រៀងរាល់ព្រឹកព្រលឹមស្រាងៗ អ្នកភូមិរស់នៅឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមាណជាង ១០គ្រួសារ ហាក់មមាញឹកជាមួយនឹងសិប្បកម្មខ្នាតតូចធ្វើធូបលក់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ក្រោយទំនេរពីមុខរបរធ្វើស្រែចម្ការ។ ក្នុងមួយថ្ងៃ អ្នកភូមិបានចំណាយពេល ៣ទៅ៤ម៉ោង ដោយអ្នកខ្លះអង្គុយធ្វើធូប នៅក្រោមផ្ទះ និងខ្លះទៀតនៅរោងខាងក្រោយផ្ទះ។

ម្ចាស់សិប្បកម្មធ្វើធូប លោក នួន ថៃ រស់នៅភូមិស្រាមកើត ឃុំស្រម៉ លើកឡើងថា ធូប គឺជាវត្ថុប្រើប្រាស់ម្យ៉ាង ដែលធ្វើពីគ្រឿងផ្សំ ដូចជាកម្ទេចកម្ទីឈើផ្សំនឹងម្សៅ និង កំណាត់ឫស្សី ដែលគេយកមកធ្វើជាឆ្អឹងធូប រាងតូចៗ ដែលមានប្រវែងចន្លោះពីមួយចង្អាម ឬវែងជាងនោះតាមការកែច្នៃរបស់អ្នកភូមិ ហើយគេយកធូបនេះទៅហាលក្រោមកម្តៅថ្ងៃប្រហែល ៤ទៅ៥ម៉ោង ឬប្រើប្រាស់ម៉ាស៊ីនសម្ងួត ដើម្បីឱ្យស្ងួតល្អ មុននឹងយកទៅចងជាបាច់ទុកសម្រាប់លក់ឱ្យឈ្មួញ។
លោកបន្តថា ក្នុងមួយថ្ងៃ ពួកគាត់អាចធ្វើធូបបានចន្លោះពី ៥០ទៅ៦០គីឡូ ដែលមានទាំងធូបធម្មតា និងធូបក្លិនក្រអូប។
បុរសវ័យ៧០ឆ្នាំ ដែលចាប់របរធ្វើធូបជាង ៧ឆ្នាំមកហើយ បានបន្តថា ការធ្វើធូបលក់នេះ គឺមានឈ្មួញចាំទិញដល់ផ្ទះ មិនខ្វះនោះទេ តែអ្វីដែលជាបញ្ហានោះ គឺនៅត្រង់ថា ធូបមានតម្លៃទាប។
លោកថា៖ «ចេះតែប្រឹងទៅក្មួយអើយ គ្រាន់បានថវិកាខ្លះដោះស្រាយជីវភាព ដូចជាទិញម្ហូប ទិញថ្នាំ និងទុកទៅវត្តទៅវ៉ា ពេលបុណ្យទានម្ដងៗ។ កាលពីមុនអ្នកភូមិ ស្រាមកើតនេះ ធ្វើធូបលក់ច្រើន ទាំងចាស់ទាំងក្មេង តែប៉ុន្មានឆ្នាំចុងក្រោយនេះមក ពួកគេឈប់ធ្វើអស់ច្រើន ហើយ ទៅធ្វើការរោងចក្រវិញ ព្រោះបានប្រាក់ខែច្រើនជាង»។
បើតាម លោក នួន ថៃ ក្នុងមួយខែ គាត់អាចរកប្រាក់ចំណូលបានពីការធ្វើធូបលក់នេះ ប្រមាណ ៤០ម៉ឺន ទៅ៥០ម៉ឺនរៀល។
ដោយសារតែការរកប្រាក់ចំណូលមិនសូវបានច្រើន អ្នកភូមិជាច្រើន ជាពិសេសយុវជន បានបោះបង់របរនេះ ហើយងាកទៅធ្វើការងារនៅរោងចក្រជំនួសវិញ ហើយអ្នកដែលនៅបន្តធ្វើធូបលក់ មកដល់បច្ចុប្បន្ន ដែលមានមិនដល់ ២០គ្រួសារនេះ គឺភាគច្រើនជាមនុស្សវ័យចំណាស់ ដែលមានអាយុចន្លោះពី៦០ឆ្នាំ ទៅ៧០ឆ្នាំ ព្រោះពួកគាត់ត្រូវការចំណូលបន្ថែមមកផ្គត់ផ្គង់ជីវភាព ខណៈពួកគាត់មិនអាចរកការងារផ្សេងធ្វើបាន ក្រៅពីការធ្វើស្រែចម្ការ។
កំពុងអង្គុយនៅក្រោមផ្ទះ ដៃរវល់ជាប់ជាមួយម៉ាស៊ីនធ្វើធូប លោក អឹម ប៉ៃ រស់នៅភូមិស្រាមកើតដែរនោះ បានថ្លែងថា អាជីពនេះ ទោះរកបានចំណូលទាបក្តី ប៉ុន្តែវាបានជួយដល់សម្រួលដល់ជីវភាពគ្រួសាររបស់លោក បានខ្លះដែរ។
លោកថា តម្លៃធូបបច្ចុប្បន្ន មួយគីឡូលក់បាន ២ ០០០រៀលប៉ុណ្ណោះ។ បើទោះជាតម្លៃធូបទាប ប៉ុន្តែលោកមិនបោះបង់ជំនាញនេះទេ។
លោកថា៖ «ខ្ញុំគ្មានគម្រោងថាឈប់ទេ បើទោះបច្ចុប្បន្នតម្លៃធូបពុំសូវបានថ្លៃក្ដី។ ធ្វើរហូតដល់ថ្ងៃដែលឈ្មួញឈប់បញ្ជាទិញ ព្រោះថាមិនដឹងរកមុខរបរអ្វីផ្សេងជំនួស ការងារនេះឯងតក់ៗ គ្រាន់បានលុយខ្លះ បន្ទាប់ពីទំនេរពីស្រុកចម្ការ»។
ពលរដ្ឋខ្មែរនិយមយកធូប មកអុជសម្រាប់បួងសួង សុំសិរីសួស្ដី និងការបួងសួងផ្សេងៗ នៅតាមវត្តអារាម ផ្ទះសម្បែង និងពេលមានកម្មវិធីបុណ្យប្រពៃណីជាដើម។
អ្នកកស្រី អៀង ផល្លា ជាអាជីវករលក់ធូបនៅផ្សារមួយ បានឱ្យដឹងថា អ្នកស្រីលក់ធូបជាង១០ឆ្នាំមកហើយ ដោយយកបន្តពីឈ្មួញកណ្តាល។ អ្នកស្រីបន្តថា ធូបភាគច្រើន ឈ្មួញកណ្ដាលនាំចូលពីប្រទេសវៀតណាម ចិន និងថៃ ចំណែកធូបផលិតនៅក្នុងស្រុកពុំសូវមានច្រើននោះទេ ព្រោះតែពុំសូវឃើញក្រុមឈ្មួញយកមកលក់បន្តឱ្យបានទូលំទូលាយ។
អ្នកកស្រី អៀង ផល្លា ថ្លែងថា៖ «តាមពិតធូបខ្មែរមានដែរ គ្រាន់តែតិចតូច បើធៀបនឹងធូបដែលនាំចូលពីក្រៅ គឺច្រើនជាង។ ខ្ញុំគិតថា វាជារឿងល្អ ប្រសិនបើយើងមានធូបក្នុងស្រុកលក់ឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ ជីវភាពអ្នកផលិតក្នុងស្រុកដែរ»។
ពលរដ្ឋម្នាក់ទៀត រស់នៅភូមិអណ្ដូងត្រាង ឃុំស្រម៉ ស្រុកជើងព្រៃ អ្នកស្រី ម៉ៅ សឿន ដែលបានបោះបង់របរធ្វើធូបលក់ជាង២ឆ្នាំ បាននិយាយថា ការធ្វើធូបលក់ ជាការងារស្រាល ហើយងាយស្រួល ប៉ុន្តែប្រាក់ចំណូលដែលរកបានតិចតូចពេក មិនអាចផ្គត់ផ្គង់គ្រួសារបាន។ ដូច្នេះហើយ អ្នកស្រី និងគ្រួសារ សម្រេចបោះបង់របរនេះ ហើយទៅធ្វើការនៅរោងចក្រវិញ។
អ្នកស្រីថា៖ «ខ្ញុំគិតថា អាជីពធ្វើធូបលក់នេះ ល្អសម្រាប់ចាស់ៗ ដែលគាត់នៅផ្ទះ អាចរកចំណូលបានខ្លះ ប៉ុន្តែបើពួកខ្ញុំវិញ ធ្វើមិនកើតទេ ព្រោះវាបានចំណូលតិចពេក។ បើតម្លៃបានខ្ពស់ជាងនេះ នឹងមានអ្នកភូមិធ្វើច្រើន។ ខ្ញុំស្នើសុំឱ្យអាជ្ញាធរជួយរកទីផ្សារធូបឱ្យបានថ្លៃជាងនេះ»។
ស្ត្រីរូបនេះ បានឱ្យដឹងដែរថា បញ្ហាទីផ្សារលក់ធូបដែលផលិតក្នុងស្រុកមិនសូវបានថ្លៃនេះ បណ្ដាលមកពីការនាំធូបចូលពីប្រទេសជិតខាងច្រើន ដូចជា ប្រទេសវៀតណាម និងថៃជាដើម។ អ្នកស្រីថា ធូបមានទីផ្សារប្រកួតប្រជែង ដូចនឹងផលិតផលផ្សេងៗដែរ ខណៈធូបខ្មែរភាគច្រើនផលិតបានតែប្រភេទធូបធម្មតា ដែលមានផ្សែង និងប្រភេទធូបក្រអូប ដោយប្រើម៉ាស៊ីនផលិតធូបកម្រិតលក្ខណៈគ្រួសារ ពុំមានម៉ាស៊ីនទំនើប ធំដុំ ឬជារោងចក្រផលិតនោះទេ។
មេឃុំស្រម៉ លោក ឯក គឹមអ៊ន បានឱ្យដឹងថា ក្នុងឃុំស្រម៉ មានភូមិចំនួន១៣ ដោយមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៩ ១៤០នាក់។ លោកបន្តថា ពលរដ្ឋភាគច្រើនប្រកបមុខរបរធ្វើស្រែចម្ការ និងឆ្លៀតផលិតធូបសម្រាប់លក់ ខណៈអ្នកខ្លះទៀតបានធ្វើចំណាកស្រុកទៅធ្វើជាកម្មករសំណង់នៅប្រទេសថៃ និងធ្វើការនៅរោងចក្រជាដើម។
មេឃុំរូបនេះ ឱ្យដឹងទៀតថា បច្ចុប្បន្ន ក្នុងឃុំនេះ មានពលរដ្ឋជាង ១០គ្រួសារប៉ុណ្ណោះ ដែលនៅប្រកបមុខរបរធ្វើធូបលក់នេះ ខណៈកាលពីអំឡុងមានវិបត្តិជំងឺកូវីដ-១៩ មាន ជាង ១០០គ្រួសារ។
លោកបន្តថា ការដែលពលរដ្ឋបោះបង់របរនេះ ដោយសារតែពួកគាត់រកប្រាក់ចំណូលបានតិច ដូច្នេះពួកគាត់បាននាំគ្នាទៅរកការងារផ្សេងដែលអាចរកប្រាក់ចំណូលបានច្រើនជាងនេះ។
លោកមេឃុំ បានគូសបញ្ជាក់ថា៖ «មិនដឹងដោះស្រាយម៉េចទេ ក្មួយអើយ រឿងទីផ្សារធូបនេះ ព្រោះវាមិនសូវមានទីផ្សារទូលំទូលាយ។ ចំណែកតម្លៃធូបនេះ គឺបានតែប៉ុណ្ណឹងឯង តាំងពីយូរមកហើយ ដូច្នេះមានតែពលរដ្ឋដូរការងារថ្មីបានអាចរកចំណូលខ្ពស់ជាងបាន»។
ជាមួយគ្នានេះ មេភូមិស្រាមកើត លោក ពាង ឃីម បានលើកឡើងដែរថា កន្លងមក អាជ្ញាធរធ្លាប់បានជួបជជែកជាមួយឈ្មួញ ពីតម្លៃទីផ្សារធូបនេះដែរ ប៉ុន្តែពួកគេមិនអាចបង្កើនតម្លៃទិញលើសពី ២០០០រៀលក្នុងមួយគីឡូក្រាមនេះទេ ដោយសារធូបដែលយកលក់បន្តនៅលើទីផ្សារ ក៏មិនសូវបានចំណេញ។
លោកថា៖ «រឿងទីផ្សារនេះ អាជ្ញាធរភូមិបានស្នើសុំឱ្យឈ្មួញច្រើនដងដែរ ឱ្យគេនឹងដំឡើងតម្លៃសមរម្យជាងនេះ ប៉ុន្តែគេថាមិនសូវបានចំណេញដែរ។ ដូច្នេះហើយ មានតែអ្នកភូមិប្រឹងធ្វើតក់ៗទៅ ក្រែងបានចំណូលខ្លះដោះស្រាយជីវភាព»។
ពាក់ព័ន្ធនឹងសិប្បកម្មធ្វើធូបលក់នេះដែរ មិនមែនមានតែនៅស្រុកជើងព្រៃនោះទេ នៅឯស្រុកមេមត់ ខេត្តកំពង់ចាម ឯណោះវិញក៏មានដែរ ជាពិសេសនៅភូមិខ្ជាយ ភូមិក្បាលស្លែង ភូមិជីផ្លុក ភូមិរបងច្រុះ ភូមិកន្តួត និងភូមិស្លាជាដើម។
អ្នកភូមិទាំងនោះ បានលើកឡើងថា របរធ្វើធូបនេះ គឺពួកគាត់បានធ្វើតជំនាន់ តាំងពីដូនតាមក បើទោះជារបរនេះ រកប្រាក់ចំណូលបានទាបក៏ដោយ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា ការប្រកបមុខរបររបស់ពលរដ្ឋបើទោះបីជាតិចតួចក្ដី ឬមុខរបរអ្វីក៏ដោយ គឺអាជ្ញាធរពាក់ព័ន្ធត្រូវគិតគូរពីគាត់ឱ្យបានដិតដល់ ជាពិសេស ត្រូវរៀបចំឱ្យគាត់មានទីផ្សារ និងមានលំនឹងការងារបានយូរអង្វែង ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋអាចរកចំណូលសមរម្យផ្គត់ផ្គង់ជីវភាពបាន។
លោកថ្លែងថា៖ «ការប្រឹងប្រែងរកចំណូលរបស់ពលរដ្ឋទៅតាមអាជីពនីមួយៗ គឺជារឿងល្អ បើទោះជាតូចក្ដី ធំក្ដី គឺអាជ្ញាធរត្រូវតែគិតគូរជួយរកទីផ្សារដល់ពួកគាត់ ព្រោះពួកគាត់គឺជាផ្នែកមួយដែលជួយជំរុញការអភិវឌ្ឍប្រទេស និងសង្គមជាតិ។ វាពិតជាចាំបាច់ណាស់ ដែលអាជ្ញាធរពាក់ព័ន្ធត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការជួយពលរដ្ឋឱ្យរួចផុតពីភាពក្រីក្រ និងអាចមានលំនឹងការងារត្រឹមត្រូវ»។
ក្រុមប្រជាពលរដ្ឋដែលផលិតធូប នៅខេត្តកំពង់ចាម បានលើកឡើងស្រដៀងគ្នាថា ប្រសិនបើទីផ្សារលក់ធូបបានតម្លៃសមរម្យ ចន្លោះពីមួយគីឡូក្រាម ៣ ទៅ៤ពាន់រៀល នោះពួកគាត់គិតថា អ្នកភូមិនឹងងាកមករករបរធ្វើធូបលក់ច្រើនឡើងវិញ ដោយពុំចាំបាច់ធ្វើចំណាកស្រុកប្រទេសជិតខាងទៀតនោះទេ។
ពលរដ្ឋដែលផលិតធូប នៅខុំស្រម៉ លោក អឹម ប៉ៃ និយាយថា៖ «តាមពិតទៅតម្លៃធូបនេះ គឺបានតែប៉ុណ្ណឹងឯងតាំងពីដំបូងៗមក ប៉ុន្តែយ៉ាងណា ខ្ញុំនៅតែរំពឹង និងទទូចឱ្យអាជ្ញាធរ ជួយរកទីផ្សារឱ្យបានតម្លៃខ្ពស់ជាងនេះ ហើយកាត់បន្ថយការនាំចូលធូបពីក្រៅប្រទេស ហើយលើកកម្ពស់សិប្បកម្មធូបក្នុងស្រុក នោះនឹងធ្វើឱ្យធូបក្នុងស្រុកបានថ្លៃជាងមុន»៕
……………………………..
អត្ថបទដោយ៖ រ៉ាត់ ទី (RATH Thy)