របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ពន្ធនាគារខេត្ដកំពង់ឆ្នាំងបានដោះលែងលោក រាជ សីម៉ា សកម្មជនដីធ្លីនៅឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឱ្យមានសេរីភាពវិញហើយ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលជិត១ឆ្នាំ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែតុលា បានសម្រេចដោះលែងលោក រាជ សីម៉ា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នតាមបណ្តឹងរបស់មេធាវីការពារក្តី។
លោក រាជ សីម៉ា សកម្មជនដីធ្លីដ៏លេចធ្លោនៅសហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ស្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំ កាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០ រៀល ក្រោមការចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១។
យ៉ាងណាង ប្រជាពលរដ្ឋសហគមន៍ឡពាងបានរិះគន់ចំណាត់ការរបស់មន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំងថា ពន្យារពេលក្នុងការដោះលែងសកម្មជនដីធ្លីរូបនេះ ខណៈសាលក្រមរបស់ សាលាឧទ្ធរណ៍បានសម្រេចតាំងពីថ្ងៃទី២៥ ខែតុលា តែទើបនឹងដោះលែងនៅល្ងាចថ្ងៃទី២៨ ខែតុលានេះវិញ។
នៅក្នុងការដោះលែងនេះដែរ ក៏មានការទន្ទឹងរង់ចាំទទួលស្វាគមន៍ពីគ្រួសាររបស់លោក និងប្រជាសហគមន៍ឡពាងផ្សេងទៀតផងដែរ។ ចំណែកមេធាវីការពារក្ដីនិងអង្គការសង្គមស៊ីវិលដែលឃ្លាំមើលករណីរបស់លោក រាជ សីម៉ា នេះ ក៏បានសាទរនិងចាត់ទុកថា បានផ្ដល់យុត្ដិធម៌ដល់លោក រាជ សីម៉ា ដែលបានជួបជុំគ្រួសារឡើងវិញ៕
………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន