កម្មករនិងជាបេក្ខជនជាប់ឆ្នោតជាប្រធានសហជីពមូលដ្ឋាននៃហព័ន្ធសហជីពកម្ពុជាម្នាក់បម្រើការងារនៅក្រុមហ៊ុន វីងស្តារស៊ូ(WING STAR SHEOS CO.,LDT) ស្ថិតនៅក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការខេត្តនេះ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយនាំគ្នាចងក្រងបង្កើតសហជីពក្នុងរោងចក្រ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺ បានឃុំខ្លួនបណ្តោះអាសន្នចំពោះលោក ជា ចាន់ ដែលជាបេក្ខជនជាប់ឆ្នោតជាប្រធានសហជីពមូលដ្ឋាន នៃហព័ន្ធសហជីពកម្ពុជា (CATU) នៃរោងចក្រ វីងស្តារស៊ូ ពាក់ព័ន្ធនឹងការផ្សំគំនិត«លួច»សម្ភាររបស់ក្រុមហ៊ុន កាលពីឆ្នាំ២០២២។
អ្នកស្រី ឆែ ចាន់ណា ភរិយារបស់លោក ជា ចាន់ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា តុលាការបានបញ្ជូនស្វាមីរបស់អ្នកស្រីទៅឃុំខ្លួននៅពន្ធធនាគារខេត្តកំពង់ស្ពឺ ក្រោយពីជនស្លៀកពាក់ស៊ីវិលមួយក្រុមបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកស្រី ឆែ ចាន់ណា អះអាងថា ការចាប់ខ្លួនស្វាមីអ្នកស្រីនោះ គឺពុំមាន ឬ អានដីការប្រាប់ពីមូលហេតុពីការចាប់ខ្លួនឱ្យបានច្បាស់លាស់ឡើយ ដោយគ្រាន់ប្រាប់ថា ស្វាមីអ្នកស្រីលួចម៉ូទ័ររបស់ក្រុមហ៊ុន។ អ្នកស្រី អំពាវនាវទៅតុលាការខេត្ដកំពង់ស្ពឺដោះលែងស្វាមីអ្នកស្រីឱ្យមានសេរីភាពវិញ ដោយថា ស្វាមីរបស់អ្នកស្រីមិនបានលួចទ្រព្យសម្បត្តិក្រុមហ៊ុនដូចការចោទប្រកាន់ឡើយ។
អ្នកស្រីលើកឡើងថា៖ « និយាយទៅគឺអយុត្តិធម៌សម្រាប់គាត់ហ្មង ព្រោះការមកចាប់ខ្លួនគឺអត់មានដីការចាប់ខ្លួនគាត់ទេគឺមកដល់ចាប់ខ្លួនគាត់យក។ ចឹងវាអយុត្តិធម៌សម្រាប់គាត់ខ្លាំងណាស់ »។
អ្នកស្រី ចាន់ណា បន្ថែមថា ការចាប់ឃុំខ្លួនស្វាមីអ្នកស្រីនេះ បានធ្វើឱ្យគ្រួសារអ្នកស្រីជួបការលំបាក ដោយសារគ្មានអ្នកជួយមើលថែរគ្រួសារ ខណៈមានកូនតូចៗចំនួន៣នាក់ក្នុងបន្ទុក។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សហព័ន្ធសហជីពកម្ពុជា (CATU) បានចេញសេចក្តីថ្លែងការណ៍ដោយលើកឡើងថា សកម្មភាពឃាត់ខ្លួនថ្នាក់ដឹកនាំសហជីពកម្ពុជា លោក ជា ចាន់ គឺជាការគំរាមគំហែង និងរំលោភបំពានផ្នែកសេរីភាពសហជីពរបស់ក្រុមហ៊ុនវីងស្ដារស៊ូ។
ក្នុងសេចក្ដីថ្លែងការណ៍នោះ បានរៀបរាប់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ កម្មករនិយោជិតនៅក្នុងក្រុមហ៊ុន វីងស្តារស៊ូ ទីតាំងស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួនទៅតាមនិតិវិធី នៃច្បាប់សហជីព ដែលមានលោក ជា ចាន់ ជាប្រធានសហជីព និងកម្មករនិយោជិតចំនួន៩នាក់ ផ្សេងទៀតជាថ្នាក់ដឹកនាំ និងស្ថាបនិកសហជីព។
សហព័ន្ធសហជីពកម្ពុជា បន្តថា ក្រោយពីក្រុមលោក ជា ចាន់ ជូនដំណឹងស្តីពីការបង្កើតសហជីពក្នុងរោងចក្រ គឺតំណាងក្រុមហ៊ុនបានព្យាយាមបញ្ចុះបញ្ចូល និងផ្ញើរសារបំភិតបំភ័យក្នុងគោលបំណងឱ្យលោក ជា ចាន់ និងស្ថាបនិកសហជីពផ្សេងទៀតបោះបង់ការបង្កើតសហជីព ដើម្បីការពារសិទ្ធិកម្មករនៅកន្លែងធ្វើការ។
ប៉ុន្តែលោក ជា ចាន់ និងសមាជិកស្ថាបនិកសហជីពទាំងអស់នៅរក្សាសិទ្ធិរបស់ខ្លួនក្នុងការបង្កើតសហជីព និងដំណើរការចុះបញ្ជីការរបស់ខ្លួននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដដែល។
សហព័ន្ធសហជីពកម្ពុជា ឱ្យដឹងទៀតថា ក្រោយមកនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ចាន់ ប្រធានសហជីពកម្ពុជា នៃក្រុមហ៊ុន វីងស្តារស៊ូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងបរិវេណក្រុមហ៊ុន និងនាំទៅឃុំខ្លួននៅស្នងការនគបាលខេត្តកំពង់ស្ពឺ ដោយមិនបានប្រាប់ពីមូលហេតុ និងមិនមានបង្ហាញនូវដីការចាប់ខ្លួនឡើយ។
សហព័ន្ធសហជីពកម្ពុជា បន្តទៀតថា ក្រុមហ៊ុន វីងស្តារស៊ូ ជាអ្នកប្តឹង ប្រធានសហជីព លោក ជា ចាន់ និងស្ថាបនិកសហជីពមួយចំនួនទៀត ដោយចោទថា បានលួចសម្ភាររបស់ក្រុមហ៊ុន។ សហព័ន្ធសហជីពលើកឡើងថា ករណីនេះជាការរៀបចំរបស់ក្រុមហ៊ុនសុទ្ធសាធទាំង ដែលលោក ជា ចាន់ និងសមាជិកស្ថាបនិកសហជីពមិនបានដឹងលឺ ឬពាក់ព័ន្ធនឹងទង្វើលួចណាមួយឡើយ។
លីខិតលើកឡើងថា៖ « សហព័ន្ធសហជីពកម្ពុជា មើលឃើញថាសកម្មភាពឃាត់ខ្លួនលោក ជា ចាន់ ជាការរំលោភបំពាន និងគំរាមគំហែងធ្ងន់ធ្ងរមកលើសេរីភាពផ្នែកសហជីព ដែលធានាដោយច្បាប់ជាធរមាននៃព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារផងដែរ។សហព័ន្ធសហជីពកម្ពុជា សូមអំពាវនាវចំពោះអាជ្ញាធរមានសមត្ថកិច្ចរបស់ខេត្តកំពង់ស្ពឺ ឱ្យមានការ ដោះលែងលោក ជា ចាន់ ឱ្យមានសេរីភាពឡើងវិញ និងក្រុមហ៊ុន វីងស្ដារស៊ូ ត្រូវដកពាក្យបណ្ដឹង និង បញ្ឈប់ជាបន្ទាន់នូវសកម្មភាពគំរាមគំហែង និងរំលោភទៅលើសេរីភាពរបស់កម្មករ »។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺលោក ទិក សុចិត្រា មិនឆ្លើយសំនួរពលរដ្ឋអ្នកសារព័ត៌មានទូរស័ព្ទនោះទេ ដោយលោកឱ្យផ្ញើសំណួរទៅលោកតាមតេលេក្រាម ហើយលោកគ្រាន់តែផ្ងើលីខិត នៃសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណី លួច និងសមគំនិតក្នុងអំពើលួច តែប៉ុណ្ណោះ។
ក្នុងលិខិតចុះថ្ងៃទីទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចោទលោក ជា ចាន់ ពីបទសមគំនិតក្នុងអំពើលួច និងឈ្មោះ ដួង សំណាង ពីបទ«លួច» ដែលប្រព្រឹត្តនៅចំណុចរោងចក្រផលិតស្បែកជើង វឹងស្តារស៊ូ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ មាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងលីខិតលើកឡើងថា៖ «បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ជា ចាន់ ដោយឡែកចំពោះជនត្រូវចោទឈ្មោះ សួង សំណាង ដែលបានគេចខ្លួន ចៅក្រមស៊ើបសួរនឹងបន្តការស៊ើបសួរ និងចាត់ការតាមនីតិវិធីច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនមេត្តាទទួលជ្រាបជាព័ត៌មាន» ។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ការចាប់ខ្លួនរបស់ថ្នាក់ដឹកនាំសហជីពនៅក្នុងក្រុមហ៊ុន វីងស្តារស៊ូ គឺគ្មានមូលដ្ឋាន គ្មានភស្តុតាងច្បាស់លាស់សម្រាប់ដាក់បន្ទុក ឬចោទមកលើលោក ជា ចាន់ ទេ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្តថា តុលាការបានចោទលោក ជា ចាន់ ថាបានសមគំនិតលួចកាលពី២ឆ្នាំមុន ជាមួយកម្មករម្នាក់បានលួចម៉ូទ័ររបស់ក្រុមហ៊ុន ដោយគ្រាន់តែលោក ជា ចាន់ បានលឺបានដឹងថា មកម្មករម្នាក់នោះលួច ហើយមិនរាយការណ៍ទៅសមត្ថកិច្ច ហើយចោទលោក ជា ចាន់ ថាបានសមគំនិតលួច។
អ្នកស្រីយល់ថា ការចោទប្រកាន់បែបនេះ គឺមិនសមស្របតាមច្បាប់ទេ ដោយថា លោក ជា ចាន់ មិនបានទៅនិយាយ ឬផ្ដល់យោបល់ឱ្យទៅលួចនោះទេ។ អ្នកស្រីថា ទង្វើរបស់ក្រុមហ៊ុនចោទមកលើលោក ជា ចាន់ បែបនេះ គឺជាចេតនាមិនចង់ឱ្យមានតំណាងសហព័ន្ធសហជីពកម្ពុជានៅក្នុងក្រុមហ៊ុនសម្រាប់ការពារផល់ប្រយោជន៍របស់កម្មករប៉ុណ្ណោះ។
អ្នកស្រីលើកឡើងថា៖ « ករណីនេះវាជាការរើសអើងប្រឆាំងសហជីព ដែលក្រុមហ៊ុនវីងស្តារស៊ូមិនចង់ឱ្យមានសហជីពឯករាជនៅក្នុងក្រុមហ៊ុន[…]ក្រុមហ៊ុនបានទំនាក់ទំនង់មកសហព័ន្ធ មនុស្សរបស់ក្រុមហ៊ុនបានព្យាយាមលើកឡើងចំនុចមួយចំនួនថាមិនចង់ឱ្យមានសហព័ន្ធសហជីពកម្ពុជាប្រចាំនៅក្នុងរោងចក្រវិងស្តារស៊ូទេ។ដោយថានៅក្នុងហ្នឹងមានសហជីព៤ទៅ៥រួចហើយ » ។
បើតាមកម្មករ ក្រុមហ៊ុន វីងស្តារស៊ូ ជារោងចក្រផលិតស្បែកជើងសម្រាប់នាំយកទៅលក់នៅក្នុងប្រទេសជប៉ុន និងមានថៅកែជាជនជាតិចិន។
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយលើកឡើងថា នៅកម្ពុជាមានតែសហជីពដែលស្និទ្ធជាមួយថៅកែនោះទេ ទើបអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍ បានរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល។
អង្គការអន្តរជាតិមួយនេះបានជំរុញទៅរដ្ឋាភិបាលកម្ពុជា អនុវត្តឱ្យពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហើយត្រូវធ្វើវិសោធនកម្ម ឬលុបចោលមាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិតសិទ្ធិសេរីភាពបង្កើតសមាគម និងរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា «បទញុះញង់» «បទបរិហារកេរ្តិ៍» «បទបរិហារជាសាធារណៈ» ឬ «បទបរិហារកេរ្តិ៍មន្ត្រីសាធារណៈ» ដើម្បីធានាដល់ការការពារសិទ្ធិមនុស្សនៅកម្ពុជា៕
………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា