អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះស្ត្រីខ្មែរ២នាក់បងប្អូនបង្កើតដែលត្រូវឈ្មួញលក់ទៅប្រទេសចិន ក្រោមរូបភាពរៀបការប្ដីចិន ឱ្យវិលត្រលប់មកកម្ពុជាវិញកាលពីចុងខែធ្នូ កន្លងទៅ បន្ទាប់ពីសមត្ថកិច្ចចិនបានឃុំខ្លួនអស់រយៈពេល៥ខែ។
អ្នកស្រី តាណា (ឈ្មោះអ្នកសារព័ត៌ដាក់ឱ្យ) ជាបងស្រី វ័យ១៩ឆ្នាំ ផ្តល់បទសម្ភាសន៍តាមទូរសព្ទថា ពួកនាងបានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កមួយកន្លែង ស្ថិតនៅជាយរាជធានីភ្នំពេញ។ ប្រភពដដែលបន្តថា នាងមានស្រុកកំណើតនៅខេត្តក្រចេះ បានទៅប្រទេសចិនដោយខុសច្បាប់ ដើម្បីរៀបការប្ដីជាជនជាតិចិន កាលពីអំឡុងឆ្នាំ២០១៨ និង២០១៩ ក្រោមការរៀបចំរបស់ឈ្មួញជាជនជាតិខ្មែរ។ ស្ត្រីរូបនេះបន្តថា នាងបានទៅរស់នៅប្រទេសចិនជាច្រើនឆ្នាំ ប៉ុន្តែដោយសារការនឹករលឹកដល់ស្រុកកំណើត និងឪពុកម្តាយផង នាងបានស្នើសុំប្តីមកលេងប្រទេសកម្ពុជាជាច្រើនដង។ ក៏ប៉ុន្តែ ប្ដីជាជនជាតិចិនរបស់នាង ពុំព្រមធ្វើលិខិតឆ្លងដែន ដើម្បីនាងបានវិលត្រលប់មកកម្ពុជាវិញទេ។ ចំណែកការរស់នៅប្រទេសចិនខុសច្បាប់ បានធ្វើឱ្យនាងពិបាករស់នៅ និងធ្វើដំណើរ ឬមិនអាចធ្វើការងារអ្វីបានឡើយ។ បន្ទាប់មក ពួកនាងបានសម្រេចចិត្តរត់គេចទៅឱ្យសមត្ថកិច្ចចិនជួយសង្គ្រោះ តែត្រូវសមត្ថកិច្ចចិនឃុំខ្លួនអស់រយៈពេល៥ខែ មុនពេលបញ្ជូនមកកម្ពុជា។
អ្នកស្រី តាណា (ឈ្មោះអ្នកសារព័ត៌ដាក់ឱ្យ) បានថ្លែងថា៖ «រត់មកខ្មែរដោយសារប៉ាម៉ាក់ខ្ញុំគាត់ឈឺ។ គាត់ (ប្ដីចិន) ថាអត់មានលុយគ្រប់គ្រាន់សម្រាប់ឱ្យខ្ញុំមកចឹង សូមច្រើនដងដែរហើយ។ នៅស្រុកគេខុសច្បាប់ រឿងពិបាក យើងដើរទៅណាអត់កើត ប៉ូលិសចាប់ប៉ូលិសអីចឹង ខ្ញុំអត់អាចធ្វើការបាន»។
អ្នកស្រី តាណា រៀបរាប់ថា ក្នុងបន្ទប់ឃុំឃាំងដែលនាងរស់នៅក្នុងប្រទេសចិន គឺមានទទឹង៥ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ ដោយមានគ្រែដែកចំនួន៧ជាប់ៗគ្នា។ ក្នុងបន្ទប់នោះ មានស្រ្តីចំនួន ៨នាក់ ស្នាក់នៅ រួមគ្នា ដោយរួមមានជនជាតិខ្មែរ៧នាក់ និងជនជាតិឡាវម្នាក់។ ពួកគេ សុទ្ធតែរស់នៅខុសច្បាប់ ដោយត្រូវឈ្មួញលក់យកទៅរៀបការប្ដីចិន ហើយចង់វិលត្រលប់មកប្រទេសកំណើតវិញ។
នៅពេលជាប់ឃុំនៅប្រទេសចិន សមត្ថកិច្ចចិនបានផ្ដល់អាហារបែបចិនចំនួន៣ពេល និងសាប៊ូសម្រាប់ប្រើប្រាស់ ហើយពួកគេអាចងូតទឹកបាន២ដងក្នុងមួយថ្ងៃ។ ចំណែកខោអាវ អាចស្លៀកពាក់បានធម្មតា ប៉ុន្តែតម្រូវឱ្យស៊កអាវពណ៌ខៀវពីខាងក្រៅ។ ក្រៅពីក្នុងបន្ទប់ ពួកគេអាចត្រឹមចេញទៅបរិវេណខាងក្រៅត្រឹមតែ១ម៉ែត្រ ដើម្បីហាលខោអាវប៉ុណ្ណោះ។
ស្ត្រីដដែលបាននិយាយថា៖ «ខ្ញុំឃុំតាំងពីថ្ងៃទី០៧ ខែ០៧ រហូតដល់ថ្ងៃទី២៧ ខែ១២ ទើបខ្ញុំបានចេញមក។ គេ (សមត្ថកិច្ចចិន) ប្រាប់ដែរថា យើងខុសច្បាប់ គេយកមកឃុំហ្នឹង ដំបូងគេប្រាប់ខ្ញុំថាឃុំតែប៉ុន្មានថ្ងៃទេ»។
លោក ភារុន ដែលត្រូវជាឪពុករបស់ក្មេងស្រីទាំង២នាក់នេះ បាននិយាយថា លោកចង់ឱ្យកូនរៀនកុំព្យូទ័រ និងភាសាបរទេសបន្ថែម ដើម្បីអាចធ្វើការនៅក្នុងប្រទេស ហើយមិនឱ្យពួកគេវិលត្រលប់ទៅប្រទេសចិនវិញឡើយ។
លោក និយាយថា៖ «ដាច់ខាតមិនឱ្យទៅវិញ បើថាធ្វើលិខិតឆ្លងដែនចង់ទៅលេងកូនបាន វាទៅលេងទៅ បើឱ្យទៅនៅណុងទៀតខ្ញុំឈប់ឱ្យទៅហើយ»។
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបានថ្លែងថា សមត្ថកិច្ចចិនទំនងជាឃាត់ខ្លួនពួកគេ ដើម្បីស្រាវជ្រាវឱ្យបានច្បាស់លាស់ មុននឹងបញ្ជូនមកកម្ពុជា។
លោកស្រី ប៊ុនអេង និយាយថា៖ «គេស្រាវជ្រាវទុកឱ្យសមត្ថកិច្ចធ្វើការ ជាមួយបែបបទរឿងគ្រួសារអីចឹង កាលណាគាត់ទៅមានគ្រួសារ ចឹងវាត្រូវទាក់ទងជាមួយច្បាប់គ្រួសារគេមួយទៀត។ គេត្រូវស្រាវជ្រាវតាមគ្រួសារទៀត គេអត់ទាន់ជឿយើងភ្លាមទេ»។
អ្នកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្រ្តីនិងកុមារនៃសមាគមអាដហុក ឱ្យដឹងថា នៅមានស្រ្តីខ្មែរជាច្រើននាក់ទៀត ដែលចាញ់បោកមេខ្យល់ យកលក់នៅប្រទេសចិន។ ចំណែកឯប្រទេសចិនក៏ពុំទាន់មានការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅឡើយដែរ។
អ្នកស្រី និយាយថា៖ «នៅចិន គេអត់កំណត់អត្តសញ្ញាណជនរងគ្រោះដោយករណីជួញដូរទេ។ យើងទៅអត់មានឯកសារត្រឹមត្រូវគឺការរស់នៅដោយខុសច្បាប់ហើយ»។
យោងតាមរបាយការណ៍របស់សមាគមអាដហុក ឱ្យដឹងថា ក្នុងឆ្នាំ២០២១ ការជួញដូរផ្លូវភេទទៅកាន់ប្រទេសចិនមានចំនួន ៥២ករណី ក្នុងនោះខេត្តក្រចេះមានចំនួន៥ករណី។ ចំណែកក្នុងឆ្នាំ២០២២ គិតត្រឹមខែតុលា ឆ្នាំ២០២២នេះ មានចំនួន៣៩ករណី ក្នុងនោះខេត្តក្រចេះមានចំនួន៨ករណី។
របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិក ទើបនឹងចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣អាក្រក់បំផុត ពុំធ្លាប់មានតាំងពីឆ្នាំ២០១៥មក និងក្រោយពេលដែលកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទី២ក្រោមការឃ្លាំមើលអស់រយៈពេល៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៩មក។ របាយការណ៍លើកឡើងថា រដ្ឋាភិបាលកម្ពុជាពុំបានគោរពតាមពេញលេញនូវស្តង់ដារអប្បបរមាដើម្បីលុបបំបាត់នូវអំពើជួញដូរមនុស្ស និងពុំបានខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឡើយ៕
…………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក វ៉ា សុភានុត