CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម Featured

ព័ត៌មាន​ស៊ី​ជម្រៅ​៖​ ​ពលរដ្ឋ​៣​ឃុំ​រង​ផល​ប៉ះពាល់​ពី​ក្លិន​ស្អុយ​ភាយ​ចេញ​ពី​រោងចក្រ​ចិន​ដែល​កែ​ច្នៃ​ស្វាយ​​នៅ​ស្រុក​ដង​ទង់

CJ Khmer ដោយ CJ Khmer
August 12, 2025
ក្នុង Featured, បរិស្ថាន
0
ទិដ្ឋភាពរោងចក្រកែច្នៃស្វាយរបស់ក្រុមហ៊ុន ហៅរួយដា មានថៅកែជាជនជាតិចិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ (ប៉ូ សាគុន)

ទិដ្ឋភាពរោងចក្រកែច្នៃស្វាយរបស់ក្រុមហ៊ុន ហៅរួយដា មានថៅកែជាជនជាតិចិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ (ប៉ូ សាគុន)

0
ចែករំលែក
53
ចំនួនមើល

ពលរដ្ឋនៅក្នុងឃុំចំនួន៣ នៃស្រុកដងទង់ ខេត្តកំពត ​សរុបប្រមាណ៩ភូមិ ​រងផលប៉ះពាល់ពីក្លិនស្អុយ ដែលជះចេញពីរោងចក្រកែច្នៃស្វាយ របស់ក្រុមហ៊ុនហៅរួយដា មានថៅកែជាជនជាតិចិន ខណៈអាជ្ញាធរមូលដ្ឋានបង្ហាញក្តីបារម្ភចំពោះផលប៉ះពាល់សុខភាពពលរដ្ឋទាំងនោះ ដែលនឹងនាំឱ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ហើយកុមារនឹងប៉ះពាល់ដល់ការសិក្សា​។

កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត រដ្ឋបាលស្រុកដងទង់ និងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង ករណីបង្កឱ្យមានក្លិនស្អុយចេញពីស្រះស្ដុកសំណល់រាវ នៃរោងចក្រកែច្នៃស្វាយរបស់ក្រុមហ៊ុន ហៅរួយដា មានថៅកែជាជនជាតិចិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។

ជាលទ្ធផលឃើញថា  រោងចក្របាននឹងកំពុងបង្កឱ្យមានការបំពុលក្លិន ប៉ះពាល់គុណភាពបរិស្ថាន ដែលផ្ដល់ផលប៉ះពាល់សុខភាពសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ និងពលរដ្ឋនៅជុំវិញ ពេលដែលមានខ្យល់បក់ពីទិសខាងជើង ដោយសារសំណល់រាវទឹកកខ្វក់ ចេញពីសង្វាក់ផលិតកម្មចូលទៅក្នុងស្រះស្ដុកចំហ ពុំទាន់មានអាងប្រព្រឹត្តកម្មសំណល់រាវ។

អ្នកស្រី ឈឿន ធឿន អាយុ៤១ឆ្នាំ កំពុងពពោះកូនក្នុងផ្ទៃ៧ខែ ត្អូញត្អែរថា សឹងរាល់ថ្ងៃគាត់ធំក្លិនស្អុយពីស្រះស្តុកវត្ថុរាវ របស់រោងចក្រហៅរួយដា ជាខ្លាំង ធ្វើឱ្យអ្នកស្រីមិនសូវស្រួលខ្លួន ពិបាកដកដង្ហើម បើទោះបីជាគាត់បានពាក់ម៉ាស់ការពារក្ដី។ អ្នកស្រីព្រួយបារម្ភថា ក្លិនស្អុយនោះ អាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ ហើយគាត់តែងតែទៅមណ្ឌលសុខភាពជាញឹកញាប់។ រស់នៅភូមិព្រៃពីរ ឃុំស្រែជាខាងជើង អ្នកស្រី ធឿន បន្ថែមថា រាល់ពេលមេឃអួអាប់ ឬពេលមានមេឃភ្លៀង ក្លិនស្អុយតែងតែជះមកខ្លាំង ហើយអ្នកស្រីរំលឹកថា ក្លិនស្អុយនោះជះខ្លាំងប្រមាណ៣ខែជាប់គ្នា។

អ្នកស្រី ឈឿន ធឿន បញ្ជាក់៖«នៅតែស្អុយនាំណាស់ ដកដង្ហើមមិនរួចទេ។ ខ្ញុំពាក់ម៉ាស់ បើមិនពាក់ម៉ាស់ទ្រាំម៉េចបាន? ឱ្យតែមេឃអួអាប់ដឹងតែស្អុយហើយ។ ហើយយប់ឡើងបើមេឃអួអាប់ក៏ស្អុយដែរ បើមេឃមិនសូវអួអាប់អត់ស្អុយទេ។ ក្លិននេះអាចប៉ះពាល់ដល់កូន ព្រោះយើងដងដង្ហើមចេញចូល។ ខ្ញុំទៅមណ្ឌលសុខភាពឱ្យគេពិនិត្យខ្លាចវាប៉ះពាល់។ ពេលអត់សូវស្រួលខ្លួន ខ្ញុំទៅមណ្ឌលសុខភាពឱ្យគេពិនិត្យ ព្រោះយើងមានកូន បើអត់មានកូនយើងអត់ទៅក៏បានដែរ។ មួយខែខ្ញុំទៅ២ដង ពេទ្យថាអត់មានប៉ះពាល់អីទេ។ ខ្ញុំព្រួយដែរ តែមិនដឹងធ្វើយ៉ាងម៉េចបើយើងប្រាប់ភូមិឃុំរួចហើយ»។

ចំណែកអ្នកស្រី ពៅ ឡៃ អាយុ៥៣ឆ្នាំ ដែលមានជំងឺបេះដូងប្រចាំកាយផងនោះ គាត់តែងតែថប់ដង្ហើមណែនទ្រូង នៅពេលដែលធំក្លិនស្អុយម្ដងៗ។ អ្នកស្រីមិនអាចពាក់ម៉ាស់ការពារបានឡើយ ព្រោះវាធ្វើឱ្យអ្នកស្រីកាន់តែថប់ដង្ហើមលើសដើម ដូច្នេះអ្នកស្រីត្រូវទ្រាំរស់នៅទាំងថប់បារម្ភ ដោយមិនអាចជម្លៀសខ្លួនចេញឱ្យផុតពីក្លិនស្អុយនោះបាន។

ទិដ្ឋភាពសំណល់រាវបញ្ចេញពីរោងចក្រកែច្នៃស្វាយរបស់ក្រុមហ៊ុន ហៅរួយដា ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ (ប៉ូ សាគុន)

រស់ក្នុងភូមិត្រពាំងជានាងអ្នកស្រី ពៅ ឡៃ ត្រូវឡើងទៅរាជធានីភ្នំពេញរៀងរាល់មួយខែម្ដង ដើម្បីបើកថ្នាំព្យាបាលជំងឺបេះដូង។ អ្នកស្រីអះអាងថា ថ្នាក់ភូមិឃុំបានចុះទៅអន្តរាគមន៍ដល់រោងចក្រហៅរួយដា ជាច្រើនដងមកហើយ ប៉ុន្តែក្លិនស្អុយនៅតែជះមកដដែល។

អ្នកស្រី ឡៃ បញ្ជាក់ថា៖«ថប់ដង្ហើម ណែនទ្រូង ងងឹតមុខ រកតែដួលតែម្ដង ពេទ្យថាបេះដូងរើ។ ឱ្យតែធំក្លិនដឹងតែបេះដូងរើហើយ។ ទៅពេទ្យជិតនេះ ថ្នាំខ្ញុំលេបអត់ត្រូវ ខ្ញុំត្រូវទៅបើកថ្នាំនៅពេទ្យរុស្សី។ ឱ្យតែមេឃចង់ភ្លៀងដឹងតែមានក្លិនខ្លាំង។ ខ្ញុំអត់ការពារខ្លួនអីផង​ ចេះតែទ្រាំនៅបែបហ្នឹងទៅ ពាក់ម៉ាស់រឹតតែថប់ទៀតហើយ អត់ចេះពាក់។ ដល់តែពេលថប់ដង្ហើមខ្លាំងសរសៃកឡើងប៉ុនៗកូនដៃ»។

រីឯអ្នកស្រី គប់ អាន់ អាយុ៦៣ឆ្នាំ មានជំងឺទឹកនោមផ្អែមប្រចាំកាយ ហើយអ្នកស្រីទទួលទានថ្នាំព្យាបាលជំងឺនេះជារៀងរាល់ថ្ងៃ។ មានសុខភាពខ្សោយស្រាប់ នៅពេលធំក្លិនស្អុយម្ដងៗ អ្នកស្រី អាន់ ថាគាត់តែងអស់កម្លាំង។ មានផ្ទះឆ្ងាយពីទីតាំងរោងចក្រប្រមាណ៣គីឡូម៉ែត្រ អ្នកស្រី អាន់ ថានៅចុងខែកក្កដាឆ្នាំ២០២៥នេះ មិនមានក្លិនស្អុយទេ ដ្បិតអីរោងចក្រផ្អាកការកែច្នៃស្វាយ ប៉ុន្តែអ្នកស្រីព្រួយបារម្ភខ្លាចថា ដល់រដូវប្រមូលផលស្វាយម្ដងទៀត រោងចក្រដំណើរការជាថ្មី ក្លិនស្អុយអាចជះមកដដែល។

រស់ក្នុងភូមិត្រពាំងជានាងអ្នកស្រី គប់ អាន់ បន្ថែមថា៖«ធំក្លិនស្អុយពិបាកក្នុងខ្លួន អត់សូវមានកម្លាំង បើអត់ធំក្លិនអត់អីទេ។ អត់ចេះពាក់ម៉ាសទេ កន្សែងក៏ខ្ញុំអត់យកខ្ទប់ច្រមុះដែរ ព្រោះក្លិនមកពីឆ្ងាយ វាមកម្ដងៗ វាមិនមែនមកញឹកញាប់ទេ។ កាលមុនស្អុយខ្លាំងមែន ប៉ុន្តែឥឡូវគេខានធ្វើយូរ វារាងដូចថាសាប ក៏ស្បើយក្លិនទៅ»។

លោក ខឹម ហ៊ាង មេឃុំស្រែជាខាងជើង បានអះអាងថា ក្រុមការងាររបស់លោក រួមជាមួយមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានចុះទៅដល់រោងចក្រចំនួន៤ដងមកហើយ ប៉ុន្តែពុំទាន់បានផលអ្វីឡើយ។ លោកថា រោងចក្របានបិទដំណើរការសិនព្រោះមិនមានស្វាយកែច្នៃ ប៉ុន្តែក្លិនស្អុយដែលសល់ពីសំណល់ចាស់ នៅតែជះក្លិនស្អុយប៉ះពាល់ពលរដ្ឋនៅជុំវិញ។

ទិដ្ឋភាពសំណល់រាវបញ្ចេញពីរោងចក្រកែច្នៃស្វាយរបស់ក្រុមហ៊ុន ហៅរួយដា ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ (ប៉ូ សាគុន)

លោកអះអាងថា ក្លិនស្អុយបានផ្ដល់ផលប៉ះពាល់ឃុំចំនួន៣ គឺឃុំស្រែជាខាងជើង ឃុំស្រែជាខាងត្បូង និងឃុំមានរិទ្ធមួយចំហៀងទៀត។ លោកថា គិតតែឃុំស្រែជាខាងជើង ប្រជាពលរដ្ឋប៉ះពាល់ក្លិនស្អុយអាចមានចំនួនជាង១ពាន់គ្រួសារ(១ ៤១៥)។ លោកបន្តថា ​ក្លិនស្អុយជះខ្លាំងជាងគេ គឺក្នុងអំឡុងខែឧសភារហូតដល់ខែកក្កដា។ កាន់ដំណែងជាមេឃុំក្នុងឆ្នាំ២០២២ លោក ហ៊ាង ព្រួយបារម្មណ៍ខ្លាចក្លិនស្អុយ ប៉ះពាល់សុខភាពពលរដ្ឋ ពិសេសកុមារ ស្រ្តីមានផ្ទៃពោះ និងចាស់ជរា ដែលនាំឱ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ហើយកុមារប៉ះពាល់ដល់ការសិក្សាផងដែរ។

លោក ខឹម ហ៊ាង បន្ថែមថា៖«សំណូមពររោងចក្រទាំងឡាយ ដែលមានបំណងបើកដំណើរការផលិតអ្វីមួយ សូមឱ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្វាក់ផលិតកម្ម ឱ្យបានគ្រប់គ្រាន់ដើម្បីបង្ការផលប៉ះពាល់អវិជ្ជមាន ដល់អ្នកភូមិនៅជុំវិញ។ សុំឱ្យរៀបចំឯកសារស្នើសុំពីមូលដ្ឋាន ឱ្យបានច្បាស់លាស់»។

អ្នកសារព័ត៌មានពលរដ្ឋបានចុះទៅដល់ទីតាំងរោងចក្រដើម្បីស្វែងរកការឆ្លើយតបពីភាគីថៅកែ ប៉ុន្តែរោងចក្រត្រូវបានបិទទ្វា ហើយមិនឃើញមានសន្តិសុខដែលអាចសួរនាំព័ត៌មានបានឡើយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

លោក សូ សុខុម នាយករដ្ឋបាលស្រុកដងទង់ បានបញ្ជាក់ថា ក្រុមហ៊ុនហៅរួយដា ដែលស្ថិតក្នុងភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពតនេះមានម្ចាស់ជាជនជាតិចិន។ លោកបន្ថែមថា រោងចក្រនេះក៏មានទីតាំងនៅខេត្តកំពុងស្ពឺនិងខេត្តកោះកុងផងដែរ ដោយឡែកក្នុងខេត្តកំពតរោងចក្រនេះទើបតែដំណើរការបានប្រហែល៦ខែប៉ុណ្ណោះ គឺប្រហែលក្នុងអំឡុងខែមករា ដើមឆ្នាំ២០២៥។

បើតាមលោក សូ សុខុម រោងចក្រដែលស្ថិតក្នុងខេត្តកំពតនេះ ទិញស្វាយចូលចន្លោះពី៥០ទៅ៨០តោនក្នុងមួយថ្ងៃ ដោយប្រើកម្មករចន្លោះពី៥០០ទៅ៧០០នាក់។ យ៉ាងណាផលិតផលកែច្នៃសម្រេច លោក មិនបានដឹងចំនួនច្បាស់លាស់ឡើយ។

លោកបញ្ជាក់បន្ថែម៖«គាត់ទើបដំណើរការបានប្រហែលជា៦ខែ ប៉ុន្តែដំណើរការ៣ខែក៏អស់ស្វាយ។ ជាទូទៅគាត់មិនមែនដំណើរការពេញមួយឆ្នាំទេ គាត់ធ្វើតែមួយរដូវស្វាយ ហើយរយៈពេលនៃការធ្វើរបស់គាត់ហ្នឹង ក៏អស់ស្វាយទៅដែរឥឡូវហ្នឹង»។

លោក សុខុម ថាមន្ទីរបរិស្ថានបានជូនដំណឹងទៅរោងចក្ររួចរាល់ពីផលប៉ះពាល់ ហើយរដ្ឋបាលស្រុកក៏បានបញ្ជូនលិខិតទៅរោងចក្រហើយដែរ ឯភាគីរោងចក្របានព្យាយាមអនុវត្តន៍បានមួយចំនួនដែរហើយ ប៉ុន្តែលោក សុខុម មិនបានបញ្ជាក់ច្បាស់ឡើយថារោងចក្របានអនុវត្តន៍លើចំណុចណាខ្លះ។ លោកសង្ឃឹមថា នៅខែកញ្ញាខាងមុខដែលរដូវស្វាយនឹងចូលមកដល់ រោងចក្រដំណើរការជាថ្មី ខាងអាជ្ញាធរនឹងចុះទៅពិនិត្យស្ថានភាពទៀត ដើម្បីកែតម្រូវទៅលើអ្វីដែលជាការណែនាំរបស់មន្ទីរបរិស្ថាន ក៏ដូចជាក្រសួងបរិស្ថាន។

យ៉ាងណាក៏ដោយលោកសង្កត់ធ្ងន់ថា ការអភិវឌ្ឍតែងតែមានការប៉ះពាល់ខ្លះចៀសមិនផុត ដោយផលប៉ះពាល់មានភាគរយតិចជាងអ្នកទទួលផល ដូច្នេះលោកសំណូមពរឱ្យមានការយោគយល់ ដើម្បីលើកទឹកចិត្តអ្នកជំនួញបរទេសមកវិនិយោគនៅកម្ពុជា។

ឆ្លើយតបនឹងបញ្ហាខាងលើ និងដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពត តម្រូវឱ្យនាយកក្រុមហ៊ុន ហៅរួយដា(ខេមបូឌា) ឯ.ក អនុវត្តវិធានការដូចជា ត្រូវរៀបចំអាងប្រព្រឹត្តកម្មសំណល់រាវ ទឹកកខ្វក់ តាមលក្ខណៈបច្ចេកទេស ឱ្យរួចរាល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ត្រូវគ្របតង់ស្រះស្ដុកសំណល់រាវ ដើម្បីកាត់បន្ថយក្លិនជាបណ្ដោះអាសន្ន រហូតដល់អាងប្រព្រឹត្តកម្មសាងសង់រួចរាល់។

ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឬកិច្ចសន្យាការពារបរិស្ថាន ជាមួយក្រសួង ឬមន្ទីរបរិស្ថានខេត្តកំពត ឱ្យរួចរាល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងករណីនាយកក្រុមហ៊ុន ហៅរួយដា (ខេមបូឌា) ឯ.ក មិនបានអនុវត្តចំណុចណាមួយខាងលើ មន្ទីរបរិស្ថានខេត្តកំពត នឹងចាត់វិធានការជាបន្តបន្ទាប់ តាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។  

បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ចេញផ្សាយក្នុងអំឡុងខែឧសភាឆ្នាំ២០២៥ គិតចាប់ពីឆ្នាំ២០២៤ រហូតដល់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រនិងក្រុមហ៊ុនចំនួន៧ រួមមានក្រុមហ៊ុន KRR Processing Food Co., Ltd. ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកស្ទឹងសែនជ័យ។

ក្រុមហ៊ុន Sun Plus Ing international Co., Ltd. ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តកំពង់ស្ពឺ ​មិនមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន(​EIA) និងបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកអូរតាហោ។

ដោយឡែក រោងចក្រ CAMBODIA SUNSHINE ORCHARD FOOD CO., LTD. ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តព្រះសីហនុ ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ បញ្ចេញសំណល់រាវបង្កការបំពុលទឹកស្ទឹង និងមានត្រីងាប់។ សម្រាប់ក្រុមហ៊ុនហៅរួយដា(ខេមបូឌា) ឯ.ក ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តព្រះសីហនុ មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញសំណល់រាវមិនបានសម្អាត និងលើសកម្រិតកំណត់ស្ដង់ដារ បង្កការបំពុលទឹកស្ទឹងព្រែកកំពង់សីលា។

ក្រសួងបន្ថែមថា រីឯក្រុមហ៊ុន CANGXINLONG FOOD (CAMBODIA) CO.,LTD ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តប៉ៃលិន មិនទាន់មាន EIA មានអាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនដំណើរការ បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ និងបានបំពុលទឹកសាធារណៈអូររអិល និងស្ទឹងកុយ។ ក្រុមហ៊ុននេះត្រូវបានពិន័យជាប្រាក់ជាង៣០០លានរៀល ចំពោះការមិនរាងចាល ក្នុងការបង្ហូរទឹកកខ្វក់ ចូលប្រភពទឹកសាធារណៈ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែក ក្រុមហ៊ុន យូភីន ហ្វា( ខេមបូឌា) ហ្វូដ ឯ.ក ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តបាត់ដំបង បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មិនមានEIA និងបានបំពុលទឹកសាធារណៈ។

