CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម Featured

អត្ថបទ​និទាន​បែប​ទំនើប​៖​ ​៥​ឆ្នាំ​តស៊ូ​​ជម្នះ​ឧបសគ្គ​រាប់​មិន​​អស់​ដើម្បី​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ការងារ​

CJ Khmer ដោយ CJ Khmer
April 28, 2026
ក្នុង Featured, សិទ្ធិមនុស្ស
0
អ្នកស្រី ពៅ រស្មី(ឆ្វេង) និងលោក ឡិច ជូឡាយ(ស្ដាំ) អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍(NagaWorld) កំពុងផ្ដល់សម្ភាសន៍នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅភ្នំពេញ អំពីស្ថានភាពរស់នៅនិងដំណើរស្វែងរកយុត្តិធម៌ជុំវិញវិវាទការងារជាមួយក្រុមហ៊ុននេះ។ (អ្នកស្រី នឿន ដាវីន)

អ្នកស្រី ពៅ រស្មី(ឆ្វេង) និងលោក ឡិច ជូឡាយ(ស្ដាំ) អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍(NagaWorld) កំពុងផ្ដល់សម្ភាសន៍នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅភ្នំពេញ អំពីស្ថានភាពរស់នៅនិងដំណើរស្វែងរកយុត្តិធម៌ជុំវិញវិវាទការងារជាមួយក្រុមហ៊ុននេះ។ (អ្នកស្រី នឿន ដាវីន)

0
ចែករំលែក
3
ចំនួនមើល

ក្នុងរយៈពេលប្រមាណ ៥ឆ្នាំមកហើយ ដំណើរការទាមទារយុត្តិធម៌ដើម្បីឱ្យមានការគោរព​សិទ្ធិការងារនៅកន្លែងល្បែងស៊ីសងនិងសណ្ឋាគារមួយនាកណ្តាលរាជធានីភ្នំពេញចេះតែបន្ត ខណៈសមាជិកអ្នកតវ៉ាខ្លះ​បានជួបឧបសគ្គជាច្រើន ទាំងក្នុងការទាមទារលក្ខខណ្ឌការងារ និងក្នុងស្ថានភាពគ្រួសារ។ កូដការិនីម្នាក់ដែលជាអតីតបុគ្គលិកក្រុមហ៊ុន​ណាហ្គាវើលដ៍(NagaWorld) ត្រូវមានឈ្មោះក្រុមហ៊ុនបញ្ឈប់ពីការងារកាលពី៤ឆ្នាំមុនម្នាក់ក្នុងចំណោមបុគ្គលិកដែលត្រូវបញ្ឈប់ជាច្រើនរយនាក់ទៀត គឺអ្នកស្រី ពៅ រស្មី។ កាលនៅមានកម្លាំងម៉ាំមួនគាត់បានចូលរួមតស៊ូមតិ ដោយទាមទារឱ្យក្រុមហ៊ុនទទួលយកសមាជិកសហជីព​ដែលត្រូវបាន​បញ្ឈប់ពីការងារឱ្យបានចូលបំពេញការងារឡើងវិញ និងឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើងសហជីពជាដើម។ ​

=== Break with Pov Reaksmey video clips ==

អ្នកស្រី ពៅ រស្មី ជាសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃ​​ក្រុមហ៊ុនណាហ្គាវើលដ៍។ ការបាត់បង់ការងារនៅណាហ្គាវើលដ៍ មិនមែនគ្រាន់តែជាការបាត់បង់ប្រាក់ខែប៉ុណ្ណោះទេ ប៉ុន្តែ​ជាចំណុចចាប់ផ្ដើមនៃវិបត្តិសេដ្ឋកិច្ច​សម្រាប់គ្រួសារអ្នកស្រីផងដែរ។ ចាប់តាំងពីឆ្នាំ ២០២១ មក អ្នកស្រីត្រូវឆ្លងកាត់ការរើសអើងក្នុងការស្វែងរកការងារថ្មី ដោយសារប្រវត្តិជាកូដករចេញមុខតវ៉ា ដែលធ្វើឱ្យជីវភាពកាន់តែដុនដាប។ កញ្ចប់ប្រាក់សន្សំ ដែលធ្លាប់គ្រោងទុកសម្រាប់បើកហាងកាហ្វេតូចមួយក្នុងក្ដីស្រមៃ ត្រូវបានដកមកប្រើប្រាស់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងថ្លៃផ្ទះជួលបន្តិចម្ដងៗ រហូតអស់រលីងពីខ្លួន។

ពីស្ត្រីដែលធ្លាប់មានកម្លាំងមាំមួន ស្វាហាប់តស៊ូមតិដើម្បីសិទ្ធិការងារឥតឈប់ឈរ ប៉ុន្តែបច្ចុប្បន្នបែរជាត្រូវការអ្នកមើលថែជាប្រចាំ ក្រោយរងរបួស​ធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី​ឆ្នាំមុន។

=== Break with Pov Reaksmey video clips ==

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើឱ្យអ្នកស្រី ពៅ រស្មី ធ្លាក់ក្នុងស្ថានភាពយ៉ាប់យឺន ដែលវាហាក់ជាការបន្ថែមនូវឧបសគ្គដ៏ធំមួយទៀតពីលើការលំបាករាប់ជំពូកដែលគ្រួសារ​គាត់កំពុងជួបប្រទះ។ របួសឈាមកកក្នុងខួរក្បាល បានធ្វើឱ្យអ្នកស្រីប្រែជាមនុស្សភ្លេចភ្លាំង និងពិបាកសូម្បីតែនិយាយស្ដីឱ្យចេញជាពាក្យពេចន៍។ ស្ថានភាពជំងឺទាមទារឱ្យមានការវះកាត់ជាបន្ទាន់ ខណៈបច្ចុប្បន្ន​ស្ថានភាពសុខភាពរបស់អ្នកស្រីនៅមិនទាន់បានដូចដើមនៅឡើយ។

=== Break with Pov Reaksmey video clips ==

បច្ចុប្បន្ន ស្ថានភាពជីវភាពរបស់គ្រួសារនេះកំពុងស្ថិតក្នុងភាពខ្វះខាតយ៉ាងខ្លាំង។ អ្នកស្រី រស្មី ទើបតែបានឆ្លងកាត់ការវះកាត់ដាក់លលាដ៍ក្បាលថ្មីៗនេះ ដែលធ្វើឱ្យគ្រួសារត្រូវរែកពន់បំណុលចំនួន ៥,០០០ដុល្លារ យកមកព្យាបាលភរិយា ខណៈដែលគ្រួសារទាំងមូលកំពុងតែគ្មានចំណូលផង។ ក្រៅពីបំណុលវះកាត់ ការចំណាយលើថ្នាំសង្កូវប្រចាំខែ និងការហូបចុកប្រចាំថ្ងៃ បានក្លាយជាបន្ទុកដ៏ធ្ងន់ក្នុងគ្រួសារ ។

លោក ឡិច ជូឡាយ ដែលជាស្វាមី គឺជាបង្អែកតែមួយគត់។ លោកត្រូវមើលថែភរិយាជាប់ជានិច្ច តាំងពីការស្លៀកពាក់ ងូតទឹក បត់ដៃបត់ជើង រហូតដល់ការដាំស្លឱ្យភរិយាញ៉ាំ ព្រោះបច្ចុប្បន្នអ្នកស្រី រស្មី នៅមិនទាន់អាចដើររួចនៅឡើយ។

«ពួកខ្ញុំយ៉ាប់យឺនខ្លាំងណាស់បង ដោយសារអីវាយើងអត់លុយផង គាត់ត្រូវចំណាយក្នុងការព្យាបាលគាត់ ពីដំបូងវះកាត់អស់ច្រើន ហើយក្រោយមក យើងវះដាក់លលាដ៍មួយតង់ទៀត យើងត្រូវខ្ចីលុយគេទៀត ឥឡូវយើងជំពាក់គេ»។

ភក្តីភាព និងការតស៊ូដើរលើវិថី​ជាមួយគ្នារបស់អ្នកទាំងពីរ ​បានចាប់ផ្តើមសាងឡើងតាំងពីឆ្នាំ ២០១៣។ ពួកគាត់គឺជាកូដករណាហ្គាវើលដ៍ដែលបានស្គាល់គ្នា និងផ្ដើមសាងស្នេហានៅក្នុងអំឡុងពេលចេញតវ៉ាទាមទារសិទ្ធិការងារ។ ក្នុងអំឡុងពេលតស៊ូ ៤ឆ្នាំមកនេះ លោក ជូឡាយ ធ្លាប់ធ្វើជាអ្នកដឹកជញ្ជូនម្ហូប ជាអ្នកជួយលក់ដូរបងប្អូន។ រីឯអ្នកស្រី រស្មី ក៏ធ្លាប់ព្យាយាមធ្វើជាជាងសាឡនក្រៅម៉ោង ជួយមិត្តភក្តិលក់ឡេតាមអនឡាញ និងជួយលក់បាយម្ហូបឱ្យគេ ដើម្បីទប់ទល់នឹងការចំណាយ។

អ្នកស្រី រស្មី អតីតបុគ្គលិកផ្នែកចែកបៀរ ត្រូវបានក្រុមហ៊ុនបញ្ឈប់ក្រោមលេសវិបត្តិកូវីដ-១៩។ ចំណែក​ឯ​លោក ជូឡាយ អតីតបុគ្គលិកផ្នែកលក់កាក់ក្នុងការស៊ីណូ មិនមានឈ្មោះក្នុងបញ្ជីកាត់បុគ្គលិកទេ តែលោកក៏ចេញតវ៉ាជាមួយអ្នកដែលត្រូវបានបញ្ឈប់ដែរ ព្រោះលោកមិនអាចទទួលយកនូវការបំពានសិទ្ធិការងារពីសំណាក់ថៅកែឡើយ។

=== Break with Naga workers protesting ===

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ហៅកាត់ LRSU បានលើកឡើងថា កូដករដែលចេញធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនគោរពសិទ្ធិការងារ និងបញ្ឈប់ការរើសអើសសហជីពភាគច្រើនជាស្ត្រី។ កូដករទាំងនោះ បានប្រឈមមុខនឹងការយាយី ​ ការចាប់ខ្លួនដាក់ពន្ធនាគារ និងការបង្ក្រាបដោយហិង្សាពីអាជ្ញាធរ ដែល​បណ្តាល​ឲ្យមានរបួស រួមទាំងកម្មការិនីមានផ្ទៃពោះម្នាក់បានរលូតកូនក្នុងអំឡុងពេលបណ្ដេញចេញដោយបង្ខំ​ទៀតផង។

ប្រមាណ ៥ឆ្នាំនៃការបាត់បង់ការងារ និងគ្មានប្រាក់ចំណូលទៀងទាត់ មិនត្រឹមតែមិនអាចបំបែកចំណងស្នេហាពួកគាត់ទេ តែវាបានជួយឱ្យពួកគាត់កាន់តែស្រឡាញ់គ្នា និងតស៊ូដើម្បីយុត្តិធម៌រួមគ្នា ទោះជាពេលនេះស្ថិតក្នុងភាពទាល់ច្រកគ្មានសូម្បីតែប្រាក់សម្រាប់ព្យាបាលជំងឺក៏ដោយ។ បច្ចុប្បន្ន លោក ជូឡាយ នៅតែបន្តស្វែងរកការងារថ្មី ដើម្បីដោះស្រាយជីវភាព និងបន្តក្ដីសង្ឃឹមសម្រាប់អនាគត។

ទោះបីជាការនិយាយស្តីមានការលំបាក ក៏បេះដូងរបស់អ្នកស្រី រស្មី នៅតែបន្តស្រែករកយុត្តិធម៌តាមរយៈស្វាមី។ លោក ជូឡាយ នៅតែមានជំហរមុតមាំ ដោយចង់ឱ្យថៅកែ NagaWorld គោរពច្បាប់ប្រទេសកម្ពុជា និងបញ្ឈប់ការយកលេសដើម្បីកម្ចាត់សហជីពក្នុងក្រុមហ៊ុនបន្តទៀត។

«ពួកខ្ញុំមានឆន្ទៈឱ្យថៅកែណាហ្គាវើលគោរពច្បាប់ប្រទេសកម្ពុជា ចង់ឱ្យគាត់ដោះស្រាយ កុំឱ្យយកលេសកូវីដ-១៩… ទទួលយករចនាសម្ព័ន្ធសហជីពដែលនៅសេសសល់ចូលធ្វើការវិញ អ្នកមានឈ្មោះកាត់តាមសំណងតាមច្បាប់ឱ្យគ្រប់ឱ្យគាត់ ដោយសារអីកន្លងមកឱ្យអត់គ្រប់ទេ»។

វិវាទ​ការងារ​រវាង​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ី​ណូ​ណាហ្គាវើលដ៍​រហូត​ដល់​មាន​កូដកម្ម​រយៈពេលប្រមាណ៥ឆ្នាំមកនេះ​ កើត​ឡើង​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ ​១ ៣០០ ​នាក់ ដែល​ភាគ​ច្រើន​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ត្រូវ​បាន​បញ្ឈប់​ពី​ការងារ អំឡុង​ខែ​មេសា ឆ្នាំ​ ២០២១។ ​

ប្រមាណ ៥ ឆ្នាំនៃការរង់ចាំដំណោះស្រាយ និងយុត្តិធម៌សម្រាប់ពួកគាត់មួយចំនួនមិនទាន់មានក្តី តែយ៉ាងហោចណាស់សកម្មភាពពួកគាត់បានបង្ហាញពិភពលោកឱ្យឃើញពីអំណាចនៃភាពអត់ធ្មត់ និងភក្តីភាពរវាងប្តីប្រពន្ធ។ យុត្តិធម៌សម្រាប់ពួកគាត់ មិនមែនគ្រាន់តែជាការឈ្នះក្តីនោះទេ តែវាគឺជាការទទួលស្គាល់នូវតម្លៃនៃភាពជាមនុស្សក្នុងប្រព័ន្ធការងារនៅកម្ពុជា។

«ពួកខ្ញុំជាកូដករណាហ្គាវើល លើម្រាមដៃដប់សូមណូមពរទៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធទាំងអស់… តវ៉ា ៤ ឆ្នាំជិត ៥ ឆ្នាំ គឺអត់ទាន់មានដំណោះស្រាយទេ»៕

…………………………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន អ្នកស្រី នឿន ដាវីន

អត្ថបទមុន

ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​អចិន្ត្រៃយ៍​របស់​រដ្ឋ​តំបន់​ត្រពាំង​ប្រើស​ស្រុក​សណ្ដាន់​នៅតែ​បន្ត​កើត​មាន​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង