អង្គការក្រៅរដ្ឋាភិបាលបានរកឃើញថា ការធ្វើពលករចំណាកស្រុកតាមរយៈអនុស្សារណៈយោគយល់គ្នា (MoU) រវាងរដ្ឋាភិបាលកម្ពុជានិងថៃ បានផ្ដល់ភាពស្មុគស្មាញជាច្រើនដល់ពលករចំណាកស្រុក ខណៈពលករខ្មែរនៅតែបន្តចាញ់បោកមេខ្យល់។
អ្នកស្រី ទ្រី សុភាព មន្ដ្រីផ្នែកទេសន្ដរប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) បានថ្លែងថា មូលហេតុដែលនាំឱ្យមានការចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសថៃ គឺដោយសារតែបញ្ហាជីវភាពនិងភាពទាល់ច្រករបស់ពលករខ្មែរ។
អ្នកស្រីបន្ថែមថា រឿងមួយទៀត គឺបញ្ហាការទៅធ្វើការចំណាកស្រុកតាមរយៈប្រព័ន្ធ MOU វាមានភាពស្មុគស្មាញ ចំណាយច្រើន ហើយប្រើពេលរងចាំយូរ ដែលជាកត្ដាមួយ ធ្វើឱ្យពួកគាត់ពិបាករង់ចាំ ទើបពួកគេសម្រេចចិត្ដប្រើមធ្យោបាយលឿន។
អ្នកស្រីថា៖ «ពេលដែលពួកគាត់មានបញ្ហាជីវភាព ពួកគាត់តែងតែព្យាយាមប្រើប្រាស់មធ្យោបាយលឿន ដូច្នេះហើយ ការធ្វើដំណើរឆ្លងដែន តាមរយៈមេខ្យល់ទៅធ្វើការនៅប្រទេសថៃ គឺជាអ្វីដែលពួកគាត់ចង់បាន ដោយមិនបានគិតឱ្យស៊ីជម្រៅ»។
របាយការណ៍មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់(CENTRAL)បានរកឃើញថា ក្នុងឆ្នាំ២០២២ មានករណីពលករខ្មែរចំណាកស្រុកចាញ់បោកមេខ្យល់ជាង១០០ករណី។ មន្ត្រីនៃអង្គការសង់ត្រាល់ បញ្ជាក់ថា ១០០ករណី ដែលពលករខ្មែរត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ហើយមានខ្លះទៀតបានចាញ់បោកមេខ្យល់ អស់ប្រាក់ចន្លោះពី ២០០ ទៅ ៥០០ដុល្លារអាមេរិក។ លើសពីនេះ មានបញ្ហាប្រឈមចម្បងមួយចំនួន ដែលពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស កំពុងតែប្រឈមនៅអំឡុងពេលវិបត្តិកូវីដ-១៩ និងក្រោយវិបត្តិកូវីដ-១៩។
អ្នកស្រី ទ្រី សុភាព បន្តថា៖«ករណីរឿងចាញ់បោកមេខ្យល់នេះ មានតែកើនឡើង បើនិយាយពីរឿងថយចុះគឺគ្មានទេ ពីព្រោះទិន្ន័យដែលយើងបានរកឃើញ វាគ្រាន់តែករណីដែលយើងបានទទួលពីពលករដែលរាយការណ៍មកអង្គការ ចុះនៅអាករណីដែលយើងមិនដឹង វានៅមានច្រើនណាស់»។
អ្នកស្រីថា ដើម្បីបញ្ចប់បញ្ហាទាំងអស់នេះ រដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ គួរគិតគូអំពីបញ្ហាប្រើប្រាស់មធ្យោបាយតាមរដ្ឋាភិបាល ឱ្យមានភាពងាយស្រួល ទើបអាចកាត់បន្ថយរឿងចាញ់បោកមេខ្យល់បាន។
អ្នកស្រីបានសង្កត់ធ្ងន់ថា៖«៧០%ដែលយើងបានសម្ភាសន៍ពេលដែលពួកគាត់មកស្រុក គឺគាត់ភាគច្រើន មានបំណងត្រឡប់ទៅវិញ អ៊ីចឹងអាការដែលពួកគាត់ចង់ត្រឡប់ទៅវិញ ធ្វើឱ្យពួកគាត់ប្រឈមមុខច្រើន។ នីតិវិធីនៃការទៅតាមរយៈប្រព័ន្ធ MOU វាមានភាពស្មុគស្មាញ វាមានការចំណាយខ្ពស់ និងចំណាយរយៈពេលយូរ ចឹងពលករគាត់អត់អាចរងចាំបានទេ ដោយសារភាគច្រើន គាត់ត្រូវការទ្រទ្រង់ជីវភាព គាត់ត្រូវទៅរកការងារធ្វើ ដើម្បីដោះស្រាយបំណុល»។
អតីតពលករខ្មែរម្នាក់រស់នៅស្រុកស្ទោង ខេត្ដកំពង់ធំ លោក ឃន ឡី អាយុ៣៦ឆ្នាំ បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM កាលពីថ្ងៃពុធថា លោកនិងប្រពន្ធរបស់លោក បានចាញ់បោកមេខ្យល់កាលពី២០១៣ម្ដង។ លោកថា ដើមឡើយ ប្រពន្ធរបស់លោកបានបង់ប្រាក់ ទៅឱ្យមេខ្យល់ អស់១លាន៣០ម៉ឺនរៀល ប៉ុន្ដែមិនបានទៅទេ ដោយសារគេថា ចាំគេតេមក។ តែជាក់ស្ដែងមិនឃើញតេមកនោះទេ។ បន្ទាប់មក នៅឆ្នាំ ២០១៥ ដោយសារបញ្ហាជីវភាពលោកនិងប្រពន្ធរបស់លោកបានសម្រេចចិត្ដទៅម្ដងទៀត តាមរយៈមេខ្យល់ដដែល ដោយចំណាយប្រាក់ក្នុងម្នាក់ ៣៥០ ដុល្លារ និងបានទៅដល់ចក្រព្រំដែនប៉ោយប៉ែត តែស្រាប់តែគេបានទុកលោក និងពលរដ្ឋ៧នាក់ផ្សេងទៀត ត្រឹមច្រកព្រំដែនតែម្ដង។
លោក ឃន ឡី បានបញ្ជាក់ថា៖ «ខ្ញុំចាញ់បោកគេ២ដង បើសរុបជាលុយច្រើនដែរ។ នៅតែកើតឡើង ដោយសារតែជីវភាពបង ណាមួយពួកគាត់អត់ដែលដឹង [មេខ្យល់បោក] វានៅតែមានបង»។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារថៃ បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដោយក្រសួងការងារថៃបានបញ្ជាក់ថា ត្រូវការពលករកម្ពុជាជិត ៤០ ០០០នាក់ និងផ្ដល់ទិដ្ឋាការឱ្យពលករបរទេសជាង២លាននាក់ ដើម្បីឱ្យពួកគេអាចរស់នៅក្នុងប្រទេសថៃបន្ដទៀត។
គួររំលឹកជូនថា កាលពីពេលថ្មីៗនេះ អតីតពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចុះថ្លៃធ្វើលិខិតឆ្លងដែន (Passport) និងកាត់បន្ថយរយៈពេលឱ្យខ្លីក្នុងពេលធ្វើលិខិតឆ្លងដែន ដើម្បីកុំឱ្យប្រជាពលរដ្ឋរង់ចាំយូបន្តទៀត។
អ្នកស្រី កាច សាម៉ៃ អាយុ៣៥ រស់នៅភូមិត្រពាំងក្អែក ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អ្នកស្រីបានធ្វើដំណើរទៅរកការងារធ្វើនៅប្រទេសថៃ កាលពីឆ្នាំ២០១៥ តាមរយៈមេខ្យល់ ដោយគ្មានឯកសារស្របច្បាប់នោះទេ។ អ្នកស្រីបន្តថា ការប្រថុយប្រថានទៅរកការងារធ្វើនៅក្នុងប្រទេសថៃដោយគ្មានឯកសារនេះ គឺដោយសារតែការធ្វើឯកសារ ដូចជា លិខិតឆ្លងដែន (Passport) មានតម្លៃថ្លៃ ហើយចំណាយពេលធ្វើយូរ។ ម៉្យាងទៀត កង្វះព័ត៌មានពីអាជ្ញាធរពាក់ព័ន្ធ ខណៈគ្រួសារជំពាក់បំណុលធនាគារ ទើបធ្វើឱ្យអ្នកស្រីធ្វើចំណាក់ស្រុកទាំងគ្មានឯកសារគ្រប់គ្រាន់បែបនេះ។ អ្នកស្រីបានស្នើទៅរដ្ឋាភិបាល ធ្វើយ៉ាងណាជួយបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន ឱ្យបានលឿនជាងមុន និងមានតម្លៃថោកសម្រាប់ប្រជាពលរដ្ឋចំណាកស្រុក។
អ្នកស្រីបន្ថែម៖ «ធ្វើដំណើរហ្នឹង គឺអត់មានសុវត្ថិភាពទេចំពោះខ្ញុំ ប៉ុន្តែខ្ញុំត្រូវបង្ខំចិត្តទៅព្រោះអីឡានដាក់លើសកំណត់ ឧទាហរណ៍ថា ឡានដាក់បាន ១០ នាក់ជាងទេ តែនេះក្នុងមួយឡានយើងមាន៣០នាក់ ទៅ៤០នាក់ អង្គុយលើគ្នាក្នុងការធ្វើដំណើរទៅ»។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ធ្លាប់បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កន្លងមកអាជ្ញាធរពាក់ព័ន្ធធ្លាប់បានផ្សព្វផ្សាយទាក់ទងផលប៉ះពាល់ពីការធ្វើចំណាកស្រុកមិនស្របច្បាប់ដែរ ហើយរដ្ឋាភិបាលក៏ធ្លាប់ធ្វើឯកសារស្របច្បាប់ជូនពួកគាត់កាលពីឆ្នាំ២០១៩ ម្ដងរួចមកហើយ។ លោកស្រីថា កន្លងមក អាជ្ញាធរពាក់ព័ន្ធក៏ធ្លាប់បានពិភាក្សាជាមួយប្រទេសដែលជាគោលដៅច្រើនដងហើយ ជាពិសេសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលយើងចេះតែសុំឱ្យគេពន្យារ ឬដោះស្រាយបញ្ហាផ្ដល់ភាពស្របច្បាប់។ ប៉ុន្តែវាមិនងាយស្រួលដូចអ្វីដែលយើងគិតនោះទេ ព្រោះមនុស្សរាប់លាននាក់។
តែយ៉ាងណាអ្នកស្រីទទួលស្គាល់ថា ការធ្វើចំណាក់ស្រុកដោយគ្មានឯកសារស្របច្បាប់ពិតជាមានច្រើនមែនមិនថា យើងទៅប្រទេសគេ ឬគេមកប្រទេសយើងនោះទេ។
លោកស្រីថ្លែងថា៖ «ចាំបាច់ណាស់ដែលយើងត្រូវធ្វើឱ្យមានភាពស្របច្បាប់ពីប្រទេសយើងទៅ ទោះបីប្រទេសថៃជាអ្នកចេញឯកសារឱ្យយើង ក៏ឯកសារហ្នឹងមិនមានភាពពេញលេញដែរ ពីព្រោះគ្រាន់តែជាដំណាក់កាលមួយ។ គេមិនត្រូវប្រើប្រាស់ពលករទេ ប៉ុន្តែមានបញ្ហាគេមិនអាចយកឯកសារហ្នឹងធ្វើជាឯកសារផ្លូវការ សម្រាប់ការជួយគាំទ្រផ្នែកច្បាប់ដល់យើងបានទេ។ ខ្ញុំនិយាយដោយស្មោះ បើទាក់ទងចំណូលរដ្ឋ មិនមែនមានន័យថា មានត្រឹមតែ ដូចជា ប៉ុន្មានពាន់រៀលទេ នៅក្នុងការធ្វើសៀវភៅ ប៉ុន្តែអ្វីដែលយើងប្រើពាក្យថា ថ្លៃហ្នឹង ខ្ញុំគិតថា វាជារឿងដែលប្រើប្រាស់អ្នករត់ការ»។
យោងតាមរបាយការណ៍របស់របស់អង្គការក្រៅរដ្ឋាភិបាលឱ្យដឹងថា មានពលករខ្មែរប្រមាណជាជាង២លាននាក់ ដែលកំពុងធ្វើការងារដោយស្របច្បាប់ និងខុសច្បាប់នៅក្នុងប្រទេសថៃ ខណៈតួលេខរបស់រដ្ឋាភិបាលកម្ពុជាថា មានចំនួន១លាន៦សែននាក់៕
……………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន