មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។
ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០១៣ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានបណ្ដុះបណ្ដាលសមាជិក និងបណ្ដាញពលរដ្ឋអ្នកសារព័ត៌មានប្រមាណ ៤០០នាក់ និងបានអនុវត្តគម្រោងជាច្រើនក្នុងគោលបំណងពង្រីកបណ្ដាញនេះ។
កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មានមានគោលដៅជំរុញឱ្យសាធារណជន ឬពលរដ្ឋនៅតាមបណ្ដាខេត្តនានា អាចរាយការណ៍ព័ត៌មានពីសហគមន៍របស់ពួកគេទៅកាន់បណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីប្រាប់ពីអ្វីដែលកំពុងកើតក្នុងប្រទេសកម្ពុជា។
គោលដៅចំបងមួយទៀត គឺអភិវឌ្ឍសមត្ថភាពរបស់កម្មវិធីពលរដ្ឋអ្នកសារព័ត៌មានក្នុងការសរសេរ និងរាយការណ៍ព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងឥតលម្អៀង ព្រមទាំងលើកកម្ពស់សិទ្ធទទួលបានព័ត៌មាន និងសេរីភាពបញ្ចេញមតិ និងជំរុញអភិបាលកិច្ចនៅថ្នាក់មូលដ្ឋានឱ្យកាន់តែល្អប្រសើរ។