ក្រុមហ៊ុន បៃ ស៊ីង សេង (ខេមបូឌា) អ៊ិនដាសស្រ្ទី ឯ.ក ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តបាត់ដំបង មិនមានEIA និងបានបញ្ចេញសំណល់រាវ លើសកម្រិតកំណត់ស្ដង់ដារ អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកសាធាណៈ។ ដោយឡែករោងចក្រកែច្នៃស្វាយរបស់ក្រុមហ៊ុន ហៅរួយដា ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ក្រសួងបរិស្ថានពុំទាន់ស្រង់ចូលក្នុងរបាយការណ៍ខាងលើនៅឡើយទេ។

យ៉ាងណាក្រសួងបរិស្ថាន បញ្ជាក់ថា ក្រុមហ៊ុនកែច្នៃស្វាយទាំងនោះ បានផ្ដល់ផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាទឹកបង្កឱ្យមានការរមាស់ មានត្រីងាប់ និងមិនអាចប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពដំណាំបានផងដែរ បណ្ដាលមកពីក្រុមហ៊ុនខាងលើ បង្ហូរសំណល់រាវចូល ប្រមាណ២ឆ្នាំមកហើយ។

​កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥  រាជរដ្ឋាភិបាលបានចេញសារាចរមួយ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុល​តំបន់ទឹកសាធារណៈ។ ក្នុងសារចរនោះ បានឱ្យដឹងថា  បញ្ហាបំពុល​ទឹកសាធារណៈនេះ ភាគច្រើន​បណ្ដាលមកពីការបង្ហូរទឹកកខ្វក់ ឬបញ្ចេញសំណល់រាវ ពីបណ្ដារោងចក្រ សហគ្រាស និងសួនឧស្សាហកម្ម ជាដើម។ ​បញ្ហានេះ រដ្ឋាភិបាលបានបញ្ជាឱ្យមន្រ្តីពាក់ព័ន្ធ ​ សហការជាមួយក្រសួងបរិស្ថាន ដើម្បីចាត់វិធានការទប់ស្កាត់ការបំពុលទឹក បញ្ចៀសនូវផលប៉ះពាល់សុខភាពសាធារណៈនិងបរិស្ថាន៕ ​

…………………………………

ផលិតដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ប៉ូ សាគុន

អត្ថបទមុន

ព័ត៌មាន​ស៊ី​ជម្រៅ​៖​ វត្ត​មាន​ក្រុម​ហ៊ុន​ចិន​មួយ​នៅ​ត្បូងឃ្មុំ​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​បង់​ដីធ្លី​ ខ្លះ​ប្រឈម​ផ្លូវ​ច្បាប់​ ​និង​ចំណាក​ស្រុក​

អត្ថបទបន្ទាប់

ព័ត៌មាន​ស៊ី​ជម្រៅ​៖ ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​រយ​គ្រួសារ​នឹង​បាត់​បង់​លំ​នៅ​ឋាន​​ ​​នៅពេល​​វារី​អគ្គិសនី​ស្រែ​ពក​​ក្រោម​៣​ដំណើរ​ការ​

អត្ថបទបន្ទាប់
ប្រធានសហគមន៍នេសាទ លោក ខាន់ ប៊ុនទី ជាជនជាតិទំពួននៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កំពុងអង្គុយកាន់សៀវភៅនៅក្រោមផ្ទះកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ (សាមន្ត ដារ៉ា)

ព័ត៌មាន​ស៊ី​ជម្រៅ​៖ ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​រយ​គ្រួសារ​នឹង​បាត់​បង់​លំ​នៅ​ឋាន​​ ​​នៅពេល​​វារី​អគ្គិសនី​ស្រែ​ពក​​ក្រោម​៣​ដំណើរ​ការ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង