ក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ យុវជនគឺកម្លាំងចលករយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងទាមទារសិទ្ធិសេរីភាព ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយមធ្យោបាយក្នុងការទាមទារ គឺតាមរយៈការតស៊ូមតិ និងអហិង្សា។
ដោយយល់ឃើញថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាមានភាពឃ្លីងឃ្លោង និងពោរពេញដោយភាពចម្រូងចម្រាស់រវាងអ្នកនយោបាយ យុវជនម្នាក់បានជ្រើសរើសយកវិធីសាស្ដ្រអហិង្សា និងសន្ដិវិធី ដោយសង្ឃឹមថា ពន្លឺប្រជាធិបតេយ្យនៅកម្ពុជា នឹងងាកមកគន្លងត្រឹមត្រូវ និងបម្រើប្រយោជន៍ពលរដ្ឋ។
ការឈឺឆ្អាលក្នុងបញ្ហាសង្គម
លោក កើត សារ៉ាយ មានដើមកំណើតនៅឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប និងជាកូនប្រុសពៅក្នុងចំណោមបងប្អូន៦នាក់។
កាលពីនៅកុមារ ឪពុកលោកតែងបើកវិទ្យុស្តាប់ព័ត៌មានអំពីស្ថានភាពស្រុកទេស និងបញ្ហាកំពុងកើតឡើងក្នុងសង្គមកម្ពុជា។ យុវជន កើត សារ៉ាយ តែងតែសម្រក់ទឹកភ្នែក និងកើតចិត្តអាណិតអាសូរលើពួកគេជាពន់ពេក នៅពេលលឺថា ពលរដ្ឋខ្មែរកម្ពុជាក្រោមត្រូវបានគេធ្វើបាប និងធ្វើទុក្ខបុកម្នេញឥតឈប់ឈរ។
លោក កើត សារ៉ាយ រៀបរាប់ថា៖ «ពុកខ្ញុំគាត់ចូលចិត្តស្តាប់វិទ្យុ គាត់តែងតែបើកឱ្យខ្ញុំស្តាប់រៀងរាល់ព្រឹកតាំងពីក្មេងមក ធ្វើឱ្យខ្ញុំមានអារម្មណ៍លឺសម្លេងមនុស្សស្រែកយំ កាលនោះករណីរឿងកម្ពុជាក្រោម វៀតណាមដែលយើងហៅថាយួនហ្នឹង តែងតែចាប់ធ្វើបាប តាំងពីតូចមកឱ្យតែខ្ញុំលឺជនជាតិខ្មែរខ្លួនឯងស្រែកយំ។ ខ្ញុំមានអារម្មណ៍អាណោចអាធមណាស់» ។
នៅអាយុ១៣ឆ្នាំ និងរៀនត្រឹមថ្នាក់ទី៤ លោកបានសុំម្តាយទៅបម្រើព្រះសង្ឃ និងជ្រកក្រោមម្លប់ព្រះពុទ្ធសាសនា។ មុនឆ្នាំ២០១៩ លោកគឺជាព្រះសង្ឈនិមន្តទៅទេសនានៅតាមផ្ទះប្រជាពលរដ្ឋ និងសិក្សាវិជ្ជាផ្សេងៗ។
ជាអតីតព្រះសង្ឃជាប់ពន្ធនាគារព្រោះតស៊ូមតិបញ្ហាសង្គម
នៅឆ្នាំ២០១៩ លោកបានបញ្ចប់ការសិក្សានៅសាលាពុទ្ធិកវិទ្យាល័យ អ៊ឹងធួង នៅខេត្តបាត់ដំបង និងបានចាប់ផ្តើមចូលរួមប្រលូកខ្លាំងក្នុងការងារសង្គម។
នៅអំឡុងខែតុលាដដែលនេះ ក្នុងពេលជាព្រះភិក្ខុ លោក កើត សារ៉ាយ ក៏ចាប់ផ្ដើមបណ្ដុះមនសិការជាតិ និងចូលរួមសកម្មភាពជាច្រើនក្នុងបញ្ហាសិទ្ធិមនុស្ស។ ការងារដំបូងរបស់លោក គឺទាមទារយុត្តិធម៌បរិស្ថាន ដោយអតីតព្រះសង្ឃអង្គនេះ បាននិមន្តដោយថ្មើរជើង ពីភ្នំពេញទៅខេត្តព្រះសីហនុ ក្នុងរយៈពេល១៧ថ្ងៃ ដើម្បីទាមទារឱ្យគេរុះរើអគារសំណង់កាស៊ីណូមួយកន្លែងនៅខេត្តព្រះសីហនុ។
ក្រោយចេញមុខតស៊ូមតិ និងសកម្មក្នុងរឿងបញ្ហាសង្គមនៅឆ្នាំ២០២០ កាលដែលលោករៀនឆ្នាំទី២ នៅសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និងស្ថិតនៅជាព្រះភិក្ខុនៅឡើយនោះ លោកត្រូវបានអាជ្ញាធរចាប់ផ្សឹក និងយកទៅឃុំឃាំងក្នុងពន្ធនាគារ ក្រោមបទចោទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
លោកបានជាប់ឃុំនៅពន្ធនាគារព្រៃសរជាង១ឆ្នាំ ក្រោមការចោទប្រកាន់ពីតុលាការពាក់ព័ន្ធនឹងសំណុំរឿងជំទាស់នឹងការចាប់ខ្លួន លោក រ៉ុង ឈុន ដែលជាអតីតប្រធានសហភាពសហជីពកម្ពុជាកាលពីអំឡុងខែកក្កដា ឆ្នាំ២០២០។
លោកយល់ថា ការចាប់ខ្លួនលោកនាពេលនោះ ជារឿងដែលអនុវត្តខុសនីតិវិធីច្បាប់ និងជាការចាប់ខ្លួនសកម្មជនដែលប្រឆាំងជាមួយរាជរដ្ឋាភិបាល។
លោក កើត សារ៉ាយ រៀបរាប់បន្ដថា៖ «ដំបូងគេចោទខ្ញុំភ្ជាប់ជាមួយសំណុំរឿង នៃការទៅតវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញតែខ្ញុំមិនបាននៅទីនោះទេ ព្រោះខ្ញុំនៅខេត្តបាត់ដំបងនៅឡើយ។ វាជាការបង្ហាញឱ្យឃើញថាការឃាត់ខ្លួនហ្នឹង វាមិនមែនអនុវត្តនីតិវិធីច្បាប់ទេ វាគឺជាការអនុវត្ត ការរឹតត្បិតសិទ្ធិសេរីភាព និងការចាប់ដោយបង្ខំសម្រាប់សកម្មជនដែលមិនស្របជាមួយនឹងការរៀបចំ ឬការធ្វើរបស់រាជរដ្ឋាភិបាល»។
ពន្លឺប្រជាធិបតេយ្យក្នុងក្ដីសង្ឃឹម
ក្រោយចេញពីពន្ធនាគារ លោកនៅតែបន្តការងារជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស ទោះបីជាលោករងការគំរាមកំហែងងលើរូបរាងកាយ និងសុវត្ថិភាព។
នៅខែមីនា ឆ្នាំ២០២២លោកក៏ត្រូវបានគេបោះឆ្នោតឱ្យធ្វើជាប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ និងបានប្ដេជ្ញាថា មិនរាថយក្នុងការប្រឆាំងអំពើអយុត្តិធម៌សង្គម និងជំរុញឱ្យមានការអនុវត្តលទ្ធិប្រជាធិបតេយ្យមួយ ដែលអាចទទួលយកបានពីគ្រប់ភាគី ហើយលោកនៅតែបន្ដដើរមិនពាក់ស្បែកជើង ព្រោះចង់ឃើញសង្គមកម្ពុជាមានយុត្តិធម៌ និងប្រជាធិបតេយ្យពិតប្រាកដ។
លោក កើត សារ៉ាយ នៅតែជ្រើសយកសកម្មភាពតស៊ូមតិបែបអហិង្សា ព្រោះចង់ចូលរួមកែលម្អប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលលោកថា គឺជាយន្ដការយុត្តិធម៌សង្គមយ៉ាងសំខាន់។
លោករៀបរាប់ថា៖ «ការព្រួយបារម្ភរបស់ខ្ញុំគឺប្រព័ន្ធយុត្តិធម៌នេះឯង ប្រព័ន្ធយុត្តិធម៌នៅក្នុងសង្គមមួយ យើងអាចនិយាយបានថា វាគឺជាថ្នាំទិព្វ វាជាអ្នកដើរតួនាទីនៅក្នុងការបន្សាបកំហឹងសង្គម វាដើរតួនាទីបន្សាបការប្រកាន់វណ្ណៈសង្គម»។
លោកបន្ដថា ការជ្រើសយកការមិនពាក់ស្បែកជើងរបស់លោកតែម្នាក់ មិនអាចធ្វើឱ្យកម្ពុជាផ្លាស់ប្តូរទេ។ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋខ្មែររួមគ្នាបង្ហាញពីបំណងចង់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌មួយតាមរយៈការមិនពាក់ស្បែកជើង លោកគិតថា ប្រហែលអាចទៅរួច។
ទោះបីជាត្រូវរងការមាក់ងាយ និងរិះគន់ថា ការមិនពាក់ស្បែកជើងនេះ មិនមែនជាមធ្យោបាយដែលអាចធ្វើឱ្យយុត្តិធម៌នៅក្នុងសង្គមប្រសើរឡើងក៏ដោយ ក៏មិនមែនជាឧបសគ្គរបស់លោកនោះទេ។ លោកនៅតែបន្តធ្វើពហិការមិនពាក់ស្បែក ដើម្បីចង់ឃើញពន្លឺប្រជាធិបតេយ្យនៅកម្ពុជា។
លោកបន្ដថា៖ «ប៉ុន្តែជាក់ស្តែងគាត់គ្រាន់តែមានមុខនៅទីសាធារណៈ មានមុខតាមប្រព័ន្ធ Media មានមុខតាមប្រព័ន្ធសារព័ត៌មាន ប៉ុន្តែការរស់រនៅជាក់ស្តែងគឺទាមទារ ការអត់ទ្រាំ អត់ធន់ គ្មានលុយចាយ ស្លៀកពាក់មិនស្អាតគ្រប់បែបយ៉ាង តែគ្រប់គ្នាតស៊ូ នេះហើយដែលខ្ញុំថាការប្រឈមនេះវាបានក្លាយជាបេសសកកម្មមួយដ៏អស្ចារ្យ» ។
បច្ចុប្បន្ន លោក កើត សារ៉ាយ កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សាលាដំបូងរាជធានីភ្នំពេញនៅឡើយ ដោយលោកមិនអាចចេញទៅក្រៅប្រទេសបាននោះទេ។
លោកថាប្រសិនបើរដ្ឋាភិបាលគិតគូរពីប្រទេសខ្មែរពិតមែន រដ្ឋាភិបាលគួរតែរៀបចំប្រព័ន្ធនីតិរដ្ឋ រៀបចំប្រព័ន្ធយុត្តិធម៌ឱ្យបានល្អ ព្រមទាំងកាន់បន្ថយអំពើពុករលួយនៅកម្ពុជា។
លោកបន្ដថា៖ «ប្រទេសមួយដែលធនធានត្រូវបានបំផ្លាញ គឺស្មើនឹងបាត់បង់ប្រទេសនោះទៅហើយ» ។
លោកចង់ឱ្យយុវជនចេះប្រើចំណេះដឹងរបស់ខ្លួនដើម្បីបម្រើដល់សង្គមជាតិ និងហ៊ានចេញមុខចូលរួមកែលម្អបញ្ហាសង្គម និងរៀបចំលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលទទួលយកបានទាំងអស់គ្នា។
លោកផ្តាំទៅពិសេសយុវជនថា៖ «អ្នកបានរៀនហើយ អ្នកបានចូលសាលាហើយ បានរៀនបានយ៉ាងល្អហើយ សូមកុំឱ្យចំណេះដឹងរបស់អ្នកទាំងអស់គ្នាក្លាយជាភាពអត្មានិយម សូមកុំឱ្យចំណេះដឹងរបស់អ្នកទាំងអស់គ្នាក្លាយទៅជារឿងដែលចិញ្ចឹមបានតែអ្នក និងគ្រួសារអ្នក សូមឱ្យជួយចិញ្ចឹមជាតិរបស់អ្នកផង» ។
លោកបន្តថា៖ «មិនបាច់ធ្វើអ្វីច្រើនទេ គ្រាន់តែចាប់ផ្តើមចេះចាប់អារម្មណ៍ទទួលស្គាល់អ្វីខុស អ្វីត្រូវ ត្រូវពហិកាភាពមិនត្រឹមត្រូវ។ កុំចូលរួមនៅអំពើពុករលួយ អំពើអយុត្តិធម៌ ត្រូវគាំទ្រភាពស្អាតស្អំ ភាពត្រឹមត្រូវ» ។
———————
រៀបរៀងដោយកញ្ញា សោម សុធារី