ព្រះសង្ឃ និងសិស្ស និស្សិត ដែលចូលរួមថែរក្សាការពារបរិស្ថាន សម្ដែងការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំង ក្រោយពីអាជ្ញាធរស្រុកសណ្តាន់ ខេត្តកំពង់ធំ បានរារាំង និងតាមថតយកសកម្មភាពធ្វើធម្មយាត្រា ការផ្សព្វផ្សាយសីល៥ទៅដល់សិស្សសាលា និងការបំបួសដើមឈើនៅក្នុងព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅក្នុងស្រុកសណ្តាន់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រះសង្ឃមួយអង្គព្រះនាម អ៊ួន គង់ និមន្តមកពីខេត្តសៀមរាបបានមានសង្ឃដីកាប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរស្រុកសណ្តាន់ ខេត្តកំពង់ធំ រាប់សិបនាក់បានរារាំងមិនឱ្យរថយន្តព្រះសង្ឃ និងសិស្ស និស្សិត ធ្វើធម្មយាត្រាតាមបែបព្រះពុទ្ធសាសនាផ្សាភ្ជាប់ទៅនឹងបរិស្ថាន ចូលទៅក្នុងសាលាវិទ្យាល័យសណ្តាន់ និងចូលព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំឡើយ ដោយយកហេតុផលថា មិនមានសុំច្បាប់អនុញ្ញាត ហើយក៏មានការតាមថតសកម្មភាពបំបួសដើមឈើថែមទៀតផង។ ព្រះអង្គបានចាត់ទុកសកម្មភាពរារាំងរបស់អាជ្ញាធរខេត្តកំពង់ធំនេះថា គឺជារូបភាពគំរាមកំហែងធ្ងន់ធ្ងរមួយ។
ព្រះអង្គមានសង្ឃដីកាបន្ថែមថា៖ «នៅក្នុងទម្រង់រូបភាពបែបហ្នឹង វាមានជាពីរផ្នែក មានទាំងអវិជ្ជមាន និងវិជ្ជមាន ប៉ុន្តែអាត្មាអោយនិយមន័យរូបភាពបែបហ្នឹង គឺអវិជ្ជមាន ការគំរាមកំហែងដោយប្រយោល។ ហើយក្នុងការចុះទៅបំបួលដើមឈើទៀតសោត អាត្មាមើលឃើញថា ក្នុងរូបភាពគំរាមដដែល ដោយសារតែគាត់ ទៅចូលរួមរយៈពេលខ្លី មិនបានចូលរួមពេញលេញ ទៅថតតែរូបភាព ហើយគាត់ក៏ត្រឡប់មកវិញ ជារូបភាពអវិជ្ជមាន»។
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បានរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីបរិស្ថាន នៅក្នុងសហគមន៍ក្បាលខ្លា ស្ថិតនៅឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានអ្នកចូលរួមចំនួន២៦នាក់និងអង្គ។ ក៏ប៉ុន្តែដំណើររបស់ពួកគេ ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ រារាំងនៅត្រង់ចំណុចភូមិស្វាយ ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅវេលាម៉ោង ៩ និង២០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ក្រោមហេតុផលថា ជាបញ្ជាថ្នាក់លើ ដោយសារតែមិនបានសុំច្បាប់ជាមុន។ តែក្រោយពីការសម្របសម្រួលគ្នាមក អាជ្ញាធរក៏បានអនុញ្ញាតឱ្យព្រះសង្ឃ និងយុវជនប្រមាណជា៧នាក់ ទៅជួបសិស្សានុសិស្សនៅក្នុងសាលាវិទ្យាល័យសណ្តាន់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តែយ៉ាងណា យុវជនដែលជានិស្សិតមកពីខេត្តកំពង់ចាម ឈ្មោះ ឆាត ម៉េងឈុន ហៅ (ឆង) អាយុ២២ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កាលដែលអាជ្ញាធរមករារាំងមិនឱ្យព្រះសង្ឃនឹងយុវជនធ្វើធម្មយាត្រាផ្សព្វផ្សាយអំពីសីល៥ ផ្សារភ្ជាប់ទៅនឹងបរិស្ថាន ទៅដល់ប្រជាពលរដ្ឋ និងសិស្សសាលា ដើម្បីចូលរួមការពារបរិស្ថាន ក្រោមហេតុផលថា ជាបញ្ជាថ្នាក់លើនេះ គឺជាហេតុផលមួយ ដែលមិនអាចទទួលយកបានទេ។
លោកបន្ថែម៖ «ដូចស្ដាប់ទៅអត់សមហេតុផលអីទាល់តែសោះតែម្ដង គឺគាត់ព្យាយាមរារាំង ថ្នាក់ក្រោមព្យាយាមថា ថ្នាក់លើ គឺបញ្ជាគាត់មកអញ្ចឹង ហើយដល់ពេលថ្នាក់លើគាត់បានប្រើពាក្យថា យើងអត់បានសរសេរញត្តិជូនដល់តំបន់ពួកគាត់ តែទង្វើដែលយើងធ្វើនេះ គឺត្រឹមត្រូវព្រោះនៅក្នុងតំបន់ប្រទេសខ្មែរយើង ហើយអត់មានជាការខុសឆ្គងអីទេ ដើម្បីទៅសរសេរញត្តិប្រាប់ពួកគាត់នោះអានេះជាហេតុផលមួយដែលគាត់ព្យាយាមប្រើមកលើពួកយើង»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចសុំការឆ្លើយតបពីមេឃុំសណ្ដាន់ គឺលោក បាន ហេង បាននោះទេ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយលោកប្រាប់ថា កំពុងជាប់រវល់ប្រជុំ។
លោក អ៊ួង ធារិទ្ធ មន្ត្រីនគរបាលឃុំសណ្ដាន់បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIM ថាលោកមិនដឹងរឿងនេះច្បាស់លាស់នោះទេ។ តែយ៉ាងណា លោកថា មកពីក្រុមយុវជនទាំងនោះ មិនបានដាក់លិខិត ស្នើសុំទៅសាសាស្រុកជាមុន។ លោកថា ក្រុមយុវជនទាំងនោះបានស្នើសុំត្រឹមតែសាលាឃុំប៉ុណ្ណោះ។
លោកបន្ថែមថា៖ «រឿងនេះខ្ញុំក៏អត់សូវដឹងដែរ ព្រោះគាត់មកអត់បានដាក់លិខិតមុន ដាក់ញត្តិទៅស្រុកមុន ខាងស្រុកគេអត់ដឹង។ គាត់ដាក់ទៅសាលាឃុំ ឃុំគាត់អនុញ្ញាតឱ្យធ្វើនៅតំបន់បឹងធំ គាត់មិនអនុញ្ញាតឱ្យធ្វើនៅសាលារៀនទេ ដល់ចឹងខាងស្រុក គេអត់ដឹងទេ ចឹងខាងស្រុកឱ្យឃាត់សួរនាំសិន ឆ្លងទៅអភិបាលស្រុក អភិបាលស្រុកគាត់អត់ឱ្យចូល ចឹងពួកខ្ញុំធ្វើមិចកូនចៅគេដែរ»។
ប្រធានផ្នែកកម្មវិធីនិងតស៊ូមតិនៃសមាគមន៍បណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គីមហុង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា លោកពិតជាមានការសោកស្តាយណាស់ នៅពេលដែលយុវជន ព្រះសង្ឃ ធ្វើសកម្មភាព ដើម្បីផ្សព្វផ្សាយអំពីសីល៥ ដើម្បីជំរុញឱ្យមានការចូលរួមកាន់តែសកម្មបន្ថែមទៀត ក្នុងកិច្ចការពារធនធានធម្មជាតិ ត្រូវបានអាជ្ញាធររឹតត្បិត រារាំង ជាផ្នែកមួយបង្ហាញថា ជាការរំលោភសិទ្ធិសេរីភាពក្នុងការចូលរួមរបស់យុវជន ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ការការពារ ការគាំទ្រ ការលើកទឹកចិត្ត ទៅដល់យុវជនឱ្យកាន់តែសកម្មនៅក្នុងការចូលរួមកិច្ចការសង្គម។ តែយ៉ាងណាលោកថា ការអនុវត្តទៅលើបញ្ជា ហើយការរុញដាក់គ្នាទៅវិញទៅមករវាងអាជ្ញាធរស្រុក នឹងអាជ្ញាធរឃុំ ក៏ជាសញ្ញាមួយបង្ហាញឱ្យឃើញអំពីកំសោយផ្នែកទំនាក់ទំនងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដែលធ្វើការមិនចេះផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកទាន់ពេលវេលាដែលបង្កឱ្យមានភាពរាំងស្ទះ ទៅដល់ពលរដ្ឋដ៏ទៃទៀត ដែលចូលរួមការពារធនធានធម្មជាតិ។
លោកបន្ថែម៖ «ខ្ញុំព្រួយបារម្ភណាស់ នៅពេលដែលធ្វើបែបនេះ ការរារាំង ក៏ដូចជាការមិនអនុវត្តតួនាទី ភារកិច្ច មិនបានទៅតាមច្បាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រព័ន្ធនីតិរដ្ឋនៅកម្ពុជាផង ហើយនិងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការលើកទឹកចិត្ត ឱ្យមានការចូលរួមជាសាធារណៈពីសំណាក់យុវជន ដែលធ្វើឱ្យប៉ះពាល់ទៅដល់លំហរនៃសិទ្ធិសេរីភាពរបស់ពលរដ្ឋផង ក៏ជាផ្នែកមួយនៃការរំលោភសិទ្ធិសេរីភាពរបស់មនុស្ស ហើយក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
គួរជម្រាបជូនថា ព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយមានការទទួលស្គាល់ពីក្រសួងកសិកម្មនៅឆ្នាំ២០១៥។ ព្រៃសហគមន៍ក្បាលខ្លា មានផ្ទៃដីសរុបចំនួន១៨០០ ហិកតា ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ផ្ទៃដីដែលនៅសល់មានត្រឹមតែ ១ ២០០ ហិកតាប៉ុណ្ណោះ។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានផ្ដាច់ជំនួយពីក្រសួងបរិស្ថាន លើគម្រោង «ព្រៃឡង់បៃតង» បន្ទាប់ពីក្រសួងបរិស្ថាន បានរារាំងសកម្មភាពចុះល្បាតព្រៃ របស់សកម្មជនការពារព្រៃឈើ មិនឱ្យចូលល្បាតបទល្មើសនៅតំបន់ព្រៃឡង់ ខណៈបទល្មើសព្រៃឈើក្នុងតំបន់ការពារមួយនេះ នៅបន្តរងការកាប់បំផ្លាញ៕
………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា