កម្ពុជា គឺជាប្រទេសមួយនៅតំបន់អាស៊ីអគ្នេយ៍ដែលមានធនធានធម្មជាតិសម្បូរបែប រួមមាន ព្រៃឈើ រុក្ខជាតិ សត្វព្រៃ រ៉ែ ខ្សាច់ និងសម្បត្តិធម្មជាតិជាច្រើនទៀត។ ប៉ុន្តែ ធនធានធម្មជាតិ ជាពិសេសព្រៃឈើនៅកម្ពុជា ត្រូវបានគេរាយការណ៍ថា បានថយចុះ និងរងការកាប់បំផ្លាញយ៉ាងគំហុក។
ដោយមានចិត្តស្រលាញ់ និងចង់ការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជាឱ្យនៅគង់វង្ស យុវជនម្នាក់បានក្លាយខ្លួនជាសកម្មជន និងឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់រហូតទទួលបានពានរង្វាន់កម្រិតអន្តរជាតិ។
ការឈឺឆ្អាលក្នុងបញ្ហាសង្គម និងបរិស្ថាន
កើតនៅឆ្នាំ១៩៩២ លោក ថុន រដ្ឋា ដែលជាកូនច្បងក្នុងចំណោមបងប្អូន ៣នាក់ មានឪពុកម្ដាយជាកសិករ រស់នៅតាមបណ្ដោយទន្លេមេគង្គ ក្នុងឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល។
យុវជន ថុន រដ្ឋា បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១០ ប៉ុន្ដែ ដោយសារជីវភាពក្រីក្រ បានធ្វើឱ្យគាត់មិនអាចបន្តការសិក្សាថ្នាក់ឧត្ដមសិក្សានៅរាជធានីភ្នំពេញភ្លាមបានឡើយ ដោយត្រូវឈប់រៀនដើម្បីជួយធ្វើស្រែចម្ការឪពុកម្ដាយសិន។
នៅចុងឆ្នាំ២០១១ ទើបយុវជន ថុន រដ្ឋា មានឱកាសបានទទួលបានអាហារូបករណ៍ ៥០ភាគរយ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យខេមរៈ និងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ។
យុវជន ថុន រដ្ឋា ចាំបានថា ក្នុងឆ្នាំ២០១៤ សាកលវិទ្យាល័យខេមរៈបានរៀបចំសិក្ខាសាលាមួយដោយមានវាគ្មិនលោកបណ្ឌិត កែម ឡី រួមទាំងអ្នកវិភាគនយោបាយចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ និងអតីតស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិច ដែលជាជនជាតិបរទេស។
ពេលនោះហើយ គាត់បានរៀនសូត្រយ៉ាងច្រើន ព្រោះបានជួបវាគ្មិនដែលមានជំនាញ និងបទពិសោធន៍ក្នុងបញ្ហាសង្គម។ អ្វីដែលពិសេសនោះ គឺការដក់ចិត្ត និងឈឺឆ្អាលក្នុងបញ្ហាសង្គម និងយុត្តិធម៌បរិស្ថាន។
លោក ថុន រដ្ឋា រៀបរាប់ថា៖ «អាឡិចលើកឡើងអំពីទំនប់វារីអគ្គិសនីនៅអារ៉ែង ដែលគេគ្រោងសិក្សាសាងសង់ទំនប់ ហើយពួកគាត់កំពុងតែព្យាយាមទប់ស្កាត់កុំឱ្យមាន។ ហើយខ្ញុំឃើញបរទេស អាចនិយាយភាសាខ្មែរស្ទាត់ជំនាញ ការពារព្រៃឈើ ខ្ញុំចាប់ផ្តើមសួរខ្លួនឯងថា តើខ្ញុំអាចរួមចំណែកអ្វីខ្លះក្នុងសកម្មភាពការពារធនធានធម្មជាតិ»។
ក្រោយមកទៀតអំឡុងខែឧសភា ឆ្នាំ២០១៥ លោក ថុន រដ្ឋា បានចូលរួមជាមួយអង្គការមាតាធម្មជាតិ ក្រោយពេលលោក អាឡិច ត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ខាងសាលាតម្រូវឱ្យសរសេរសារណាបញ្ចប់ការសិក្សាផងនោះ លោកបានចាប់យកឱកាសនេះចូលរួមប្រឡូកខ្លាំងក្នុងការងារសង្គម។
លោករៀបរាប់ថា៖ «ក្នុងខែកុម្ភៈ ឆ្នាំ២០១៥ អាឡិចដែលជាស្ថាបនិកនៃអង្គការមាតាធម្មជាតិត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា ដោយមិនឱ្យវិលត្រឡប់មកខ្មែរជារៀងរហូត។ ពេលហ្នឹងក៏ជំរុញខ្ញុំបន្តបេសសកម្មទៀត»។
ជាប់ពន្ធនាគាររឿងតវ៉ាបញ្ហាបរិស្ថាន
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ នៅផ្ទះជួលមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យុវជន ថុន រដ្ឋា ត្រូវបានអាជ្ញាធរឃាត់ខ្លួននិងចោទថា លួចបើកបន្ទប់ឬ ស្ទូឌីយោផ្សាយព័ត៌មានដោយពុំមានច្បាប់អនុញ្ញាត ខណៈលោកថា លោកកំពុងផលិតវីដេអូមួយដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការលុបបឹងតាមោកដែលជាបឹងធម្មជាតិដ៏ធំចុងក្រោយនៅក្នុងទីក្រុងភ្នំពេញ។ ចុងក្រោយ លោក ថុន រដ្ឋា បានជាប់ពន្ធនាគារអស់រយៈពេល ១៤ខែ។
លោកដឹងមុនរួចទៅហើយថា នឹងមានការចាប់ខ្លួនលោកដាក់ពន្ធនាគារ ប៉ុន្តែលោកបានសម្រេចចិត្តពុំរត់គេចខ្លួនឡើយ ដោយប្តេជ្ញាយកលោកបណ្ឌិត កែម ឡី ជាគំរូ។ លោកថា អ្វីដែលលោកបានធ្វើនេះ ព្រោះចិត្តស្រឡាញ់ និងផ្ដល់ជាគំរូដល់យុវជន និងពលរដ្ឋផ្សេងទៀត។
លោករៀបរាប់ថា៖ «ខ្ញុំដឹងថា គេតាមខ្ញុំមុនមួយថ្ងៃមុនការចាប់ខ្លួន ខ្ញុំមានឱកាសគេចចេញពីផ្ទះ ប៉ុន្តែខ្ញុំមិនគេច ឬមិនសុំទោស ដោយសារតែខ្ញុំធ្វើមិនមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ […]ចុះបើសិនជាផ្តល់គំរូភាពបែបរត់គេច ផ្តល់គំរូភាពធ្វើការដើម្បីតែលាបសក្ការៈ ចុះចូលដើម្បីតែទ្រព្យសម្បត្តិទេ ខ្ញុំមិនផ្តល់គំរូភាពបែបនេះទេ»។
លោកបន្ថែមថា៖ «កំឡុងពេលហ្នឹង ខ្ញុំគិតថា ដល់ពេលវេលាខ្ញុំត្រូវឃ្លាតពីកូនរយៈពេលវែង ដោយសារតែខ្ញុំដឹងច្បាស់ថា គេនឹងមកចាប់ខ្ញុំដាក់គុកហើយ ទោះបីមិនទាន់ដឹងថារឿងអ្វី តែខ្ញុំដឹងខ្លួនថា នឹងត្រូវឃ្លាតប្រពន្ធកូនខ្ញុំ។ ដោយសារខ្ញុំនៅផ្ទះម្នាក់ឯង ខ្ញុំភ័យមែនទែនរហូតខ្ញុំធ្វើអ្វីក៏អត់កើត គាំងសូម្បីតែទូរសព្ទដែលខ្ញុំមានមិនអាចតេប្រាប់ប្រពន្ធ និយាយប្រាប់គាត់ពីហេតុការណ៍ទាំងអស់ដែលកើតឡើង»។
អ្នកទទួលពានរង្វាន់អន្តរជាតិ Right Livelihood
នៅខែសីហា ឆ្នាំ២០២៣ អង្គការ Livelihood បានហៅក្រុមយុវជនចលនាមាតាធម្មជាតិជួបប្រជុំតាមអនឡាញ។ នៅពេលជួបប្រធានអង្គការ Livelihood ក្រុមរបស់លោកបានទៅទស្សនកិច្ចជុំគ្នាជាក្រុមតែម្តងនៅប្រទេសស៊ុយអែត។ ខណៈនោះ គេបានប្រកាសថា យុវជនចលនាមាតាធម្មជាតិបានជាប់ឈ្មោះជាម្ចាស់ពានក្នុងចំណោមបួនក្រុមដែលទទួលបានពានរង្វាន់សម្រាប់ឆ្នាំ២០២៣។
ពេលលោកបានទទួលដំណឹងថាទទួលពានរង្វាន់នោះ លោក និងសមាជិកក្រុមពិតជាសប្បាយរីករាយជាខ្លាំង។ លោកមិននឹកស្មានថា ក្រុមរបស់ខ្លួននឹងត្រូវបានគេអញ្ជើញជាបេក្ខភាពនៅក្នុងការដាក់ពាក្យដើម្បីប្រកួតប្រជែងជាមួយបេក្ខភាពជាច្រើនទេនោះទេ។
ទន្ទឹមនឹងនេះ លោកក៏មិនរំពឹងថា យុវជនចលនាមាតាធម្មជាតិអាចទទួលបានពានរង្វាន់នេះដែរ ពីព្រោះលោកបានមើលឃើញថា មានក្រុមមកពីប្រទេសដទៃទៀតក៏មានភាពលេចធ្លោ និងស្វិតស្វាញជាងក្រុមរបស់លោក។
លោករៀបរាប់ថា៖ «ពួកយើងមិនដែលរំពឹងថា យើងទទួលបានពានរង្វាន់ជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខជនលេចធ្លោជាច្រើន ពីព្រោះអ្វីដែលយើងធ្វើគឺដើម្បីធនធានធម្មជាតិ គឺមិនមែនដើម្បីពានរង្វាន់ធ្វើដើម្បីភាពលេចធ្លោអ្វីទេ»។
លោកបន្តថា ពានរង្វាន់Right Livelihood មិនមែនសម្រាប់លោក មិនមែនសម្រាប់ក្រុមចលនាមេត្តាធម្មជាតិ ប៉ុន្តែជាពានរង្វាន់របស់ប្រជាជនខ្មែរគ្រប់គ្នា។
លោករៀបរាប់ថា៖ «សម្រាប់ពានរង្វាន់ Right Livelihood មិនមែនសម្រាប់តែខ្ញុំម្នាក់ទេ គឺសម្រាប់ចលនាមាតាធម្មជាតិ គេប្រគល់ឱ្យជាក្រុមបានរង្វាន់នេះ មិនមែនសម្រាប់តែក្រុមពួកយើង ពានរង្វាន់នេះមានន័យសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដោយសារតែតំណាងឱ្យយុវជនខ្មែរដែលបានធ្វើការងារការពារទៅលើធនធានធម្មជាតិ ហើយក៏បង្ហាញភាពក្លាហាន ភាពច្នៃប្រឌិតក្នុងការតស៊ូមតិដើម្បីធនធានធម្មជាតិ»។
លោកមានមោទនភាពយ៉ាងខ្លាំង ដែលយុវជនកម្ពុជាអាចទទួលពានរង្វាន់នេះ ព្រោះក្នុងគណៈកម្មការវាយតម្លៃនេះ គឺមានមនុស្សជាច្រើនដែលគាំទ្របេក្ខភាពក្រុមចលនាមាតាធម្មជាតិ និងសុទ្ធជាអ្នកដែលមានជំនាញផ្នែកសិទ្ធមនុស្ស។
លោកចង់ឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនខ្វាយខ្វល់អំពីធនធានធម្មជាតិដែលមាននៅប្រទេសកម្ពុជា និងធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ។
លោករៀបរាប់ថា៖ «យើងកុំភ្លេចអ្វីដែលខ្លួនឯងរៀនសូត្របាន យើងត្រូវជំនះភាពភ័យខ្លាច ហើយផ្តល់ជាគំរូសម្រាប់ជំនាន់បន្តបន្ទាប់ទៀត ប្រសិនបើជំនាន់យើងបានផ្តល់គំរូភាពដែលល្អសម្រាប់ពួកគេ ប្រាកដណាស់ថា ពួកគេនឹងយកគំរូ ឬក៏វីរភាពរបស់យើងទាំងអស់គ្នានៅបន្តកិច្ចការងារសង្គម»។
លោករៀបរាប់បន្តថា៖ «ប្រសិនបើជាយុវជនខ្មែរភាគច្រើនចាប់ផ្តើមខ្វាយខ្វល់ពីជាតិ មិនទុកជាតិចោល ថាតើជាតិនេះនឹងរុងរឿង នឹងល្អប្រសើរជាងនេះដែរឬទេ? ជាតិនេះសម្រាប់យើងទាំងអស់គ្នាមិនមែនសម្រាប់បុគ្គល ឬក៏ក្រុមគ្រួសារនរណាម្នាក់ទេ គឺសម្រាប់ប្រជាជនខ្មែរទាំងអស់គ្នា។ យើងមានសិទ្ធិក្នុងការឈឺឆ្ងាល មានសិទ្ធិនៅក្នុងការការពារដែលជាទ្រព្យសម្បត្តិដែលដូនតាបន្សល់ទុកឱ្យពួកយើង» ។
————————–
សិក្ខាកាមវគ្គនិទានរឿងបែបទំនើប អ្នកស្រី នឿន ដាវីន