កម្មករ កម្មការិនី រោងចក្រកាត់ដេរ ជេឌី និងតូយូស៊ីម៉ា ខូអិលធីឌី (JD & TOYOSHIMA CO. Ltd) ស្ថិតក្នុងស្រុកបាទី ខេត្ដតាកែវ ប្រមាណ២០០នាក់ បានផ្ទុះការតវ៉ាក្រោយពីរោងចក្រព្យួរការងារអស់រយៈពេល២ខែថា បានធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងធ្លាក់ខ្លួនក្នុងបំណុល។
បើតាមការបញ្ជាក់របស់កម្មការិនីម្នាក់កំពុងតវ៉ាកាលពីថ្ងៃម្សិលមិញ អ្នកស្រី ម៉ី សម្ផស្ស អាយុ៤២ឆ្នាំ រស់នៅភូមិ ហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្ដតាកែវបានថ្លែងថា អ្នកស្រីបានធ្វើការងារខាងផ្នែកបោកអ៊ុតនៅក្នុងរោងចក្រនេះអស់រយៈពេល៨ឆ្នាំមកហើយ។ ប៉ុន្តែអ្នកស្រីត្រូវរោងចក្រសម្រេចព្យួរការងារអស់រយៈ២ខែដោយលើកមូលហេតុថា គ្មានការងារឱ្យធ្វើ ហើយក្នុង១ខែ រោងចក្របានបើកប្រាក់ឧបត្ថម្ភឱ្យត្រឹមតែ២៥ដុល្លារប៉ុណ្ណោះ។ អ្នកស្រីបានបញ្ជាក់បន្ថែមថា សូម្បីតែប្រាក់៥០%នៃប្រាក់ខែគោល ក៏អ្នកស្រីមិនទទួលបាននោះទេ។
អ្នកស្រីថា អំឡុងពេលដែលសម្រាកអ្នកស្រីត្រូវរស់ពឹងផ្អែកលើប្ដី និងខ្ចីលុយគេ ដើម្បីបង់ធនាគារ ពីព្រោះអ្នកស្រីគ្មានប្រាក់ចំណូលអ្វីក្រៅតែពីធ្វើការងាររោងចក្រនេះទេ។ អ្នកស្រីបន្តថា មូលហេតុដែលផ្ទុះការតវ៉ាពេលនេះ ដោយសារតែខាងថៅកែរោងចក្របានព្យួរការងារពួកគេចំនួន២ខែបន្តទៀត។
កម្មការិនីរូបនេះបាននិយាយថា៖«គេ [រោងចក្រ] ព្យួរខ្ញុំ២ខែហើយ។ ពេលគេព្យួរលំបាកបង អត់មានលុយបង់ធនាគារ។ គេឱ្យតែ២៥ដុល្លារថ្លៃស្នាក់នៅ ក្រៅពីហ្នឹងគេអត់ឱ្យហ្មង។គេថាអត់ការងារធ្វើ គេឱ្យយើងឈប់សិន ឥលូវពួកខ្ញុំដល់ថ្ងៃចូលហើយ គេព្យួរ២ខែបន្ថែមទៀត បានពួកខ្ញុំតវ៉ា»។
កម្មការិនីម្នាក់ទៀត អ្នកស្រី ម៉េង ម៉ាលីស អាយុ៣៥ឆ្នាំ រស់នៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទីដែលបានបម្រើការងារផ្នែកបោកអ៊ុតអស់រយៈពេល៥ឆ្នាំ បានប្រាប់ពលរដ្ឋសារព័ត៌មាន CCIM ថា អ្នកស្រីមកតវ៉ានេះ ពីព្រោះតែខាងរោងចក្របានបន្ដព្យួរការងារអ្នកស្រី២ខែបន្ថែមទៀត ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ជីវភាពនិងបំណុលផងដែរ។ ការតវ៉ាថ្ងៃនេះ គឺចង់ឱ្យខាងរោងចក្រផ្ដល់លុយប្រាក់ខែគោលខ្លះៗ ដើម្បីឱ្យពួកអ្នកស្រីអាចកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ខ្លួនបានខ្លះ។ ម្យ៉ាងវិញទៀត អាចឱ្យពួកអ្នកស្រីចូលធ្វើការធម្មតាដូចដើម បើមិនដូច្នេះទេ ពួកអ្នកស្រីនឹងនៅតែបន្ដតវ៉ាដដែល រហូតមានដំណោះស្រាយ។ យ៉ាងណាមិញ អ្នកស្រីស្នើសុំឱ្យខាងក្រសួងការងារ មេត្ដាជួយដោះស្រាយបញ្ហាទាំងអស់នេះផង។
អ្នកស្រីបន្ដថា៖ «ឱ្យខាងរោងចក្រព្រមទទួលយកពួកខ្ញុំធ្វើការវិញ តែបើព្យួរបន្ដត្រូវតែឱ្យពួកខ្ញុំ៥០%នៃប្រាក់ខែគោល ដើម្បីបានលុយខ្លះដោះស្រាយជីវភាពរបស់ពួកខ្ញុំ។ យ៉ាប់អូន ពេលអត់ការងារធ្វើចឹង វាអត់ចំណូល ហើយយើងត្រូវចាយរាល់ថ្ងៃ។ សុំឱ្យក្រសួងការងារជួយមើលពួកខ្ញុំផង ជួយអន្ដរាគមន៍ផង»។
ពេលពលរដ្ឋអ្នកសារព័ត៌មានចុះយកព័ត៌មាននៅកន្លែងផ្ទុះការតវ៉ាសង្កេតឃើញថា មានខាងរដ្ឋបាលរោងចក្របានមកប្រកាសប្រាប់កម្មករ-កម្មការិនីរោងចក្រថា រោងចក្រសុំព្យួរការងារ២ខែបន្ថែមទៀតដោយអះអាងថា គ្មានការងារធ្វើ ខណៈកម្មករទាំងអស់មិនសុខចិត្ដទ ដោយសារមិនមានដំណោះស្រាយសមស្របណាមួយឱ្យពួកគាត់។ ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្តាល មិនអាចសុំការបំភ្លឺពីតំណាងរោងចក្រជេឌី និងតូយូស៊ីម៉ា ខូអិលធីឌី (JD & TOYOSHIMA CO. Ltd) ទាក់ទងការតវ៉ារបស់ក្រុមកម្មករនេះ ហើយផ្ទុយទៅវិញ ក្រុមសន្តិសុខបានបណ្តេញអ្នកកាសែតចេញពីកន្លែងតវ៉ាផងដែរ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបដិសេធមិនឆ្លើយសំណួររបស់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ឡើយ ដោយបានបង្វែសំណួរឱ្យទៅអានច្បាប់ ស្ដីពី ការងារជំនួសវិញ។
លោកបន្ដថា៖«ប្អូនទៅមើលច្បាប់ការងារចុះ ខ្ញុំមិនមានអីនិយាយទេ»។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រសួងការងារបានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៨៨)។
ក្នុងលិខិតដដែលបានបញ្ជាក់ថា មានរោងចក្រសហគ្រាសចំនួន១២បានព្យួរកម្មករនិយោជិត៨៦៦នាក់ ដែលបានព្យួរការងារអាចបើកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ លិខិតដដែលបានបញ្ជាក់ថា ការព្យួរការងារចាប់ពី១១ថ្ងៃ ទៅ២០ថ្ងៃ គឺទទួល១២ម៉ឺនរៀល ឬស្មើ៣០ដុល្លារ។ ការព្យួរការងារចាប់ពី២១ថ្ងៃ ទៅ១ខែ ត្រូវទទួលបានប្រាក់១៦២០០០ម៉ឺនរៀល ស្មើនឹង៤០ដុល្លារ។
បើតាមប្រធានសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បានឱ្យCCIMដឹងថា ជាទូទៅថៅកែរោងចក្រមួយចំនួនធំតែងតែប្រើប្រាស់មធ្យោបាយព្យួរការងាររបស់កម្មករ ដើម្បីបានកាត់បន្ថយការចំណាយផ្សេងៗតាមផ្លូវច្បាប់ការងារ។ អ្នកស្រីថា បើសិនជាថៅកែបញ្ឈប់កម្មករតែម្ដង គឺខាងរោងចក្រត្រូវទូទាត់សំណងដល់កម្មករ ដូច្នេះការព្យួរការងារនេះ ជាអ្វីដែលថៅកែ អាចគេចវេសបាន។
ប្រធានសហជីពរូបនេះបន្ដថ្លែងថា៖ «មួយរយៈនេះមាននិយោជិតមួយចំនួនកើតទុក្ខមិនសុខចិត្ដ ដោយសារតែរោងចក្រខ្លះបិទទ្វារ រោងចក្រខ្លះព្យួរការងារមិនបានគិតសំណង ដោយកាត់បន្ថយម៉ោងការងារ និងយកលេសថា គ្មានការងារធ្វើ ដើម្បីគេចវេស ជាហេតុធ្វើឱ្យមានការតវ៉ាច្រើន តាមខ្ញុំដឹង»។
យោងតាមច្បាប់ស្ដីពីការងារ មានត្រា៩១ ឱ្យដឹងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈផ្ទាល់នៃភាគីណាមួយ ដោយគ្មានហេតុផលត្រឹមត្រូវនោះ អាចបើកសិទ្ធិឱ្យភាគីម្ខាងទៀតទាមទារសំណងសោហ៊ុយជម្ងឺចិត្តបាន។
ចំណែកឯប្រធានសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ បានមើលឃើញថា មូលហេតុដែលបញ្ហាទាំងអស់កើតឡើងដោយសារតែបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ និងបញ្ហាជំងឺ និងសង្គ្រាមផង ធ្វើឱ្យការបញ្ជារទិញឥវ៉ាន់មានការថយចុះខ្លាំង។ លោកថា ទោះបីគេព្យួរការងារនិយោជិត ក៏ត្រូវគិតប្រាក់៥០%ឱ្យកម្មករដែរ ប៉ុន្ដែបើសិនជារោងចក្រមិនគិតប្រាក់៥០%ឱ្យកម្មករទេ នោះវាមិនត្រឹមត្រូវតាមច្បាប់ការងារនោះទេ។
លោកអាទិត្យបន្ថែមថា៖«បើគេ [រោងចក្រ] ព្យួរគេឱ្យ៥០% អាហ្នឹងគឺគ្រាន់បើហើយ ប៉ុន្ដែបើអត់ឱ្យសោះអាហ្នឹងពួកគាត់តវ៉ាត្រូវហើយ»។
សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានប្រកាសឱ្យដឹងដែរថា ក្រុមហ៊ុន លីម ឡាញ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន (Lim Line International (Cambodia) Garment Co.,Ltd.) ស្ថិតនៅរាជធានីភ្នំពេញ ដែលមានកម្មករ-កម្មការិនីបម្រើការងារ ចំនួន៨៨៥នាក់ បានបិទទ្វារអាជីវកម្មរបស់ខ្លួនផងដែរ ដោយក្រុមហ៊ុនបានអះអាងថា « គ្មានអ្នកបញ្ជាទិញ»។ បន្ថែមលើនេះ កម្មកររោងចក្រនៅខេត្ដកំពង់ឆ្នាំងមួយក៏បានផ្ទុះការតវ៉ាផងដែរ កាលពីថ្ងៃម្សិលមិញនេះ ក្រោយពីថៅកែរបានព្យួរការងារកម្មករកម្មការិនីប្រមាណជិត២០០០នាក់។ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានសំដែងការសោកស្តាយចំពោះការព្យួរការងារកម្មករខាងលើនេះ ដោយថា ការព្យួរការងារនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងជីវភាពរបស់កម្មករ។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រុមសហជីព និងកម្មករនៅតាមបណ្ដារោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងបានអះអាងថា មានរោងចក្រជាច្រើនបានព្យួរការងារកម្មករ និងរោងចក្រខ្លះទៀតបានបិទទ្វារ នៅដើមឆ្នាំ២០២៣នេះ ហើយថា ការព្យួរការងារពួកគេនេះ បានធ្វើឱ្យពួកគេជួបការលំបាកជាខ្លាំងលើការចំណាយក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ។
បើតាមប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានឱ្យដឹងតាមរបាយការណ៍ពីសមាជិករបស់ខ្លួនថា គិតត្រឹមដើមឆ្នាំ២០២៣នេះ មានរោងចក្រចំនួន១០ហើយ បានបិទទ្វារ និងរោងចក្រចំនួន២០បានព្យួរការងារកម្មករ ខណៈប្រមាណ៦០រោងចក្រផ្សេងទៀតបានកាត់បន្ថយបុគ្គលិក៕
………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន