កម្មករកម្មការនីរោងចក្រដំឡើងកង់ ស្ពីតថេក អ៊ិនដាស្ទ្រៀល(SPEEDTECH INDUSTRIAL) នៅក្រុងបាវិត ខេត្តស្វាយរៀង មិនពេញចិត្តនឹងភាគីរោងចក្រ ក្រោយថៅកែរោងចក្រសម្រេចឱ្យកម្មករឈប់សម្រាកក្នុងអំឡុងពេលរោងចក្រអត់ការងារធ្វើដោយគ្មានប្រាក់ឧបត្ថម្ភ។
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ កម្មករកម្មការនីរោងចក្រដំឡើងកង់ ស្ពីតថេក(ប៊េសស្វេ)ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្ដស្វាយរៀងចំនួន១២០០នាក់បាននាំគ្នាតវ៉ារឿងថៅកែរោងចក្រមួយនេះ ក្រោយសម្រេចឱ្យពួកគាត់ឈប់សម្រាកនៅក្នុងអំឡុងពេលរោងចក្រអត់មានការងារធ្វើដោយគ្មានប្រាក់ឧបត្ថម្ភ។
អ្នកស្រី ដូង វណ្ណា ជាកម្មការនីផ្នែកបិតតែម បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា មូលហេតុដែលកម្មករនាំគ្នាតវ៉ាដោយសារក្រុមហ៊ុនសម្រេចឱ្យកម្មករឈប់សម្រាកដោយគ្មានប្រាក់ឧបត្ថម្ភ ហើយប្ដូរឱ្យកម្មករដែលធ្លាប់តែធ្វើការគិតលុយជាប្រាក់ខែប្ដូរទៅធ្វើការស៊ីថ្ងៃដូចកម្មករសំណង់វិញ។
អ្នកស្រីថាក្រុមហ៊ុនចង់ឱ្យកម្មករធ្វើការថ្ងៃណាគិតលុយឱ្យថ្ងៃហ្នឹង ហើយថ្ងៃណាមិនបានធ្វើការគឺខាងក្រុមហ៊ុនមិនបានគិតលុយឱ្យនោះទេ។
អ្នកស្រីលើកឡើងថា៖ « ក្រុមហ៊ុនអត់មានការងារធ្វើគាត់ចង់ឱ្យពួកខ្ញុំធ្វើការថ្ងៃណាថ្ងៃហ្នឹងគិតប្រាក់ខែថ្ងៃណាអត់ការងារធ្វើគឺអត់គិតទេគឺធម្មតា។ ថ្ងៃណាធ្វើការមានប្រាក់ខែថ្ងៃណាអត់[ការងារធ្វើ ]អត់ប្រាក់ខែ បើមួយខែធ្វើការបាន២ឬ៣ថ្ងៃគិតមិច ហើយយើងជិះឡានមកឡានគេគិតប្រាក់ខែ »។
អ្នកស្រីបន្ថែមថា បើខាងក្រុមហ៊ុនមិនមានការងារឱ្យកម្មករធ្វើគ្រប់គ្រាន់នោះទេក្រុមហ៊ុនគួរតែឱ្យកម្មករស៊ី៥០ភាគរយដូចរោងចក្រគេផ្សេងៗដែរ ដើម្បីឱ្យកម្មករទទួលបានប្រាក់ខែខ្លះ។ អ្នកស្រីថាការសម្រេចរបស់ថៅកែក្រុមហ៊ុននេះធ្វើឱ្យខាតប្រយោជន៍កម្មករច្រើនណាស់ និងធ្វើឱ្យពួកគាត់មិនមានប្រាក់សម្រាប់ការចំណាយផ្សេងៗ។
អ្នកស្រីបន្តថា៖ « គេគិតលុយឱ្យតាមប្រាក់ខែប្រាក់ខែតិចបានតិច[១ថ្ងៃ]៦ដុល្លារ »។
តំណាងកម្មករ ឈ្មោះ ចាន់ សុខ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា មូលហេតុដែលកម្មករចេញមកតវ៉ានេះ គឺដោយសារក្រុមហ៊ុនមិនអនុញ្ញាតឱ្យកម្មករដែលជាស្រ្ដីមានផ្ទៃពោះចូលទៅជួបលោកនាយរដ្ឋមន្រ្ដី ហ៊ុន សែន ដែលលោកអញ្ជើញមកជួបកម្មករនៅក្នុងក្រុងបាវិតក្នុងខែ៦នេះដូចរោងចក្រគេផ្សេងៗ។ ទី២លោកថា ខាងក្រុមហ៊ុនឱ្យកម្មករឈប់នៅក្នុងពេលក្រុមហ៊ុនមិនមានការងារឱ្យកម្មករធ្វើដោយគ្មានប្រាក់ឧបត្ថម្ភ។
លោកលើកឡើងថា៖ « រោងចក្រគេផ្សេងៗដ៏ទៃអត់មានការងារធ្វើដូចគ្នា គេព្យួរឈ្មោះស៊ី៥០ភាគរយ គេឈប់៥ថ្ងៃឬ១០ថ្ងៃគេបាន៥០ភាគរយ។ ប៉ុន្តែរោងចក្រខ្ញុំធ្វើការរាល់ថ្ងៃគេហៅទៅប្រជុំម្សិលមិញបើមានបញ្ហាចឹង[អត់ការងារធ្វើ ] ឧទាហរណ៍ថាឈប់៥ថ្ងៃគឺដាច់[លុយ ]៥ថ្ងៃអត់ទទួលបានអ្វីទាំងអស់ ១០ថ្ងៃគឺដាច់១០ថ្ងៃហ្មងអត់ទទួលបានអ្វីទាំងអស់៥០ភាគរយអត់ផ្ដល់ឱ្យទេ »។
តំណាងកម្មកររូបនេះយល់ថា ការដែលក្រុមហ៊ុនប្តូរឱ្យកម្មករធ្វើការពីបើកប្រាក់ខែទៅធ្វើការស៊ីថ្ងៃដូចកម្មករសំណង់និងមិនឱ្យកម្មករទទួលបានលុយ៥០ភាគរយនៅពេលដែលឈប់សម្រាកនៅពេលក្រុមហ៊ុនមិនមានការងារឱ្យកម្មករធ្វើ ជារឿងខុសច្បាប់និងអនុវត្តផ្ទុយពីការណែនាំរបស់លោកនាយរដ្ឋមន្រ្ដី ហ៊ុន សែន។
លោកបន្ថែមថា៖ « សម្ដេចពុកគាត់ថាបើឈប់គាត់ផ្ដល់ថវិកាឱ្យខ្លះ ហើយខាងរោងចក្រផ្ដល់ថវិកាឱ្យខ្លះ ប៉ុន្តែខាងក្រុមហ៊ុនអត់ផ្ដល់លុយឱ្យទាំងអស់ »។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយបំភ្លឺពីប្រធានរដ្ឋបាលរោងចក្រ ស្ពីតថេក បាននោះទេជុំវិញការលើកឡើងរបស់កម្មករនេះ។
លោក ជិម ចាន់ថ្លា អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដស្វាយរៀង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ករណីនេះមន្រ្ដីបានចុះទៅដោះស្រាយបញ្ហាជូនកម្មកររួចរាល់ហើយ។
លោកលើកឡើងថា៖ « គេដោះស្រាយចប់ហើយតើ គេត្រូវរូវគ្នាដោះស្រាយចប់ហើយតើអូន »
បើតាមកំណត់ហេតុស្ដីពីការដោះស្រាយវិវាទការងារនៅក្នុងរោងចក្រ ស្ពីតថេក ដែលពលរដ្ឋអ្នកសារព័ត៌មានទទួលបាន គឺភាគីខាងកម្មករទាមទារពីរចំណុច។ ទី១នៅពេលក្រុមហ៊ុនអត់ការងារធ្វើសូមឱ្យក្រុមហ៊ុនផ្ដល់ជូនអត្ថប្រយោជន៍ដល់កម្មករ៥០ភាគរយ ទី២ទាមទាឱ្យក្រុមហ៊ុនព្យួរការងារមានរយៈពេលកំណត់ច្បាស់លាស់។
ជាលទ្ធផលក្នុងការដោះស្រាយទីមួយក្រុមហ៊ុនយល់ព្រមផ្ដល់ជូនឱ្យកម្មករដែលត្រូវបានព្យួរការងារក្នុង១ថ្ងៃ១ដុល្លារ ទី២នៅពេលក្រុមហ៊ុនព្យួរការងារគឺអនុវត្តទៅតាមពេលវេលាជាក់ស្ដែង។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា ការដែលកម្មករនាំគ្នាចេញមកតវ៉ានេះគឺត្រឹមត្រូវតាមច្បាប់ ហើយថៅកែក្រុមហ៊ុនសម្រេចឱ្យកម្មករធ្វើការពីស៊ីប្រាក់ខែមកធ្វើការស៊ីថ្ងៃវិញបែបនេះគឺជារឿងខុសច្បាប់ទាំងស្រុង ហើយមិនអនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្រ្ដីថែមទៀតផង។
លោកលើកឡើងថា៖ « និយោជកមិនអាចឱ្យកម្មករប្ដូរពីស៊ីខែមកស៊ីថ្ងៃបានទេ ហើយនៅក្នុងមួយឆ្នាំនិយោជកធ្វើការព្យួរ[ការងារ ]បានតែ២ខែទេ ហើយនៅក្នុងការព្យួរនេះឱ្យលុយ៥០[ភាគរយ ]ឬច្រើនជាងនេះអាស្រ័យទៅលើការឯកភាពគ្នា ហើយបន្ទាប់ពីហ្នឹងទោះមិនមានការងារក៏[គិត]ឱ្យកម្មករពេញដែរ។ ចឹងការដែលនិយោជកឱ្យកម្មករស៊ីថ្ងៃគឺខុសច្បាប់មួយរយភាគរយ »។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសថា ចាប់ពីខែមេសាឆ្នាំ២០២៣នេះទៅរាល់រោងចក្រដែលបានបិតទ្វារមិនដំណើរការរាជរដ្ឋាភិបាលត្រូវផ្ដល់លុយឱ្យកម្មករ៤០ដុល្លារហើយភាគីខាងក្រុមហ៊ុនផ្តល់៣០ដុល្លា សរុប៧០ដុល្លារ៕
…………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វត្ថា