របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
នៅក្នុងរបាយការណ៍ស្ទង់មតិមួយរបស់អង្គការតម្លាភាពកម្ពុជាហៅកាត់ថា (TI) បានរកឃើញថា យុវជនកម្ពុជាដែលមានអាយុចន្លោះពី១៥ឆ្នាំទៅ៣០ឆ្នាំ មានចំនួនតិចតួចណាស់ដែលចូលរួមក្នុងជីវភាពនយោបាយនិងតាមដាននយោបាយនៅកម្ពុជា។
ការស្ទង់មតិរបស់អង្គការតម្លាភាពកម្ពុជា ដែលធ្វើឡើងនៅខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២១ដែលបានធ្វើទៅលើយុវជនចំនួន១៦០០នាក់ នៅទូទាំង ២៥ រាជធានីខេត្ដ ហើយនៅក្នុងនោះ ៥០ភាគរយ ជាស្រ្ដី។ នៅក្នុងរបាយការណ៍បានរកឃើញថា យុវជនតិចតួចណាស់ដែលបានចូលរួមសកម្មភាពនៅក្នុងសកម្មភាពនបយោបាយ នឹងតាមដាននយោបាយនៅកម្ពុជាពោលគឺមានត្រឹមតែ១៨%ប៉ុណ្ណោះ ខណៈ៨២% មិនចាប់អារម្មណ៍ពីរឿងនយោបាយនោះទេ។
មូលហេតុចម្បងមួយចំនួននាំឱ្យយុវជនមិនចាប់អារម្មណ៍ទាល់តែសោះ ឬចាប់អារម្មណ៍តិចតួចអំពីនយោបាយ គឺដោយសារយុវជនគិតថា នយោបាយ គឺជារឿងគ្រោះថ្នាក់មាន១៨% ខណៈ៣១% គិតថា នយោបាយពុំមែនជាកិច្ចការរបស់ខ្លួនដែលត្រូវគិត។ ក្រៅពីនេះ យុវជនមួយចំនួនគិតថា ពួកគេនៅក្មេងពេកមិនគួរចាប់អារម្មណ៍ពីរឿងនយោបាយនោះទេ និងខ្លះទៀតថា ចំណេះដឹងរបស់ខ្លួននៅទាបពេកជាដើម។
យុវជន គុយ ចិត្រា ដែលមកចូលរួមសិក្ខាសាលាមួយស្តីពី «របាយការណ៍នៃការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ» បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា យុវជនគួតែតាមដានរឿងនយោបាយ ជាពិសេសត្រូវតែសិក្សាស្វែងយល់អំពីច្បាប់រដ្ឋធម្មនុញ្ញដែជាច្បាប់កំពូលរបស់កម្ពុជា។ លោកថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិធ្វើនយោបាយ នឹងមានសិទ្ធិបញ្ចេញមតិ។
លោកបន្ថែម៖ «ខ្ញុំគិតថា ការចូលរួមរបស់យុវជននាពេលបច្ចុប្បន្ន គឺនៅតិចមែនទែន យុវជនដែលចូលរួម គឺតិច ហើយយុវជនមិនចូលរួមគឺច្រើនមែនទែន។ ហេតុដែលគាត់មិនចូលរួម គឺកត្តាទីមួយគឺគ្រួសារគាត់ផ្ទាល់មានជំងឺបាក់ស្បាតពីសម័យខ្មែរក្រហមដល់ចឹងទៅគាត់បាក់ស្បាតក្នុងការធ្វើនយោបាយទាំងដែរការបញ្ចេញមតិរបស់យើងវាកាន់តែរួមតូចផងចឹងទៅយុវជនរបស់យើងលែងហ៊ានភ័យ ភ័យខ្លាចក្នុងការបញ្ចេញមតិក៏ដូចការធ្វើនយោបាយ»។
នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ បានលើកឡើងថា កត្តាដែលធ្វើឱ្យយុវជនចូលរួមផ្នែកនយោបាយតិចតួចទីមួយយុវជនកង្វះចំណេះដឹងផ្នែកនយោបាយ ទីពីរ យុវជនគិតថា នយោបាយជារឿងគ្រោះថ្នាក់ ហើយគិតថា ខ្លួនឯងនៅមានវ័យក្មេងជាដើម។ លោកសង្កត់ធ្ងន់ថា ប្រសិនបើបរិយាកាសនយោបាយនៅតែមានស្ថានភាពដូចបច្ចុប្បន្ននេះ ឬកាន់តែធ្ងន់ធ្ងរទៅៗ ទោះបីរយៈពេល ៥ ឬ ១០ ឆ្នាំទៅមុខទៀតក៏ដោយ ក៏លោកមើលមិនឃើញមានអ្វីប្រែប្រួលដែរ។ តែយ៉ាងណាលោកមើលឃើញថា ការទទួលបានចំណេះដឹងទូទៅ ការអប់រំ ការទទួលបានព័ត៌មានអំពីសុខភាព និងការងារមានភាពប្រសើរជាងមុនសម្រាប់យុវជន។
លោកបន្ថែម៖ «ប៉ុន្តែការចូលរួមកិច្ចការសង្គមដែលមានលក្ខណៈដែលមានហានិភ័យដូចជារឿងបរិស្ថាន រឿងដីធ្លី រឿងព្រៃឈើ ឬ ក៏កត្តានយោបាយផ្សេងៗហ្នឹង គឺយើងមើលទៅគិតថា មិនមានភាពល្អប្រសើរសម្រាប់យុវជនទេ នាពេលបច្ចុប្បន្ននេះ»។
លោក វណ្ណ ប៊ុណ្ណា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា កត្តាដែលធ្វើឱ្យយុវជនចូលរួមផ្នែកខាងនយោបាយនៅមានចំនួនតិចតួចដោយសារតែបរិបទនយោបាយនៅកម្ពុជាមិនអំណោយផលមានការគំរាមកំហែងជាពិសេសសន្តិសុខ សុវត្ថិភាព ទាក់ទងហ្នឹងការរឹតត្បិតរបស់អាជ្ញាធរ ការគំរាមកំហែងដល់បក្សប្រឆាំង ឬក៏សកម្មជននាៗ ដូចជា សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ធ្វើឱ្យយុវជនមានការភ័យខ្លាច។
លោកបន្ថែមថា៖ «មានន័យថា មកដល់ពេលនេះ យុវជនចាត់ទុករឿងនយោបាយជាការងាររបស់រដ្ឋរបស់បក្សនយោបាយរបស់អ្នកនយោបាយគាត់មិនទាន់បានគិតការចូលរួមនយោបាយ គឺជារឿងរបស់មនុស្សគ្រប់គ្នាពិសេសពលរដ្ឋគ្រប់គ្នាដែលត្រូវធ្វើ។ យុវជនគាត់នៅខ្វះមធ្យោបាយ ឬក៏យន្តការជំរុញឱ្យពួកគាត់ចូលរួមនៅសកម្មភាពទាំងអស់ហ្នឹង»។
លោកក៏បានប្រៀបធៀបការចូលរួមសកម្មភាពនយោបាយរបស់យុវជននៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដូចជា មីយ៉ាន់ម៉ានិងថៃ សម្រាប់យុវជនកម្ពុជានៅមានតិចតួចនៅឡើយ។ ផ្អែកទៅតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការតម្លាប់ភាពកម្ពុជាយើងមើលឃើញថា យុវជនរហូតទៅដល់៨២%ដែលគាត់មិនសូវចាប់អារម្មណ៍ឬខ្វាយខ្វល់រឿងនយោបាយឡើយ៕
……………………………….
របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា