តុលាការសាលាឧទ្ធរណ៍ភ្នំពេញបានកាត់តម្រឹមទោសលោក រាជ សីម៉ា សកម្មជនដីធ្លីនៅឡពាងខេត្តកំពង់ឆ្នាំងឱ្យជាប់ពន្ធនាគារ១០ ខែនិង២៧ថ្ងៃ ដោយទោសដែលនៅសល់ត្រូវព្យួរ។
បើតាមមេធាវីការពារក្ដីឱ្យលោក រាជ សីម៉ា គឺអ្នកស្រី ស៊ឹម សោភា បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMនៅល្ងាចថ្ងៃពុធម្សិលមិញនេះថា កូនក្ដីរបស់ខ្លួនត្រូវបានតុលាការសាលាឧទ្ធរណ៍សម្រេចព្យួរទោសចោលដែលនៅសល់ ដោយសារកូនក្ដីរបស់ខ្លួនបានជាប់ពន្ធនាគារចំនួន១០ខែនិង២៧ថ្ងៃរួចមកហើយ។ អ្នកស្រីថា ដូច្នេះទោសដែលនៅសល់ គឺត្រូវព្យួរចោល។
សេចក្តីសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ក៏ប៉ុន្ដែតុលាការទើបប្រកាសជាផ្លូវកាលពីថ្ងៃពុធ ទី២៨ ខែធ្នូ ម្សិលមិញនេះ។ នេះបើយោងតាមការបញ្ជាក់របស់មេធាវី។
យ៉ាងណាអ្នកស្រីមេធាវី ស៊ឹម សោភា បានគូសបញ្ជាក់ថា អ្នកស្រីនឹងពិភាក្សាជាមួយកូនក្ដីរបស់ខ្លួន ដើម្បីបន្ដប្ដឹងទៅកាន់តុលាការកំពូល ចំពោះសេចក្តីសម្រេចនេះ ដើម្បីទាមទារឱ្យតុលាការកំពូលទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងតែម្តង។ អ្នកស្រីថា ការកាត់តម្រឹមទោសកូនក្តីរបស់ខ្លួន គឺជារឿងអយុត្តិធម៌។
មេធាវីការពារក្ដីរូបនេះបានអះអាងថា៖«ខ្ញុំជាមេធាវីនិងពិភាក្សាជាមួយកូនក្តីសិន»។
លោក រាជ សីម៉ា សកម្មជនដីធ្លីដ៏លេចធ្លោនៅសហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ស្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំង កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០ រៀល ក្រោមការចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១។ ក្រោយមក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចដោះលែងលោក រាជ សីម៉ា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល ១០ខែ និង២៧ថ្ងៃ។
លោក រាជ សីម៉ា គឺជាតំណាងពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍ឡពាងដែលមានជម្លោះជាច្រើនឆ្នាំមកហើយ ជាមួយក្រុមហ៊ុន ខេឌីស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម ដែលទន្រ្ទានចង់បានដីផ្ទះដ៏តូចៗរបស់ពួកគាត់ ដោយមិនទាន់បានទទួលនូវដំណោះស្រាយណាមួយឡើយ។ ផ្ទុយទៅវិញតំណាងសហគមន៍ជាច្រើនទៀត ក៏ត្រូវបានរងការចោទប្រកាន់ជាបន្តបន្ទាប់ពីតុលាការកម្ពុជា រហូតមានកាចាប់ខ្លួនរបស់លោក រាជ សីម៉ា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២១។
ជុំវិញរឿងនេះ លោក រាជ សីម៉ា បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមទូរសព្ទកាលពីថ្ងៃពុធថា ការសម្រេចរបស់សាលាឧទ្ធរណ៍នេះក៏ជារឿងល្អប្រសើរដែរ ប៉ុន្ដែលោកចង់ឱ្យតុលាការបញ្ចប់សំណុំរឿងលោកទាំងមូល ដោយមិនចាំបាច់ព្យួរនោះទេ។ លោកថា ករណីដែលតុលាការខេត្ដកំពង់ឆ្នាំងសម្រេចផ្ដន្ទាទោសរូបលោកកន្លងមក វាជារឿងអយុត្ដិធម៌ណាស់ ពីព្រោះលោកមិនបានប្រព្រឹត្ដដូចការចោទប្រកាន់នោះទេ។ ម្យ៉ាងវិញទៀត លោកបានបង្ហាញពីករណីលោកថា ហាក់មិនអស់ចិត្ដនឹងអ្វីដែលសាលាដំបូងខេត្ដកំពង់ឆ្នាំងសម្រេចកន្លងមកនោះទេ ខណៈលោកថា គួរតែចាប់អ្នកប្រព្រឹត្ដដាក់ទោស មិនមែនរូបលោកទេ។
លោកនិយាយថា៖«ការសម្រេចរបស់សាលាឧទ្ធរណ៍ជារឿងល្អហើយ ប៉ុន្ដែខ្ញុំចង់ឱ្យតុលាការមេត្ដាចាប់អ្នកប្រព្រឹត្ដមកផ្ដន្ទាទោលឱ្យបាន មិនមែនចាប់អ្នកគ្មានទោសដូចខ្ញុំមកដាក់ទោសអ៊ីចឹងទេ»។
ចំណែកឯភរិយាលោក រាជ សីម៉ា គឺអ្នកស្រី ណាក់ កេន យល់ឃើញថា តុលាការគួរតែទម្លាក់ចោលទាំងស្រុងលើករណីប្ដីអ្នកស្រី ដោយសារតែអ្នកស្រីមានការព្រួយបារម្ភខ្លាចក្រែងតុលាការនឹងចាប់ខ្លួនប្ដីអ្នកស្រីម្ដងទៀត ដែលធ្វើឱ្យគ្រួសារអ្នកស្រីអាចនឹងជួបបញ្ហាលំបាកជាច្រើន។
អ្នកស្រីកេន ថ្លែងថា៖«ខ្ញុំចង់ឱ្យតុលាការទម្លាក់ចោលទាំងស្រុងតែម្ដង ដោយមិនបាច់ព្យួរ ព្រោះខ្ញុំបារម្ភថា អាចនឹងចាប់ប្ដីខ្ញុំម្ដងទៀត»។
ក្រៅតែអំពីលោក រាជ សីម៉ា ក៏មានសកម្មជនតវ៉ាដីធ្លី៤នាក់ទៀត កំពុងតែជាប់បណ្ដឹងនៅសាលាដំបូងខេត្ដកំពង់ឆ្នាំង ដូចជា អ្នកស្រី អ៊ុំ សុភី អ្នកស្រី ទួន សេង និងលោក ស្ងួន ញឿន ជាដើម។
តំណាងសម្មជនតវ៉ាដីធ្លីដ៏សកម្ម អ្នកស្រី អ៊ុំ សុភី បានមើលឃើញថា ការសម្រេចរបស់សាលាឧទ្ធរណ៍ចំពោះករណីលោក រាជ សីម៉ា មិនបានផ្ដល់នូវភាពយុត្ដិធម៌នោះទេ ដោយសារករណីនេះ ដើមបណ្ដឹងបានដកពាក្យរួចហើយ។ អ្នកស្រីថា តុលាការគួរតែទម្លាក់ចោលទាំងស្រុងទើបជារឿងយុត្ដិធម៌។
អ្នកស្រីបន្ដថា៖«វាមិនយុត្ដិធម៌សម្រាប់លោក រាជ សីម៉ាទេ តុលាការគួរតែទម្លាក់ចោល មិនគួរបន្ដព្យួរដូច្នេះនោះទេ»។
យ៉ាងណាមិញអ្នកស្រីបន្ថែមថា មិនមែនតែករណីលោក រាជ សីម៉ា នោះទេ សកម្មជនឡពាងផ្សេងទៀត ក៏តុលាការគួរទម្លាក់បទចោទប្រកាន់ចោលដែរ ដើម្បីឱ្យពួកគេមានសេរីភាព និងសិទ្ធិពេញលេញជាពលរដ្ឋធម្មតាវិញ។
ស្រ្ដីរូបនេះបន្ដថា៖«ខ្ញុំយល់ឃើញថា តុលាការមិនមានឯករាជ្យភាព និងមិនយុត្ដិធម៌សម្រាប់ពួកខ្ញុំឡើយ»។
ជុំវិញករណីនេះ ត្រូវបាននាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានសង្កត់ធ្ងន់ថា បើករណីត្រូវបានដើមដកពាក្យបណ្តឹងហើយ តុលាការក៏គួរតែបិទបញ្ចប់សំណុំរឿងនេះចោល។ លោកបន្តថា បើទោះបីជាលោកសីមាអាចនៅក្រៅឃុំក៏ដោយ ប៉ុន្ដែនៅតែមានឈ្មោះជាទណ្ឌិតដដែល ពីព្រោះគ្រាន់តែកាត់តម្រឹមទោស។
លោកបានចាត់ទុកថា៖«វាដល់ពេលដែលតុលាការមិនគួរបន្ដធ្វើជាឧបករណ៍សម្រាប់អ្នកមានអំណាច ទុកដើម្បីគំរាមកំហែងជនស្លូតត្រង់ ជាពិសេសក្នុងជម្លោះដីធ្លី»។
យ៉ាងណា ក្នុងនាមជាអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លោក អំ សំអាត បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាអនុវត្ដច្បាប់ឱ្យមានតម្លាភាព និងមិនត្រូវមានភាពលម្អៀងទៅភាគីណាមួយនោះទេ។ លោកថា បើមិនអ៊ីចឹងទេ អ្នករងគ្រោះ គឺជាពលរដ្ឋខ្លួនឯង៕
……………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន