានធានាឱ្យនិយោជិតមានសិទ្ធិក្នុងការទាមទារតាមកិច្ចសន្យារវាងនិយោជិត និងនិយោជក់ទេ ប៉ុន្ដែយកច្បាប់ទាំងអស់នឹងមកបម្រើការងារឱ្យអ្នកមានលុយ មានអំណាចជំនួសវិញ។
អ្នកស្រីថា«យើងមើលថាទាំងអស់នេះគឺជាការដាក់គំនាបហើយនឹងផ្ទុយអំពីការប្ដេជ្ញាធានាដល់ពលរដ្ឋលើការអនុវត្ដន៍សេរីភាពជាមូលដ្ឋានហ្នឹងគឺយើងមិនបានបង្កបរិយាកាសអំណោយផលដល់ពួកគាត់ក្នុងការប្រើប្រាស់សិទ្ធិ។ការខកខាតរបស់អាជ្ញាធរក្នុងការផ្ដល់កិច្ចអន្ដរាគមន៍គ្រប់គ្រាន់ក្នុងការដោះស្រាយវិវាទការងារដែលយើងឃើញថាហាក់ដូចជាដាក់បន្ទុកលើថ្នាក់ដឹកនាំសហជីព និងបុគ្គលិកធ្វើការតវ៉ា។អាជ្ញាធរហាក់ដាក់គំនាបតែម្ខាងទៅលើកម្មករដែលតវ៉ាទៅវិញ»។
គួររំលឹកថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្ដើមនៅចុងឆ្នាំ២០២១ ក្រោយក្រុមហ៊ុនល្បែងមួយនេះ ប្រកាសបញ្ឈប់បុគ្គលិកក្នុងទ្រង់ទ្រាយធំ ដែលភាគច្រើនជាមេដឹកនាំសហជីព និងសមាជិកសហជីព។
មកទល់ពេលនេះវិវាទនេះ មិនទាន់បញ្ចប់ឡើយ ដោយសារតែក្រុមហ៊ុនមិនព្រមទទួលយកបុគ្គលិកទាំងនោះឱ្យចូលធ្វើការវិញឡើយ។ តែសហជីពថា ទង្វើនេះគឺជាការរើសអើងសហជីពឯករាជ្យ ខណៈក្រុមហ៊ុនកំពុងតែប្រកាសរើសបុគ្គលិកបន្ថែម។
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន