កសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានធ្វើពិធីសែនព្រែនជ្រូកខ្វៃដល់ម្ចាស់ទឹកម្ចាស់ដី ជួយអន្ទងចិត្តអាជ្ញាធរឱ្យកាត់ឆ្វៀលដីនៅតំបន់៣ស្ថិតនៅក្នុងតំបន់បឹងទន្លេសាបដល់ពួកគេវិញ ដើម្បីធ្វើស្រែចម្ការ។ ពិធីសែនព្រែននេះ មានការចូលរួមពីចាស់ទុំក្នុងស្រុក និងប្រជាពលរដ្ឋរាប់សិបនាក់ ដោយរៀបរណ្តាប់សែនព្រែនមានជ្រូកខ្វៃ ផ្លែឈើ និងភេសជ្ជៈជាច្រើនមុខទៀត។
អ្នកស្រី ណុប ញ៉ អាយុ ៥៨ ឆ្នាំ រស់នៅភូមិទំនប់ ឃុំតាង៉ិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ពួកគាត់បានធ្វើស្រែចម្ការលើដីតំបន់៣នេះ តាំងពីជីដូនជីតាមកម្ល៉េះ ដោយមិនដែលអាក់ខានឡើយ។ ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០២១មក អាជ្ញាធរបានហាមឃាត់ពួកគេមិនអោយធ្វើស្រែចម្ការលើដីនៅតំបន់៣បានឡើយ។
អ្នកស្រី ណុប ញ៉ ថ្លែងថា៖ «កន្លែងហ្នឹងកាលពីដើមពុកម៉ែខ្ញុំ គាត់ធ្វើ [ស្រែចម្ការ] បងអើយ អត់ពីគាត់ទៅខ្ញុំបានបន្តធ្វើម្ដង ហើយខ្ញុំមកកាន់កាប់នឹងយូរណាស់មកហើយតាំងពីឆ្នាំ៨៣ (១៩៨៣) មកម៉្លេះ ខ្ញុំធ្វើ [ស្រែចម្ការ] រហូតមកដល់ពេលអញ្ចឹងទៅ ដល់សម័យ២០២១នេះ គេដាក់ចូលតំបន់បី ដល់រហូត ២០២២-២០២៣ នេះគេបិទអត់ឱ្យពួកខ្ញុំមកចូលធ្វើស្រែអាស្រ័យផលតែម្ដង។ ដល់ពេលខ្ញុំចូលមកធ្វើស្រែទៅ ប៉ូលីស នគរបាលយើង គេបានមកហាមឃាត់ យកស្រូវពូជមកគេចេះតែមកឱ្យពួកខ្ញុំយកស្រូវពូជទៅវិញ»។
កសិកររូបនេះបានអះអាងថា អ្នកស្រីសុខចិត្តជាប់ពន្ធនាគារ ឱ្យតែបានធ្វើស្រែចម្ការនៅលើដីរបស់ខ្លួនឡើងវិញ។ យ៉ាងណាអ្នកស្រីបានសំណូមពរទៅដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ កាត់ឆ្កៀលដីឱ្យពួកគេឱ្យបានឆាប់ ដើម្បីឱ្យពួកគេបានអាស្រ័យផលលើដីរបស់ខ្លួនឡើងវិញ។ អ្នកស្រីថា កសិករនៅក្នុងតំបន់របស់អ្នកស្រីគឺរស់ដោយសារការធ្វើស្រែចម្ការ តែបើអត់មានស្រែចម្ការធ្វើ ពួកគាត់នឹងស្លាប់មិនខាន។
អ្នកស្រីថា៖ «ព្រោះអីកន្លងមក មិនដឹងធ្វើអីរកអីទេ ប្រជាពលរដ្ឋនេះ ក្ររកតែអីគ្មានមានតែស្រែប៉ុណ្ណឹងឯង អាខាងលើនោះសហគមន៍ អាខាងក្រោមនេះ តំបន់បី ហើយនៅអាខាងភ្នំខាងលិចនោះ រុះរើអស់ហើយផ្ទះសម្បែង»។
បឹងទន្លេសាប រួមមានខេត្តចំនួន ៦ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ កាលពីខែឧសភា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធសិក្សាពីការកែសម្រួលផ្ទៃដីបឹងទន្លេសាប និងកាត់ដីជូនពលរដ្ឋដែលអាស្រ័យផលជាក់ស្ដែងយូរឆ្នាំតាមរូបមន្តស្បែកខ្លា និងប្រកាសប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាចដែលទន្ទ្រានយកដីបឹងទន្លេសាប។ ការប្រកាសនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាកាលពីចុងឆ្នាំ២០២១ ឱ្យកងកម្លាំង និងក្រសួងពាក់ព័ន្ធចុះទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករាប់ម៉ឺនហិកតានៅតំបន់បឹងទន្លេសាប និងរឹបអូសដីទាំងនោះមកធ្វើជាសម្បត្តិរដ្ឋវិញ។
លោក តឹក ជ័រ អាយុ ៥០ ឆ្នាំ រស់នៅភូមិទំនប់ ឃុំតាង៉ិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកបានអាស្រ័យផលលើដីនៅតំបន់៣ស្ថិតនៅវាលទំនាបបឹងទន្លេសាបនេះរយៈពេលជាច្រើនឆ្នាំមកហើយ។ លោកថា លោកថែមទាំងមានលិខិតដែលបោះត្រាដោយអាជ្ញាធរឃុំថែមទៀតផង។
លោកថា៖ «បាទមូលហេតុនេះមិនដឹងយ៉ាងម៉េច ខ្ញុំគ្រាន់តែដឹងថា ដីហ្នឹងខ្ញុំធ្លាប់អាស្រ័យផល ក្រុមពួកខ្ញុំដែលជាប្រជាពលរដ្ឋអាស្រ័យផលជាយូរណាស់មកហើយ មានតាំងពីខាងមេឃុំគេវ៉ៃត្រាឲ្យកាន់កា ប់គេទទួលស្គាល់ដីហ្នឹងតាំងពីឆ្នាំ១៩៨៣មក កាលនោះជំនាន់នោះ នៅបង់ពន្ធដីនៅឡើយទេ»។
លោកបានបន្ថែមថា៖ «ដីតំបន់៣នេះ គេហៅថា ដីព្រៃលិចទឹក។ ដីលិចទឹកនេះ វាពាក់ព័ន្ធនឹងដីតំបន់៣ ហើយដីតំបន់ ៣ នេះគេហាមឃាត់ដូចខ្ញុំនិយាយខាងលើអញ្ចឹងពលរដ្ឋអាស្រ័យផលមិនមែនតែមួយឆ្នាំទេ គឺអាស្រ័យផល ៣៩ ឆ្នាំ បើគិតតាំងឆ្នាំ២០២៣នេះ វា៤០សិបឆ្នាំគត់ទើបតែហាមឃាត់ ឆ្នាំ២០២២នេះ គឺគម្រោងឆ្នាំ ២០២២ ដើមឆ្នាំ ២០២៣»។
បើតាមលោក អ៊ុំ អឿន ក្រុមប្រឹក្សាឃុំជំទប់ទី១ នៃឃុំតាង៉ិល បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កន្លងមកអាជ្ញាធរបានកំណត់កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋបានតែពីរឃុំប៉ុណ្ណោះ។ ចំណែកពីរឃុំទៀត នៅមិនទាន់បានកាត់ឆ្វៀលនៅឡើយទេ។
លោកបានបន្តថា៖ «បាទខាងសមត្ថកិច្ចគាត់ពិបាកដែរសព្វថ្ងៃបង ពិបាកត្រង់ថា វាទប់ស្កាត់ឱ្យគាត់ធ្វើហ្នឹងពិបាក គឺពិបាកមែនទែន ហើយទាក់ទងទៅហ្នឹងសំណូមពររបស់គាត់នៅខាងថ្នាក់លើក៏គេមិនបដិសេធដែរ គឺខែ៥ហ្នឹងគេកាត់ឆ្វៀលឱ្យទាំងអស់ ជូនដល់ប្រជាពលរដ្ឋជុំវិញបឹងទន្លេសាប ប៉ុន្តែការកាត់ឆ្វៀលមិនទាន់បានដឹងច្បាស់ថា បានប៉ុណ្ណាដល់កម្រិតណានោះទេបាទ»។
លោក ជុំ ស៊ីណា អនុប្រធានប៉ុស្តិ៍ឃុំស្វាយរំពារ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការហាមឃាត់នេះ គឺដើម្បីរង់ចាំពេលវេលារដ្ឋាភិបាលចេញសេចក្តីសម្រេចកាត់ឆ្វៀលជូនដល់ប្រជាពលរដ្ឋចេញពីដីតំបន់បី។ ប៉ុន្តែលោកថា ឱ្យតែដីឈ្មោះតំបន់បី គឺប្រជាពលរដ្ឋទៅអាស្រ័យផល អត់បានទេ គឺគេហាមឃាត់។
លោកបានបន្តថា៖ «បាទពលរដ្ឋ គឺគាត់ចង់ឱ្យពន្លឿនការដោះស្រាយជូនគាត់ហើយពួកគាត់ជំពាក់លុយធនាគារមែន ហើយពិបាកណាស់ប្រជាពលរដ្ឋខ្ញុំសព្វថ្ងៃនេះ ពិបាកត្រង់គាត់ថា ពួកគាត់យកលុយធនាគារមកទិញដីហ្នឹង មកទិញដោះដូរអាដីតិច លក់ទៅបានថ្លៃទៅទិញអាដីតំបន់បី វាបានថោក ហើយវាបានដីធំ។ បើអញ្ចឹងទៅលុយដែលត្រូវចំណាយលើដីហ្នឹងច្រើនក្រាស់ យកទៅទិញនៅឃុំគេហ្នឹង សុទ្ធតែរាប់ម៉ឺនដុល្លារ»។
សូមជម្រាបថា តំបន់៣ គឺជាតំបន់ព្រៃលិចទឹកដែលរដ្ឋគ្រប់គ្រង និងហាមឃាត់ដាច់ខាតមិនឲ្យមានការរំលោភបំពាន។ ប៉ុន្តែផ្អែកតាមស្ថានភាពជាក់ស្តែងលោក ហ៊ុន សែន បញ្ជាឲ្យធ្វើការកែសម្រួលដោយកាត់ឆ្វៀលផ្ទៃបឹងទន្លេសាបខ្លះ ចេញពីតំបន់២មកចូលជាតំបន់១ ហើយកាត់ផ្ទៃបឹងទន្លេសាបខ្លះពីតំបន់៣ចូលមកតំបន់២។ តំបន់ទី១ ជាតំបន់ដែលពលរដ្ឋកំពុងរស់នៅអាស្រ័យកាន់កាប់ជាកម្មសិទ្ធស្របច្បាប់ ខណៈតំបន់ទី២ ពលរដ្ឋអាចអាស្រ័យផលបាន តែគ្មានសិទ្ធិជាម្ចាស់កម្មសិទ្ធិនោះឡើយ៕
…………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួស ចាន់ឌឿន