ក្នុងកិច្ចការងារបម្រើសាសនាជាមន្ត្រីសង្ឃជាន់ខ្ពស់ ថ្នាក់កិត្តិយសមានងារជាព្រះគ្រូវិន័យធរ និងជាព្រះគ្រូ ចៅអធិការគង់នៅវត្តប្រាសាទរាជាសំរោង និងជាព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន តំបន់ដែនជម្រកសត្វព្រៃ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។
ព្រះតេជព្រះគុណ ថូ ធូរស់ ក្នុងព្រះជន្ម ៣៦ ព្រះវស្សា ព្រះអង្គបានចំណាយពេលស្ទើរតែពាក់កណ្ដាលជីវិតដើម្បីចូលរួមក្នុងកិច្ចការ ថែរក្សាធនធានធម្មជាតិ ។ អាចនិយាយបានថា នៅកម្ពុជាកម្រមានព្រះសង្ឃដែលមានព្រះជន្មក្មេងខ្ចី ហើយមានការលះបង់ក្រាញ់ននាល បោះជំហានលើវិថីដែលផ្សងនិងគ្រោះថ្នាក់ ចូលរួមការពារធនធានធម្មជាតិទាំងយប់ថ្ងៃ ក្នុងបំណងធ្វើយ៉ាងណារក្សាព្រៃឈើ និងសត្វព្រៃឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
បន្ទាប់ពីចូលរួមក្នុងការងារជាអ្នកការពារធនធានធម្មជាតិដ៏សកម្មមួយរូប ដែលបានចំណាយពេលប្រមាណ២០ឆ្នាំលើការងារស្មគ្រចិត្តមួយនេះ។ ព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័នអង្គនេះ បានបួសជាសាមណេរតាំងពីឆ្នាំ ២០០៣ ហើយក៏បានចូលរួមក្នុងកិច្ចការថែរក្សាធនធានធម្មជាតិដំបូងតាំងពីពេលនោះមក ជាមួយលោកគ្រូ ប៊ុន សាលួត ហើយសកម្មភាពនេះក៏បន្ដរហូតមក។
កត្តាដែលជំរុញព្រះអង្គឲ្យចូលរួមក្នុងកិច្ចការអភិរក្សព្រៃឈើ ដោយសារព្រះអង្គមានទឹកព្រះទ័យស្រលាញ់ ធនធានធម្មជាតិ ពិសេសព្រៃឈើតែម្តង។ ស្របពេល ផងកំពុងរងនូវការបាត់បង់។ មួយវិញទៀត ដោយសាតែឃើញព័ត៌មាននៅលើបណ្ដាញសង្គមជាច្រើន បានផ្សាយការបាត់បង់ព្រៃឈើគួរឱ្យព្រួយបារម្ភ។
( ដាក់ខ្វត)…
កាលពីខែមេសា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដាក់ព្រៃ សង្ឃរុក្ខាវ័ន ជាដែនជម្រកសត្វព្រៃ ដែលមានផ្ទៃដីជាង៣ម៉ឺនហិកតា គ្របដណ្តប់ទៅលើស្រុកនិងក្រុងចំនួន៣ នៃខេត្តឧត្តរមានជ័យ រួមមានក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់។
ព្រះតេជព្រះគុណ ថូ ធូរស់ ត្រូវបានជ្រើសតាំងជាព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន កាលពីចុងឆ្នាំ២០២០ បន្ទាប់ពីព្រះតេជព្រះគុណ ប៊ុន សាលួត បានលាចាកសិក្ខាបទ។
ចំពោះសកម្មភាពចូលរួមការពារធនធានធម្មជាតិ មួយរយៈចុងក្រោយនេះ ព្រះអង្គ ថូ ធូរស់ សង្កេតឃើញថា មានព្រះសង្ឃជាច្រើនកាន់តែផុសផុល និងសកម្មគួរឲ្យកត់សម្គាល់ មិនថាតែនៅក្នុងខេត្តឧត្តរមានជ័យនោះទេ គឺអាចទូទាំងប្រទេសកម្ពុជា ហើយសកម្មភាពទាំងនោះមានទាំងប្រយោល និងផ្ទាល់។
( ដាក់ខ្វត)…
ក្នុងសកម្មភាពការពារព្រៃឈើកន្លងមក ក៏មានដែរនូវបញ្ហាប្រឈមជាច្រើន ដូចជាការប្រឈមនឹងសុវត្ថិភាពដល់ព្រះកាយផ្ទាល់ ព្រមទាំងក្រុមការងារពីសំណាក់ជនល្មើស។ បន្ថែមពីនេះ បញ្ហាកង្វះបច្ច័យ កង្វះខាតសម្ភារៈ មធ្យោបាយនិងស្បៀងអាហារចុះល្បាតព្រៃម្តងៗ ដ្បិតការងារការពារព្រៃសហគមន៍ជាការងារស្មគ្រចិត្ត និងមិនមានប្រាក់បៀរវត្សរ៍នោះឡើយ។ ជាងនេះទៀត ការចោទប្រកាន់ លាបពណ៌ថា ជាក្រុមនេះក្រុមនោះ ខណៈការងារព្រះអង្គក៏ត្រូវបែងចែកច្រើនទាំងការគ្រប់គ្រងវត្តអារាមផង និងគ្រហស្ថដើម្បីការពារព្រៃសហគមន៍ឱ្យគង់វង្សផង។
( ដាក់ខ្វត)…
បើទោះជាមានបញ្ហាប្រឈមច្រើនក៏ដោយ ក៏ប៉ុន្តែសម្រាប់ព្រះអង្គ ដំណោះស្រាយនៅតែមានជានិច្ច វាជាការធម្មតារបស់មនុស្សទេ តែងតែមានអ្នកស្អប់អ្នកស្រឡាញ់ មានមតិស្របនិងមតិផ្ទុយ។ ក្នុងនាមជាអ្នកដឹកនាំក្នុងការអភិរក្សធនធានធម្មជាតិមួយអង្គ វាប្រៀបដូចដើមឈើដែលធំខ្ពស់ រមែងតែប៉ះដោយខ្យល់ពីគ្រប់ទិសទី។ គោលដៅសំខាន់ ក្រុមព្រះអង្គគឺធ្វើយ៉ាងណាដើម្បីផលប្រយោជន៍រួមជាចម្បង ដ្បិតការងារអភិរក្សព្រៃឈើមិនមែនត្រឹមតែប្រយោជន៍សម្រាប់ប្រទេសកម្ពុជានោះទេ ប៉ុន្តែជាប្រយោជន៍សម្រាប់មនុស្សជាតិទូទាំងសាកលលោកផងដែរ។
ព្រៃឈើបានផ្សាភ្ជាប់ជាមួយព្រះពុទ្ធសាសនាតាំងពីព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត។ ក្រោយពេលព្រះអង្គយាងចាកចេញពីព្រះនគរ ទ្រង់ក៏បានទៅសាងភ្នួសដោយគង់នៅក្នុងព្រៃ ធ្វើសម្មាធិឈ្វេងយល់អំពីដំណើរជីវិតមនុស្ស ដែលវិវត្តន៍ទៅតាមធម្មជាតិរហូតត្រាស់ដឹងក៏នៅក្នុងព្រៃដែរ។ សេចក្តីស្ងប់ស្ងាត់ដែលធម្មជាតិបានផ្តល់ឱ្យព្រះអង្គសម្រេចនូវព្រះធម៌ ក៏ជាកន្លែងដែលព្រះអង្គបានចូលមហាបរិនិព្វានផងដែរ។
ដោយសារធនធានធម្មជាតិមានសារៈសំខាន់សម្រាប់មនុស្សជាតិ និងបានផ្សាភ្ជាប់ទៅនឹងព្រះពុទ្ធសាសនាផងនោះ សម្រាប់ព្រះតេជព្រះគុណ ថូ ធូរស់ ប្រសិនបើព្រសង្ឃនៅកម្ពុជាអាចចូលរួមតាមរូបភាពដោយផ្ទាល់ និងប្រយោលបាន នោះអនាគតព្រៃឈើស្រុកខ្មែរនឹងប្រសើរឡើងវិញ។ ការចូលរួមដោយផ្ទាល់ដូចជា ការរៀបចំវត្តអារាមឱ្យមានព្រៃឈើ ឬសួនឧទ្យានបៃតង។ ការគាំទ្រផ្សេងៗ ដល់ក្រុមព្រះសង្ឃ ក្រុមសហគមន៍ដែលកំពុងធ្វើការដោយផ្ទាល់លើការងារការពារព្រៃឈើជាដើម។
ដោយឡែកសកម្មភាពដោយប្រយោលវិញ សង្ឃមានភារកិច្ចណែនាំ ឬអប់រំដល់ពុទ្ធបរិស័ទទាំងឡាយតាមរយៈការធ្វើធម្មទានធម៌ទេសនាឱ្យពលរដ្ឋយល់ពីតម្លៃព្រៃឈើ ព្រមទាំងផលប៉ះពាល់ដល់ជីវភាពរស់នៅ ប្រសិនបើធនធានធម្មជាតិទាំងឡាយត្រូវបានបាត់បង់។
សម្រាប់ព្រះអង្គ ថូ ធូរស់ កិច្ចការពារធនធានធម្មជាតិ ពិសេសព្រៃឈើក៏មិនមែនជាកិច្ចការរបស់ក្រុមណាមួយឬ សាសនាណាមួយដែរ ប៉ុន្តែជាបញ្ហារួមទាំងអស់គ្នា។ ព្រះអង្គមានក្តីរំពឹងថា កិច្ចខិតខំរបស់ក្រុមព្រះអង្គនិង អ្នកស្រលាញ់ធម្មជាតិដទៃទៀត នឹងជួយឱ្យមនុស្សជំនាន់ក្រោយបានស្គាល់ពីតម្លៃធម្មជាតិ៕
( ដាក់ខ្វត)…
…………………………………………
ផលិតដោយសិក្ខាកាមវគ្គបណ្តុះបណ្តាលរឿងនិទានបែបទំនើប យ៉ាន់ សុភាល់