សកម្មជនបរិស្ថានសាទរចំពោះការដកហូតដីព្រៃតំបន់ព្រៃឡង់ដែលបានទន្រ្ទានយកកន្លងទៅទុកជាសម្បត្តិរដ្ឋវិញ
សកម្មជនបរិស្ថានសាទរចំពោះការចេញសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ស្តីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃនៅតំបន់ព្រៃឡង់ ដែលបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ខុសច្បាប់យកមកធ្វើជាសម្បត្តិរដ្ឋវិញ។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្ដស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃដែលបានកាប់ទន្ទ្រានអណាធិបតេយ្យ យកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិគិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សេចក្ដីជូនដំណឹងនោះថាមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានអង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ...