កម្មករ-កម្មការិនីប្រមាណជា ៣០០នាក់ នៅរោងចក្រកាត់ដេរសិនតៃហ្គាមិន បានប្រមូលផ្ដុំគ្នាតវ៉ាកាលពីព្រឹកថ្ងៃអាទិត្យ នៅមុខរោងចក្រ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករចូលធ្វើការងារឡើងវិញ ក្រោយពីបានព្យួររយៈ២ខែ។
អ្នកស្រី ជៀម សុខជា អាយុ៣៤ឆ្នាំ រស់នៅភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង ជាកម្មករផ្នែកដេបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា អ្នកស្រីមកតវ៉ានេះ គឺដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករដែលបានព្យួរការងាររយៈពេល២ខែ បានចូលធ្វើការងារឡើងវិញ។ បន្ថែមលើការតវ៉ានេះ អ្នកស្រីក៏បានផ្ដិតមេដៃដាក់ញត្តិទៅក្រសួងការងារ ឱ្យជួយអន្ដរាគមន៍ដើម្បីឱ្យកម្មករបានចូលធ្វើការងារវិញ។ ម្យ៉ាងទៀត អ្នកស្រីថា ក្រុមកម្មករក៏គ្រោងដាក់ញត្តិមួយទៀត ទៅតុលាការផងដែរ ដើម្បីស្នើសុំឱ្យតុលាការទំលាក់បទចោទទៅលើប្រធានសហជីពម្នាក់។
អ្នកស្រីលើកឡើងថា៖ «កាលពី២ខែមុនខាងរោងចក្រគាត់ថា ព្យួរការងារពួកខ្ញុំតែ២ខែទេ។ រយៈពេល២ខែហ្នឹង មិនចាំបាច់គេតេហៅទេ ដល់ថ្ងៃដល់ខែ ចូលមកធ្វើវិញមក តែឥឡូវដល់រយៈពេល២ខែហើយ គាត់មិនគោរពពាក្យសន្យា គាត់បានបំពានហើយហ្នឹងមើលងាយពួកខ្ញុំជាកម្មករ គាត់មិនឱ្យចូលធ្វើការវិញ គាត់ក៏បានព្យួររយៈពេលមួយខែទៀតនេះ បើមួយខែហើយមួយខែទៀត តើពួកខ្ញុំបានអីហូប?»។
អ្នកស្រីថា នៅពេលដែលក្រុមហ៊ុនបានព្យួរការងាររយៈយូរបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ផ្គត់ផ្គង់គ្រួសារកូនរៀន ឳពុកម្ដាយ និងបង់លុយធនាគារជាប្រចាំខែ ផ្ទះជួល និងការហូបចុកប្រចាំថ្ងៃ។ អ្នកស្រីថា បើក្រុមហ៊ុនអត់មានការងារគ្រប់គ្រាន់ដើម្បីឱ្យកម្មករធ្វើ គួរណាស់តែក្រុមហ៊ុនព្យួរការងារម្នាក់ម្ដង ដោយអ្នកដែលកំពុងធ្វើការរាល់ថ្ងៃ ប្តូរជាមួយអ្នកដែលកំពុងព្យួរការងាររាល់ថ្ងៃ គឺម្នាក់ម្ដង។
អ្នកស្រីបន្ថែមថា៖ «គាត់មិនបានគោរពពាក្យសន្យា ហើយគាត់មិនបានដោះស្រាយឱ្យពួកខ្ញុំ ហើយថែមទាំងដាក់ពាក្យបណ្ដឹងទៅខាងសហជីព ចោទទៅលើសហជីពថា ជាអ្នកញញញង់ ដឹកនាំកម្មករ ឱ្យធ្វើកូដកម្ម។ ជាក់ស្ដែង ខ្ញុំសូមបញ្ចាក់ហើយបញ្ចាក់ទៀតថា ពួកខ្ញុំនេះមិនមែនធ្វើកូដកម្មទេ គឺធ្វើការតវ៉ា គឺតវ៉ាហ្នឹង មិនមែនខាងសហជីព គាត់ជាអ្នកដឹកនាំពួកខ្ញុំទេ គឺដោយឆន្ទៈហ្នឹងមនសិការរបស់ខ្ញុំខ្លួនឯងទេ»។
អ្នកស្រី ឡឹក គុន្ធា អាយុ៤៧ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អ្នកស្រីត្រូវបានក្រុមហ៊ុនព្យួរការងារអស់រយៈពេល
២ខែមកហើយ តែដល់ថ្ងៃចូលធ្វើការ ខាងក្រុមហ៊ុនមិនឱ្យចូល។ អ្នកស្រីថា ខាងក្រុមហ៊ុនប្រាប់អ្នកស្រីថា ក្រុមហ៊ុនព្យួរការងារអ្នកស្រីមួយខែទៀត ហើយផ្ដល់សំណងឱ្យ៣០ដុល្លារ។ អ្នកស្រីថា ការព្យួរការងារមានរយៈពេលវែងបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការចំណាយប្រចាំថ្ងៃលើផ្ទះជួលជាដើម។
អ្នកស្រីលើកឡើងថា៖ «ឱ្យគាត់ [ក្រសួងការងារ] ជួយដោះស្រាយកម្មករពួកខ្ញុំ៩០០នាក់បានការងារធ្វើ ឱ្យបានការងារធ្វើ ឬមួយថា បើគាត់គិតយ៉ាងមិច [បញ្ឈប់] គាត់គិតអត្ថប្រយោជន៍ឱ្យពួកខ្ញុំទៅ»។
លោក កឹម សុភេន ជាតំណាងកម្មករនិងជាប្រធានសជីពស្មារតីខ្មែរ ដែលប្រចាំការនៅក្នុងរោងចក្រ សិនតៃហ្គាមិន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កម្មករបានប្រមូលផ្ដុំនៅនេះ ដោយសារកាលពី២ខែមុននេះ ក្រុមហ៊ុនបានសម្រេចព្យួរការងាររបស់កម្មកររយៈពេលពីរខែ។ លោកថា កម្មករត្រូវចូលធ្វើការវិញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តែជាក់ស្ដែងក្រុមហ៊ុនបានច្រានចោលមិនឱ្យកម្មករចូលធ្វើការងារវិញទេ។ លោកថា ខាងភាគីក្រុមហ៊ុន បានសម្រេចព្យួរការងារពួកគេមួយខែបន្ថែមទៀត។
មេដឹកនាំសហជីពរូបនេះបន្តថា មូលហេតុដែលក្រុមហ៊ុនព្យួរការងារពួកគេនេះ ដោយលើកហេតុផលថា អ្នកបញ្ជាទិញថយចុះ។ លោកថា ការខ្វះអ្នកបញ្ជាទិញ គឺពិតជាកើតមានឡើងអញ្ចឹងមែន ប៉ុន្តែលោកក៏ឆ្ងល់ដែរថា ហេតុអ្វីមានកម្មករដែលមិនបានព្យួរការងារ ៥០% ទៀត មានការងារធ្វើរហូតដល់សព្វថ្ងៃនេះ។
លោកលើកឡើងថា៖ «ពួកគាត់មានតែប៉ុន្មាន់នាក់មិនអាចផ្លាស់ប្តូរគ្នា ឱ្យគាត់ចូលធ្វើម្នាក់ម្ដងទៅ អ្នកដែលធ្វើពីរខែមុននោះ ឱ្យគាត់សម្រាកមួយខែទៅ ឱ្យពួកគាត់បានចូលធ្វើទៅ ដើម្បីបានដោះស្រាយជីវភាពគ្រួសារ។ ប៉ះពាល់ទីមួយកូនរៀន ទីពីរបង់ថ្លៃផ្ទះជួល ទីបីបង់ថ្លៃធនាគារ ទីបួនពួកគាត់ម្នាក់ៗត្រូវរកប្រាក់ផ្គត់ផ្គង់គ្រួសារនៅផ្ទះ អ្នកខ្លះចញ្ចឹមកូនបីនាក់ អ្នកខ្លះកូនបួន អ្នកខ្លះម៉ែឪចាស់ៗនៅផ្ទះជាដើម»។
ពលរដ្ឋអ្នកសារព័ត៌មានCCIMមិនអាចសុំការឆ្លើយតបពីលោក អ៊ួន សុធា ប្រធានរដ្ឋបាលរោងចក្រ សិនតៃហ្គាមិន បានទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន ហើយផ្ញើសារតាមTelegram ក៏មិនតប។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានប្រាប់ពល់រដ្ឋអ្នកសារព័ត៌មានCCIMតាមTelegram កាលពីម្សិលមិញថា ក្រសួងកំពុងអង្កេត និងពន្យល់ដល់បងប្អូនកម្មករ។ បើមានហេតុផល និងភស្តុតាង ក្រុមហ៊ុនគ្មានការបញ្ជាទិញ នោះតាមច្បាប់ក្រុមហ៊ុន អាចបន្តព្យួរបន្ថែម។ ក្នុងករណីក្រុមហ៊ុនសម្រេចថា ក្ស័យធន ក្រុមហ៊ុនត្រូវទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ ទើបអាចរួចកាតព្វកិច្ច។
សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានប្រកាសឱ្យដឹងកាលពីសប្តាហ៍មុនថា ក្រុមហ៊ុន លីម ឡាញ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមិន (Lim Line International (Cambodia) Garment Co.,Ltd.) ស្ថិតនៅរាជធានីភ្នំពេញ ដែលមានកម្មករ-កម្មការិនីបម្រើការងារ ចំនួន៨៨៥នាក់ បានបិទទ្វារអាជីវកម្មរបស់ខ្លួន ដោយក្រុមហ៊ុនបានអះអាងថា «គ្មានអ្នកបញ្ជាទិញ»។ បន្ថែមលើនេះ កម្មកររោងចក្រនៅខេត្ដកំពង់ឆ្នាំងមួយ ក៏បានផ្ទុះការតវ៉ាផងដែរ ក្រោយពីថៅកែរបានព្យួរការងារកម្មករកម្មការិនីប្រមាណជិត២០០០នាក់។ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានសំដែងការសោកស្តាយចំពោះការព្យួរការងារកម្មករខាងលើនេះ ដោយថា ការព្យួរការងារនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងជីវភាពរបស់កម្មករ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពី ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៨៨)។ ក្នុងលិខិតនោះបានបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២៣នេះ មានរោងចក្រសហគ្រាសចំនួន១២បានព្យួរការងារកម្មករនិយោជិតចំនួន ៨៦៦នាក់ប៉ុណ្ណោះ។ ក៏ប៉ុន្តែបើតាមរបាយការណ៍ពីក្រុមសហជីពធំៗនៅកម្ពុជាបានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៣នេះ មានរោងចក្រចំនួន១០ បានបិទទ្វារ និងរោងចក្រចំនួន២០បានព្យួរការងារកម្មករ ខណៈរោងចក្រប្រមាណជា៦០ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក។
យ៉ាងណាក្តី កម្មករ-កម្មការិនីរោងចក្រ សិនតៃហ្គាមិន នេះបានព្រមានថា បើគ្មានដំណោះស្រាយជូនកម្មករទេ នោះពួកគេនៅតែបន្តការតវ៉ានៅខាងមុខរោងចក្រ រហូតទាល់តែមានដំណោះស្រាយទើបឈប់៕
………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា