របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល
សហគមន៍ទេសចរណ៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានជួយកាត់បន្ថយបញ្ហាចំណាកស្រុករបស់ប្រជាសហគមន៍នៅក្នុងតំបន់អេកូទេសចរណ៍មួយនេះ តាមរយៈការផ្តល់ការងារធ្វើជាអ្នកបើកទូកដឹកភ្ញៀវទេសចរណ៍ទស្សនាតំបន់ព្រៃកោងកាង និងសេវាកម្មទេសចរណ៍ផ្សេងៗទៀត។
ប្រធានសហគមន៍ត្រពាំងសង្កែលោក ស៊ឹម ហ៊ីម អាយុ៥៤ឆ្នាំ បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ឲ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះថា មុននឹងមានសហគមន៍ត្រពាំងសង្កែនេះកើតឡើង ប្រជាសហគមន៍ដែលធ្លាប់តែប្រកបរបរនេសាទ បាននាំគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម។ លោកបន្តថា ប្រជានេសាទម្នាក់អាចរកចំណូលបានចាប់ពី៤០ ០០០ទៅ៥០ ០០០រៀលនៅក្នុងមួយថ្ងៃៗ ខណៈការរកចំណូលកន្លងមកក្នុងមួយថ្ងៃមិនបាន១០ ០០០ រៀលផង។
លោក ស៊ឹម ហ៊ីម បានមើលឃើញបញ្ហថា នៅពេលដែលមេគ្រួសាររបស់ពួកគេធ្វើចំណាកស្រុកទៅធ្វើការតាមមេខ្យល់អត់ស្របច្បាប់ អ៊ីចឹងពួកគាត់មិនមានលទ្ធភាពយកគ្រួសារទៅជាមួយទេ ហើយក្មេងៗខ្លះរកស៊ីលើកអំបិល ក្មេងខ្លះរកស៊ីបោកខោអាវ ក្មេងខ្លះដើរលាងចានជាដើម។ លោកបន្ដថា ប៉ុន្ដែក្រោយពីមានសហគមន៍ត្រពាំងសង្កែនេះឡើង ប្រជាសហគមន៍ដែលធ្លាប់ធ្វើចំណាកស្រុកខ្លះ ក៏បានវិលត្រឡប់មកនេសាទក្នុងសហគមន៍ និងគ្រួសាររបស់ពួកគាត់វិញ ដែលអាចរកចំណូលបានពីសហគមន៍ទេសចរណ៍ត្រពាំងសង្កែបាន ដើម្បីកាត់បន្ថយការចំណាកស្រុក តាមរយៈការបម្រើសេវាកម្មទេសចរណ៍ដូចជា បើកទូកទេសចរណ៍ដឹកភ្ញៀវទស្សនាព្រៃកោងកាង លក់ម្ហូបអាហារ បន្ទប់ស្នាក់នៅ និងដាំកូនកោងកាងដើម្បីទុកជាអនុស្សាវរីយ៍ជាដើម។
លោកបន្ដថា៖ «ខ្ញុំមានមោទកភាពនិងខ្លួនឯងដែរ រៀនបានត្រឹមថ្នាក់ទី៦សោះអាចធ្វើរឿងទាំងអស់នេះបាន ប៉ុន្ដែខ្ញុំមិនធានាថា ការរៀបចំសហគមន៍នេះ អ្នកចំណាកស្រុកវិលវិញទេ តែខ្ញុំបានរៀបចំដាំបាយនិងមានម្ហូបហើយ អ្នកឯងហូបឬមិនហូប គឺអាស្រ័យលើអ្នក ខ្ញុំបានរៀបចំអស់ហើយ»។
អ្នកបម្រើសេវាកម្មបើកទូកដឹកភ្ញៀវទេសចរណ៍ម្នាក់ លោក ម៉ាត់ ឌត អាយុ៥៩ឆ្នាំ រស់នៅភូមិត្រពាំងកេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា លោកក៏ធ្លាប់ធ្វើចំណាកស្រុក ទៅប្រកបមុខរបរជាអ្នកនេសាទនៅខេត្តកោះកុងដែរ ប៉ុន្ដែការចាកចេញពីស្រុកកំណើតទៅនេសាទនេះ លោកមិនបានធ្វើឲ្យជីវភាពលោកធូរធារនោះទេ ហើយកាន់តែលំបាកទៅៗថែមទៀត។ ម្លោះហើយ ទើបលោកសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចូលរួមបង្កើតសហគមន៍ទេសចរណ៍ត្រពាំងសង្កែនេះឡើង ដើម្បីជួយទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងការពារព្រៃកោងកាងផងដែរ។
លោកបន្ថែមថា ក្រោយពីត្រឡប់ពីការធ្វើចំណាកស្រុកវិញ គឺជីវភាពរបស់លោកហាក់មានភាពល្អប្រសើរច្រើនជាង ការធ្វើចំណាកស្រុក និងថែមទាំងបាននៅជួបជុំក្រុមគ្រួសារ ហើយសហគមន៍នេះបានជួយអ្នកចំណាកស្រុកទៅប្រទេសថៃ ឱ្យពួកគេអាចត្រឡប់មកវិញបាន និងថែមទាំងបានជួយដល់ក្មេងៗដែលមិនបានរៀនសូត្រ និងមនុស្សចាស់ជរាក្នុងសហគមន៍បានច្រើនជាងមុនពេលមានសហគមន៍។
លោកបន្ដថា៖ «ជីវភាពខ្ញុំបានប្រសើរច្រើនក្រោយពីមានសហគមន៍នេះ ជាពិសេសការកាត់បន្ថយការចំណាកស្រុកដែលទៅថៃ»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង មិនធ្វើអត្ថាធិប្បាយអ្វីឡើយ ដោយសារតែអ្នកស្រីថា អ្នកស្រីមិនទទួលបន្ទុក លើការងារចំណាកស្រុកនេះទេ។
បើតាមលោក មឿន តុលា នាយកប្រតិបត្ដិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) បានលើកឡើងថា ការចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរគឺមិនមានការកាត់បន្ថយនោះទេ ផ្ទុយទៅវិញមានតែការកើនឡើង បើធៀបពី៣ទៅ៤ឆ្នាំមុន។ លោកបន្តថា កំណើននេះ មានការកើនឡើងខ្លាំងជាពិសេសក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ-១៩មានពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាប្រថុយប្រថានទៅរកការងារធ្វើនៅប្រទេសថៃ។ លោកថា បញ្ហាប្រឈមរបស់ពលរដ្ឋដែលចំណាកស្រុកវាកើតឡើងស្រដៀងៗគ្នា គឺមាន២រឿងក្នងការប្រឈម រឿងទី១.មុនពេលចេញទៅចំណាកស្រុក គឺពួកគាត់ត្រូវចំណាយថវិកាខ្ពស់ ដើម្បីចុះឈ្មោះទៅធ្វើការនៅក្រៅប្រទេស និងរឿងទី២.ពួកគាត់ត្រូវរង់ចាំពេលយូរ មុននឹងបានទៅក្រៅដល់ប្រទេសក្រៅ ខណៈវាអាចមានការគំរាមកំហែង មានអំពើហិង្សា មានការបៀតបៀនផ្លូវភេទ និងជាពិសេស ជីវភាពក្នុងការរស់នៅមានលក្ខណៈក្រីក្រជាដើម។
លោកបន្ដថា៖ «តួលេខនៃចំនួនពលករដែលចំណាកស្រុកនេះ គឺមិនមានការជាក់លាក់អីទេ គឺប៉ាន់ប្រមាណខុសៗគ្នា នៅខាងរដ្ឋលឺថាមាន២លាននាក់ ក៏ប៉ុន្ដែខាងសង្គមស៊ីវិលពេលដែលធ្វើការជាមួយកម្មករ ពលករផ្ទាល់នៅថៃ ពលរដ្ឋខ្មែរមិនតិចជាង២លាន៦សែននាក់ទេ ហើយ២០%នៃពលករ គឺអ្នកមិនមានឯកសារ»។
លោកបន្ថែមថា ការធ្វើចំណាកស្រុកប្រទេសណាក៏ដូចប្រទេសណាដែរតែងតែមានជៀសមិនផុតនោះទេ ដោយសារតែប្រជាពលរដ្ឋមានសេរីភាពក្នុងការធ្វើបំលាស់ទី ប៉ុន្ដែការបង្កើតមុខរបរនិងឱកាសការងារក្នុងស្រុកវាល្អជាជាង ជាពិសេសសហគមន៍កសិកម្មអាចជួយផ្ដល់ជំនាញក្នុងការដាំដុះជូនប្រជាពលរដ្ឋ និងសហគមន៍ផ្សេងៗទៀត ដែលអាចជួយបង្កើតការងារឲ្យពួកគាត់បាន គឹវាជារឿងល្អប្រសើរបំផុត។
លោកនិយាយថា៖ «ខ្ញុំថារឿងដែលសំខាន់ គឺរឿងយើងលើកកម្ពស់កសិករហើយនិងបង្កើតសហគមន៍នៅតំបន់សំខាន់ៗដែលជួយកាត់បន្ថយការចំណាកស្រុកបាន ជាជាងការចំណាកស្រុកដោយប្រថុយប្រថាន»។
គួរបញ្ជាក់ផងដែរថា សហគមន៍ត្រពាំងសង្កែ ស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដោយមានសមាជិកចំនួន ៧៥៨នាក់ លើផ្ទៃដីសរុប ៤១០ហិចតា ជាដែននេសាទ ដែលលាតសន្ធឹងលើដីព្រៃកោងកាងទំហំ៤៦ហិតា ដែលមានដើមកោងកាងសរុបជាង៥០ម៉ឺនដើម។
ប្រធានសហគមន៍ត្រពាំងសង្កែលោក ស៊ឹម ហ៊ីម បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា មូលហេតុនៃការបង្កើតសហគមន៍ត្រពាំងសង្កែនេះឡើង គឺដើម្បីទប់ស្កាត់ក្នុងការទន្ទ្រានយកដីពីជនខិលខូចមួយចំនួន ដែលសល់លុយច្រើន កុំឲ្យពួកគេមកទន្រ្ទានយក និងដើម្បីអភិរក្សពូជត្រីដែលត្រូវការជម្រកនិងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ រួមទាំងការបម្រើសេវាកម្មទេសចរណ៍សម្រាប់អ្នកដើរលំហែរកាយ និងអ្នកស្រលាញ់ធម្មជាតិដែលមានទីតាំងនៅភូមិត្រពាំងកេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត៕
……………………………………………….
អត្ថបទដោយពលរដ្ឋសារព័ត៌មានខេត្តកណ្តាល