ចម្លាក់ស្បែក គឺជាមរតកសិល្បៈប្រពៃណីបុរាណមួយរបស់ខ្មែរយើង ដែលមានតាំងពីយូរលង់មកហើយ តែមិនសូវមានភាពរីកចម្រើននោះទេ ដោយសារពលរដ្ឋមួយចំនួនលែងសូវចាប់អារម្មណ៍ និងមានអ្នកអភិរក្សតិចតួចប៉ុណ្ណោះ ដែលនៅតែស្រឡាញ់មរតកដូនតាមួយនេះ។
រូបចម្លាក់ធ្វើដោយស្បែក ត្រូវបានយកទៅប្រើក្នុងល្ខោនស្បែក ដើម្បីសម្តែងអប់រំបែបប្រពៃណីតាំងតែពីសតវត្សទី១ មក ដែលមាន២ទម្រង់ គឺល្ខោនស្បែកធំ និងល្ខោនស្បែកតូច។
បច្ចុប្បន្ន យើងឃើញមានការច្នៃប្រឌិតខ្លះដែរ ដោយការឆ្លាក់មានរូបរាងតូចឬធំ ទៅតាមការពេញចិត្ត និងជាវត្ថុអនុស្សាវរីយិ៍សម្រាប់ភ្ញៀវទេសចរ។ នៅប្រទេសកម្ពុជា មានតែពីរតំបន់ប៉ុណ្ណោះ ដែលមានផលិតចម្លាក់ស្បែក គឺនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ដក់ចិត្តស្រលាញ់សិល្បៈវប្បធម៌ជាតិ
សូរសំឡេងញញួរលាន់ឮមិនដាច់ ដំប៉ះទង្គិចគ្នាជាមួយនឹងដែកដាប់លើស្បែកគោ បង្ហាញពីទេពកោសល្យ ភាពអត់ធ្មត់ ម៉ត់ចត់ និងផ្ចិតផ្ចង់យកចិត្តទុកដាក់ទៅលើដាប់ស្បែកឱ្យចេញជារូបរាងផ្សេងៗ។
នៅរវាងឆ្នាំ២០០៣ និងឆ្នាំ២០០៧ លោក អេ ចាន់តង គឺជាអ្នកសម្តែងផង និងជាអ្នកពោលម្នាក់នៅក្នុងក្រុមល្ខោនស្បែករបស់លោកតា ទី ជៀន ដែលមនុស្សចាស់ព្រឹទ្ធចារ្យបានពលីជីិវត និងខិតខំអភិរក្សថែរក្សាសិល្បៈបន្ដដល់អ្នកជំនាន់រហូតដល់សព្វថ្ងៃ។ ប៉ុន្ដែក្រោយមក លោកបានចាប់អាជីពជាអ្នកចម្លាក់ស្បែកសម្រាប់លក់ជាវត្ថុអនុស្សាវវីយ៍នៅផ្ទះរបស់លោក ក្នុងខេត្តសៀមរាប។
ស្ថិតក្នុងវ័យ ៤៥ ឆ្នាំ លោកជាកូនច្បងក្នុងចំណោមបងប្អូនប្រាំនាក់ និងបានដក់ចិត្តស្រលាញ់សិល្បៈតាំងពីលោកនៅកុមារមក។ នៅ១៩៩៤ ម្តាយលោកបាននាំលោកទៅរៀនភ្លេងពិណពាទ្យ ដោយសារលោកជាកូនអ្នកស្រែ និងត្រូវជួយធ្វើស្រែឳពុក ដើម្បីមានប្រាក់ចិញ្ចឹមប្អូនៗ។ ឆ្លៀតពីធ្វើស្រែចម្ការ លោកបានលេងភ្លេងតាមបុណ្យទាននានា។
អំឡុងពេលរៀនឆ្លាក់ស្បែកពិតជាលំបាកណាស់ ដោយសារលោកមានតែកង់ជិះទៅរៀន។ នៅពេលនោះក៏មិនសូវមានអ្នកស្គាល់និងអ្នកគាំទ្រច្រើនឡើយ ប៉ុន្តែលោកនៅតែបន្តព្រោះការស្រលាញ់។
លោក អេ ចាន់តង រៀបរាប់បន្ដថា៖ «ពេលជួបភ្ញៀវ ភ្ញៀវសួរថា មករៀននេះមានប្រាក់ខែទេ? ថាអត់ទេ។ ចុះក្នុងមួយខែសម្តែងប៉ុន្មានដង? ខ្ញុំថាមួយខែ ពេលខ្លះសម្តែងបានតែម្តងគត់។ សួរថាបានលុយទៅណា? តែថាដោយចិត្តស្រឡាញ់ ជាតិស្រឡាញ់»។
តាំងពីឆ្នាំ២០០៨ដល់បច្ចុប្បន្ន លោកជាជាងចម្លាក់ស្បែក ជាអ្នកសម្តែងល្ខោនស្បែកធំ ជាអ្នកពោល និងជាតន្រ្តីករសិល្បៈបុរាណ និងសម័យនៅខេត្តសៀមរាប។
ការធ្វើចម្លាក់ស្បែក និងបន្ដមរតកដូនតា
លោក អេ ចាន់តង បន្ដថា ដើម្បីក្លាយជាជាងចម្លាក់ស្បែក គឺត្រូវការភាពអត់ធ្មត់ ការយកចិត្តទុកដាក់ ជាពិសេសមានសិល្បៈក្នុងខ្លួន ដោយលោកបង្ហាញពីវិធីធ្វើចម្លាក់ស្បែកថា ត្រូវឆ្លងកាត់រហូតដល់៦ដំណាក់កាល។
ដំបូង គេត្រូវទៅរកស្បែកគោ ហើយលាងសម្អាតឱ្យស្អាត និងហាលថ្ងៃឱ្យស្ងួត។ បន្ទាប់មក គេត្រូវគូររូបដាម និងដាប់តាមរូប ដែលគូរលើស្បែកនោះដោយផ្ចិតផ្ចង់បំផុត បើពុំនោះទេ វានឹងឱ្យខូចរូប និងស្បែកនោះតែម្ដង។
លោក អេ ចាន់តងបន្តថា៖«ដំបូងទៅទិញស្បែកគោពីកន្លែងគេកាប់យកមកពន្លាតស្បែកគោឱ្យតឹង។ ហើយចោះកៀនៗដើម្បីមានប្រឡោះដំស្នឹង ទាញឱ្យកាន់តែតឹងនៅលើដី បន្ទាប់មកយកកាំបិតចៀរសាច់ឱ្យអស់ កោសហើយកោសទៀត។ ស្បែកគោនេះធ្វើតែមួយថ្ងៃទេ បើធ្វើដល់ពីរថ្ងៃខូច ដូចនេះមុនធ្វើត្រូវមើលថ្ងៃសិន បើភ្លៀង ឬមេឃស្រទុំមិនអាចធ្វើបានទេ ទាល់តែមានថ្ងៃក្តៅខ្លាំងទើបធ្វើបាន។ បើចង់ធ្វើរូបអ្វីមួយ ត្រូវគូររូបនេះជាមុនសិន។ ស្បែកគោបើដាប់ខុសតែមួយ ឬពីរកាំបិត ចោលហើយ»។
លោក អេ ចាន់តង រៀបរាប់ផងដែរថា នៅឆ្នាំ២០១១ លោកត្រូវបានប្រទេសជប៉ុនអញ្ជើញចូលរួមក្នុងកម្មវិធីសម្ដែង និងទទួលបានជំនួយជួយដល់ក្រុមសម្ដែងរបស់លោក សម្រាប់សម្តែងផ្សព្វផ្សាយតាមសាលា វត្តអារាម ឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋស្វែងយល់ និងសិក្សាអំពីសិល្បៈវប្បធម៌ខ្មែរ។
លោកអេ ចាន់តង៖«ខ្ញុំមានមោទនភាពដោយសារ ល្ខោនស្បែកនេះកាលពីមុន មិនទាន់មានគេស្គាល់ទេ ខ្សត់ណាស់។ ខ្ញុំគិតថាថ្ងៃណាមួយ វត្ថុបុរាណយើងហ្នឹង នឹងមានអ្នកជួយផ្សព្វផ្សាយ និងរ៉ាយសាយលើពិភពលោក។ ដូចការគិតរបស់ខ្ញុំមែន ឥឡូវគេស្គាល់ច្រើន ទាំងចម្លាក់ ទាំងល្ខោន ស្បែកតូច ស្បែកធំ»។
ចម្លាក់ស្បែកសម្រាប់សម្តែងល្ខោនបុរាណ មិនត្រឹមតែបានរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្ដែល្ខោនស្រមោលស្បែកធំត្រូវបានអង្គការយូណេស្កូទទួលស្គាល់និងចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ដែលឱ្យតម្លៃលើគំនិតច្នៃប្រឌិត និងភាពល្អវិសេសរបស់មរតកដូនតាខ្មែរ។
ម្យ៉ាងទៀត ល្ខោនស្បែកធំ គឺជាល្ខោនអាទិទេព ដែលអាចលេងបានត្រឹមចម្រើនព្រះជន្មស្តេច បុណ្យសព្វគ្រូសង្គ្រាជ ឬក៏បុណ្យជាតិធំៗ ដូចបុណ្យប្រពៃណីខ្មែរជាដើម។
លោក អេ ចាន់តង បានលើកទឹកចិត្តដល់ពលរដ្ឋខ្មែរឱ្យស្រលាញ់ ថែរក្សា ការពារ និងលើកស្ទួយ ចម្លាក់ស្បែកដែលសម្បត្តិ វប្បធម៌ដែលដូនតាខ្មែរបន្សល់់ទុកឱ្យ។ លោកបន្ថែមថា លោកតែម្នាក់ពុំអាចថែរក្សា និងការពារសម្បត្តិវប្បធម៌នេះឱ្យនៅគង់វង្សនោះទេ តែវាទាមទារពលរដ្ឋខ្មែរទាំងអស់ រួមគ្នាចូលរួមអភិរក្ស និងថែរក្សាកុំឱ្យបាត់បង់។
លោកបន្ដថា៖ «យើងត្រូវតែទទួលស្គាល់ទាំងអស់គ្នា យើងកុំចោលវប្បធម៌បុរាណយើង។ ព្រោះវាហៀរចូលច្រើនណាស់ របស់គេសម័យហ្នឹងអ៊ីចឹងយើងចង់និយាយថា មិនបង្អាប់សម័យទេគឺ ប៉ុន្តែយើងកុំចោលរបស់យើង កុំចោល ប្រសិនបើយើងចោលប្រៀបដូចជាយើងចោលព្រលឹងជាតិមួយអញ្ជឹង»។
លោកបញ្ជាក់ថា៖«យើងទុកចោលយូរទៅបាត់ហើយ តែបើយើងបានហើយ យើងថែរក្សា យើងអង្គុយចាំ ដេកចាំមើលថែរក្សាក៏មិនកើត ត្រូវចេះលើកស្ទួយគ្នាឱ្យមានការងារធ្វើ មានការគាំទ្រពីថ្ងៃទីនោះមកទៅចេះតែរស់ហើយ បើយើងធ្វើៗលក់អត់ដាច់សោះដាច់បាយ ដាច់បាយយើងមិនរកការងារផ្សេង ចឹងចោល ចោលធនធាន តែបើសិនជាយើងមាន ការគាំទ្រពី អ្នកតូចក៏ដោយ ដោយអ្នកធំក៏ដោយ ថ្នាក់ដឹកនាំហើយប្រជាជនគេស្គាល់ច្រើន ចង់ដឹង»។
———————
រៀបរៀងដោយអ្នកស្រី នឿន ដាវីន