សាលាឧទ្ធរណ៍បានលើកពេលប្រកាសសាលក្រមលើរឿងក្ដីរបស់សកម្មជនរងគ្រោះដីធ្លីនៅឡពាង លោក រាជ សីម៉ា នៅថ្ងៃនេះទៅថ្ងៃទី១៥ ខែធ្នូ វិញ តែមិនបានបញ្ជាក់ពីមូលហេតុនោះទេ។
អ្នកស្រី ស៊ឹម សោភា មេធាវីការពារក្តីលោក រាជ សីមា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម CCIM នៅព្រឹកថ្ងៃចន្ទ នេះថា សាលាឧទ្ធរណ៍បានលើកពេលប្រកាសសាលក្រមកូនក្ដីរបស់ខ្លួនទៅប្រកាសនៅថ្ងៃទី១៥ ខែធ្នូ វិញ ប៉ុន្ដែអ្នកស្រីក៏មិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ថា ដោយសារតែហេតុអ្វីបានជាលើកត្រូវលើកពេលបែបនេះនោះទេ។
មេធាវីរូបនេះបន្ដថា៖«ប្រកាសសាលដីកានៅថ្ងៃ១៥»។
យ៉ាងណាអ្នកស្រីរំពឹងថា ការប្រកាសសាលក្រមនៅថ្ងៃទី១៥ ធ្នូខាងមុខ នឹងអាចបញ្ចប់សំណុំរឿងកូនក្ដីរបស់ខ្លួន នឹងទទួលបាននូវយុត្ដិធម៌ពីសាលាឧទ្ធរណ៍។ ដោយអ្នកស្រីអះអាងថា កូនក្ដីរបស់ខ្លួនមិនបានប្រព្រឹត្ដដូចការចោទប្រកាន់ឡើយ ដូច្នេះអ្នកស្រីមានក្ដីសង្ឃឹមថា តុលាការនឹងបញ្ចប់រឿងក្តីលើសកម្មជនតវ៉ាដីធ្លីឡពាងនេះ។
អ្នកស្រី សោភា បន្ដថ្លែងថា៖«ខ្ញុំមានសង្ឃឹម និងជឿជាក់លើសាលាឧទ្ធរណ៍ថា អាចនឹងផ្ដល់នូវយុត្ដិធម៌ដល់កូនក្ដីខ្ញុំ»។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចដោះលែងលោក រាជ សីម៉ា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលជិត១ឆ្នាំ។
បើតាមលោក រាជ សីម៉ា បាននិយាយទាំងក្ដីសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្ដល់នូវភាពយុត្ដិធម៌ដល់លោកវិញ។ លោកបានបញ្ជាក់ថា លោកគ្រាន់តែចង់ការពារសម្បត្តិរួមទេ ដូច្នេះតុលាការនឹងយោគយល់ ហើយឱ្យទទួលបាននូវសេរីភាពពេញលេញឡើងវិញ។
លោកបានបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា តុលាការនឹងផ្ដល់យុត្ដិធម៌ដល់ខ្ញុំ ឱ្យខ្ញុំមានសេរីភាពឡើងវិញ»។
លោក រាជ សីម៉ា សកម្មជនដីធ្លីដ៏លេចធ្លោនៅសហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ស្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំង កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០ រៀល ក្រោមការចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១។
លោក រាជ សីមា គឺជាតំណាងពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍ឡពាងដែលមានជម្លោះជាច្រើនឆ្នាំមកហើយ ជាមួយក្រុមហ៊ុន ខេឌីស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម ដែលទន្រ្ទានចង់បានដីផ្ទះដ៏តូចៗរបស់ពួកគាត់ ដោយមិនទាន់បានទទួលនូវដំណោះស្រាយណាមួយឡើយ។ ផ្ទុយទៅវិញតំណាងសហគមន៍ជាច្រើនទៀត ត្រូវបានរងការចោទប្រកាន់ជាបន្តបន្ទាប់ពីតុលាការកម្ពុជា ដែលធ្វើការអោយក្រុមហ៊ុន រហូតមានកាចាប់ខ្លួនរបស់លោក រាជ សីមា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២១៕
……………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន