ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសយកមុខរបរដែលខ្លួនស្រលាញ់ និងស្របច្បាប់រៀងៗខ្លួន ហើយភាពជោគជ័យក៏កើតមានរៀងៗខ្លួនដែរ។ ពលរដ្ឋខ្លះរើសយកមុខរបរកសិកម្ម ខ្លះសិប្បកម្ម ឧស្សាហ៍កម្ម ខ្លះទៀតជាអ្នកជំនួញ ជាជាងកាត់សក់ ខ្លះជាមន្ត្រីរាជការ ពលរដ្ឋខ្លះទៀតក្លាយជាបុគ្គលិកក្រុមហ៊ុន ខ្លះជាបុគ្គលិកធនាគារ ឬអង្គការក្រៅរដ្ឋាភិបាល ហើយក៏មានខ្លះទៀតជាកម្មកររោងចក្រ ខ្លះជាកម្មករសំណង់ដោយប្រើកម្លាំងបាយប្តូរជាប្រាក់ជាដើម។
ដោយសារសេរីភាពនៃការរើសយកមុខរបរស្របច្បាប់ទាំងនោះ ក៏បានធ្វើឱ្យបុរសម្នាក់មានដើមកំណើតនៅខេត្តស្វាយរៀង បានប្រឡូកការងារក្នុងវិស័យមួយចំនួន ដូចជា ធ្លាប់ជាកម្មករសំណង់ ជាកម្មកររោងចក្រ ហើយចុងក្រោយក៏បានរៀនចេះជំនាញកាត់សក់ អ៊ុតសក់បុរសនារី និងបានចេញបើកអាជីវកម្មមួយនេះដោយខ្លួនឯង រហូតក្លាយជាថៅកែហាង៣កន្លែងនៅខេត្តជាប់ព្រំដែនវៀតណាមទៀតផង។
ស្ថានភាពគ្រួសារ
លោក យស់ ឥសា អាយុ៣៥ឆ្នាំ ចាប់កំណើតនៅភូមិត្រពាំងចក ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ជាកូនកសិករដែលមានឪពុកម្ដាយជាអ្នកធ្វើស្រែ និងចិញ្ចឹមសត្វ។
កាលអាយុ៦ឆ្នាំ លោក ឥសា ត្រូវបានឪពុកម្ដាយបញ្ជូនទៅរៀននៅសាលាបឋមសិក្សាព្រៃតាអី ដោយជារាងរាល់ព្រឹកកុមាររូបនេះត្រូវដើរពីផ្ទះទៅសាលាចម្ងាយជាង១គីឡូម៉ែត្រ។
ក្រោយបញ្ចប់ការសិក្សានៅសាលាបឋមសិក្សារួច យុវជនរូបនេះត្រូវជិះកង់ចំងាយ១៥គីឡូម៉ែត្រទាំងទៅនិងមក ដើម្បីបន្តការសិក្សានៅអនុវិទ្យាល័យ ស្ថិតនៅក្នុងឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង
ជាកូនទី២នៅក្នុងចំណោមបងប្អូនប្រុសចំនួន៧នាក់ ដោយសារកត្តាជីវភាពគ្រួសារក្រីក្រខ្លាំង លោក ឥសា ត្រូវបង្ខំចិត្តឈប់រៀននៅត្រឹមថ្នាក់ទី៨នៅអនុវិទ្យាល័យគគីរសោម។
ចំណាកស្រុកមកធ្វើសំណង់នៅភ្នំពេញ
ក្រោយបោះបង់ការសិក្សាភ្លាមលោកត្រូវទៅធ្វើការងារជាកម្មករសំណង់ជាមួយអ្នកភូមិផ្សេងទៀតនៅឯទីក្រុងភ្នំពេញនាឆ្នាំ២០០៨។ ចូលធ្វើការដំបូងទទួលបានប្រាក់ឈ្នួល៨ពាន់រៀលនៅក្នុងមួយថ្ងៃ ដោយធ្វើយូរៗទៅចេះរៀបឥដ្ឋ បូក ជ្រី ក៏ទទួលបានប្រាក់ឈ្នួល៣ម៉ឺនរៀលនៅក្នុងមួយថ្ងៃ ។
ជាកម្មករសំណង់រយៈពេល៨ឆ្នាំ ដោយជួបបញ្ហាជាច្រើនដូចជា ជាន់ដែកគោលមុតជើង ថៅកែបើកលុយឱ្យមិនគ្រប់ នៅរដូវប្រាំងក្ដៅខ្លាំង នៅរដូវវស្សាមានភ្លៀងពិបាកធ្វើការ កន្លែងស្នាក់នៅមិនសមរម្យគ្មានអនាម័យ ពេលខ្លះធ្វើការនៅទីខ្ពស់ដែលអាចប្រឈមគ្រោះថ្នាក់ផ្សេងៗជាដើម ។
««««««វីដេអូរបស់លោក យស់ ឥសា ពីបញ្ហាប្រឈមនៃការធ្វើសំណង់»»»»»»
នៅឆ្នាំ២០១០លោកត្រូវបានឪពុកម្ដាយរៀបចំឱ្យមានគ្រួសារ។ ក្រោយរៀបការរួចលោក យស់ ឥសា នៅតែបន្តទៅធ្វើជាកម្មករសំណង់នៅភ្នំពេញដដែល។ ចំណែកប្រពន្ធធ្វើការងាររោងចក្រនៅក្រុងបាវិត ខេត្ដស្វាយរៀង។
រហូតដល់ឆ្នាំ២០១៣ លោកបានសម្រេចចិត្តឈប់ធ្វើការងារសំណង់ ហើយងាកទៅធ្វើការងារជាកម្មកររោងចក្រនៅក្រុងបាវិតវិញ ដើម្បីបានរស់នៅជួបជុំប្រពន្ធកូន។ ប៉ុន្តែការងារជាកម្មកររោងចក្រមិនបានធ្វើឱ្យជីវភាពគ្រួសាររបស់លោកបានប្រសើរឡើយ ត្បិតប្រាក់ខែតិចជាងកាលនៅធ្វើជាកម្មករសំណង់ទៅទៀត ម្យ៉ាងពិបាកឈប់សម្រាកពេលមានធុរៈម្តងៗ។
ការងាកមករកអាជីពជាងកាត់សក់
ដោយសារបញ្ហាជីវភាពផង តម្រូវការចំណាយក្នុងគ្រួសារកាន់តែច្រើនផង ម្យ៉ាងដោយក្តីស្រលាញ់ជំនាញជាជាងកាត់សក់ផង ទើបឆ្នាំ២០១៧ លោក យស់ ឥសា បានឆ្លៀតពេលទំនេរពីការងាររោងចក្រ ហើយទៅរៀនជំនាញកាត់សក់បណ្ដើរ។ ធ្វើការជាកម្មកររោងចក្រ ពីថ្ងៃច័ន្ទដល់សៅរ៍ ចំណែកថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិផ្សេងៗ លោកឆ្លៀតទៅរៀនជំនាញកាត់សក់នៅផ្សារជីភូ សរុបមានរយៈពេល៨ខែ។
««««««វីដេអូ របស់លោក ឥសា ប្រាប់ពីមូលហេតុនាំឱ្យលោករើសយកជំនាញកាត់សក់»»»»»»
នៅចុងឆ្នាំ២០១៨លោកចេញបើកហាងកាត់សក់ដំបូងស្ថិតនៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្ដស្វាយរៀង ដាក់ឈ្មោះហាងថា ពិសិដ្ឋាវុទ្ធ អាប់ឌែតស្តាយ ។
ដោយមើលឃើញមុខរបបជាជាងកាត់រកលុយបានគួរសម និងមានអតិថិជនគាំទ្រច្រើន លោកសម្រេចចិត្ដទៅរៀនជំនាញអ៊ុតសក់ត្រង់រួញបុរសនារី ប្ដូរពណ៌សក់ ព្យាបាលសក់ខូច និងជំនាញផ្សេងទៀតជាច្រើនវគ្គជាមួយគ្រូដែលមានជំនាញនៅក្នុងទីក្រុងភ្នំពេញ ។
ជំនាញបន្ថែមនេះ ដោយក្នុងមួយវគ្គមានរយៈពេល៧ទៅ១០ថ្ងៃ លោក ឥសា ត្រូវចំណាយលុយអស់៣០០ទៅ៥០០ដុល្លារថ្លៃសាលា អាហារ ការស្នាក់នៅរួមទាំងថ្លៃធ្វើដំណើរ។ ក្រោយមកលោកទទួលបានជោគជ័យទាំងកាត់សក់ អ៊ុតសក់ ប្តូរពណ៌សក់នៅសាខាទី១នេះ ។
នៅឆ្នាំ២០១៩លោកបានទៅជួលដីគេនៅក្បែរកាស៊ីណូមួយនៅស្រុកចន្រ្ទា ខេត្ដស្វាយរៀង ក្បែរព្រំដែន កម្ពុជា-វៀតណាម ដើម្បីបើកសាខាទី២ ជាកន្លែងប្រជុំជនសំបូរដោយភ្ញៀវជាតិ និងអន្ដរជាតិ ។
សាខាទី២នេះហើយ ដែលធ្វើឱ្យមុខរបរកាត់សក់របស់លោកមានការគាំទ្រខ្លាំងទាំងភ្ញៀវជាតិ និងអន្ដរជាតិមានដូចជាវៀតណាម ចិន ឥណ្ឌូនេស៊ី ថៃ ឡាវ កូរ៉េ។ ក្រោយជោគជ័យរបរនេះនៅសាខាទី២ ទើបលោកនិងគ្រួសារ សម្រេចចិត្ដបើកសាខាទី៣បន្ថែមទៀត ដែលមានចំងាយពីសាខាទី២ប្រហែល៦០០ម៉ែត្រ។
«««««««««««««វីដេអូ គាត់និយាយពីភាពជោគជ័យក្នុងមុខរបរនេះ»»»»»»»»»
ក្រៅពីសេវាកម្មផ្សេងៗពាក់ព័ន្ធសក់បុរស និងនារី បច្ចុប្បន្នហាងកាត់សក់របស់លោក ឥសា ទាំង៣សាខា ក៏មានទទួលបង្រៀនសិស្សមួយចេះដោយមិនកំណត់ពេលវេលា ក្នុងតម្លៃ៦០០ដុល្លារ ហើយលោកផ្ដល់ជូនសម្ភារកាត់សក់មួយឈុតតម្លៃ១០០ដុល្លារដល់សិស្សដែលចេញទៅបើកហាងផ្ទាល់ខ្លួនត្រឡប់ទៅវិញផងដែរ ។
សិស្សដែលមករៀននៅហាង ពិសិដ្ឋាវុទ្ធ អាប់ឌែតស្តាយ ទាំងសិស្សស្រី និងប្រុស សរុបចំនួន២៨នាក់ សិស្សខ្លះរស់នៅក្នុងទីរួមខេត្ដស្វាយរៀង កោះកុង កំពត ក្រោយរៀនចប់អ្នកខ្លះទៅបើកហាងផ្ទាល់ខ្លួន ខ្លះទៀតនៅបន្តធ្វើជាបុគ្គលិកនៅក្នុងហាងរបស់លោកផងដែរ។
សម្រាប់តម្លៃកាត់សក់ឱ្យភ្ញៀវខ្មែរក្នុងមួយនាក់១ម៉ឺនរៀល រីឯភ្ញៀវបរទេសតម្លៃ១៦០០០រៀលទៅ២០០០០រៀល ហើយក្នុងមួយថ្ងៃហាងទាំង៣សាខារបស់លោក មានភ្ញៀងមកទទួលសេវាកម្មចន្លោះចាប់ពី៤០ទៅជិត១០០នាក់ ដោយអាចរកប្រាក់ចំណូលបានប្រមាណ៦ពាន់ដុល្លារក្នុងមួយខែ ប៉ុន្តែត្រូវចំណាយទៅលើប្រាក់ខែបុគ្គលិក១០នាក់ ទឹកភ្លើង ថ្លៃជួលហាង សម្ភារៈនៅក្នុងមួយខែៗ ជាង៤ពាន់ដុល្លារត្រឡប់ទៅវិញ ។
ទោះបីជាមានប្រាក់ចំណូល និងមានការគាំទ្រច្រើនពីភ្ញៀវជាតិនិងអន្តរជាតិបែបនេះក្តី លោក យស់ ឥសា ក៏បានប្រាប់ពីបញ្ហាប្រឈមរបស់លោកខ្លះ ពិសេសបញ្ហាពិបាកប្រកួតប្រជែងជាមួយជនជាតិវៀតណាម ដែលមករកស៊ីបើកហាងកាត់សក់ដែរ។
យុវជន លី ជា អាយុ២២ឆ្នាំ បច្ចុប្បន្នជាអ្នកគ្រប់គ្រងហាងកាត់សក់ ពិសិដ្ឋាវុទ្ធ អាប់ឌែតស្តាយ សាខាទី៣ ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ។ ដំបូងយុវជនរូបនេះមកខេត្ដស្វាយរៀង ធ្វើការងារជាអ្នកចែកបៀនៅក្នុងកាស៊ីណូមួយក្នុងក្រុងបាវិត។
នៅឆ្នាំ២០២០ លោក ជា សម្រេចចិត្ដឈប់ធ្វើការជាបុគ្គលិកកាស៊ីណូមករៀនជំនាញកាត់សក់នៅហាងកាត់សក់ ពិសិដ្ឋាវុទ្ធ អាប់ឌែតស្តាយ រយៈពេល១ឆ្នាំ ក្រោយមកក៏បានក្លាយជាអ្នកគ្រប់គ្រងហាងនៅសាខាទី៣ ដោយទទួលបានប្រាក់ខែ៤៥០ដុល្លារ។
លោកលើកឡើងថា៖ «ដំបូងឡើយលំបាកដែរយើងកាត់សក់មិនមែនកាត់ឱ្យតែជនជាតិខ្មែរមានបរទេសច្រើនចឹងយើងត្រូវស្វែងយល់ម៉ូត[សក់]បរទេសច្រើន។ជំនាញនៅក្នុងហាងខ្ញុំធ្វើបានច្រើនអាចកាត់ អាចអ៊ុតលាបពណ៍បានច្រើន និយាយទៅក្នុងហាងចេះសឹងទាំងអស់ហើយ» ។
ប្រឹងប្រែងបន្តទៀត
បើទោះបីជាមុខជំនួញឬការរកស៊ីរបរកាត់សក់របស់ លោក យស់ ឥសា មានការគាំទ្រច្រើន និងមើលទៅជោគជ័យបែបនេះក្តី ប៉ុន្តែសម្រាប់លោកនឹងមិនឈប់ត្រឹមនេះទេ។ អ្វីដែលលោកមានបច្ចុប្បន្ន គឺបានមកពីការតស៊ូ អត់ធ្មត់ ប្រឹងប្រែងឥតឈប់ឈរ ដើរលើផ្លូវត្រូវ ហើយគ្រួសារលោកនឹងបន្តខិតខំបន្ថែមទៀត។
ជាមួយគ្នានេះ លោកក៏ចង់ឃើញយុវជនជំនាន់ក្រោយដើរលើផ្លូវត្រូវដោយជៀសឆ្ងាយពីអំពើអប្បាយមុខ ជៀសឆ្ងាយពីគ្រឿងញៀន ជៀសឆ្ងាយពីសកម្មភាពខុសច្បាប់ទាំងឡាយដែលសង្គមស្អប់ខ្ពើម។ ជាងនេះទៀត យុវជនក៏ត្រូវប្រឹងប្រែងរៀនសូត្រ ហើយចាប់យកជំនាញដែលខ្លួនស្រលាញ់ និងត្រូវចេះជំនាញឱ្យប្រាកដ។
លោកលើកឡើងថា៖ «យុវជនជំនាន់ក្រោយចង់ឱ្យគាត់ចាប់ជំនាញមិនថាជំនាញអ្វីក៏ដោយ មិនថាជំនាញកាត់សក់ទេឱ្យគាត់ព្យាយាមរៀនហើយចាប់ជំនាញមួយដោយខ្លួនឯងឱ្យច្បាស់ ឱ្យគាត់ឱ្យច្បាស់ធ្វើអ្វីមួយធ្វើឱ្យច្បាស់ ការតាំងចិត្ដច្បាស់ធ្វើច្បាស់យើងហ្នឹងជោគជ័យ »។
………………………………………
អត្ថបទនិទានដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា