CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី រឿងនិទាន - Oxfam Project

Storytelling៖ វីរភាពស្ត្រីការពារសិទ្ធិដីធ្លីនិងដីសហគមន៍

Admin ដោយ Admin
February 8, 2023
ក្នុង រឿងនិទាន - Oxfam Project, វិវាទដីធ្លី
0

អ្នកស្រី ឃន ខន ជាសកម្មជនដីធ្លីម្នាក់ក្នុងចំណោមពលរដ្ឋរាប់ពាន់គ្រួសាររស់នៅស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

0
ចែករំលែក
335
ចំនួនមើល

ជម្លោះដីធ្លីបានធ្វើឱ្យពលរដ្ឋជាប់គាំងក្នុងបញ្ហាដ៏រ៉ាំរ៉ៃ បាត់បង់ដីស្រែចម្ការ ផ្ទះសម្បែង សមាជិកគ្រួសារ ការតតាំងក្ដីតាមផ្លូវតុលាការ​ និងប្រឈមជាប់ពន្ធនាគារទៀតផង។ បញ្ហានេះស្ទើរចាក់ឫសគល់យ៉ាងជ្រៅក្នុងសង្គមកម្ពុជាទៅហើយ។

គេប្រហែលជាមើលមិនឃើញ ឬពុំសូវចាប់អារម្មណ៍ទៅលើពលីកម្ម និងវីរភាពរបស់អ្នកការពារសិទ្ធិដីធ្លីនិងដីសហគមន៍ប៉ុន្មាននោះទេ បើប្រៀបធៀបនឹងភាពលេចធ្លោរបស់មេដឹកនាំ ឬឥស្សរជនកំពូលៗផ្សេងទៀត។

អ្នកស្រី ឃន ខន គ្រាន់តែជាសកម្មជនដីធ្លីម្នាក់ក្នុងចំណោមពលរដ្ឋរាប់ពាន់គ្រួសាររស់នៅស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជន និងអ្នកមានអំណាច ក្រោយពីពួកគេបានទទួលសិទ្ធិលើដីសម្បទានពីរាជរដ្ឋាភិបាល។

ការបាត់បង់ដីទៅក្រុមហ៊ុនស្ករអំពៅ

អ្នកស្រី ឃន ខន សព្វថ្ងៃ មានអាយុ៦៦ឆ្នាំ មានដើមកំណើតនៅភូមិក្រាំងត្បែង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ កាលដើមឡើយ គ្រួសារអ្នកស្រីមានជីវភាព​និងផ្ទះសម្បែងសមរម្យ ដោយរស់នៅជាមួយប្ដី និងម្ដាយចាស់ ព្រមទាំងកូនចំនួន៧នាក់។ ជីវភាពគ្រួសារពឹងផ្អែកទាំងស្រុងលើដីស្រែដែលមានទំហំ៣ហិកតា ការចិញ្ចឹមមាន់ ជ្រូក និងមុខរបរបន្ទាប់បន្សំផ្សេងទៀត។

នៅឆ្នាំ២០១០ អ្នកស្រី ឃន ខន និងអ្នកភូមិរាប់ពាន់នាក់ផ្សេងទៀតបានបាត់បង់ផ្ទះសម្បែង និរងការបណ្ដេញចេញ ដោយពុំទទួលបានសំណងសមរម្យ គឺចាប់តាំងពីមានគម្រោងអភិវឌ្ឍន៍ និងការមកដល់របស់ក្រុមហ៊ុនស្ករអំពៅ លី យ៉ុងផាត់។ រយៈពេល៦ឆ្នាំ ក្រុមហ៊ុនដែលទទួលបានសិទ្ធិសម្បទានពីរដ្ឋាភិបាលមួយនេះបានយកគ្រឿងចក្រឈូសឆាយលើដីស្រែចម្ការនិងផ្ទះសម្បែងរបស់អ្នកភូមិ ខណៈប្ដីរបស់គាត់ក៏ធ្លាក់ខ្លួនឈឺធ្ងន់និងត្រូវឡើងចុះទីក្រុងភ្នំពេញដើម្បីព្យាបាលជំងឺ។

ទីបំផុត អ្នកស្រីបានបាត់បង់ទាំងស្វាមី និងដីស្រែចម្ការ ដោយសារមិនអាចនៅមើលថែនិងការពារដីរបស់ខ្លួនដោយផ្ទាល់បាន និងពិការដៃខាងស្ដាំ ដោយសារធ្វើការងារលើសកម្លាំង។ ក្រោយបាត់បង់ដីធ្លីទៅក្រុមហ៊ុន ស្ដ្រីមេម៉ាយរូបនេះត្រូវដើរស៊ីឈ្នួលច្រូតស្បូវឱ្យគេ ដើម្បីចិញ្ចឹមជីវិត និងទំនុកបម្រុងកូនៗដើម្បីបានរៀនសូត្រដូចគេឯង។

អ្នកស្រី ឃន ខន ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ពីបញ្ហាដែលកំពុងប្រឈមនិងបញ្ហាជីវភាពប្រចាំថ្ងៃ។
អ្នកស្រី ឃន ខន ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ពីបញ្ហាដែលកំពុងប្រឈមនិងបញ្ហាជីវភាពប្រចាំថ្ងៃ។

ដោយសារសំណងដែលគេផ្ដល់ឱ្យមានចំនួនតិច និងពោរពេញដោយការបង្ខិតបង្ខំ អ្នកស្រីនិងពលរដ្ឋផ្សេងទៀតបានសម្រេចពុំទទួលយក និងនៅតស៊ូទាមទារដីស្រែចម្ការត្រឡប់មកវិញ និងប្រឆាំងការអភិវឌ្ឍរបស់ក្រុមហ៊ុន។ ជម្លោះនេះក៏នៅបន្ដអូសបន្លាយគ្មានដំណោះស្រាយរហូតដល់ពេលបច្ចុប្បន្ន។

រៀបរាប់ទាំងទឹកស្រពាប់ស្រពោន និងទឹកភ្នែករលីងរលោង ដូច្នេះថា៖ «ដំណោះស្រាយ គេថាឱ្យទៅយកលុយកន្លែងស្រុក គេឱ្យបានតែ២លានរៀលទេ តែខ្ញុំមិនព្រម ព្រោះដីខ្ញុំ៣ហិកតា។ ខ្ញុំនៅតវ៉ាដីនៅចម្ការអំពៅហ្នឹង ព្រោះខ្ញុំយកទៅ មិនដឹងយកទិញអ្វីបាន»។

ជម្លោះដីធ្លីរវាងពលរដ្ឋនៅស្រុកថ្ពង និងស្រុកឱរ៉ាល់ ជាមួយក្រុមហ៊ុនស្ករអំពៅ គឺបច្ចុប្បន្នមានពលរដ្ឋចំនួន ១១៤៧គ្រួសារ នៅបន្ដតវ៉ា និងពុំទទួលយកសំណង៥០០ដុល្លារក្នុងមួយគ្រួសារ តាមការកំណត់របស់ក្រុមហ៊ុននិងក្រសួងរៀបចំដែនដីឡើយ។

ការធ្លាក់ខ្លួនសុំដីគេស្នាក់អាស្រ័យ

ក្រោយបាត់បង់ដីធ្លីអស់ អ្នកស្រីពុំមានដីសម្រាប់ស្នាក់នៅ និងបង្កបង្កើនផលឡើយ ដែលធ្វើឱ្យជំពាក់បំណុលធនាគារទៀតផង។

ខិតខំស្វែងរកកន្លែងស្នាក់អាស្រ័យ នៅក្នុងផ្ទះប្រក់ដោយស្បូវ និងហ៊ុមព័ន្ធដោយស័ង្កសីធ្លុះធ្លាយនិងប្រហោងដោយអន្លើៗ ផ្ទះនេះគឺស្ថិតលើដីរបស់អ្នកភូមិដែលអាណិតស្រឡាញ់គាត់ ហើយមើលឃើញគាត់ពុំមានទីពឹង និងហ៊ានចេញមុខទាមទារសិទ្ធិជាមួយពលរដ្ឋមានជម្លោះដីធ្លីផ្សេងទៀត។

ជារៀងរាល់ថ្ងៃ គាត់ត្រូវខិតខំរកនេះរកនោះមកធ្វើ ដើម្បីបានប្រាក់ខ្លះចិញ្ចឹមជីវិតខ្លួនឯង កូន និងចៅតូចៗដែលរស់នៅជាមួយគាត់។ ពេលខ្លះ គាត់ត្រូវចេញទៅស៊ីឈ្នួលច្រូតនិងក្រងស្បូវឱ្យគេ និងរកបានប្រាក់កម្រៃទុកគ្រាន់តែទិញចំណីអាហារហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ។ គាត់មិនអាចចេញទៅស៊ីឈ្នួល និងធ្វើការប្រើកម្លាំងខ្លាំងនោះទេ ព្រោះដៃទាំងពីររបស់គាត់ភ្លាត់ពិការ និងម្ខាងទៀតអបឆ្អឹងដែក ដើម្បីជួយសម្រួលប៉ុណ្ណោះ។

អ្នកស្រី ឃន ខន ចំណាយពេលដែលសេសល់មើលថែជីវិតតែលតោលរបស់ខ្លួន និងបូជាទាំងកម្លាំងកាយចិត្តទៅលើការងារសហគមន៍ និងចូលរួមការពារដីសហគមន៍ «ឧត្ដមស្រែពស់» ឬ «ព្រៃមេត្តាធម្មជាតិ» ដែលដីនេះក៏កំពុងមានជម្លោះជាមួយក្រុមគ្រួសារទាហាន ង.៧០ និងគម្រោងផ្ដល់ដីសម្បទានរបស់រដ្ឋាភិបាលផងដែរ។ នៅឆ្នាំ២០១៧ អ្នកស្រីបានក្លាយជាសមាជិកសហគមន៍ការពារព្រៃមេត្តាធម្មជាតិ។

បាក់ដៃម្ខាងទៀតដោយសារទាហាន ង.៧០ ក្នុងពេលការពារព្រៃមេត្តាធម្មជាតិ

ក្រោយទទួលបានសិទ្ធិសម្បទានពីរដ្ឋាភិបាលនៅឆ្នាំ២០១៧ ក្រុមគ្រួសារទាហាន ង.៧០ បានចាប់ផ្ដើមចូលទន្ទ្រានដីសហគមន៍ គំរាមកំហែង និងប៉ះទង្គិចជាញឹកញាប់ជាមួយប្រជាសហគមន៍ដែលហ៊ានចេញមុខការពារដីសហគមន៍។

ក្នុងបុព្វហេតុការពារដីសហគមន៍និងសិទ្ធិដីធ្លីនេះ អ្នកស្រីប្រឈមបញ្ហារាប់មិនអស់ រាប់ចាប់តាំងពីការប្រមាថមាក់ងាយ រើសអើង ការគំរាមកំហែងសុវត្ថិភាព ការលាបពណ៌ថាជាក្រុមប្រឆាំង និងការចោទប្រកាន់តាមផ្លូវតុលាការ ជាដើម។

(នៅមុខគេ) អ្នកស្រី ឃន ខន ជាសកម្មជនដីធ្លីម្នាក់ក្នុងចំណោមពលរដ្ឋរាប់ពាន់គ្រួសាររស់នៅស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ អ្នកស្រីត្រូវបានក្រុមទាហាន ង.៧០ លបវាយចំកពីខាងក្រោយ និងដៃខាងឆ្វេង និងត្រូវបានគេបញ្ជូនទៅព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះហើយបានធ្វើឱ្យគាត់បាក់ឆ្អឹងជំនីដៃម្ខាងទៀត ​និងពិការរហូតដល់បច្ចុប្បន្ន។

អ្នកស្រីរៀបរាប់បន្ដថា៖ «ខ្ញុំត្រូវបានទាហាន ង.៧០ វាយបាក់ដៃខាងឆ្វេង។ ខ្ញុំមានការឈឺចាប់ទាំងកាយចិត្ត ដែលទាហាន ង.៧០ បានវាយដំប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដោយអនាធិបតេយ្យ គ្មានការគោរពច្បាប់បន្តិចសោះ»។

អ្វីដែលអ្នកស្រីចង់បាន គឺយុត្តិធម៌សម្រាប់រូបគាត់ និងពលរដ្ឋក្រីក្រដទៃទៀតដែលមានជម្លោះដីធ្លី។ អ្នកស្រីយល់ថា ពលរដ្ឋគួរមានសិទ្ធិជាម្ចាស់ និងអាចបង្កបង្កើនផលលើដីរបស់ខ្លួនឯង ដោយពុំគួរទទួលបានការរើសអើង ការកិបកេង ការភ័យខ្លាច និងការគំរាមកំហែងអាយុជីវិតឡើយ។

អ្នកស្រីរៀបរាប់ថា៖ «បើខ្ញុំមិនតវ៉ា បានអ្នកណាតវ៉ា? ក្មេងគ្នាចេះតែខ្លាច! បើគេចេះតែរំលោភយកអស់! ហើយទឹកចិត្តខ្ញុំ បានជាខ្ញុំខំ ព្រោះយើងខំធ្វើសហគមន៍ជាយូរមកហើយ បើយើងចោលទៅ ក្មេងៗជំនាន់ក្រោយគ្នាបានអី ហើយព្រៃនេះយើងការពារទុកឱ្យក្មេងមើល ខ្ញុំនឹកឃើញអ៊ីចឹង»។

អ្នកស្រីឆ្ងល់ថា ហេតុអ្វីការអភិវឌ្ឍ និងការផ្ដល់ដីសម្បទាននានារបស់រដ្ឋាភិបាល បែរជាបង្កទុក្ខទោស ការលំបាក និងធ្វើឱ្យពលរដ្ឋបាត់បង់ដីធ្លី​ និងផ្ទះសម្បែងពុំអាចរស់នៅដោយសុខដុមរមនាទៅវិញ?


អត្ថបទដោយលោក សួស ចាន់ឌឿន

ស្លាក: ដីព្រៃសហគមន៍ព្រៃមេត្តាធម្មជាតិលី យ៉ុងផាត់សហគមន៍ឧត្ដមស្រែពស់
អត្ថបទមុន

កសិករ​នៅស្រុកកំពង់លែង​ស្នើអាជ្ញាធរ​កាត់ឆ្វៀលដី​តំបន់៣នៃ​បឹងទន្លេសាប​ឱ្យពួកគាត់​ធ្វើស្រែចម្ការ​វិញ

អត្ថបទបន្ទាប់

បណ្ដាស្ថានទូតបង្ហាញក្ដីកង្វល់ពីសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោយរដ្ឋាភិបាលបិទវិទ្យុ VOD

អត្ថបទបន្ទាប់
VOD staff

បណ្ដាស្ថានទូតបង្ហាញក្ដីកង្វល់ពីសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោយរដ្ឋាភិបាលបិទវិទ្យុ VOD

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង