កម្មករ–កម្មការិនីប្រមាណ៣០០នាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ML ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានផ្ទុះការតវ៉ា ក្រោយពីថៅកែបើកប្រាក់ឈ្នួលឱ្យពួកគាត់មានភាពយឺតយ៉ាវ។
អ្នកស្រី សូ សារឿន ជាកម្មការិនីរោងចក្របានប្រាប់មកពលរដ្ឋអ្នកសារព័ត៌មានថា មូលហេតុដែលនាំឱ្យកម្មករធ្វើបាតុកម្មតវ៉ាដោយសារថៅកែរោងចក្រនេះពន្យាពេលបើកប្រាក់ឈ្នួលដល់ពួកគាត់។ អ្នកស្រីថា តាមកាលកំណត់ គឺភាគីរោងចក្រត្រូវបើកប្រាក់ឈ្នួលឱ្យកម្មករនៅថ្ងៃទី៦ នៃខែនីមួយៗ ប៉ុន្តែសម្រាប់ខែកញ្ញានេះ គឺថៅកែពន្យាពេលបើកប្រាក់ឈ្នួលឱ្យកម្មករដល់ថ្ងៃទី១១វិញ ក្រោមហេតុផលថា ជាប់លុយនៅហុងកុងពុំទាន់អាចដោះស្រាយបាន។
កម្មការិនីរូបនេះបន្តថា ករណីថៅកែបើកប្រាក់ឈ្នួលឱ្យពួកគាត់យឺតយ៉ាវនេះ គឺបានធ្វើឱ្យពួកគាត់ប្រឈមបញ្ហាជាច្រើនក្នុងចំណាយប្រចាំថ្ងៃ ដោយខ្វះខាតលុយក្នុងការបង់ធនាគារ ពុំមានលុយទិញម្ហូបអារហារ និងសងបំណុលគេជាដើម។
អ្នកស្រីថា ៖«ភាគច្រើនបងប្អូនកម្មករយើងគាត់ខ្វះខាតច្រើន ជាពិសេសបង់ធនាគារផ្គត់ផ្អង់កូនទៅរៀនគ្មានលុយ វាគ្រប់យ៉ាងពុំអ្វីហូប»។
កម្មកររោងចក្រម្នាក់ទៀត លោក ដាំ នៅ និយាយថា អំឡុងពេលតវ៉ានេះ គឺក្រុមកម្មករមិនចូលធ្វើការងារនោះទេ លុះត្រាតែពួកគេទទួលបានប្រាក់ឈ្នួលគ្រប់ចំនួន។ លោកបន្តថា ក្រោយកម្មករតវ៉ា គឺខាងមន្ត្រីមន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធបានចុះមកសម្របសម្រួលដោះស្រាយ ប៉ុន្តែពុំទទួលបានលទ្ធផលនោះទេ។ លោកថា រោងចក្រ អិម អិល បានកើតឡើងជាញឹកញាប់ចំពោះការបើកប្រាក់ឈ្នួលជូនកម្មករយឺតយ៉ាវ។
លោក ដាំ នៅ បានឱ្យដឹងថា នៅក្នុងរោងចក្រនេះក៏មានសហជីពដែរ ប៉ុន្តែពេលមានបញ្ហាគឺ ពួកគេមិនបានជួយដោះស្រាយ ឬការពារផលប្រយោជន៍កម្មករនោះទេ។
លោកថា ៖«សុំណូមពរ ស្នើរឱ្យបើកលុយឲ្យបានទៀងទាត់ទៅកាន់តែល្អ កុំឱ្យកម្មករមួយខែទៅមួយខែបំពេញថាហ្គេតឱ្យគេបើមិនបំពេញឱ្យគេ ពេលធ្លាក់ភាគរយហៅទៅសួរនាំថាឱ្យ»។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការឆ្លើយតប់ពីតំណាងរោងចក្រ និងលោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យបានពាក់ព័ន្ធករណីកម្មករតវ៉ានេះ។
លោក អ៊ិន គង់ ជិត មន្ត្រីគ្រប់គ្រងប្រចាំការិយាល័យអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ មានប្រសាស៍ថា កម្មករធ្វើការតែងរំពឹងលើប្រាក់ខែ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃទាំងការផ្គង់ផ្គង់គ្រួសារ សម្ភារៈប្រើប្រាស់ កូនរៀន សងធនាគារជាដើម។ លោកថា បើកាលណាមានបញ្ហាស្ទះថវិកា ឬថែកែប្រាក់ឈ្នួលឱ្យយឺតយ៉ាវនោះ វានឹងធ្វើប៉ះពាល់ដល់ការចំណាយរបស់ពួកគេ។
លោក អ៊ិន គង់ ជិត បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ និងភាគីរោងចក្រត្រូវបើកប្រាក់ឈ្នួលជូនកម្មករទៅតាមការកំណត់ស្របទៅតាមច្បាប់ស្តីពីការងារ។
លោកថា៖«ចឹងសុំឱ្យនិយោជិតគោរពច្បាប់ការងារទៅតាមចរាចរណ៍បទបញ្ជាផ្សេងៗរបស់រាជរដ្ឋាភិបាល ឬក្រសួងការងារ បើសិនមិនបានបើកគាត់។ គាត់មិនទៅធ្វើការក៏មិនមានផលិតផលនាំចេញដែរ»។
បើតាមកម្មកររោងចក្រអិមអិល អ៊ិនធីមេត អឹភែរឹល ខេមបូឌា (ML INTIMATE APPAREL CAMBODIA ,LTD ) មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ស្ថិតក្នុងភូមិអូនាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ គឺជារោងចក្រផលិតអាវទ្រនាប់ និងខោលីអូ ដែលមានថៅកែជាជនជាតិចិន៕
………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាន់រ៉ាត់ សៀវមិញ