វេទិកាប្រចាំឆ្នាំទី២របស់អ្នកសារព័ត៌មាន ពលរដ្ឋអ្នកសារព័ត៌មាន (CJ) និង អង្គការសង្គមស៊ីវិលរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាលពីចុងខែវិច្ឆិកាកន្លងទៅ បានស្នើសុំអោយរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកទូលាយដល់អ្នកកាសែតពេលចុះយកព័ត៌មានបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ។
យោងតាមសេចក្តីថ្លែងការណ៍ ស្តីពី លទ្ធផលនៃវេទិកាប្រចាំឆ្នាំលើកទី២ ស្តីពី តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ បានលើកឡើងពីបញ្ហាប្រឈមជាច្រើនរបស់អ្នកសារព័ត៌មាន ក្នុងពេលចុះយកព័ត៌មានបោះឆ្នោតកន្លងមក ដូចជា ការរឹតត្បិតលើការចុះយកព័ត៌មាន ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ការមិនអនុញ្ញាតឲ្យចូលយកព័ត៌មាន និងថតរូបនៅតាមការិយាល័យបោះឆ្នោត តំណាងមន្ត្រី គ.ជ.ប មួយចំនួនមានការថតរូប និងកាត (Card) របស់អ្នកសារព័ត៌មាន និងការផ្ដល់សេវាផ្លូវច្បាប់ដល់អ្នកសារព័ត៌មានអំឡុងពេលបោះឆ្នោតជាដើម។
ចំណុចសំខាន់បន្ថែមទៀត គឺអ្នកដែលចូលរួមភាគច្រើនពិសេសពលរដ្ឋអ្នកសារព័ត៌មានចង់ឃើញគណៈកម្មធិការជាតិរៀបចំការបោះឆ្នោតបើកឱកាសឲ្យពលរដ្ឋអ្នកសារព័ត៌មាន ក៏ដូចជា ពលរដ្ឋទូទៅអាចចូលរួមឃ្លាំមើលនិងសង្កេត ការដំណើរការបោះឆ្នោតជាតិឆ្នាំ ២០២៣ ខាងមុខ ព្រមទាំងបង្កើតការទ្រាំទ្រ និងលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន និងសុវត្ថិភាពដល់ពួកគេក្នុងអំឡុងពេលបោះឆ្នោត។
ការអនុញ្ញាតឱ្យពលរដ្ឋ ឬពលរដ្ឋអ្នកសារព័ត៌មាន ធ្វើការឃ្លាំមើលនិងសង្កេតការបោះឆ្នោតជាតិពេលខាងមុខ គឺជាសេរីភាពបង្ហាញថា អាជ្ញាធរកម្ពុជាបានបំពេញកាតព្វកិច្ចគោរពសិទ្ធិ និងឆន្ទៈម្ចាស់ឆ្នោត ហើយវាក៏ជួយឱ្យគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតអាចយល់ដឹងកាន់តែច្បាស់ពីបញ្ហាប្រឈមរបស់ពលរដ្ឋផ្ទាល់នៅថ្នាក់មូលដ្ឋាន ដើម្បីរៀបចំគោលនយោបាយមានប្រសិទ្ធភាព និងឆ្លើយតបចំពោះការសន្យារបស់ខ្លួននៅមុនការបោះឆ្នោត។
អ្នកស្រី អឿង សារី ប្រធានក្រុមពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកណ្តាល រស់នៅភូមិ ប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានប្រាប់ CCIM ថា ក្នុងនាមអ្នកស្រី ជាពលរដ្ឋអ្នកសារព័ត៌មាន (CJ) អ្នកស្រីចង់ឱ្យក្រសួងព័ត៌មានទទួលស្គាល់សិទ្ធិពេញលេញរបស់ពលរដ្ឋអ្នកសារព័ត៌មានដែលមាននៅតាមគ្រប់បណ្ដាខេត្តនិងប្រចាំនៅតាមសហគមន៍ គឺឱ្យពួកគាត់មានសិទ្ធិក្នុងការចុះយកព័ត៌មានដូចអ្នកសារព័ត៌មានអាជីព។
អ្នកស្រីថា៖ «អ្វីដែលខ្ញុំចង់បាន គឺឱ្យអ្នកសារព័ត៌មានរបស់ពលរដ្ឋនិងមានសិទ្ធិបានទៅចូលរួមផ្ទាល់ជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោត នៅតាមបណ្ដាសហគមន៍នៅជនបទ ឬប្រជាពលរដ្ឋដែលទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតងាយស្រួលនឹងធ្វើសេចក្តីរាយការណ៍បាននូវព័ត៌មានផ្សេងៗ ដែលកើតឡើងនៅពេលដែលកំឡុងការបោះឆ្នោត។ ហើយអ្វីដែលសំខាន់នោះកន្លងមកយើងមើលឃើញថា មានតែសារព័ត៌មានអាជីពទេ ដែលពួកគាត់ចុះរាយការណ៍ឬក៏ឡាយព័ត៌មានផ្សេងៗជុំវិញក្នុងការបោះឆ្នោត ដែលកន្លងមកហើយ នៅពេលឆ្នាំមុនៗនោះ»។
ចំណែកលោក ព្រំ រតនៈ ពលរដ្ឋអ្នកសារព័ត៌មាន (CJ) រស់នៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មកពីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ប្រចាំខេត្តកំពង់ស្ពឺបានលើកឡើងថា លោកក៏ចង់ឃើញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងក្រសួងព័ត៌មានដាក់បញ្ចូលពលរដ្ឋអ្នកសារព័ត៌មានឱ្យមានសិទ្ធិក្នុងការចូលរួមយកព័ត៌មានបោះឆ្នោត ពិសេសនៅតាមមណ្ឌល ឬការិយាល័យបោះឆ្នោត ដូចអ្នកសារព័ត៌មានអាជីព។ លោកថា វាពិតជាការល្អប្រសើរ ងាយស្រួលនិងរាយការណ៍ផ្ដល់ព័ត៌មានដើម្បីឲ្យមានតម្លាភាព ហើយជាពិសេស គឺពលរដ្ឋអ្នកសារព័ត៌មាន ដែលនៅតាមបណ្ដាសហគមន៍ផ្ទាល់។
លោកបន្តថា៖ «អ្វីដែលល្អប្រសើរបំផុតនោះ គឺខ្ញុំចង់ឱ្យក្រសួងព័ត៌មាននិង គ.ជ.ប ធ្វើយ៉ាងណា ឲ្យបានពលរដ្ឋអ្នកសារព័ត៌មានចូលរួមសហការជាមួយ ដើម្បីឲ្យដំណើរការបោះឆ្នោតនេះ មានតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ។ ព្រោះអីកន្លងមក មានការរឹតត្បិតខ្លាំង ខាងអាជ្ញាធរនិងមន្រ្តី គ.ជ.ប ជាដើម គឺពួកគាត់តែងតែហាមឃាត់ដល់ពលរដ្ឋអ្នកសារព័ត៌មាន មិនឲ្យចូលរួមរាយការណ៍ផ្សព្វផ្សាយ ព្រោះអីគ្មានកាតសម្គាល់បង្ហាញ ទោះបីមានការណែនាំខ្លួនថាយើងមកពីស្ថាប័នណា ឬមកពីណាច្បាស់លាស់ក៏ដោយ ក៏នៅតែគ្មានការអនុញ្ញាត ពីមន្ត្រី គ.ជ.ប និងអាជ្ញាធរដែលពាក់ព័ន្ធដែរ»។
អ្នកស្រី ឆន សុគន្ធា នាយិកានាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមរយៈតេឡេក្រាមថា នៅក្នុងវេទិកាកន្លងទៅ អ្នកសារព័ត៌មានអាជីព និងពលរដ្ឋអ្នកសារព័ត៌មានបានស្នើទៅ គ.ជ.ប អោយជួយសម្រួលដល់ពួកគាត់អាចយកព័ត៌មានបានដោយឯករាជ្យ ស្របតាមក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការបោះឆ្នោតព្រមទាំងការពារដល់សុវត្ថិភាពរបស់អ្នកសារព័ត៌មានទាំងអស់ ជាពិសេស គឺបងប្អូនពលរដ្ឋអ្នកសារព័ត៌មាន បានស្នើសុំទៅ គ.ជ.ប ឲ្យកែសម្រួលក្រុមសីលធម៌នេះ ដើម្បីឲ្យពួកគាត់អាចចូលយកព័ត៌មានបាន នៅក្នុងអំឡុងពេលបោះឆ្នោត។ ស្របពេលនេះដែរ ខាងតំណាង គ.ជ.ប ដែលអញ្ជើញចូលរួមវេទិកាប្រចាំឆ្នាំបានទទួលយកសំណើខាងលើ លើកយកទៅដាក់ជូនថ្នាក់ដឹកនាំរបស់ខ្លួន។
នៅក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាន បានចែងថា ច្បាប់ធានាលើសេរីភាពសារព័ត៌មាន និងបោះពុម្ពផ្សាយមិនមានការបែងចែកច្បាស់ពីអ្នកសារព័ត៌មាន ប្រភេទណានោះទេ។
អ្នកស្រីបន្តថា បើយោងតាមរដ្ឋធម្មនុញ្ញនៃមាត្រា ៣១ និងមាត្រា ៤១ បានចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិបញ្ចេញមតិតាមមធ្យោបាយផ្សេងៗគ្នា ដូចជា ការបោះពុម្ពផ្សាយ និងទម្រង់សិល្បៈជាដើម។ អ្នកស្រីថា បើប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ពលរដ្ឋសកម្មចូលរួមយកព័ត៌មាន អំឡុងពេលបោះឆ្នោត ឬសកម្មក្នុងកិច្ចការងារសង្គមផ្សេងៗ ដើម្បីឲ្យថ្នាក់ដឹកនាំ រួមទាំងពលរដ្ឋទាំងអស់បានដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។
អ្នកស្រី៖ «បើយើងងាកមកពលរដ្ឋអ្នកសារព័ត៌មានវិញ ពួកគាត់មិនមានស្ថាប័នមិនអាចចុះសុំកាតបាន។ ករណីខាងនេះខាង ccim កំពុងពិចារណាចេញកាតជូន CJS ដែលសកម្មក្នុងការសរសេរព័ត៌មាន ដើម្បីអាចសុំទៅក្រសួងព័ត៌មាន ដើម្បីមានកាតប្រើប្រាស់ក្នុងការចុះយកព័ត៌មាន ជាពិសេសទៅយកព័ត៌មានពេលបោះឆ្នោតនៅពេលខាងមុខនេះ»។
លោក ហង្ស ពុទ្រា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM តាមរយៈតេឡេក្រាមថា គ.ជ.ប អនុវត្តន៍តាមច្បាប់ បទបញ្ជា និងនីតិវិធីក្នុងការបោះឆ្នោត។ លោកថា ប្រសិនបើពលរដ្ឋអ្នកសារព័ត៌មាន មិនមានកាតជាអ្នកសារព័ត៌មានទេ គឺមិនអាចយកព័ត៌មានបានទេ។ តែបើអ្នកណា ដែលចង់ធ្វើការងារសង្កេតការបោះឆ្នោត ត្រូវតែចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ ឬក៏ជាភ្នាក់ងាររបស់គណបក្សនយោបាយ ទើបច្បាប់អនុញ្ញាត។
លោកបន្តថា៖ «អ្នកសារព័ត៌មាន មានច្បាប់តម្រូវឲ្យពួកគេ ទៅធ្វើការស្នើសុំចុះបញ្ជីទទួលបានប័ណ្ណអនុញ្ញាត ដើម្បីទទួលបានព័ត៌មាន នៅពេលបោះឆ្នោត»។
គួរជម្រាបជូនថា វេទិកាប្រចាំឆ្នាំលើកទី២ ស្ដីអំពី តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាននិងរាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានអ្នកចូលរួមចំនួន ១២៥ នាក់ ក្នុងនោះមានស្ត្រីចំនួន ៣០ នាក់ រួមមាន អង្គការដៃគូអភិវឌ្ឍន៍ និងស្ថានទូតនានាប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល យុវជន អ្នកសារព័ត៌មាន ពិសេសគឺពលរដ្ឋអ្នកសារព័ត៌មានរបស់ CCIM មកពីបណ្តាខេត្តនានា។
តាមរយៈសេចក្តីថ្លែងការណ៍នេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក៏ស្នើសុំយ៉ាងទទូចដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធរកម្ពុជា បន្តបើកចំហរសេរីភាពបន្ថែមទៀត លើការចុះយកព័ត៌មាន និងផ្តិតយករូបភាពនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ របស់អ្នកសារព័ត៌មាន និងជួយអន្តរាគមន៍ជាបន្ទាន់ ចំពោះករណីមានការគំរាមកំហែង និងការរើសអើងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យពួកគេបានផ្ដល់ព័ត៌មានអំពីការបោះឆ្នោតឲ្យបានត្រឹមត្រូវ ច្បាស់លាស់ នឹងទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ។
តាមគម្រោង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
…………………
រាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានលោក សួស ចាន់ឌឿន