កសិករនៅខេត្តពោធិ៍សាត់ រាប់ពាន់គ្រួសារ ដែលជាអ្នកផលិតស្រូវប្រាំង មានការសប្បាយចិត្ត ដោយសារការធ្វើស្រូវប្រាំងរបស់ពួកគាត់ មានតម្លៃថ្លៃគួរសមបន្តិច បើប្រៀបឆ្នាំមុន ពោលគឺ ច្រើនជាង២០០រៀលក្នុងមួយគីឡូក្រាម។
កសិករម្នាក់ ដែលមានឈ្មោះ មាស ចិន ភេទប្រុស មានទីលំនៅក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ បានឲ្យដឹងថា ស្រូវរបស់គាត់ ជាប្រភេទស្រូវក្រអូប លក់បានថ្លៃ ដោយក្នុងមួយគីឡូក្រាមតម្លៃ១១៤០រៀល។
បុរសវ័យ ៤២ ឆ្នាំ រូបនេះបានបន្តទៀតថា ស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន ដូច្នេះគាត់ទទួលបានប្រាក់ចំណេញច្រើនជាងឆ្នាំមុនដែរ។
លោកថា៖ «ឆ្នាំនេះលក់បានលុយច្រើនជាងឆ្នាំមុន ហើយក៏ចំណេញជាងស្រូវរដូវវស្សាផងដែរ ដោយសារប្រភេទស្រូវប្រាំងវាមានរយៈពេលខ្លី ដូច្នេះរាល់ការចំណាយនានាក៏អស់តិចតួចជាងស្រូវវស្សាផងដែរ រាប់ទាំងការបាចជី និងបាញ់ថ្នាំថែបំប៉នជាដើម»។
ស្ត្រីម្នាក់ទៀតមានឈ្មោះ សុខ ស មានទីលំនៅក្នុងសង្កាត់លលកសដែរនោះ បានឲ្យដឹងថា ស្រូវរបស់គាត់ប្រភេទស្រូវអ៊ីអ៊ែរអូអឹម (IROM) លក់បានតម្លៃ៩៦០រៀល ក្នុងមួយគីឡូក្រាម គឺលក់នៅនិងស្រែតែម្ដង។
កសិកររូបនេះបន្តថា៖ «ស្រូវឆ្នាំនេះទទួលបានទិន្នផលច្រើនជាងឆ្នាំមុន ហើយក៏មានតម្លៃថ្លៃជាងឆ្នាំមុនដែរ កាលឆ្នាំមុនមានតម្លៃត្រឹមតែជាង៧០០រៀលប៉ុណ្ណោះ ហើយឆ្នាំនេះតម្លៃវាអាចស្ទុះឡើងដល់ជាង១០០០រៀល»។
ស្ត្រីវ័យជាង៣០ឆ្នាំបានបន្តទៀតថា ការផលិតស្រូវអ៊ីអេសអូអឹម ប្រើពេលតែជាង ៩០ ថ្ងៃប៉ុណ្ណោះ គឺអាចប្រមូលផលបានហើយ។ អ្នកស្រីថា ដូច្នេះរាល់ការចំណាយវាអស់តិចតួចប៉ុណ្ណោះ ហើយម្យ៉ាងទៀត ប្រភេទស្រូវនេះ ក៏មិនសូវមានរោគផងដែរ។ កសិកររូបនេះបន្តថា បើតម្លៃខ្ពស់បែបនេះ ពួកគាត់នឹងអាចទទួលបានប្រាក់ចំណេញគ្រាន់បើដែរ។
យ៉ាងណា អ្នកស្រីស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យជួយស្វះស្វែងរកទីផ្សារជូនកសិករបន្ថែមទៀតនិងថែរក្សាតម្លៃឲ្យបានថេរ ដើម្បីកុំឲ្យថ្លៃឡើងចុះទៅតាមមាត់ឈ្មួញអ្នកទិញ។
ចំណែកអ្នកស្រី ចាំង ណាវី អ្នកទទួលបន្ទុកផ្នែកទិញក្នុងរោងម៉ាស៊ីនកិនស្រូវឈ្មោះ ចាំង ម៉េង ស្ថិតនៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ បានថ្លែងថា តម្លៃត្រូវថ្លៃ ឬថោក គឺអាស្រ័យលើហាងឆេងស្រូវ។ ឧទាហរណ៍ ប្រភេទស្រូវអូអឹម (OM) តម្លៃ ៩៨០រៀល ក្នុងមួយគីឡូក្រាម រីឯប្រភេទស្រូវក្រអូប គឺ ១១៦០រៀលក្នុងមួយគីឡូក្រាម (ដឹកដល់រោងម៉ាស៊ីន)។
អ្នកស្រីបន្តថា ដោយសារការរវល់ថ្លឹងស្រូវផង អ្នកស្រីមិនបាននិយាយអ្វីបានច្រើន ដោយបញ្ជាក់យ៉ាងខ្លីថា៖ «មូលហេតុដែលនាំឱ្យតម្លៃស្រូវឡើងថ្លៃ ដោយសារសមាគមម៉ាស៊ីនកិនស្រូវមានតម្រូវការនាំអង្ករចេញច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស»។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ស្តីពីការប្រមូលផលស្រូវប្រាំងឆ្នាំ២០២២_២០២៣ គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ឱ្យដឹងថា ខេត្តពោធិ៍សាត់ មានផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងសរុបចំនួន ៤០.០៤៣ហិចតា ដែលទិន្នផលប៉ាន់ស្មានជាមធ្យម ៤.៥៧៥គីឡូក្រាមក្នុងមួយហិតា ហើយបានប្រមូលផលច្រូតកាត់រួចចំនួន ១២២ហិចតា ស្មើនឹង ០,៣០%។ យ៉ាងណាក្តី កន្លងទៅថ្មីៗនេះ ប្រជាកសិករខ្មែរនៅតាមបណ្តាខេត្តមួយចំនួនបានត្អូញត្អែពីតម្លៃស្រូវប្រាំងចុះថោក នៅពេលប្រមូលផលម្តងៗ ខណៈតម្លៃជីឡើងវិញទៅវិញ។ ប្រជាកសិករបានស្តីបន្ទោសបញ្ហានេះថា រដ្ឋាភិបាលមិនរកទីផ្សារឱ្យពួកគេ៕
………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក នូ រ៉េន