របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ប្រជាកសិករមួយចំនួននៅឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាត់បន្ថយការធ្វើស្រែវស្សានៅក្នុងឆ្នាំនេះដោយសារជីគីមី និងថ្នាំបាញ់កសិកម្មឡើងថ្លៃ បើទោះបីជាស្រែរបស់ពួកគាត់នៅជិតប្រភពទឹកក៍ដោយ។
កសិករម្នាក់រស់នៅភូមិកណ្តឹងមាស ឃុំស្នាមព្រះ ខេត្តពោធិ៍សាត់ លោក ជុំ ជ័យ បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះថា ជីគីមីនៅក្នុងឆ្នាំនេះ ឡើងថ្លៃ១គុណជា២ ដែលធ្វើឱ្យគាត់គ្មានប្រាក់ដើម្បីទៅទិញយកមកបាចបំប៉នដើមស្រូវនៅឆ្នាំនេះឡើយ។ លោកថា ស្រូវឥឡូវនេះបើមិនប្រើជីគីមីទេ គឺមិនទទួលបានទិន្នផលឡើយ។ ដូច្នេះហើយមានតែរងចាំឱ្យតម្លៃជីចុះថោកបន្តិចវិញទើបគាត់បន្តធ្វើស្រែទៀត តែបើនៅតែថ្លៃចឹង គឺគាត់ធ្វើតែបន្តិចបន្តួចគ្រាន់ទុកហូបប៉ុណ្ណោះ។
បុរសវ័យ៥៨ឆ្នាំរូបនេះបានបន្តថា៖ «រាល់ឆ្នាំឱ្យតែចូលឆ្នាំខ្មែររួចខ្ញុំព្រួសស្រូវហើយ ព្រោះអីស្រែខ្ញុំនៅជាប់ប្រឡាយទឹក ហើយខ្ញុំធ្វើ២ទៅ ៣ដងក្នុង១ឆ្នាំ តែចុងក្រោយខ្ញុំលក់ខាតដើម ដោយសារស្រូវចុះថោកពេក ហើយជីនិងប្រេងមិនទាន់ឡើងថ្លៃដូចពេលនេះផង ទំរាំដូច ឥឡូវជីនិងប្រេងឡើងថ្លៃកប់ពពកបើហ៊ានធ្វើច្រើនដឹងតែខាតច្រើន»។
ស្ត្រីម្នាក់ទៀត អ្នកស្រី សៅ និត អាយុ ៥២ឆ្នាំ រស់នៅភូមិឃុំខាងលើដែរនោះ បានត្អូញត្អែរមិនខុសពីលោក ជុំ ជ័យ ទេ ប៉ុន្តែអ្វីដែលគាត់រៀបរាប់បន្ថែមនោះថា៖ «ខ្ញុំធ្វើស្រែ គឺជួលកម្លាំងគេទាំងអស់ ដល់បានស្រូវមកលក់ទូទាត់ទៅខាតដើម ព្រោះអីស្រូវយើងវាថោកពេក នេះអត់គិតកម្លាំងយើងធ្វើផង ហើយឥឡូវនេះ ជីឡើងថ្លៃ ១ជា២ចឹង យើងធ្វើស្រែមានអីចំណេញ ហត់កម្លាំងហើយខាតលុយទៀត ដូច្នេះខ្ញុំមានតែធ្វើតិចតួចគ្រាន់ហូប ព្រោះយើងជៀសមិនរួច»។
ម្ចាស់ដេប៉ូលក់ជីនិងថ្នាំកសិកម្ម អ្នកស្រី ចាន់ រ៉ា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តពោធិ៍សាត់ថា ឆ្នាំនេះជីគីមី និងថ្នាំកសិកម្មឡើងថ្លៃពិតប្រាកដមែន ដោយមួយការ៉ុង ឡើងថ្លៃចន្លោះពី ៥០ ០០០ រៀល ទៅ ៦០ ០០០រៀល ខណៈជីអ៊ុយរ៉េ ពីមុនលក់ចេញមួយការ៉ុងតម្លៃ ១៦០ ០០០ រៀល តែឥឡូវលក់ចេញតម្លៃ ២១០ ០០០ រៀល។ ចំណែកជីដេអាប៉េ 18-46 វិញ ពីមុនលក់ចេញតម្លៃ ១៧០ ០០០ រៀល តែឥឡូវលក់ចេញតម្លៃ ២៣០ ០០០រៀល ឯថ្នាំបាញ់សម្លាប់សត្វល្អិតវិញក៍ឡើងថ្លៃដូចគ្នាដែរ។ អ្នកស្រីបន្តថា តម្លៃនេះ ក្រុមហ៊ុនជាអ្នកកំណត់ឱ្យតាមដេប៉ូលក់ ហើយតម្លៃនេះនៅមានឡើងថ្លៃបន្តទៀត ប្រសិនបើតម្លៃប្រេងសាំងនៅតែឡើងមិនឈប់។
អ្នកស្រីបន្តថា៖ «ខ្ញុំចង់ឱ្យតែជីនិងថ្នាំបាញ់ចុះថោកទេ ព្រោះខ្ញុំក៍ធ្វើស្រែដែរ បើនៅតែឡើងថ្លៃមិនឈប់ចឹង គឺអ្នកស្រែគ្នាគ្មានដើមទុនធ្វើស្រែទេ ព្រោះអីធ្វើស្រែមួយហិតាៗ ចំណាយដើមទុនមិនក្រាមពីរលានរៀលទេ ទើបបានផលល្អ ហើយបើគ្មានជីបាចស្រែទេពួកគាត់ពិតជាទុកស្រែឱ្យនៅទំនេរចោល»។
ទាក់ទងករណីនេះ អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍(ការិយាល័យកសិកម្មស្រុក) អ្នកស្រី ប៊ូ សុខជា បានថ្លែងថា ខាងការិយាល័យ ក៍ដូចខាងមន្ទីរកសិកម្មខេត្ត និងថ្នាក់លើសុទ្ធតែបានដឹងរឿងទាំងអស់នេះ ប៉ុន្តែមិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយនៅឡើយទេ គ្រាន់តែថ្នាក់លើ (ខេត្ត) បានបញ្ជាមកឱ្យខាងជំនាញចុះជម្រុញដល់កសិករបន្តធ្វើស្រែកុំឱ្យបោះបង់ បើនាំគ្នាបោះបង់ឈប់ធ្វើស្រែវានាំឱ្យវិបត្តិសេដ្ឋកិច្ចខ្វះស្បៀងកាន់តែធ្ងន់ធ្ង។
លោកស្រីបន្តថា៖ «ពួកខ្ញុំមានតួនាទីជួយជម្រុញណែនាំ តែមិនបង្ខំពួកគាត់ឱ្យធ្វើស្រែដោយមិនបានគិតពីការខាតឬចំណេញនោះទេ រឿងជីនិងប្រេងឡើងថ្លៃ វាជាវិបត្តិសកល មិនមែនកើតឡើងនៅតែស្រុកយើងទេ»។
លោកស្រីបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់កុំឱ្យបោះបង់ការធ្វើស្រែចំការ ព្រោះវាអាចធ្វើឱ្យស្រុកយើងជួបនៅគ្រោះអត់ឃ្លាន វាខាតតិចតួចតែយើងមានហូប ប្រសើរជាងទៅទិញអង្ករគេហូប។
យោងតាមរបាយការណ៍បង្កបង្កើនផលស្រូវរដូវវស្សារបស់មន្ទិរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នេះ ផ្ទៃដីស្រែសរុបមានចំនួន ១១៥ ០០០ ហិចតា ទើបតែធ្វើបាន ៥៨ ១១៣ ហិចតា ស្មើរ ៥០,៥៣% ប៉ុណ្ណោះ។ ក្នុងនោះផ្ទៃដីអាចធ្វើស្រែបានបីដងមានចំនួន ៣ ៣៨០ ហិចតាផងដែរ៕
…………………………………..
ពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់ លោក នូ រ៉េន