ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី១ ខែកុម្ភៈថា អ្នកដឹកនាំសហជីពនៅកម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺជាម្ចាស់ពានម្នាក់ក្នុងចំណោម ១០ រូបជុំវិញសាកលលោក ដែលទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ។ កញ្ញាគឺជាអ្នកទីមួយនៃប្រទេសកម្ពុជា ដែលបានពានរង្វាន់នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានៅថ្ងៃទី២ ខែកុម្ភៈនេះឱ្យដឹងថា តាមរយៈពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ គឺជាការទទួលស្គាល់ពីបុគ្គលក្លាហានទាំងឡាយណា ដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសាកល និងសេរីភាពជាមូលដ្ឋាន។
កញ្ញា ស៊ីថរ ដឹកនាំ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ» នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍។ ចាប់តាំងពីចុងឆ្នាំ២០២១ កញ្ញា ស៊ីថរ បានដឹកនាំបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មដោយសន្តិវិធី អំពាវនាវឱ្យមានប្រាក់ខែខ្ពស់ និងទទួលយកបុគ្គលិកជាសមាជិកសហជីពរាប់រយនាក់ ដែលជឿថាពួកគេត្រូវបានបណ្តេញចេញពីការងារទាំងអយុត្តិធម៌ ដោយរាប់ទាំង ថ្នាក់ដឹកនាំសហជីពចំនួនជាង ១០ រូប កំពុងប្រឈមនូវការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ទាក់ទងនឹងរឿងកូដកម្មនេះ។
ទោះបីជាមានការបៀតបៀនរូបកាយ និងការចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ក្នុងពេលកូដកម្មណាហ្គាវើលដ៍ កញ្ញា ស៊ីថរ បានបន្តចេញមុខនិយាយអំពីសិទ្ធិការងារ។ ក្រោយពីអាជ្ញាធរដោះលែងកញ្ញា ស៊ីថរ ជាថ្មីម្តងទៀត ពួកគេក៏បានចាប់ខ្លួននាង នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដោយចោទថា បានរំលោភនូវលក្ខខណ្ឌនៅក្រៅឃុំ ដោយសារធ្វើដំណើរទៅក្រៅប្រទេស ចូលរួមសន្និសីទទាក់ទងនឹងសហជីព។ កញ្ញា ត្រូវបន្តឃុំខ្លួនដោយរង់ចាំការកាត់ទោស ដែលមិនទាន់កំណត់ពេល ហើយមិនអាចធ្វើដំណើរទៅចូលរួមយកពានរង្វាន់ នៅរដ្ឋធានីវ៉ាស៊ីងតុន ជាមួយអ្នកទទួលពានដទៃទៀតបាន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានអបអរសាទរចំពោះកញ្ញា ឈឹម ស៊ីថរ ដែលទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ។
លោកថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «យើងអបអរចំពោះការទទួលស្គាល់ដល់កញ្ញា ស៊ីថរ ជាអ្នកការពារសិទ្ធិមនុស្សឆ្នាំ ២០២២ ម្នាក់។ កញ្ញាគឺជាថ្នាក់ដឹកនាំសហជីពការងារដ៏ក្លាហាននិងអត់ធ្មត់ ដែលតស៊ូមតិដោយសន្តិវិធីដើម្បីសិទ្ធិរបស់កម្មករកម្ពុជា»។
ការការពារនិងគាំទ្រអ្នកការពារសិទ្ធិមនុស្ស គឺជាអាទិភាពចម្បងនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក។ ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា បានអបអរសាទរដល់កញ្ញា ឈឹម ស៊ីថរ និងអ្នកទទួលទាំងអស់នៃពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២៕