សកម្មជនរងគ្រោះដីធ្លីម្នាក់មកពីសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី ស្ថិតនៅក្នុងចំណោមសកម្មជននិងអ្នកការពារសិទ្ធិមនុស្សមួយចំនួនទៀត ដែលទទួលបានពានរង្វាន់លើកទឹកចិត្តជាអ្នកការពារសិទ្ធិមនុស្សនៅក្នុងខួប៧៤ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។
អ្នកស្រី អ៊ុំ សុភី អាយុ ៤៣ឆ្នាំ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការតស៊ូមតិរបស់អ្នកស្រីកន្លងមក គឺមិនដែលធ្លាប់គិតថា អ្នកស្រីទទួលបានពានរង្វាន់នេះទេ។
កន្លងមកអ្នកស្រី អ៊ុំ សុភី ធ្លាប់លះបង់ពេលវេលា ថវិកាផ្ទាល់ខ្លួន ការជាប់ពន្ធនាគារ ពិសេសតួនាទីជាគ្រូបង្រៀននៅសាលាបឋមសិក្សា ដើម្បីឱ្យរដ្ឋាភិបាលទទួលស្គាល់អំពីសិទ្ធិដីធ្លីរបស់ពលរដ្ឋ គោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងដើម្បីទទួលបានដីស្រែរបស់អ្នកស្រីត្រឡប់មកវិញ។
អ្នកស្រីបន្ថែម៖ «នាងខ្ញុំមិនស្មានថា សហគមន៍របស់ខ្ញុំ ទទួលបានពានរង្វាន់សិទ្ធិមនុស្សដល់ឆ្នើមនេះទេ។ ពាននេះ គឺពិសេសពិសាលណាស់ សម្រាប់សហគមន៍ខ្ញុំ ដែលទទួលបានពានរង្វាន់នេះ ដែលសង្គមស៊ីវិលទទួលស្គាល់នៅទូទាំងប្រទេសកម្ពុជារបស់យើង»។
សហគមន៍រងគ្រោះដីធ្លីឡពាង នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានមានជម្លោះជាមួយក្រុមហ៊ុន ខេឌីស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម អស់រយៈពេលជិត ៣០ឆ្នាំហើយ។
កាលពីថ្ងៃសៅរ៍ អង្គការសង្គមស៊ីវិលជិត៣០ស្ថាប័ន រួមគ្នា សម្រេចផ្ដល់ពានរង្វាន់សិទ្ធិមនុស្សជូនដល់សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនការពារបរិស្ថាន និងសហគមន៍រងគ្រោះដីធ្លី នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២២។
ការចូលរួមផ្ដល់ពាននេះមានដូចជា អង្គការសិទ្ធិមនុស្សលីកាដូ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថាច្រាក់ (CHRAC) អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) នឹងអង្គការពាក់ព័ន្ធផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅទីលានប្រជាធិបតេយ្យ។
អ្នកជំនាញខាងផ្នែកកសិកម្ម គឺលោក នី ណាក់ ដែលទទួលបានពានរង្វាន់សិទ្ធិមនុស្សនេះដែរ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កន្លងមកផ្នែកកសិកម្ម លោកធ្លាប់ជួយកសិករកម្ពុជា ទាំងចំណេះដឹង ទាំងបច្ចេកទេស ទាំងកម្លាំងកាយ កម្លាំងចិត្ដផ្ទាល់ នឹងមានការផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្មថ្មីៗ ជូនដល់កសិករជាដើម។ លោកថា ពេលខ្លះលោកបានចុះទៅជួបផ្ទាល់ទៅជាមួយប្រជាកសិករនៅតំបន់ដែលមានសក្ដានុពល និងតំបន់ដែលកសិករជួបបញ្ហាជំងឺផ្ទុះឡើង ទៅលើសត្វ ដំណាំផ្សេងៗ ដោយចុះទៅជួយព្យាបាលពួកគាត់។
នៅក្នុងវិស័យសង្គមវិញ លោក នី ណាក់ ដែលធ្លាប់ជាប់ពន្ធនាគារ១៨ខែ ក្រោមការចោទប្រកាន់ពីបទ «ជេរប្រមាថជាសាធារណៈ និង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីរិះគន់រដ្ឋាភិបាលរឿងពាក់ម៉ាស់នោះ ធ្លាប់បានទាមទារសិទ្ធិសេរីភាព ក្នុងនោះការរំលោភសិទ្ធិ ដូចជា ការរំលោភដីធ្លីរបស់ពលរដ្ឋខ្មែរពីសំណាក់អ្នកមានអំណាច មានលុយ សិទ្ធិការងារ ការបញ្ចេញមតិជាសាធារណៈ ដើម្បីឱ្យរដ្ឋាភិបាលកែសម្រួល និងដោះស្រាយបញ្ហារបស់ពលរដ្ឋ។
លោកបន្ថែម៖ «យើងមិនដែលមានបំណងគិតថា នឹងចង់បានពានអីទេ ហើយពីមុនមកដល់បច្ចុប្បន្ន ក៏ខ្ញុំអត់ដឹងថា មានពានអីដែរ កាលដែលយើងចូលរួមចំណែកជួយសង្គម គឺជាទឹកចិត្ត ជាឆន្ទៈ ជាមនសិការ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ដែលយើងរស់នៅក្នុងសង្គមមួយមិនមានការអភិវឌ្ឍន៍ត្រឹមត្រូវ មិនមានសិទ្ធិសេរីភាពពេញលេញ។ ទោះបីមានពាន ឬមិនមានពាន ក៏គោលដៅរបស់យើងនៅតែធ្វើដដែលទេ»។
លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាច្រាក់ (CHRAC) បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អង្គការសង្គមស៊ីវិល ចំនួន ២៧ អង្គការ ដែលបានរៀបចំកម្មវិធីទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២២ បានឯកភាពគ្នារៀបចំផ្ដល់ពានដែលរៀបចំនៅទីស្នាក់ការអង្គការខុមហ្រ្វែល។
លោកថា អ្នកដែលទទួលបានពានភាគច្រើន អ្នកសារព័ត៌មាន អ្នកការពារដីធ្លី អ្នកការពារបរិស្ថាន នឹងអ្នកការពារសិទ្ធិមនុស្ស។ ពាននេះ ផ្ដល់ឱ្យជាលក្ខណៈបុគ្គល នឹងជាសហគមន៍ហើយសហគមន៍ ដែលទទួលបាន ក្នុងនោះ មានសហគមន៍ភូមិខ្ញុំ ដែលមានទីតាំង ស្ថិតនៅព្រលានយន្តហោះថ្មី សហគមន៍ឡពាងដែលមានជម្លោះដីធ្លីរាំរ៉ៃ និងសហគមន៍ស្រែប្រាំង ដែលពួកគាត់ទទួលបានជាលក្ខណៈសហគមន៍។
លោកថា អ្នកដែលទទួលបានពាននេះ សុទ្ធតែអ្នកដែលជាប់ពន្ធធនាគារ ដោយសារការខិតខំប្រឹងប្រែងការពារសិទ្ធិរបស់ពួកគេ ដើម្បីផលប្រយោជន៍រួម ដើម្បីសហគមន៍ដែលត្រូវបាត់បង់សិទ្ធិសេរីភាព បាត់បង់ដីធ្លី បាត់បង់ការងារទៀត ដូចជា អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ដីធ្លីឡពាង ដែលបាត់បង់ដីធ្លីហើយ បាត់បង់ការងារជាគ្រូបង្រៀន និងត្រូវជាប់ពន្ធនាគារថែមទៀត។
លោកបន្ថែម៖ «ទីមួយចូលរួមស្ដារទឹកចិត្តរបស់គាត់ដែលខូចខាតដោយសោកនាដកម្មរបស់គាត់ ក្នុងការចូលរួមការពារសិទ្ធិមនុស្ស អញ្ចឹងបានយើងផ្ដល់ឱ្យ ទីពីរជួយលើកកម្ពស់សិទ្ធិមនុស្សនិងអ្នកការពារសិទ្ធិមនុស្ស ទីបី ការជួយគាំទ្រនូវការអនុវត្តសិទ្ធិ អ្វីដែលពួកគាត់ធ្វើ គឺគ្មានអ្វីដែលថា ខុសនៅក្នុងសិទ្ធិសេរីភាព ដែលមានចែងនៅក្នុងច្បាប់អន្តរជាតិទេ។ពាននេះ មិនមានតម្លៃអីរាប់ម៉ឺនរាប់ពាន់ដុល្លារនោះទេ គឺជាទឹកចិត្ត អង្គការសង្គមស៊ីវិលរបស់យើង»។
គួររំលឹកជូនថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ អង្គការសង្គមស៊ីវិលចំនួន ២៧ស្ថាប័ន បានរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិក្រោមប្រធានបទ “ការធានាសិទ្ធិនយោបាយ ដើម្បីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋ ក្នុងការកំណត់ជោគវាសនាប្រទេសជាតិ តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ”។ ទិវានេះ បានធ្វើឡើងនៅទីលានប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញ នាថ្ងៃទី១០ ខែធ្នូ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចូលរួមផ្ទាល់ផងដែរ៕
………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វត្ថា